មាលតីបានទៅរស់នៅភូមិគ្រឹះរបស់ នរិន្ទ មានរឿងចម្លែកជាច្រើនកើតឡើងពោរពេញទៅដោយចម្ងល់
ចុងក្រោយនាងក៏បានដឹងថា នាងនិងនរិន្ទដែលជាម្ចាស់ភូមិគ្រឹះមានរឿងពាក់ព័ន្ធជាមួយគ្នាតាំងពីអតីតកាលដែលមិនទាន់ស្រាយចេញ
ភូមិគ្រឹះអាថ៌កំបាំង
វគ្គទី១
ភូមិគ្រឹះបុរាណមួយដែលបន្សល់ទុកមកតាំងពីសម័យអង្គរ ដែលមានភាពស្រស់ស្អាត ទាក់ទាញ
បែបរចនាបទសម័យអង្គរ បានទាក់ទាញទេសចរមកទស្សនាយ៉ាងច្រើន។ គួរបញ្ជាក់ ផងដែរថាភូមិគ្រឹះរួមទាំងបរិវេណភូមិគ្រឹះ
បើកឱ្យភ្ញៀវចូលទស្សនាតែថ្ងៃសៅរ៍ និងអាទិត្យ ប៉ុណ្ណោះ ដែលភ្ញៀវ
ជាតិគឺចូលទស្សនាដោយសេរី ឯភ្ញៀវទេសចរអន្តរជាតិវិញ គឺតម្រូវឱ្យបង់ ប្រាក់ចំនួន៨០០០រ។
ទេសចរណ៍ដែលបានទស្សនានៅក្នុងបរិវេណ ភូមិគ្រឹះនេះតែងតែទទួលបាននូវ បទពិសោធន៍នៃ ជីវិតរស់នៅកាលពីសម័យបុរាណ។
បរិវេណភូមិគ្រឹះមានទំហំប្រហែល ១០គម២ ដែលមានប្រជាជន ប្រម៉ាន២០គ្រួសារ
ធ្វើការងារបម្រើម្ចាស់ភូមិគ្រឹះដែលក្នុងនោះមាន កសិករ ដាំដុះដំនាំ
និងបន្លែបង្ការគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ
ដោយមិនត្រូវការទិញមក ពីខាងក្រៅនោះទេ មានអ្នកតម្បាញ ជាងទង អ្នកសិល្បៈ និងចុងភៅ។
លក្ខណៈពិសេសមួយទៀត គឺថាអ្នកទាំងអស់ គ្នាស្លៀកសំលៀកបំពាក់បែបបុរាណ
តែមិនមែនជាសំលៀកបំពាក់ សម័យអង្គរ ទេ មានខ្លះជា
សំលៀកបំពាក់សម័យចតុមុខនិងខ្លះទៀតជាសំលៀកបំពាក់សម័យឧត្តុង្គ។
គ្រួសារនីមួយៗមានផ្ទះតូចមួយផ្ទាល់ខ្លួនដែលសង់មានលក្ខណៈដូចគ្នាទាំងអស់
ដែលស្ថិតនៅព័ទ្ធជុំវិញភូមិគ្រឹះ(ផ្ទះធំ) និងផុតពីផ្ទះរបស់ប្រជាជនទៅ
គឺមានវាលស្រែ ដើមត្នោតនិងដើមដូងដុះជាជួរ ដំនាំហូបផ្លែនិងបន្លែបង្ការដូចជាខ្នុរ
មៀន ចេក ល្ហុង ស្វាយ ត្របែក ទឹកដោះគោ ជំពូ ល្មុត ព្រីង ក្រូច សេដា
អំពិលទឹក ត្រសក់ ននោង ត្រាវ ដំឡូង ល្ពៅ
ត្រលាច ស្ពៃ និងគ្រប់ធញ្ញជាត មានវាលស្មៅ មានចិញ្ចឹមសត្វមួយចំនួនដូចជា មាន់ ទា
កា្ងន ជ្រូក គោ និងសេះ
មានស្រះទឹកដែលពោរពេញទៅ ដោយផ្កាឈូកចម្រុះពណ៌ ព្រលិតនិងរំចង់
និងនៅខាងចុងបំផុតនៃបរិវេណភូមិគ្រឹះ គឺមានកូនភ្នំមួយ ដែលមានតំណភ្ជាប់ពីភ្នំគូលែន មានទឹកធ្លាក់ពីលើកំពូលភ្នំ
និងអមដោយព្រៃព្រឹក្សាដុះជុំវិញ។
នៅពីចំហៀងភូមិគ្រឹះ គឺមានសួនច្បារដែលមានផ្កាចម្រុះពណ៌
និងគ្រប់ប្រភេទទាំងតូចទាំងធំ ដូចជា ម្លិះរួត ម្លិះលា ចំប៉ា ចំប៉ី សិរមាន់ ស្បៃរឿង
ឈូករ័ត្ន កេសរកូល រាក់ស រាក់ក្រហម លឿងរាជ មាលតី
ចន្ធូ ក្រវ៉ាន់ រំដួល យីហ៊ុប ត្រែ ស្រលិត ចេកភាចន៍ ផ្កានគរជុំ ផ្កាកំភ្លឹង
រំយោល ផ្កាថ្កុល ផ្កាកំពីងពួយ ផ្កាកែវ ផ្កាកណ្តឹង ផ្កានួនស្រី ផ្កាក្តាំងងា
ផ្កានិរតី រាំងភ្នំ ដាលីយ៉ា និងដកខឹម។
បើចំនាយពេលរៀបរាប់ពីអ្វីៗនៅទីនេះ ទោះបីជារៀបរាប់ពីព្រឹកដល់យប់ក៏មិនអស់ដែរ
អញ្ចឹងហើយសូមសង្ខេបនិងបញ្ចប់ត្រឹមប៉ុណ្ណឹងសិនចុះ។
ពេលនេះខ្ញុំសូមណែនាំ ពីខ្លួនឯងម្តង
នាងខ្ញុំឈ្មោះថា មាលតី ជានិស្សិតទើបតែបញ្ចប់ការសិក្សា
ហើយពេលនេះធ្វើជាអ្នកស្រាវជ្រាវសេរី ។ ខ្ញុំបានមកស្នាក់នៅទីនេះ
បានមួយអាទិត្យហើយជាមួយនឹងគ្រួសារអ្នកថែរសួន ក្នុងគោលបំនង ធ្វើការសិក្សាស្រាវជ្រាវ ភូមិគ្រឹះនេះថាតើវាមានប្រវត្តិដើមទងបែបណា ហើយមានសក្តានុពលបែប
ណាខ្លះទៅលើវិស័យទេសចរណ៍ និងការអភិវឌ្ឍ នៅក្នុងតំបន់នេះ ទៅលើខេត្តសៀមរាប ក៏ដូចជា
ប្រទេសកម្ពុជាទាំងមូល។ ដូចច្នេះហើយ បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍
សូមកុំភ្លេចរង់ចាំអាន អត្តបទស្រាវជ្រាវរបស់ខ្ញំ
ដែលខ្ញុំនឹងបញ្ចប់វាឱ្យបានជោគជ័យក្នុងរយៈពេល ៤ខែ។
តាំងពីថ្ងៃខ្ញុំចូលមកដល់ដំបូងខ្ញុំមានអារម្មណ៍ចម្លែកៗ
ណាស់ជាមួយទីកន្លែងនេះ វាហាក់ដូច ជាមានអាថ៌កំបាំងបង្គប់ជាច្រើន។ លោកម្ចាស់
និងគ្រួសាររបស់គាត់មិនដែលស្នាក់នៅទីនេះទេ ពួកគាត់ មានមុខរបររកស៊ីនៅភ្នំពេញ
ដែលកាក់កបជាខ្លាំង ហើយក៏ប្រើជីវិតស៊ីវិល័យនៅទីនោះ។ គ្រួសារនេះខ្សាត់កូនខ្លាំងណាស់
បានលឺមកថាលោកម្ចាស់មានកូនប្រុសតែម្នាក់គត់ ហើយកូនប្រុស
គាត់មានជម្ងឺចម្លែកស្លាប់ដោយរកមូលហេតុមិនឃើញតាំងពី ១០ឆ្នាំមុន តែសំណាងល្អគាត់មាន
ចៅប្រុសម្នាក់សម្រាប់ស្នងត្រកូលដែរ ដែលពេលនេះមានអាយុ ២៧ឆ្នាំហើយ
មិនធ្លាប់មានសង្សារ ហើយក៏មិនព្រមគិតគូររឿងគូស្រករដែរ ដែលជាហេតុធ្វើឱ្យចាស់ៗ
ព្រួយបារម្ភជាខ្លាំង។ ហើយថ្មីៗ នេះ លឺថាចៅប្រុសនោះចង់មកស្នាក់នៅក្នុងភូមិគ្រឹះនេះ
ទោះបីជាគ្រួសារគាត់ហាមប្រាមយ៉ាងណាក៏ ដោយ បើខ្ញុំដឹងមិនខុសទេ
គាត់នឹងអញ្ញើញមកដល់នាពេលរសៀលនេះហើយ។
ភូមិគ្រឹះធំនេះអត់មានម្ចាស់ស្នាក់នៅអស់រយៈពេល
ជាង២០០ឆ្នាំមកហើយ តែការថែរទាំ វិញគឺហ្មត់ចត់និងទៀងទាត់
ហាក់បីដូចជាមានម្ចាស់ស្នាក់នៅអញ្ចឹង ម្យ៉ាងទៀតដំណើរការរស់នៅ នៃអ្នកក្រោមបង្គាប់
ទាំងអស់ហាក់ដូចជាមានក្តីសុខ តាមជីវភាពសាមញ្ញនិងធម្មតារបស់ពួកគេ
ដោយគ្មានការប្រកួតប្រជែង និងគ្មានជំលោះ។
នៅមានរឿងចម្លែកមួយទៀត អ៊ំថែរសួន ប្រាប់ខ្ញុំថា
គេតែងតែលឺសំលេងចម្លែកៗ ចេញពី ភូមិគ្រឹះធំស្ទើររៀងរាល់យប់
តែវាហាក់ដូចជាចម្លែកណាស់តាំងពីខ្ញុំមកដល់គឺមួយអាទិត្យហើយ
មិនដែលលឺសំលេងអីសោះ។ហើយគាត់ក៏ចម្លែកចិត្តដូចគ្នា
អំពីរឿងដែលមួយអាទិត្យចុងក្រោយនេះមិនបានលឺសម្លេងចម្លែកៗនោះ។
ម៉ោង៥រសៀល ខ្ញុំកំពុងតែស្រោចទឹកផ្កា ស្រាប់តែលឺសូរសម្លេងរថយន្តឈប់នៅមុខភូមិគ្រឹះធំ
ច្បាស់ណាស់ថានោះបញ្ជាក់ពីការមកដល់របស់លោកម្ចាស់តូច(អ្នកប្រុស) ទន្ទឹមនឹងនោះសម្លេង របស់អ៊ំ
ថែរសួនក៏បានបន្លឺមករកខ្ញុំថា
“មាលតីអា! មកជួយជញ្ជូនឥវ៉ាន់បន្តិចមកក្មួយ!” ខ្ញុំចុចបិទទុយោទឹក រួចឆ្លើយទៅកាន់គាត់ វិញ
“ចាស អ៊ំ! ខ្ញុំទៅដល់ឥឡូវហើយ”
គ្រួសារដែលចេញចូលផ្ទះធំញឹកញាប់ គឺគ្រួសារថែរសួន
និងគ្រួសារចុងភៅ ហើយគ្រួសារ ទាំងពីរនេះ ក៏ជួយបោសសំអាតផ្ទះធំជារឿយៗផងដែរ
ព្រោះថាអ្នកបម្រើសម្រាប់សំអាតផ្ទះ មានតែបី បួននាក់ប៉ណ្ណោះ
ដែលជាហេតុពួកគាត់ត្រូវតែជួយ ដើម្បីឱ្យផ្ទះធំមើលទៅស្អាត មានអនាម័យ និងគ្មានធូលី។
ខ្ញុំបានជួយជញ្ជូនវ៉ាលីចេញពីគូទឡាន
ហើយអំប្រុសក៏បានជញ្ជូនផ្ទាំងគំនូរ ពីរ បីផ្ទាំង
យកទៅដាក់បន្ទប់អ្នកប្រុស។ពេលទៅដល់ហើយ អ៊ំប្រុសក៏បានដាក់ពួកវាទៅលើសាឡុង ហើយ
ពេលនោះក្រដាសរុំក៏របូត រួចក៏លេចចេញនូវរូបគំនូររបស់នារីក៏ស្រស់ស្អាត
ម្នាក់ក្នុងសំលៀកបំពាក់និងគ្រឿងប្រដាប់កាយដូចស្រីសួរគ៌ អ៊ំប្រុសមើលរូបនោះហើយក៏មើលមុខខ្ញុំ គាត់មើលមុខខ្ញុំ និងរូបនោះផ្លាស់គ្នាចុះឡើង ពីរ
បីដង រួចក៏ឧទាន
“រូបគំនូរនេះមុខស្រដៀងក្មួយណាស់”គាត់ញញឹម
“ពិតមែនឬអ៊ំ
ខ្ញុំស្អាតដូចរូបគំនូរហ្នឹងឬ?” ខ្ញុំតបទៅគាត់ដោយរំភើប ហើយខ្ញុំក៏ប្រញាប់ ពិនិត្យមើលរូបនេះដោយហ្មត់ចត់
តាមពិតទៅរូបនេះគឺជារូបខ្ញុំតើ តែស្អាតជាងខ្ញុំត្រង់ថាបាន
សំអិតសំអាងដោយគ្រឿងអលង្កានិងប្រដាប់កាយ បងប្រុសខ្ញុំជាអ្នកគូរឱ្យខ្ញុំ
គាត់ជាជាងគំនូរដែល មានទេសកោសល្យម្នាក់ គាត់បានបង្ខំខ្ញុំឱ្យតែងខ្លួនបែបនេះ
ហើយក៏គូររូបនេះ គាត់បានសន្យាថានឹង មិនលក់រូបមួយផ្ទាំងហ្នឹងទេ
មើលចុះបងប្រុសមិនគោរពពាក្យសន្យា មើលឃើញលុយជាធំ។ ប៉ុន្តែ ចម្លែកណាស់
ទេសភាពពីខាងក្រោយ ដែលបងខ្ញុំគូស គឺមិនមែនបែបនេះទេ
រូបទេសភាពពីខាងក្រោយរបស់បងប្រុសខ្ញុំគឺប្រាសាទអង្គរវត្ត
តែរូបនេះវិញគឺជាភូមិគ្រឹះធំនេះ បងប្រុសបានសរសេរឈ្មោះខ្ញុំ “មាលតី”
នៅខាងចុងខាងក្រោមចំហៀងខាងឆ្វេង និងចុះហត្ថលេខា ឈ្មោះគាត់ចំហៀង ខាងស្តាំ
តែក្នុងរូបនេះអត់មានទេ។ ចម្លែកមែន ឬក៏បងខ្ញុំគូររូបថ្មីមួយទៀត
ខ្ញុំនឹងតេទៅសួរគាតដើម្បីឱ្យអស់ឆ្ងល់។
“ក្មួយស្រី!” គាត់អង្រួនស្មាខ្ញុំ
“ចាស អ៊ំ!”
“អាល័យតែភ្លឹកអីហ្នឹង តោះយើងទៅវិញ!”
“ចាស!”
ពួកយើងបានដើរចេញពីបន្ទប់ហើយបិទទ្វារវិញថ្នមៗ
ពេលដើរកាត់កន្លែងទទួលភ្លៀវ ខ្ញុំបានលឺសំលេងអ្នកប្រុស និយាយទៅកាន់លោកមេការ
“តទៅ
ភ្ញៀវទេសចរអាចចូលមកក្នុងភូមិគ្រឹះធំ ដើម្បីមើលសិល្បៈ និងការតាំងពិព័រណ៌
នៅសាលធំតាមទ្វារក្រោយ ហើយមិនអនុញ្ញាតឱ្យពួកគេចូលបន្ទប់ផ្សេងៗទៀតណាទាំងអស់នៅក្នុង
ភូមិគ្រឹះ ចំនែកបរិវេណខាងក្រៅ គេអាចទស្សនាបានតាមចិត្តតែលើកលែង សួនច្បារនៅចំហៀងផ្ទះ
ព្រោះថាខ្ញុំមិនចូលចិត្តភាពអ៊ូរអរ និងមិនចង់លឺសំលេងរំខាន។”
“បាទអ្នកប្រុស!”
“លោកពូទៅសម្រាកចុះ!” គាត់ក៏ដើរចេញទៅ
“ឈប់សិន!” សំលេងអ្នកប្រុស ធ្វើឱ្យអ៊ំមេការឈប់ហើយងាកមើលមុខអ្នកប្រុស
អ្នកប្រុស ក៏តប
“លោកពូទៅចុះ
ខ្ញុំប្រាប់នាងឱ្យឈប់!”
ភ្នែកគាត់កំពុងបាញ់មករកខ្ញុំ
ដែលកំពុងដើរកាត់ទី នោះ ចុះអ៊ំថែសួនទៅណាបាត់ហើយ ក្រែងមិញហ្នឹងដើរមកជាមួយគ្នាតើ
ខ្ញុំងាកមើលទៅអ្នកប្រុស ហើយដើរតិចៗសំដៅទៅរកគាត់ Wow!
អ្នកប្រុសពិតជាសង្ហារមែន បើទៅប្រលងប្រុសស្អាតវិញ ប្រាកដជាជាប់ចំនាត់ថា្នក់មិនខាន
បើមិនបានលេខមួយទេ ក៏លេខពីរដែរ។
“នាងជាអ្នកបម្រើនៅទីនេះដែរមែនទេ?” សំលេងរបស់អ្នកប្រុស ធ្វើឱ្យខ្ញុំឈប់រវើរវាយ រួចក៏តបទៅគាត់វិញ
“ចាស អត់ទេ!”
“អូ!ចឹងតើបានជាស្លៀកពាក់ខុសគេ។”
“ចាស!”
“នាងជាអ្នកណា? ហេតុអីបានជាមកនៅទីនេះ?”សួរដោយមុខស្មើរ
“ខ្ញុំ....ខ្ញុំ (យីសមិចក៏សំលេងញ័រចឹង) ឈ្មោះ មាលតី ជាក្មួយស្រីរបស់អ៊ំថែរសួន ហើយខ្ញុំមកស្នាក់នៅទីនោះមួយរយៈ
ដើម្បីជួយការងារគាត់ និងសម្រាកលំហែដើរកំសាន្តផង ព្រោះពេលនេះ សាលាវ៉ាកង (ខ្ញុំមិនអាចប្រាប់ពីគោលបំនងពិតប្រាកដទេ ក្លាយថាមិនអាចប្រមូលពត៌មានបានពិត ប្រាកដ) ចុះអ្នកប្រុសវិញឈ្មោះអ្វីដែរ?” (ចប់ហើយមិនគួរសួរចឹងសោះ គួរតែទុកសំនួរនេះសួរទៅ
អ៊ំថែរសួនវិញល្អជាង)
ម៉េចក៏មើលមកខ្ញុំដោយស្រសែភ្នែកបែបនេះ
ឬក៏ដឹងថាខ្ញុំមិនប្រាប់ការពិត
“ខ្ញុំឈ្មោះ នរិន្ទ។ តើពួកយើងធ្លាប់ជួបគ្នាពីមុនមកទេ?” គាត់មិនដឹងថាខ្ញុំកុហកទេ ខំតែភ័យ
“ចាសមិនដែលទេ!” ខ្ញុំឆ្លើយយ៉ាងរហ័ស
អ្នកប្រុសនិងខ្ញុំហាក់ដូចជាមនុស្ស២នាក់ ដែលនៅ ក្នុងពិភព២ផ្សេងគ្នា
ហើយយើងម៉េចហ្នឹងអាចធ្លាប់ជួបគ្នាទៅ អូរឬមួយក៏អាចធ្លាប់ជួបគ្នាកាលពីជាតិ មុន
តែបើសម្រាប់ជាតិនេះវិញ ខ្ញុំប្រាកដណាស់ថាមិនធ្លាប់ជួបអ្នកប្រុសទេ :D
“អូរ! ចឹងហស់! (មើលទៅគាត់ហាក់ដូចជាខកចិត្តតិចតួច) ទៅធ្វើការងារនាងចុះ!”
“ចាស!”គាត់បានងើបពីសាឡុងអង្គុយហើយដើរសំដៅទៅបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដែលនៅ
ជាន់ទីមួយ ហើយខ្ញុំក៏បានដើរចេញពីភូមិគ្រឹះសំដៅទៅសួនច្បារ ហើយក៏អង្គុយលើបង់ឈើក្រោម
ដើមរាំងភ្នំរួចយកទូរស័ព្ទតេទៅបងប្រុស
“អាឡូ មាលតី! នឹកបងមែនបានតេមកហ្នឹង?”
“ចាស អត់ទេ! ខ្ញុំមានរឿងចង់សួរបង”
“មានអី សួរមកចុះ!”
“តើបងមានលក់រូបគំនូររបស់ខ្ញុំអត់ ឬក៏មានគូររូបថ្មីរបស់ខ្ញុំដើម្បីលក់អត់?”
“អត់ទេ!បងប្រាប់ហើយតើ ថាទោះគេឱ្យថ្លៃប៉ុណ្ណាក៏មិន លក់ដែរ
បងទុកដាក់តាំងនៅកន្លែង បង។ ហើយក៏មិនបានគូររូបឯងថ្មីអីដែរ! យ៉ាងម៉េចឯងមិនជឿ?”
“អត់ទេ! ជឿតើ គ្រាន់តែចង់តេទៅរំលឹកបង!”
“អូខេ! បើគ្មានការអីទេ ប៉ុណ្ណឹងចុះ
ព្រោះបងត្រូវចេញទៅក្រៅជាមួយមិត្តភក្តិ”
“ចាសបង! សំណាងល្អ ណាបង! Bye Bye! See you soon.”
គួរឱ្យឆ្ងល់មែន
ម៉េចក៏រូបគំនូររបស់អ្នកប្រុសមុខដូចខ្ញុំម៉្លេះ ចុះរូបពីរផ្ទាំងទៀតជារូបអ្វី ដែរ! ដូចជាមានអារម្មណ៍ថាមានកែវភ្នែកមួយគូរកំពុងសំលឹងមើលមកខ្ញុំ។ ខ្ញុំក៏ងើបមុខឡើង
ហើយសំលឹងមើលជុំវិញខ្លួន ក៏ភ្ញាក់ព្រឺរ នោះគឺអ្នកប្រុសតើ
គាត់កំពុងតែឈរសំលឹងមើលមកខ្ញុំ តាមបង្អួច ជាមួយនឹងខ្សែរភ្នែកចម្លែកទៀតហើយ
បើមើលធម្មតាៗ ទៅវាយ៉ាងម៉េច។ ហើយខ្ញុំហ្នឹងក៏អញ្ចឹងដែរ ដូចខ្វះកន្លែងអង្គុយណាស់ចឹង
មកអង្គុយឱ្យចំពីមុខមាត់បង្គួចរបស់គាត់
តែឱ្យធ្វើម៉េចបើបន្ទប់សម្រាករបស់ខ្ញុំនៅជាប់នេះហ្នឹង។ ទៅហើយ ទៅងូតទឹកងូតភក់ ហើយនឹងអាលញ៉ាំបាយពេលល្ងាច។
No comments:
Post a Comment