សេចក្តីផ្តើម
មានយុវតីម្នាក់កំពុងបម្រុងនឹងដើរឆ្លងផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែងនៅក្នុងទីក្រុងភ្នំពេញ
ក៏ស្រាប់តែបានប្រទះជួបនឹងជីដូនចាស់ជរាម្នាក់កំពុងតែរៀបឆ្លងផ្លូវដែរ។
យុវតីបានដើរសំដៅទៅគាត់ហើយក៏ជួយគ្រាគាត់ឆ្លងថ្នល់ដោយសុវត្ថិភាព
រួចជូនគាត់ទៅអង្គុយនៅលើបង់ក្បែរនោះ។
“អគុណច្រើនណាចៅស្រី!”
គាត់សំលឹងមើលមកនាងដោយទឹកមុខញញឹម
“ចាស៎លោកយាយ! ខ្ញុំសូមជម្រាបលាលោកយាយសិនហើយ!”
នាងបម្រុងដើរចេញតែលោកយាយបែរជាចាប់ទាញដៃនាងទុករួចមានប្រសាសន៍
“ឈប់សិនចៅ!
អង្គុយចុះក្បែរយាយសិនមក!យាយមានរបស់ចង់ឲ្យចៅ!”
យុវតីបានអង្គុយចុះក្បែរលោកយាយតាមពាក្យរបស់គាត់ ។
លោកយាយបានលូកយកនាឡិកាខ្សាច់មួយចេញពីក្នុងថង់ក្រណាត់របស់គាត់
នៅខាងលើនាឡិកានោះគឺលោតលេខ ០០ថ្ងៃ០០ម៉ោង០០នាទីនិង០០វិនាទី និងគ្រាប់ខ្សាច់ទាំងអស់គឺបានធ្លាក់ទៅថតខាងក្រោមអស់ហើយ
គាត់បានដាក់វាទៅលើដៃនាង ហើយមានប្រសាសន៍ថា
“តទៅចៅគឺជាម្ចាស់នាឡិកានេះហើយណា សូមចៅថែរក្សាវាឲ្យបានល្អណា”យុវតីញញឹមហើយក៏តបនឹងលោកយាយ
“ចាស៎លោកយាយ ចៅអរគុណ!” គ្រាន់តែនាងព្រមទទួលធ្វើជាម្ចាស់នាឡិកានោះភ្លាម
នាឡិកាលោតពីលេខ០០ថ្ងៃរហូតដល់០០វិនាទី ទៅជា៣៣៧ថ្ងៃ១០ម៉ោង០៥នាទី០៨វិនាទី…….
“គ្រឺង! គ្រឺង! គ្រឺង!” សំលេងនាឡិការោទិ៍បានដាស់នាងឲ្យក្រោកចាកពីដំណេកនិងសុបិន្តចម្លែក
ស្នេហាក្នុងការចងចាំ(Memories of love) part 1
“គ្រឺង! គ្រឺង! គ្រឺង!”
សំលេងនាឡិការោទិ៍បានដាស់នាងឲ្យក្រោកចាកពីដំណេកនិងសុបិន្តចម្លែក
គ្រាន់តែងើបនិងពត់ពែនខ្លួនរួចហើយ
ទូរស័ព្ទដៃនាងក៏រោទិ៍ឡើងទៀត គ្រាន់តែចុចទទួលភ្លាម ខ្សែរម្ខាងទៀតបាននិយាយ
“អាឡូនីតា ! ខ្ញុំចង់តេទៅរំលឹកឯងថាម៉ោង១០
ខ្ញុំទៅយកឯងទៅផ្សារទាំងគ្នា”
“ទៅផ្សារធ្វើអីហាស លក្ខណា?”
នាងសួរហាក់ដូចឆ្ងល់ព្រោះថាមិនមានកម្មវិធីត្រូវទៅទិញឥវ៉ាន់នោះទេ
“យី!មើលសួរ នៅសល់តែ១អាទិត្យទៀតទេដាច់ឆ្នាំហើយ
ហើយសាលាក៏បានរៀបចំពិធីចាប់កាដូនៅក្នុងពិធីបុណ្យសាលានៅបីថ្ងៃខាងមុខនេះផងដែរ
គេបិទប្រកាសពេញសាលាហើយប្រធានសមាគមនិស្សិតក៏ចូលមកប្រាប់តាមថ្នាក់ផងដែរទាក់ទងនឹងកម្មវិធីនេះ
ហើយការពីយប់មិញខ្ញុំក៏បានផ្ញើរសារទៅឯងតាម
ហ្វេកប៊ុកដែរថាព្រឹកនេះទៅផ្សារទៅរកទិញកាដូរជាមួយគ្នា”
“អូខេ! គ្នាដឹងដែរតែស្មានតែនៅយូរទៀតតើ!
ចឹងប៉ុណ្ណឹងចុះ តិចទៀតជួបគ្នា” នីតាបានដាក់ទូរស័ព្ទចុះ
ហើយក៍ចាត់ចែងធ្វើការងារផ្ទះមួយចំនួនមុនពេលដែលលក្ខណាមកដល់។
ក្នុងហាងលក់វត្ថុអនុស្សារវីយ៍
លក្ខណាបានចាប់អារម្មណ៍ទៅលើនាឡិកាមួយ
ម៉ូតរបស់វាសាមញ្ញដែលមនុស្សស្រីពាក់ក៏បាន ប្រុសពាក់ក៏បាន។ នីតាក៏កំពុងតែដើររកមើលរបស់ណាដែលអាចប្រើបានទាំងស្រីទាំងប្រុសដែរ
ចឹងហើយមិនថាបុរសឬនារីនោះទេដែលចាប់បានកាដូរបស់នាង
គេនឹងមិនចំាបាច់ដូរជាមួយអ្នកផ្សេងឬក៏ឲ្យទៅអ្នកផ្សេង ដោយហេតុថាគេប្រើមិនកើតនោះទេ។
នាងដើរចុះឡើងស្រាប់តែប្រទះឃើញនាឡិកាខ្សាច់ដែលដូចគ្នាបេះបិទទៅហ្នឹងអីដែលនាងបានឃើញនៅក្នុងយល់សប្តិ ដែលពេលនេះគ្រប់លេខទាំងអស់គឺលេខសូន្យ
នាងសំលឹងមើលនាឡិកាដោយស្នាក់ស្នើរនិងសង្ស័យក្នុងចិត្ត រួចក៏ដើរហួសទៅ
ហើយដើរមើលរបស់របរផ្សេងៗទៀត តែនាងមិនអាចរកឃើញនៅអ្វីដែលនាងពេញចិត្តសោះ
ដូចនេះហើយនាងក៏ដើរបកក្រោយទៅវិញរួចក៏សម្រេចចិត្តកាន់យកនាឡិកាខ្សាច់នោះទៅកន្លែងអ្នកគិតលុយ
រួចក៏បានបង់ប្រាក់ទៅឲ្យអ្នកគិតលុយ
ពេលនាងបង់ប្រាក់រួចរាល់នាងបានប្រាប់ទៅអ្នកលក់ឲ្យវេចខ្ចប់ជាកាដូរឲ្យស្អាតឲ្យនាង
ហើយទន្ទឹមនឹងនោះផងដែរនាងក្រលេកឃើញថានាឡិកាដែលនៅដៃអ្នកលក់បម្រុងនឹងវេចខ្ចប់ឲ្យនាងនោះវាបានប្តូរពីលេខ០០ទៅជា
៣៣៧ថ្ងៃ០៥ម៉ោង២០នាទី៣០វិនាទី។ នាងមិនបានជាចាប់អារម្មណ៍អីនោះទេគិតថាប្រហែលជាអ្នកលក់សេរេម៉ោងនោះ។ទិញរួចរាល់ហើយនាងនិងលក្ខណាក៏បានត្រលប់ទៅផ្ទះវិញ។
បីថ្ងៃក្រោយ
នៅក្នុងកម្មវិធីជប់លៀង ប្រគុំតន្រ្តី និងការប្តូរកាដូគ្នា
សិស្សគ្រប់ជំនាន់ទាំងអស់បានមកចូលរួមដោយមានកាន់កាដូមកម្នាក់មួយ
ហើយកាដូទាំងអស់ក៏បានយកទៅដាក់ចូលគ្នានឹងបង់លេខរៀង
រួចនៅពេលចប់កម្មវិធីអ្នកដែលចូលរួមក៏តម្រូវឲ្យចាប់យកលេខនៅក្នុងប្រអប់បិទជិតម្នាក់មួយ
បើអ្នកណាចាប់បានលេខ១ នឹងត្រូវទៅយកកាដូដែលមានបង់លេខ១ដែរ។
កម្មវីធីបានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយដោយមានរៀបចំអាហារប៊ូសហ្វេ
និងមានការប្រគុំតន្ត្រីពីក្រុមតន្ត្រីរបស់កូនសិស្ស។ ការប្រគុំតន្រី្តនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀត។
សំលេងហ៊ោរបានបន្លឺឡើង
នៅខណៈពេលដែលបុរសសង្ហារ៦នាក់បានដើរចូលមក
ដែលពួកគេគឺជានិស្សិតឆ្នាំទី៣និងជាក្រុមចម្រៀងបទនិពន្ធខ្លួនឯង កំពុងមានប្រជាប្រិយភាពជាខ្លាំងនៅក្នុងស្រទាប់យុវវ័យ។ក្រុមចម្រៀងនេះមានឈ្មោះថា
“តន្រ្តីខ្មែរ” ។
នីតាមិនបានស្គាល់ពួកគេទេទោះបីជាគេល្បីបែបនេះហើយរៀននៅសាលាជាមួយនាងក៏ដោយ
នាងមិនសូវចាប់អារម្មណ៍រឿងតន្រ្តីអីហ្នឹងនោះទេ
ហើយពេលទំនេរគឺនាងមមាញឹកក្នុងការធ្វើការងារក្រៅម៉ោងដើម្បីបានប្រាក់បន្ថែម។
លក្ខណាដែលឈរនៅក្បែរនោះកំពុងតែស្រែកហ៊ោរជាមួយអ្នកដទៃដែរ
ហើយនៅពេលពួកគេទាំង៦នាក់ដើរទៅផុតទៅ សម្លេងក៏បានស្ងាត់
ម្នាក់ៗកំពុងផ្តោតអារម្មណ៍ទៅលើឆាក ដែលនឹងមានវត្តមានរបស់បុរសសង្ហារទាំង៦ក្នុងពេលបន្តិចទៀតនេះ។
ឆ្លៀតពេលនោះដែរ លក្ខណាបានរៀបរ៉ាប់ពីបុគ្គលិកលក្ខណៈម្នាក់ៗឲ្យទៅនីតាស្តាប់
ដែលជាសង្ខេបមកគឺថា៖
ធារ៉ាៈ ប្រធានក្រុម មានចរឹកម៉ឹងម៉ាត់ម៉ត់ចត់
ជានិសិ្សតផ្នែកគ្រប់គ្រងឆ្នាំទី៣ ដែលមិនដែលមានរឿងអាស្រូវនោះទេ
ធារិទ្ធ៖ អនុប្រធានក្រុម
ជាបុរសមានមន្តស្នេហ៍ជាងគេនៅក្នុងក្រុម គេគឺជានិស្សិតផ្នែកវិស្វករ។
បញ្ញា៖ បុរសដែលសំបូរស្ទាយនិងស្ទីលប្លែកៗ
រួសរាយរាក់ទាក់ជាងគេ គេជានិស្សិតខាងផ្នែករចនាម៉ូត។
ពិសិដ្ឋ៖ បុរសក្នុងក្តីស្រមៃរបស់នារី
និយាយតិចញញឹមច្រើន ជានិស្សិតផ្នែកពាណិជ្ជកម្ម។
ផានិត៖ ជាព្រានមុខស្រស់
បើមាននារីណាចូលទៅរកគេនោះ គឺគេមិនដែលបដិសេធនោះទេ គេមានសង្សារច្រើនឡើងរាប់ភ្លេចទៅហើយ
គេជានិស្សិតផ្នែកសេដ្ឋកិច្ចទីផ្សារ។
កក្កដា៖បុរសបេះដូងទឹកកក មិនចូលចិត្តខ្វល់ខ្វាយរឿងអ្នកដទៃ
គេជានិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូរទ័រ។
លក្ខណាបានរៀបរ៉ាប់ពីបុរសទាំង៦នោះដោយអារម្មណ៍ររើរវាយនិងកែវភ្នែកឈ្លក់វង្វេងទៀតផង
ហ្វេនផ្កាប់មុខតែម្តងហើយ។ គ្រាន់តែភ្លេងចាប់ប្រគុំភ្លាមនាងក៏បង្វែរការចាប់អារម្មណ៍ទៅលើឆាកវិញ
ពេលបុរសសង្ហារទាំង៦នាក់ចេញមក សម្លេងហ៊ោរក៏ចាប់ផ្តើមសារជាថ្មី។
ពួកគេពិតជាច្រៀងបានពិរោះពិតមែនហើយការប្រគុំតន្រី្តក៏ពិសេសផងដែរ។
ពេលចប់ពីបទច្រៀងផងប្រគុំតន្រ្តីផង ពួកគេ បានប្រគល់ការប្រគុំតន្រ្តីទៅឲ្យអ្នកភ្លេង
ហើយក៏ចាប់ផ្តើមច្រៀងបទកន្ទ្រាក់អារម្មណ៍និងបញ្ចេញក្បាច់រាំយ៉ាងល្អ។
នីតាមិនចម្លែកចិត្តនោះទេ ថាហេតុអីបានមិត្តរបស់នាងនិងសិស្សជាច្រើនទៀតឈ្លក់វង្វេងនឹងពួកគេបែបនេះ។
សូម្បីតែនាងក៏អត់ នឹងមិនសរសើរទេពកោសល្យរបស់ពួកគេមិនបានដែរ។
បន្ទាប់ពីការប្រគុំតន្រ្តីនិងបរិភោគអាហារចប់សព្វគ្រប់ក៏ចូលក្នុងកម្មវិធីចាប់កាដូ។នីតាចាប់បានលេខ២០៧
ឯលក្ខណាចាប់បានលេខ១៩៩។
ម្នាក់ហាក់ដូចជាសប្បាយរីករាយហ្នឹងកម្មវិធីនេះជាខ្លាំង។ខ្លះបើកប្រអប់កាដូនៅហ្នឹងកន្លែងហើយខ្លះទៀតក៏ទុកយកទៅបើកមើលនៅឯងផ្ទះ។ចំនែកនីតាគឺនាងទុកចាំយកទៅបើកនៅផ្ទះ។
ពេលត្រលប់ទៅដល់បន្ទប់ជួលវិញ(នាងជាគ្រួសារអ្នកជនបទដែលមកបន្តការសិក្សានៅទីក្រុង
ដូចនេះហើយក៏ជួលបន្ទប់គេស្នាក់អាស្រ័យនៅ) នាងបានបើកប្រអប់កាដូមើល
វ៉ាវកាដូនេះពិតជាអស្ចារ្យខ្លះណាស់ ដែលនៅក្នុងនោះគឺជាកងដៃពណ៌ប្រាក់ដ៏ស្រស់ស្អាត
មានកណ្តឹង២គ្រាប់ ព្រមទាំងមានរំលេចទៅដោយត្បូងពណ៌ស្វាយ និងពណ៌ស
ហើយនៅលើកងមានឆ្លាក់អក្សរTR
ទៀតផង។កាដូនេះភ្ជាប់មកជាមួយនៅកាតភ្លឺស្អាតមួយដែលមានសរសេរអក្សរតែមួយជួរប៉ុណ្ណោះ
“ជូនពរឆ្នាំថ្មី” ។នាងសាកល្បងពាក់ចូលដៃខាងឆ្វេង
កងដៃនេះពាក់ចូលដៃនាងដោយមិនលំបាកហើយវាល្មមនឹងកដៃរបស់នាងតែម្តង តែពេលចង់ដោះចេញមកវិញបែរជាដោះមិនរួចសោះ
ដូច្នេះហើយនាងក៏ពាក់នៅហ្នឹងដៃតែម្តងទៅ។ នាងមិនអាចដឹងបាននោះទេ
ថានេះជាកាដូរបស់អ្នកណា ហើយក៏មិនដឹងដែរថាកាដូរបស់នាងបានទៅលើអ្នកណា។
តើកាដូរបស់នីតាបានទៅលើអ្នកណា?
ធារិទ្ធដែលជាអនុប្រធានក្រុមនៅក្នុងតន្រ្តីខ្មែរគឺជាអ្នកចាប់បានកាដូរបស់នាង។
ធារិទ្ធបានទៅដល់ផ្ទះយប់ជ្រៅ
គេក៏ទៅងូតទឹករួចក៏ដេកលក់បាត់ទៅដោយមិនទាន់បានបើកកាដូមើលនៅឡើយ។
មនុស្សដែលដេកមិនដែលយល់សប្តិដូចគេ ស្រាប់តែយប់នេះគេយល់សប្តិចម្លែក។
គេកំពុងតែដើរនៅលើវាលស្មៅខៀវស្រងាត់មួយ គេបានឃើញនារីរាងតូចស្តើងម្នាក់ស្លៀកឈុតពណ៌ស
មានសក់វែង កំពុងដើរមកពីចម្ងាយ គេមិនអាចមើលមុខនាងច្បាស់នោះទេ
ព្រោះហាក់ដូចជាមានពន្លឺម្យ៉ាងចាំងមក គេឃើញបានត្រឹមតែស្រមោលព្រាលៗ
គេបានឃើញនាឡិកាមួយ គេក៏អោនរើស វាគឺជានាឡិកា
ដែលម្ខាងជានាឡិកាធម្មតាមានមុខជារង្វង់មួលមានតុក្កត្តា ស្រីប្រុសមួយគូ
កំពុងអង្គុយទល់មុខគ្នាពូនដីខ្សាច់ជាមួយគ្នា។ ចំនែកឯម្ខាងទៀតមានភ្ជាប់ជាមួយកែវខ្សាច់ដែលមានខ្សាច់ពណ៌ប្រាក់ភ្លឺរលោង
និងមាននាឡិកាក្រិតវេលាដើរថយក្រោយ ហើយខ្សាច់ក៏ធ្លាក់ម្តងមួយគ្រាប់ៗ
វាហាក់ដូចជាធ្លាក់ចុះក្នុងល្បឿនលឿនគួរសម ហើយវាទើបតែធ្លាក់បានបន្តិចប៉ុណ្ណោះ
ពេលវេលានៅពេលនេះគឺ”៣៣៣ថ្ងៃ១០ម៉ោង៣០នាទី៤០វិនាទី” វិនាទីចេះតែថយចុះជាលំដាប់ ៣៩ ៣៨
៣៧.... ជារឿយៗ។
“បងប្រុស!
តើបងស្រឡាញ់នាឡិកាខ្សាច់នេះទេ?ខ្ញុំជូនបង។”
សំលេងនារីវ័យក្មេងអាយុប្រហែល១៨ ១៩ឆ្នាំ
បន្លឺឡើង យ៉ាងស្រួចស្រេះ។
គេមិនទាន់បានឆ្លើយទេ គេងាកសន្សឹមៗមើលនាង
គេឃើញព្រាលៗថានៅនឹងដៃឆ្វេងរបស់នាង មានពាក់កងដៃមួយដែលមានក្រលឹង២។គេងាកមើលជិតឃើញមុខនាងទៅហើយ
ស្រាប់តែមានពន្លឺពណ៌សខ្លាំងមួយជះមក ធ្វើឲ្យគេត្រូវតែបិទភ្នែកដោយស្វ័យប្រវត្តិ
ហើយទន្ទឹងនឹងនោះសម្លេងមួយបន្លឺឡើង៖
“តើង ទីងៗ ទីង តឹងៗ”
សម្លេងនាឡិការោទិ៍បានធ្វើឲ្យគេភ្លាក់
ដែលគេដឹងច្បាស់ថាមិនមែនជានាឡិការបស់គេនោះទេ។គេព្យាយាមស្វែងរកប្រភពសំលេង
ទីបំផុតគេក៏គត់សំគាល់បានថាសម្លេងនោះចេញមកពីប្រអប់កាដូ។ គេបានបើកមើលហើយក៏ឃើញថា
ជានាឡិកា ដែលវាដូចគ្នាបេះបិទទៅនឹងនាឡិកានៅក្នុងយល់សប្តិរបស់គេ
ដែលម្ខាងនាឡិកាធម្មតាចង្អុលម៉ោង៦ គត់ ចំនែកម្ខាងទៀតគឺវាលោតលេខ
“៣៣៣ថ្ងៃ០៥ម៉ោង៤៣នាទី០៥វិនាទី” ខ្សាច់ពណ៌រំកិលធ្លាក់ម្តងមួយគ្រាប់ៗ។
វាហាក់ដូចជាចៃដន្យពេកហើយ សឹងតែមិនគួរឲ្យជឿ។គេក៏បានបើកអានកាតជូនពរ
“រីករាយឆ្នាំថ្មី សូមជូនពរឲ្យអ្នកមានសំណាងល្អ។ ពីខ្ញុំ ន.ត”
No comments:
Post a Comment