វគ្គទី៥
វាពិតជាថ្ងៃដ៏សែនវែងអន្លាយមែន
ត្រឹមតែមួយថ្ងៃសោះក៏ត្រូវជួបនឹងដឹងរឿងរ៉ាវជាច្រើន។ នៅកំឡុងពេលធ្វើដំណើរត្រលប់មកភូមិគ្រឹះវិញខ្ញុំបាននិយាយរឿងរ៉ាវទាំងដែលខ្ញុំដឹងទាំងអស់
ប្រាប់ដល់អ្នកប្រុសនរិន្ទ
ពួកយើងអាចផ្តុំពត៌មានមួយចំនួនបញ្ចូលគ្នានិងយល់ដឹងកាន់តែច្រើនពី ភូមិគ្រឹះ
តែក៏នូវតែមានចម្ងល់មួយចំនួនមិនទាន់ស្រាយចេញនៅឡើយ។ ម្យ៉ាងទៀតរឿងអាស័យដ្ឋានលោកយាយដែលអ្នកប្រុសទទួល បានពីមិត្តភក្តិរបស់គាត់នោះ
គាត់នឹងសួរមិត្តភក្តិរបស់ គាត់ទាក់ទងនឹងរឿងនោះឱ្យបានច្បាស់។
ពេលនេះខ្ញុំនិងអ្នកអ្នកប្រុសបានត្រលប់មកដល់ភូមិគ្រឹះវិញហើយ
ហើយក៏បានញ៉ាំអាហារ ពេលល្ងាចជាមួយគ្នា។ នៅពេលកំពុងញ៉ាំអាហារ
ខ្ញុំចេះតែមានអារម្មណ៍ថាមានកែវភ្នែកមួយ គូរកំពុងសំលឹងមើលមកខ្ញុំ
ដែលមិនមានជាអ្នកប្រុសនរិន្ទទេ ព្រោះថាពេលនេះគាត់កំពុង តែឈ្ងោកញ៉ាំអាហារ
ខ្ញុំព្យាយាមរកមើលជុំវិញខ្លួនតែអត់ឃើញមានអ្នកណានោះទេ។ ប្រហែល ជាខ្ញុំគិតច្រើនតែខ្លួនឯងទេមើលទៅ។
ពេលញ៉ាំអាហាររួច អ្នកប្រុសនរិន្ទបានបបួលខ្ញុំទៅអង្គុយនៅលើបង់ នៅខាងមុខភូមិគ្រឹះ
ជាមួយគ្នា។ យើងទាំងពីរនាក់អង្គុយមើលមេឃ មើលផ្កាយជាមួយគ្នា ក្រោមពន្លឺព្រះច័ន្ទ
ពេញវង់ ខ្យល់ត្រជាក់បក់ផាត់ប៉ះ កាយាយើងទាំងពីរ ពិតជាមានអារម្មណ៍ត្រជាក់ស្រួល
និងនាំមកនូវ អារម្មណ៍ស្រស់ថ្លា ពួកយើងទាំងពីរមើលទៅហាក់ដូចជាគូរស្នេហ៍មួយ គូអញ្ចឹង
។ ខ្ញុំបានលួចសំលឹងមើលមុខអ្នកប្រុសតូច ដោយការចូលចិត្តហើយបេះដូងក៏ចាប់ផ្តើម
លោតញ៉ាប់ យីសចុះខ្ញុំកើតអីហ្នឹង។ គាត់ងាកមុខមកហើយ ចឹងខ្ញុំក៏ប្រញ៉ាប់ងាកមុខចេញ។
ទន្ទឹមនឹងពេលនោះខ្ញុំ មានអារម្មណ៍ថាខ្យល់កាន់តែត្រជាក់ទៅៗ
ដែលធ្វើឱ្យខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាព្រឺឆ្អឹង និងព្រឺរោម ព្រឺស្បែក។
ហើយពេលនោះខ្ញុំស្រាប់តែបានឃើញ នារីម្នាក់កំពុងឈរនៅក្រោមដើមចំប៉ី ពាក់អាវ ផាយ និងកំពុងសំលឹងមើលមកខ្ញុំដោយកែវភ្នែកគួរឱ្យខ្លាច
និយាយដោយត្រង់ខ្ញុំពិតជាខ្លាច ហើយពេលនេះខ្លួនរបស់ខ្ញុំចាប់ផ្តើមញ័រ
ខ្ញុំចាំច្បាស់ណាស់នាងគឺជានារីនៅក្នុងយល់សប្តិរបស់ខ្ញុំ ដែលបានប្រើអ្នកបម្រើឱ្យទៅធ្វើអំពើអាក្រក់ដាក់អ្នកនាងមាលតី។
ខ្ញុំខិតទៅជិតអ្នកប្រុស ហើយក៏អោបគាត់ដោយស្វ័យប្រវត្តិ និងនិយាយដោយសំលេងញ័រ
“ខ្មោចចចចចច.......”
គាត់ឱបខ្ញុំតបវិញហើយក៏អង្អែលសក់ខ្ញុំថ្នមៗរួចនិយាយដោយស្រទន់
“មានខ្មោចមកពីណា នាងគិតច្រើនពេកហើយ!”
“អត់ទេ! មានខ្មោចពិតមែន មានខ្មោចនៅក្រោមដើមផ្កាចំប៉ី នាងពាក់អាវផាយ
នាងគឺជា មនុស្សក្នុងយល់សប្តិរបស់ខ្ញុំដែលបានបញ្ជាឱ្យគេធ្វើបានអ្នកនាងមាលតី” ខ្ញុំបានចង្អុលទៅកាន់ ដើមផ្កាចំប៉ីនោះឱ្យអ្នកប្រុសមើល
តែពេលនេះស្រាប់តែលែងឃើញនាងទៀតហើយ។ ខ្ញុំចាប់ផ្តើមដកដង្ហើមញ៉ាប់ ហើយនៅតែញ័រ
មុនហ្នឹងខ្ញុំពិតជាបានឃើញនាងពិតមែន នេះខ្ញុំត្រូវខ្មោច លងទៀតហើយឬ?
“ឯណាមិនឃើញផង! (អ្នកប្រុសខំសំលឹងមើលតាមដៃរបស់របស់ខ្ញុំ) មិញនាងនិយាយថា
ស្រីម្នាក់នោះពាក់អាវផាយមែនទេ?”
“ចាស!”
“ខ្ញុំចង់ឱ្យនាងមើលរូបនារីម្នាក់
ចង់ដឹងថានារីដែលនាងឃើញនិងនារីនៅក្នុងរូបនោះ តើដូចគ្នាដែរឬអត់!”គាត់បានដឹកដៃខ្ញុំដើរទៅកាន់បន្ទប់របស់របស់គាត់ហើយ ក៏បង្ហាញគំនូរ
នារីម្នាក់ឱ្យខ្ញុំមើល គឺពិតជានាងពិតមែន ខ្ញុំនៅតែតក់ស្លុតមិនទាន់បាត់ទេ
ហើយនេះម៉េចក៏អ្នក ប្រុសស្គាល់នាង
“គឺនាងហ្នឹងហើយដែលខ្ញុំបានឃើញ” ខ្ញុំឆ្លើយ
“ពិតជាចៃដន្យពេកហើយ ខ្ញុំបានយល់សប្តិឃើញនាងកាលពីយប់មិញ” ឬមួយនាងគឺជា
ខ្មោចស្រីដែលលោកយាយនិយាយដល់នោះ
ដោយឃើញខ្ញុំនៅតែភ័យមិនទាន់បាត់
អ្នកប្រុសបានឱ្យរូបព្រះពុទ្ធរូបរបស់គាត់មកខ្ញុំ
“នាងយកព្រះពុទ្ធរូបនេះទៅដាក់ក្នុងបន្ទប់នាងទៅ
ហើយយប់នេះសម្រាកឱ្យបានស្រួល ណា មិនត្រូវគិតអីច្រើននោះទេ កុំភ័យខ្លាចអី
មានខ្ញុំនៅទីនេះហើយ ខ្ញុំនឹងការពារនាង” ពាក្យសម្តី របស់អ្នកប្រុសពិតជាមានឥទ្ធិពលមែន ពេលនេះភាពភ័យខ្លាចរបស់ខ្ញុំស្ទើរតែរលាយបាត់អស់ហើយ
គាត់បានជូនខ្ញុំមកបន្ទប់សម្រាករបស់ខ្ញុំ រួចក៏និយាយដោយស្នាមញញឹមមកកាន់ខ្ញុំ
“រាត្រីសួរស្តី!” បេះដូងខ្ញុំស្រាប់តែលោតញ៉ាប់ទៀតហើយ ស្នាមញញឹមនោះកំពុងតែ
ស្រូបទាញខ្ញុំទៅកាន់ពិភពដ៏ស្រស់ស្អាតមួយ យីសមាលតី តើឯងកើតស្អីឯង
ទើបតែអំបាញ់មិញត្រូវខ្មោច លងសោះ
ឥឡូវនៅមកបេះដូងលោតញ៉ាប់ដោយសារអ្នកប្រុសអីទេ យ៉ាប់មែនតាម៉ង មាលតី ឯងនេះ!
ខ្ញុំបានយករូបព្រះពុទ្ធរូបដែលអ្នកប្រុសឱ្យ យកមកដាក់នៅក្បាលដំណេក ហើយ
សៀវភៅចាស់ដែលលោកយាយឱ្យនោះ ខ្ញុំបានដាក់នៅតុក្បែរនោះ ខ្ញុំបានបិទភ្លើងហើយក៏បាន ដេក។
តែខ្ញុំដេកមិនលក់ ខ្ញុំបានក្រោកទៅបើកបង្អួច ពន្លឺព្រះច័ន្ទ
បានចាំងចូលមកក្នុងបន្ទប់ ពេលនោះខ្ញុំស្រាប់តែឃើញមានបន្លឺចេញពីសៀវភៅចាស់ដែលលោកយាយឱ្យខ្ញុំ
ខ្ញុំបានយកសៀវភៅនោះមកដាក់នៅមាត់បង្អួចចង់បើកសៀវភៅនោះមើលក្រោម ពន្លឺព្រះច័ន្ទ ពេលត្រូវពន្លឺព្រះច័ន្ទសៀវភៅស្រាប់តែមានពន្លឺភ្លឺឡើង
ហើយមានអក្សរដែលអាចអានបាននៅ នឹងក្របសៀវភៅដែលកាលពីពេលថ្ងៃ
ខ្ញុំមិនបានឃើញអក្សរអ្វីនោះទេ អក្សរនោះគឺ “ផ្ញើរជូន មាលតី”
កុំប្រាប់ណាថាខ្ញុំកំពុងតែត្រូវខ្មោចលងជាលើកទីបី
ត្រឹមតែមួយថ្ងៃសោះខ្ញុំជួបខ្មោចបីដងឬ? ខ្ញុំចង់គ្រវែងសៀវភៅនោះចោលតាមមាត់បង្អួច
តែខ្ញុំបែរជាមានចិត្តចង់ដឹងថាតើក្នុងសៀវភៅនេះ សរសេរពីអ្វី។ ដូចនេះហើយ
ខ្ញុំបានពង្រឹងចិត្តក្លាហាន ហើយបើកសៀវភៅអាន។
“សួរស្តីមាលតី! ឯងកុំឆ្ងល់ថាខ្ញុំជាអ្នកណាអី។
ខ្ញុំក៏ឈ្មោះថា មាលតីដែរ ហើយខ្ញុំគឺជា អតីតជាតិរបស់ឯង។ កាលពេល មុនខ្ញុំកើតមក ម្តាយខ្ញុំបានយល់សប្តិឃើញផ្កាមាលតី ហើយខ្ញុំដឹង
ច្បាស់ថាមុនពេលឯងកើតមក ម្តាយរបស់ឯងក៏យល់សប្តិឃើញផ្កាមាលតីដែរ (ព្រោះថាពួកយើង ទាំងពីរគឺជាមនុស្សតែម្នាក់) អញ្ចឹងហើយទើបពួកគាត់ដាក់ឈ្មោះពួកយើងថា មាលតី។ ឯងដឹងអត់ កាលពីជាតិមុន ខ្ញុំធ្លាប់ធ្វើបុណ្យដោយ
ថ្វាយផ្កាមាលតីដល់ ព្រះពុទ្ធចេតិយ៍ ហើយសូមប្រថ្នាឱ្យមានរូបស្អាតនិងមានឈ្មោះថា “មាលតី” ។
ឥឡូវចូលដល់សាច់រឿងយើងម្តង សៀវភៅដែលឯងកំពុងតែអាននេះ ខ្ញុំបានយកទៅ
ផ្ញើរនឹងលោកយាយដែលចេះមន្តអាគមខ្លាំងម្នាក់ ខ្ញុំអត់ដឹងថាគាត់នឹងប្រើវីធីណា
ដើម្បីប្រគល់ សៀវភៅនេះឱ្យឯងទេ តែខ្ញុំទុកចិត្តលើគាត់ណាស់
ហើយខ្ញុំដឹងថាសៀវភៅនេះប្រាកដជាបានទៅ ដល់ដៃឯង ហើយពេលនេះពិតជាបានមកដល់ដៃឯងពិតមែន។
មុនពេលខ្ញុំស្លាប់ ខ្ញុំបានតាំងចិត្ត អធិដ្ឋានថា នឹងត្រលប់មកកាន់ទីនេះម្តងទៀត
ហើយពេលនេះក៏បានមកដល់ពិតមែន (គឺជាឯងហ្នឹង ហើយ
ព្រោះថាឯងគឺជាអនាគតរបស់ខ្ញុំ) ខ្ញុំនៅបានអធិដ្ឋានទៀតថា
សូមឱ្យខ្ញុំនៅតែ មានរូបរាងនិងមុខមាត់ដូចខ្ញុំពេលនេះ និងនៅតែមានឈ្មោះថាមាលតី ដដែល។
ហើយលើសពីនេះ ទៅទៀតខ្ញុំក៏បានបួងសួងសូមឱ្យជួបបង ខេមរា
និងសូមឱ្យគាត់នៅតែមានមុខមាត់និងរូបរាង ដដែល តែឈ្មោះគាត់ប្រហែលជាមិនមែន
ឈ្មោះខេមរាទៀតទេ។ តើឯងបានជួបគាត់ហើយ តើមែនទេ? តើឯងកំពុងតែស្រឡាញ់គាត់ហើយ តើមែនទេ? តើបេះដូងឯងមានលោត
ញ៉ាប់ពេលដែលនៅក្បែរគាត់ទេ? ខ្ញុំដឹងថារឿងហ្នឹងប្រាកដជាកើតឡើង។
តទៅនេះខ្ញុំនឹងប្រាប់ឯងនៅអ្វីដែលឯងគួរដឹង ខ្ញុំមានបងប្អូនបីនាក់ គឺស្រី២
ប្រុស១ ដែលមានខ្ញុំ (មាលតី) បងស្រី (មាលា) និង ប្អូនប្រុស (ធរិន្ទ)។ មានថ្ងៃមួយ
ភ្ញៀវមកលេង គាត់ជាមិត្តរបស់លោកពុក។ គាត់បានស្នាក់នៅ
ស្នាក់អាស្រ័យនៅផ្ទះរបស់ពួកយើងមួយរយៈ ដោយមានទាំងកូនប្រុសដ៏សង្ហារម្នាក់មកជាមួយផង
គឺបងខេមរា។ ក្នុងរយៈពេលស្នាក់នៅមួយរយៈ នេះពួកយើងបានស្រឡាញ់គ្នា និងយល់ចិត្តគ្នា។
ដូចច្នេះហើយ ទើបបងខេមរាឱ្យឪពុកគាត់ចូល ស្តីដណ្តឹងខ្ញុំដើម្បីរៀបការជាមួយគ្នា
លោកពុកក៏បានយល់ព្រមនឹងសំណើរនេះ។ ពិធីភ្ជាប់ពាក្យ របស់ពួកយើងក៏បានប្រព្រឹត្តឡើង
ក្តីស្រមៃរបស់ពួកយើងដែលថានឹងរួមរស់ជាគូជីវិតជាមួយ គ្នាពេលនេះបានសមតាមបំនងហើយ។
តែជាអកុសល បងមាលាក៏ស្រឡាញ់បង ខេមរាដែរ។ ដោយការច្រណែនឈ្នានីស
គាត់បានធ្វើមន្តអាគមដាក់ខ្ញុំ ក្នុងគោលបំនងឱ្យខ្ញុំស្លាប់។ ហើយគោល
បំនងរបស់គាត់ក៏បានសម្រេច គឺខ្ញុំស្លាប់ទាំងមិនអស់ចិត្ត
តែខ្ញុំក៏មិនបានគុំគួនអីនឹងគាត់ដែរ ខ្ញុំដឹង ច្បាស់ថា
គាត់នឹងទទួលកម្មពៀរដែលគាត់បានសាង។ អ្វីដែលខ្ញុំចង់បាន គឺគ្រាន់តែចង់ជួបជុំជាមួយ
បងខេមរានៅជាតិ ខាងមុខទៀត តែប៉ណ្ណោះ។ ពេលឯងបានជួបគាត់ហើយ ត្រូវតែស្រឡាញ់ គាត់
នឹងថែរក្សាគាត់ ឱ្យបានល្អណា។ និយាយអញ្ចឹងបងខេមរា គាត់បានសរសេរសៀវភៅ មួយគឺ “ មាលតីមាសបង” ខ្ញុំចង់ដឹងដល់ហើយ ថាគាត់សរសេរថាម៉េចខ្លះ! តែសៀវភៅនោះមិនអាចមាន
អាយុលើសពី១០០ឆ្នាំនោះទេ វាប្រាកដជាខូចខាតអស់ហើយ លុះត្រាតែមានអ្នកចម្លងថ្មីឡើងវិញ
បើពុំនោះទេឯងមិនអាចបានអានទេ។
ជាចុងក្រោយខ្ញុំមានពាក្យចង់ប្រាប់ឯង ភូមិគ្រឹះនេះគឺជាភូមិគ្រឹះ មានជីវិត ព្រោះវាតែងតែ ឆក់យកអាយុជីវិតកូនស្រីម្ចាស់ភូមិគ្រឹះ
ឱ្យនៅថែរក្សាការពារ អញ្ចឹងហើយភូមិគ្រឹះនេះ
មិនអាច ជួបភ័យអន្តរាយអ្វីនោះទេ។ ឯងប្រហែលជាឆ្ងល់អំពីមូលហេតុហើយ មូលហេតុដែលនាំឱ្យ
ភូមិគ្រឹះក្លាយជាបែបនេះ។ កាលដើមឡើយ មានអ្នកនាងម្នាក់បានដុតសំលាប់ខ្លួនឯងនៅក្នុង
ភូមិគ្រឹះ ពេលនោះព្រលឹងនាងមិនទាន់បានទៅចាប់ជាតិផង
ស្រាប់តែលោកម្ចាស់សាងសង់ភូមិគ្រឹះថ្មី ភូមិគ្រឹះថ្មីចាប់ផ្តើមសាងសង់ឡើង
ដោយត្រូវនឹងបច្ចេកទេសក្បួនខ្នាតសំនង់ទាំងអស់ តែខុសតែ ម្យ៉ាងទេ គឺលើកចំថ្ងៃខ្មោច
ដែលមានន័យថាភូមិគ្រឹះនេះ ក្រៅពីត្រូវការការពារថែរក្សាពី លោកតាម្ចាស់ទឹក ម្ចាស់ដី
ហើយនិងជំនាងផ្ទះ ហើយគឺត្រូវការព្រលឹងថែមមួយទៀត។ បែបនេះ ហើយទើបអ្នកនាងតូចម្នាក់នោះ
ត្រូវរងគ្រោះនិងទទួលកម្មឱ្យយាមភូមិគ្រឹះ។ នាងនឹងត្រូវ ដោះលែង បើសិនជាមានអ្នកបន្តដំណែងពីនាង។
ហេតុនេះហើយ ទើបកូនស្រីរបស់ម្ចាស់ ភូមិគ្រឹះជំនាន់តៗ មក ក្លាយជាជនរងគ្រោះ ដោយតម្រូវស្នងតំណែងយាមភូមិគ្រឹះ។
ពេលខ្ញុំស្លាប់ ខ្ញុំវិសតែក្លាយទៅជា ខ្មោចយាមភូមិគ្រឹះទៅហើយ តែបានអ៊ំភីន
ជួយរំដោះព្រលឹងខ្ញុំឱ្យទៅចាប់ជាតិបាន ទាន់ពេលវេលា។ ខ្ញុំបារម្ភខ្លះដែរ
ខ្ញុំគិតថាបង មាលា ប្រាកដជាត្រូវស្នងតំណែងនេះ ជាមិនខាន ហើយគាត់មិនអាចគេចរួចទេ
ព្រោះគាត់បានសាងអំពើបាប។
ខ្ញុំពិតជាមិនចង់ឃើញ កូនស្រីរបស់ម្ចាស់ភូមិគ្រឹះពីមួយជំនាន់ទៅមួយ
ជំនាន់ត្រូវស្លាប់ដើម្បី មកយាមភូមិគ្រឹះនោះទេ អញ្ចឹងហើយ
គួរតែមានវិធីដោះស្រាយដើម្បីកុំឱ្យមានអ្នកស្លាប់តទៅ ទៀត។ ហើយវិធីដោះស្រាយនោះគឺ.....”
“មាលតី! មាលតី! មាលតី!” សំលេងរបស់អ្នកប្រុសនរិន្ទ បានដាស់ខ្ញុំឱ្យភ្ញាក់ ពេលខ្ញុំ
បើកភ្នែកឡើង គាត់បានចាប់ឱបខ្ញុំ ដោយរំភើប
“នាងភ្ញាក់ហើយឬ! ខ្ញុំស្មានតែនាងដេករហូតហើយតើ ហៅយ៉ាងម៉េចក៏មិនព្រមភ្ញាក់
បើតែ យ៉ាងហ្នឹងខ្ញុំឈប់ឱ្យនាងដេកហើយ មិនបាច់ដេករហូតតែម្តងទៅ!” ខ្ញុំថប់ដង្ហើមដែលត្រូវគាត់ ឱប ខ្លាំងពេក
“ចាស អ្នកប្រុសខ្ញុំថប់ដង្ហើម!(គាត់ក៏ព្រលែងដៃខ្ញុំចេញពីការឱប ហើយបេះដូងខ្ញុំនេះក៏
ចាប់ផ្តើមលោតខុសចង្វាក់ទៀតហើយ
មិនឱ្យលោតខុសចង្វាក់ម៉េច បើគ្រាន់តែភ្ញាក់ពីដេក ភ្លាម លេងមកឱបខ្ញុំចឹង
នៅមីងមាំងនៅឡើយទេមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងទេ) ខ្ញុំគ្រាន់តែដេក
លក់តើ ម៉េចក៏អ្នកប្រុស ចាប់បាច់ស្លន់ស្លោ ម៉្លេះ?” ខ្ញុំសួរដោយឆ្ងល់
“មើលម៉ោងទៅ ម៉ោង៩ព្រឹកហើយណា ដេកម៉ាកៗហ្នឹងអ្នកណាមិនភ័យ
ហៅយ៉ាងណាក៏ មិនព្រមក្រោក បើថាធម្មតាៗ ដូចគេឯងទៅមិនអីទេ តែនេះមានចាំអត់ ថាមិលម្សិញ
ពួកយើងបាន ជួបរឿងអ្វីមកខ្លះ!” ម៉េចក៏ចាំបាច់ខឹង ខ្ញុំដឹងហើយថាអ្នកប្រុស ព្រួយបារម្ភពីខ្ញុំ
“ខ្ញុំសូមទោសដែលធ្វើឱ្យអ្នកប្រុស ព្រួយបារម្ភ
ខ្ញុំធានាថាខ្ញុំនឹងមិនដេកយូរបែបហ្នឹង ទៀតទេ” ខ្ញុំបានញញឹមដាក់គាត់ ដើម្បីជាការបញ្ជាក់ថាគ្មានរឿងអាក្រក់អ្វីកើត
ឡើងចំពោះខ្ញុំទេ
“តែឥឡូវនេះនាងភ្ញាក់ទៅហើយ ខ្ញុំអស់បារម្ភហើយ រៀបចំខ្លួនទៅ
ខ្ញុំទៅចាំនៅតុអាហារ”
“ចាស!” ហើយគាត់ក៏បានដើរចេញទៅ
ពេលគាត់ចេញទៅបាត់ ខ្ញុំបានងាកមើលសៀវភៅចាស់ វានៅលើតុដដែលទេ នេះខ្ញុំ
យល់សប្តិតើ តែយល់សប្តិនេះដូចការពិតណាស់ ឬមួយក៏អ្វីៗដែលបានកើតឡើងទាំងអស់សុទ្ធ
តែជាការពិត។ អ្នកប្រុសខេមរា និងអ្នកប្រុសនរិន្ទ គឺជាមនុស្សតែម្នាក់
ចំនែកខ្ញុំនិងអ្នកនាង មាលតី គឺជាមនុស្សតែម្នាក់។ តើខ្ញុំគួរតែជឿដែរទេ?
No comments:
Post a Comment