មន្តស្នេហ៍សំណព្វចិត្ត
វគ្គទី១
នារីវ័យជំទង់ម្នាក់ដែលមានរាងតូចល្អិតនិងមិនសូវខ្ពស់ប៉ុន្មានដែលមានអាយុប្រហែល២៣ឆ្នាំ
កំពុងតែឈររេរ៉រម្នាក់ឯងនៅក្នុងព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិនាទីក្រុងបាងកកប្រទេសថៃ
ដែលជាព្រលានដ៏ធំជាងគេក្នុងប្រទេស
មានអ្នកធ្វើដំណើរជាច្រើនខ្វាត់ខ្វែងចុះឡើងដែលអ្នកខ្លះអាចនឹងគ្រាន់តែឈប់ប៉ុន្មានម៉ោងដើម្បីប្តូរជើងយន្តហោះទៅកាន់ប្រទេសផ្សេងទៀត
និងអ្នកខ្លះក៏ចុះនៅទីនេះតែម្តងដូចនាងជាដើម។ នាងបានទាក់ទងទៅសិស្សច្បងជនជាតិខ្មែរដែលរៀននៅសាលាជាមួយគ្នារួចហើយ
ហើយសិស្សច្បងក៏ប្រាប់ថាគេនឹងមកទទួលនាងនៅព្រលានយន្តហោះ បែបនេះហើយទើបនាងត្រូវឈរចាំគេទាំងអន្ទះសារចិត្តបែបនេះ។
នាងបានចុះពីលើយន្តហោះតាំងពីម៉ោង១២ថ្ងៃត្រង់ ហើយពេលនេះម៉ោង២រសៀលទៅហើយ
នៅមិនទាន់ឃើញស្រមោលអ្នកដែលសន្យាថានឹងមកទទួលទៀត។ នាងបានភ្ជាប់ការទាក់ទងទៅគេតាមហ្វេកប៊ុកទៅច្រើនដងហើយតែមិនឃើញឆ្លើយតបសោះ
គឺគេមិនបានអនឡាញនោះទេ។
នាងរងចាំដោយអស់សង្ឃឹមតែបន្តិចក្រោយមកក៏ស្រាប់តែឃើញសារឆ្លើយតប
“បងរងចាំនៅច្រកទី៣”
នាងបានអានសារអ្នកម្ខាងទៀតដោយការមានសង្ឃឹមឡើងវិញ តែថាពេលនេះនាងនៅច្រកទីបីហើយតើ
ម៉េចក៏មិនឃើញ នាងក៏បានតបទៅវិញ
“ខ្ញុំពាក់អាវពណ៌ក្រហម
មានវ៉ាលីពណ៌ប្រផេះ កំពុងតែអង្គុយនៅច្រកទីបី តើបងឃើញខ្ញុំទេ?” គ្រាន់តែចុចបញ្ចូនទៅ
អ្នកម្ខាងទៀតក៏ឆ្លើយតបមកវិញ
“ឃើញហើយ!”
ហើយពេលនោះនាងក៏ឃើញបុរសម្នាក់ដែលមានអាយុច្រើនជាងនាងប្រហែល ២ ឬ៣ឆ្នាំ
កំពុងដើរសំដៅមករកនាង នាងគិតថាបែបជាសិស្សច្បងដែលនាងកំពុងតែរងចាំហើយ ដែលមានឈ្មោះថានភា មើលទៅរាងរបស់គេមិនសូវខ្ពស់ប៉ុន្មាននោះទេ
តែក៏សមល្មមតាមលក្ខណៈបុរសអាស៊ីដែលមានកម្ពស់ប្រហែល១៧០សម ហើយមុខរបស់គេមើលទៅសាមញ្ញធម្មតាតែពេលមើលយូរៗទៅក៏ស្អាតនិងសង្ហារម្យ៉ាងបែបថាមានប្រជាប្រិយ៍
គួរឲ្យចូលចិត្ត ហើយពេលនេះគេកំពុងសំលឹងមើលមកនាងនិងញញឹមយ៉ាងស្រស់ រួចក៏និយាយមកកាន់នាង
“យើងហ្នឹងមែនទេដែលឈ្មោះកនិកា!”
“ចាស៎បង! គឺខ្ញុំហ្នឹងហើយ
ចំនែកបងគឺបងនភា?”
នាងបានងើបឈរពីកៅអីអង្គុយខណៈពេលកំពុងឆ្លើយតបហើយដៃក៏ចាប់កាន់វ៉ាលីឡើងផងដែរ
“បាទ!
សូមទោសណាដែលទុកឲ្យនៅចាំយូរបែបនេះ!”
“ចាស៎!មិនអីនោះទេ!
បានបងមកទទួលហ្នឹងគឺខ្ញុំសប្បាយចិត្តសឹងស្លាប់ទៅហើយ!” នាងនិយាយតាមការពិត
ព្រោះថាបើសិស្សច្បងមិនមកទទួលនាងទេ នាងមិនដឹងថានឹងទៅដល់សាលាតាមបែបណានោះទេ
តាមពិតទៅខាងសាលាក៏មានអ្នកមកចាំទទួលសិស្សថ្មីដែរ
តែតម្រូវឲ្យសិស្សមកចន្លោះពីថ្ងៃទី៣០កក្កដា ដល់១សីហា
តែនេះដោយសារនាងមកថ្ងៃ២សីហាទើបសាលាគ្រាន់តែផ្ញើរផែនទីនិងប្រាប់ពីវីធីធ្វើដំណើរដើម្បីឲ្យទៅសាលាខ្លួនឯង
ចំនែកនាងមិនស្គាល់និងមិនដឹងផ្លូវអីផង ហើយក៏មិនចេះភាសាថៃទៀត
ចំនែកជនជាតិថៃមិនសូវមានអ្នកចេះឬក៏និយាយភាសាអង់គ្លេសច្រើននោះទេទើបមានការពិបាក
ទើបនាងត្រូវស្វែងរកជំនួយពីសិស្សច្បងជំនួសវិញ
“បើអញ្ចឹងតោះយើងទៅ !”
គេនិយាយព្រមទាំងយកដៃទៅចាប់កាន់វ៉ាលីរបស់នាង
ទើបនាងត្រូវប្រកែកព្រោះមិនចង់ពិបាកដល់គេច្រើន
“កុំអីបង!
ខ្ញុំអូសខ្លួនឯងបាន!” តែគេមិនព្រមលែង
“ទុកឲ្យបងជួយ !
ខ្លួនតូចសោះហើយវ៉ាលីឡើងធំ!” បើគេចង់ជួយបែបនេះនាងក៏បណ្តោយឲ្យគេអូសវ៉ាលីនោះទៅ
គេទាំងពីរនាក់ដើរសំដៅទៅរកតាក់ស៊ីដើម្បីធ្វើដំណើរទៅដល់សាលាដែលវាចំនាយពេលអស់ប្រហែលមួយម៉ោង។
ការស្នាក់នៅសាលាមួយអាទិត្យដំបូងគ្រាន់តែជាការបន្សាំខ្លួនតែប៉ុណ្ណោះ
គឺបន្សាំនិងបរិយាកាសទីនេះហើយការសិក្សាពីរបៀបរបបវិន័យសាលារៀន។សិស្សខ្មែរដែលនៅក្នុងសាលានេះមានសរុបចំនួន១២នាក់
ដែលក្នុងនោះមានសិស្សច្បងចំនួន៥នាក់(ស្រី១ប្រុស៤)និងសិស្សមកក្នុងឆមាសថ្មីមានចំនួន៧នាក់
(ស្រី៣ប្រុស៤)
បែបនេះហើយទើបស្រីៗទាំងបីអាចស្នើរសុំនៅក្នុងផ្ទះនិស្សិតដែលរបៀបជាវិឡាមានបន្ទប់បីដាច់ពីគ្នា
(បន្ទប់ផ្ទាល់ខ្លួន) តែក៏ត្រូវប្រើបន្ទប់ទឹករួម
បន្ទប់ទទួលភ្ញៀវនិងផ្ទះបាយរួមគ្នាបាន។ ក្នុងមួយអាទិត្យដំបូងនេះកនិកា នាងដើរនិងជិះកង់មើលទេសភាពសាលា
ហើយក៏ចំនាយពេលខ្លះចូលអានសៀវភៅក្នុងបណ្ណាល័យនិងខ្ចីសៀវភៅយកមកមើលថែមនៅក្នុងបន្ទប់
ហើយក៏ព្យាយាមបង្កើតមិត្តភក្តិថ្មីៗដែលមកពីប្រទេសផ្សេងៗផងដែរ។
អារម្មណ៍របស់នាងពិតជាស្រស់បស់ខ្លាំងណាស់ហើយក៏ត្រៀមខ្លួនរួចស្រេចក្នុងការទទួលយកនៅអ្វីដែលមិនធ្លាប់ចេះនិងមិនធ្លាប់ឆ្លងកាត់ពីមុន។
នៅល្ងាចនេះក្រុមនិស្សិតខ្មែរទាំង១២នាក់បានជួបជុំគ្នាដើម្បីរើសប្រធាន(សាលាតម្រូវឲ្យមានប្រធានឬហៅថាអ្នកតំណាងតាមប្រទេសនីមួយៗ)
ហើយក៏មានការណែនាំខ្លួនជាផងដែរ ដែលក្នុងនោះមាន ខេវិន(ប្រធានសមាគមនិស្សិតខ្មែរ) វិវឌ្ឍ វណ្ណដែត នភា ធារី សីហា រតនា ធារ័ត្ន សំណាង កល្យាណ ពិសី
និងនាង។ កនិកានាងសប្បាយចិត្តខ្លាំងណាស់ដែលបានស្គាល់និងរាប់អានពួកគេ។
ម្នាក់ៗបានណែនាំខ្លួន ពីប្រវត្តិរូបតិចតួច
ហើយដែលសំខាន់នោះគឺតម្រូវឲ្យប្រាប់ថាតើនៅទំនេរឬមានគ្នារួចទៅហើយ។
តែការណែនាំខ្លួនរបស់អ្នកដទៃកនិកាមិនសូវចាប់អារម្មណ៍នោះទេ តែនាងបែរជាចាប់អារម្មណ៍ជាពិសេសទៅលើ
នភា
ហើយពាក្យគ្រប់ម៉ាត់សឹងតែជាប់ក្នុងការចងចាំរបស់នាងរួមទាំងកាយវិការគួរឲ្យអស់សំណើចផង
“ខ្ញុំបាទឈ្មោះ សុវណ្ណ នភា
ជាអតីតនិស្សិតមកពីតិចណូ
ហើយរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ទីនេះផ្នែកវិស្វកម្មគ្រប់គ្រងទឹក (Water of engineer management)” គាត់ណែនាំបានតែប៉ុណ្ណឹងហើយបំប្រុងនឹងបញ្ចប់តែក៏ត្រូវ
វណ្ណដែត បន្ទរ
“ប្រាប់សិស្សប្អូនឲ្យដឹងផងថានៅទំនេរឬអត់?”
នភាគ្រាន់តែលឺសំនួរនេះក៏ប្រតិកម្មរហ័សក្រវីក្បាលមើលតែស្រាំងតិច
“ អត់ទាន់មានលិឌនៅឡើយទេ !”
កាយវិការនេះហើយធ្វើឲ្យគ្រប់គ្នាអស់សំណើច ហើយខេវិនក៏ឆ្លៀតចំអន់បន្តរ
“ចុះមានស្រីស្អាតជនជាតិឡាវ
និងមីយ៉ាន់ម៉ាទៅរកដល់បន្ទប់នោះយ៉ាងម៉េចវិញ?”
“មានឯណាបង!
បងខេវិនឯងចេះតែថាហើយ គេគ្រាន់តែមករកពឹងពាក់ឲ្យជួយតិចតួចតើ!”
ការណែនាំខ្លួនបានបញ្ចប់ទៅជាបន្តបន្ទាប់
ហើយបន្ទាប់ពីនោះពួកគេក៏នាំគ្នាធ្វើបង្អែមញ៉ាំ ម្នាក់នៅអង្គុយក្នុងផ្ទះគ្រប់គ្នាលើកលែងតែនភាបែរជាទៅអង្គុយនៅលើបង់មុខបន្ទប់តែម្នាក់ឯង
កនិកាឃើញបែបនោះក៏ចេញទៅអង្គុយជិតនិងសួរនាំ
“បងមកអង្គុយក្រៅអញ្ចឹងមិនខ្លាចមូសស៊ីទេអី
មូសច្រើនណាស់ ហើរឡើងវ៉ូៗតែម្តងហើយ!” គេមើលមុខនាងរួចញញឹមបន្តិចហើយក៏តប
“មិនអីទេ
ចាត់ទុកថាធ្វើបុណ្យឲ្យមូសទៅចុះ បងអង្គុយតែមួយភ្លេតទេ ចូលក្នុងដែរឥឡូវហើយ!
កនិកាចូលទៅក្នុងវិញទៅប្រយ័ត្នក្លាយជាចំនីមូស!”
“មិនអីនោះទេ! មូសខាំតែបងទេ
ព្រោះថាមូសញីវាចូលចិត្តតែឈាមមនុស្សប្រុសទេ
ហើយណាមួយឈាមខ្ញុំមិនផ្អែមដូចរបស់បងនោះទេ!” នាងនិយាយព្រមទាំងសើច
“ម៉េចក៏ដឹងថាមូសហ្នឹងជាមូសញី?”
“ដឹងតែថាខ្ញុំដឹងទៅបានហើយ!”
គេក៏លេងមាត់ ហើយក៏ប្តូរប្រធានបទទាក់ទងទៅនឹងរឿងរៀនសូត្រវិញ
តែថាគ្រប់អាកប្បកិរិយានិងពាក្យសម្តីរបស់គេកំពុងតែធ្វើឲ្យកនិកាចូលចិត្តគេដោយមិនដឹងខ្លួន។
ចាប់តាំងពីថ្ងៃនោះមកនាងក៏ចាប់ផ្តើមចេះតែចង់ដឹងពីសកម្មភាពរបស់សិស្សច្បងម្នាក់នេះ
ហើយក៏ដឹងបានថាពេលល្ងាចគេតែងតែហាត់ប្រាណជានិច្ចពេលខ្លះក៏ទៅហែលទឹក ហើយដែលញឹកញាប់នោះគឺលេងវាយសី។
ហើយអ្វីដែលនាងសង្កេតឃើញមួយទៀតនោះគឺគេក៏ចូលចិត្តថតរូបផងដែរ។នាងមិនយល់ខ្លួនឯងនោះទេថាហេតុអ្វីក៏មានចំណាប់អារម្មណ៍លើគេខ្លាំងម្ល៉េះ។
ដូចនេះហើយក៏បានខលទៅមិត្តភក្តិនៅខ្មែរដែលមានឈ្មោះថាលីដាដើម្បីពិភាក្សា។
“អាឡូ !
ទំនេរមែនបានតេមកហ្នឹង!” សំលេងពីម្ខាងទៀតឆ្លើយដោយមិនមានការគួរសមសូម្បីបន្តិច
“មិនទំនេរប៉ុន្មានទេ
តែឆ្លៀត!”
“អ៊ើមានការអីក៏និយាយមក!”
“គ្នាគិតថាគ្នាកំពុងតែលង់ស្រឡាញ់សិស្សច្បង!”
“ហាស់!”
លីដាឧទានដោយភ្ញាក់ផ្អើល “នេះឯងទៅមិនទាន់បានមួយខែស្រួលបួលទេណា!”
“អ៊ើហើយវាយ៉ាងម៉េច?”
“គឺថាវាលឿនពេកហើយ!”
“មិនខ្វល់!
សំខាន់គ្នាចាប់អារម្មណ៍លើគាត់! គាត់គួរឲ្យចូលចិត្ត”
“អូខេ!
ចុះឯងគិតធ្វើយ៉ាងម៉េចទៀត?”
“មានយ៉ាងម៉េច! គ្នានឹងព្យាយាមចូលទៅឲ្យជិតគាត់
គាត់ចូលចិត្តទៅហែលទឹកនិងលេងវាយសី បែបនេះហើយគ្នានិងទៅរកទិញសំលៀកបំពាក់ហែលទឹកដើម្បីបានទៅហែលទឹកដែរ
រឿងនេះស្រួលទេព្រោះថាគ្នាចេះហែលទឹកស្រាប់ ហើយគ្នានឹងរៀនលេងសីបែបនេះគ្នាប្រាកដជាអាចទៅលេងសីបានដែរហើយ
នៅមានទៀត គាត់ចូលចិត្តទៅរៀននៅ Study room បែបនេះគ្នានិងប្តូរពីការទៅរៀននៅក្នុងបណ្ណាល័យហើយទៅ
study room ដែរ” កនិកានិយាយបណ្តើរញញឹមបណ្តើរ
នឹកទៅដល់គម្រោងការរបស់ខ្លួន
“ទៅៗជឿហើយឯងនេះ
លើកទីមួយហើយដែលខ្ញុំលឺឯងនិយាយថាចាប់អារម្មណ៍មនុស្សប្រុស
ស្មានតែស្រឡាញ់ស្រីតើព្រោះលឺសរសើរតែមនុស្សស្រីរហូតថាអ្នកនេះស្អាតអញ្ចេះអ្នកនោះស្អាតអញ្ចោះ។
ហើយឯងគិតថានឹងបានផលដែរទេ រឿងទៅហែលទឺកបែបមិនអីទេ
តែពិតជាពិបាកស្រមៃណាស់ពីរឿងឯងទៅវាយសី
មិនចង់និយាយនោះទេថារឿងកីឡានេះឯងអន់ដល់កម្រិតណា
ហើយក៏មិនរំពឹងថាមានគ្រូណាអាចបង្ហាត់ឯងឲ្យស្ទាត់ជំនាញបានដែរ!” កនិកាបានតែធ្វើមុខខកចិត្ត
នាងដឹងខ្លួនច្បាស់ណាស់ថានាងយ៉ាប់ដល់កម្រិតណា
តែពេលមិត្តនិយាយចំៗឲ្យបែបនេះក៏នៅតែពិបាកទទួលយក
“ហើយមិនចាំបាច់និយាយចំៗបែបហ្នឹងដែរ!”
“ហើយចុះវាពិតអត់?”
“អ៊ើៗ ពិតហើយ!
តែគ្នានឹងលេងសីឲ្យបាន ហើយនឹងលេងឲ្យបានល្អ! ជឿជាក់ថាព្យាយាមគង់បានសម្រេច!”
“អូខេ! ជូនពរឲ្យបានសម្រេច”
“អរគុណច្រើន!
អូនៅមានរឿងមួយទៀតដែរចង់ប្រាប់ សាលារៀនមានកម្មវិធីសំដែងមួយ គឺការបង្ហាញពីវប្បធម៌ (Cultural Show) ខ្ញុំប្រហែលជាជៀសមិនផុតពីត្រូវសម្តែងនោះទេ
ប្រហែលជានឹងត្រូវជ្រើសរើសយករបាំប្រពៃណីណាមួយមកសម្តែងហើយ
ពួកយើងខ្មែរមានគ្នាតិចចឹងហើយប្រកែកមិនបាននោះទេ ពួកយើងចង់ឲ្យបរទេសស្គាល់ពីវប្បធម៌របស់យើង”
“នេះខ្ញុំមានស្តាប់ច្រលំឬអត់?
ហាហាហា ឯងហ្នឹងចេះរាំរបាំស្អីទៅហាស៎
គ្រាន់តែចង្វាក់សារ៉ាវ៉ាន់មួយហ្នឹងបង្រៀនឯងឡើងចង់១០ដងទៅហើយនៅតែមិនចេះផង។”
“ចុះឲ្យធ្វើយ៉ាងម៉េចបើមិនចេះហស៎
ហើយក៏គ្មានដុងអីតិច! គ្នាដឹងហើយថាគ្នាយ៉ាប់ប៉ុណ្ណា លេងកីឡាក៏មិនចេះ
សិល្បះអីក៏មិនចេះ កុំថាឡើងដល់ទៅរាំរបាំប្រពៃណីគ្រាន់តែរាំរបាំប្រជាប្រិយ៍ក៏មិនចេះដែរ
ធ្វើម្ហូបក៏មិនចេះ សរុបរួមមកគឺល្ងង់ដប់គត់!”
“មិនដល់ល្ងង់ដប់គត់ទេ
ម្ហូបឯងធ្វើអាចញ៉ាំបានគ្រាន់តែថាពិបាកលេបបន្តិច
ហើយរឿងមួយដែលឯងគួរមានមោទនភាពចំពោះខ្លួនឯងនោះគឺថាឯងរៀនពូកែ ឆ្លាតបានពិន្ទុកប់ៗ ហើយពេលនេះក៏បានអាហារួបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សាបន្តទៀត!
ចឹងហើយមិនបាច់តូចចិត្តតូចថ្លើមអីទេ
ព្រោះថាមនុស្សគ្មានអ្នកណាចេះគ្រប់រឿងនិងពូកែគ្រប់រឿងនោះទេ
ត្រូវតែបានមួយអត់មួយអញ្ចឹងហើយ។ អ៊ើនៅមានមួយទៀតមិត្តភក្តិដែលធ្វើការជាមួយគ្នា
វាសរសើរថាឯងស្អាត!”
“ហាសហា
នេះឯងកំពុងតែសរសើរគ្នាថាស្អាតតើមែនទេ?” នាងសួរបែបសប្បាយចិត្តយ៉ាងហោចណាស់ក៏នាងអាចមានជំនឿជាក់តិចតួចលើសម្រស់ធម្មជាតិរបស់ខ្លួនដែរ
“មិនមែនគ្នាទេ!
មិត្តភក្តិគ្នាតើ!”
“អូខេ! (គ្រាន់តែសរសើរមិត្តភក្តិបន្តិចស្លាប់ឬយ៉ាងម៉េច
ពាក្យនេះនាងគិតក្នុងចិត្ត) ឥឡូវប៉ុណ្ណឹងសិនហើយ! ចង់រកឆែកមើលក្នុងហ្គូតហ្គល់
និងយូធូបពីរបៀបលេងសីបន្តិច!”
“សង្ឃឹមថាបានលឺដំណឹងល្អៗឆាប់ៗណា!”
“គ្នាក៏សង្ឃឹមអញ្ចឹងដូចគ្នា!
បាយ រាត្រីសួរស្តី!”
តាមពិតទៅនាងមិនបានជាចង់ថាធ្វើយ៉ាងណាឲ្យសិស្សច្បងមកស្រឡាញ់នាងវិញនោះទេ
តែនាងធ្វើរឿងដែលនាងធ្លាប់គិតថាគ្មានបានការទាំងនេះគ្រាន់តែដើម្បីកុំឲ្យមានការស្តាយក្រោយទៅថ្ងៃក្រោយប៉ុណ្ណោះ។
នាងគ្រាន់តែចង់ធ្វើរឿងដែលគួរធ្វើហើយព្យាយាមឲ្យអស់ពីសមត្ថភាពដែលអាចធ្វើបាន
ព្រោះនាងធ្លាប់សន្យានឹងខ្លួនឯងថាបើសិនជានាងបានជួបនឹងមនុស្សដែលនាងពេញចិត្តនាងនឹងមិនបោះបង់គេចោលងាយៗនោះទេ
បែបនេះហើយនាងមិនអាចចុះចាញ់ទាំងមិនទាន់ប្រយុទ្ធនោះទេ តែបើក្នុងរយៈពេលមួយឆ្នាំសិស្សច្បងនៅតែមិនចាប់អារម្មណ៍នាងទេ
នាងនឹងបោះបង់ការតស៊ូព្យាយាមចោល ព្រោះថារឿងខ្លះមិនអាចបង្ខំបាននោះទេ។
No comments:
Post a Comment