Memories of love (part 2)
មួយខែក្រោយមក
នីតានាងកំពុងតែដើរនៅលើផ្លូវក្នុងសាលារៀន ដែលសាលារៀនហាក់ដូចជាស្ងាត់ប្លែកមិនឃើញមនុស្សដើរកាត់សូម្បីតែម្នាក់។
“ចៅស្រី!” សំលេង មួយបានហៅនាង នាងក៏ព្យាយាមងាករកប្រភពសំលេង ហើយក៏បានឃើញលោកយាយកាលពីថ្ងៃមុនកំពុងអង្គុយនៅលើបង់
នាងក៏បានដើរសំដៅទៅរកគាត់រួចក៏លើកដៃសំពះ
“ជម្រាបសួរលោកយាយ!”
“ល្អហើយចៅ! លើកដៃថ្វាយព្រះ! អង្គុយក្បែរយាយមកចៅ!”នាងក៏បានអង្គុយក្បែរគាត់
ហើយក៏បានសួរគាត់
“តើលោកយាយមានធុរៈអ្វីដែរនៅទីនេះ?”គាត់បានញញឹមហើយមានប្រសាសន៍តប
“គឺយាយមករកចៅហ្នឹងណា។”
“មករកខ្ញុំ?” នាងឧទានដោយភ្ញាក់ផ្អើលតិចតួច
“ហ្នឹងហើយមករកចៅ! កាលពីលើកមុនពេលយាយឲ្យនាឡិកានោះទៅចៅយាយភ្លេចប្រាប់រឿងមួយដល់ចៅ
គឺថានាឡិកានោះមិនមែនជានាឡិកាធម្មតាទេ តែវាជានាឡិកាវេទមន្ត ដោយសារចៅនៅក្មេងជាវ័យកំពុងមានតម្រូវការផ្នែកមនោសញ្ចេតនារម្មណ៍
ដូចនេះហើយនាឡិកានោះនឹងដើរតួនាទីជួយរកគូព្រេងឲ្យចៅ ប៉ុន្តែវាដូចជាអាវុធមុខពីរអញ្ចឹងណា
អ្វីៗវាតែងតែមានគុណសម្បត្តិនិងគុណវិបត្តិ”
“គុណវិបត្តិ?”
“គុណវិបត្តិអាចឈានទៅដល់ការដោះដូរដោយជីវិត ប៉ុន្តែចៅត្រូវចាំថាគ្រប់ចំនោទបញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ
ទាស់ត្រង់ថាមនុស្សមិនអាចរកដំណោះស្រាយបានទៅវិញទេ។ យាយចង់មកប្រាប់តែប៉ុណ្ណឹងទេណា យាយត្រូវទៅទីឆ្ងាយហើយ
ដូចនេះហើយមិនអាចមកជួបចៅបានទៀតទេ។ថែរក្សាខ្លួនផងណា។ “
“លោកយាយឈប់សិន!” នាងបានព្យាយាមឃាត់គាត់ព្រោះថានាងហាក់ដូចជាវិលវល់នឹងអ្វីដែលគាត់មានប្រសាសន៍ ប៉ុន្តែអ្វីៗនៅនឹងមុខនាងបែរជាទទេស្អាត
ហើយនាងបានបើកភ្នែកឡើងក៏ដឹងថា នោះគឺជាការយល់សប្តិ នេះជាលើកទីពីរហើយដែលនាងយល់សប្តិឃើញលោកយាយនោះ
ហើយទិដ្ឋភាពទាំងអស់វាហាក់ដូចជាការពិតពេកហើយ។ប៉ុន្តែយ៉ាងណាក៏ដោយ យល់សប្តិគឺយល់សប្តិ
យល់សប្តិមិនអាចក្លាចជាការពិតបានទេ ប្រហែលជាងស្រមើស្រមៃឬក៏គិតច្រើនដោយខ្លួនឯងទេ ទើបយប់ឡើងយល់សប្តិប្លែកៗបែបនេះ។មិនត្រូវទៅចាប់អារម្មណ៍អីលើរឿងយល់សប្តិហ្នឹងទេ។
ឈប់ផ្តោតអារម្មណ៍ទៅលើយល់សប្តិឥតបានការ
នាងក៏ក្រោកចាកពីដំណេកហើយរៀបចំទៅសាលារៀនព្រោះថាពេលនេះម៉ោង៦ព្រឹកហើយ
នាងត្រូវប្រញាប់ទៅសាលាដើម្បីកុំឲ្យស្ទះនៅក្នុងចរាចរណ៍
ដូចដែលដឹងស្រាប់ហើយចរាចរណ៍ក្នុងទីក្រុងភ្នំពេញកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្នាក់រៀនរបស់នាងចាប់ផ្តើមនៅម៉ោង៧កន្លះ នាងអាចទៅដល់សាលាមុនម៉ោង
អាចមានពេលបរិភោគអាហារពេលព្រឹក និងមានពេលរំលឹកមេរៀនបន្តិចផង។
លុះដល់ពេលរសៀលនាងអត់មានថ្នាក់រៀននោះទេ
អញ្ចឹងហើយនាងក៏សម្រេចចិត្តទៅបណ្ណាល័យរបស់សាកលវិទ្យាល័យ ដើម្បី
រកសៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តខ្លះយកមកអាន។នៅពេលដែលនាងដើរចូលទៅដល់ក្លោងទ្វារក៏បានប្រទះឃើញ ធារិទ្ធិនិងបញ្ញាដើរចេញមក។
នាងនិងពួកគេដើរជ្រួសគ្នា
តែពេលដើរហួសបានតែបន្តិចនាងស្រាប់តែទទួលអារម្មណ៍អ្វីចម្លែកម្យ៉ាងដែលធ្វើឲ្យនាងត្រូវងាកក្រោយបែរទៅរកពួកគេទាំងពីរ
ទន្ទឹងនឹងពេលនោះផងដែរ ធារិទ្ធិក៏កំពុងតែងាកក្រោយហើយសំលឹងមើលមកនាងដូចគ្នា។
កែវភ្នែកនាងនិងកែវភ្នែកគេកំពុងតែត្របាញ់រកគ្នា
អារម្មណ៍ចម្លែកម្យ៉ាងហើយវាពិបាកពណ៌នាបានកំពុងកើតឡើងចំពោះរូបនាង។
ពេលដែលសំលឹងមើលចូលទៅក្នុងកែវភ្នែកគេចំបែបនេះ
នាងទទួលអារម្មណ៍មួយហាក់ដូចជាសិទ្នស្នាលហាក់ដូចជាថានាងនិងគេបានស្គាល់គ្នាតាំងពីយូរណាស់មកហើយ។
ចំនែកធារិទ្ធិវិញក៏ដូចគ្នា គេសំលឹងមើលនាងរហូតដល់បញ្ញាស្រែកហៅគេ
ព្រោះថាបញ្ញាបានដើរទៅមុនហើយមិនឃើញគេដើរតាមទៅ។គ្រាន់តែលឺសំលេងហៅពីបញ្ញា
គេលែងចាប់អារម្មណ៍នឹងសំលឹងមើលនាង ហើយក៏ដើរសំដៅទៅរកបញ្ញា
រួចក៏ដើរឆ្ងាយៗទៅរហូតផុតពីក្រសែភ្នែករបស់នាង។នាងមិនយល់ខ្លួនឯងដែរថាហេតុអ្វីក៏តាមសំលឹងមើលគេដល់ថ្នាក់នេះ
ពេលពួកគេដើរទៅបាត់ហើយ នាងក៏បានចូលទៅក្នុងបណ្ណាល័យ។
នីតាបានដើរចូលទៅក្នុងប្លុក
សៀវភៅបែបប្រវត្តិសាស្រ្ត ហើយក៏ដើរហួសទៅដល់សៀវភៅបែបលក្ខណៈព្រេងនិទាន
ហើយពេលក្រលេកទៅមើលជួរសៀវភៅដែលនៅចំពីមុខនាង
នាងស្រាប់តែប្រទះឃើញសៀវភៅមួយក្បាលដែលគេបានដកចេញមកក្រៅ ដែលគម្របរបស់វាគឺមានរូបនាឡិកាខ្សាច់
តែវាមានតែរូបគ្រាប់ខ្សាច់ដែរកំពុងហូរធ្លាក់ពីថតលើមកថតក្រោមប៉ុណ្ណោះ
គឺថាអត់មានម៉ោងក្រិតលោតបញ្ចេញលេខច្បាស់ៗដូចនឹងនាឡិកាដែលនាងបានទិញដាក់នៅក្នុងប្រអប់កាដូនោះទេ។នាងបានសំលឹងមើលសៀវភៅនោះហើយគិតថាគួរតែអានឬអត់
តែក៏មាននិស្សិតស្រីម្នាក់ដើរកាត់ហើយបានទាញយកសៀវភៅនោះទៅបាត់ទៅ
ដូចនេះនាងមិនចាំបាច់ពិបាកសម្រេចចិត្តទៀតនោះទេ
ព្រោះទោះបីជានាងចង់អានក៏មិនអាចអានបានដែរ ។
នាងមិនចង់ចាប់អារម្មណ៍ជាមួយរឿងនាឡិកាខ្សាច់អីនោះទេ ព្រោះគិតថាវាជារឿងអត់ប្រយោជន៍។
នាងក៏បានដើរបកក្រោយទៅវិញហើយក៏រើបានសៀវភៅប្រវត្តិសាស្រ្ត
២ក្បាលទាក់ទងនឹងសម័យមហានគរយកមកអាន។
ពេលនាងដើរចេញពីបណ្ណាល័យមកវិញបានដើរកាត់តារាងបាល់ទះ
ហើយក៏បានជួបធារ៉ាដែលជាប្រធានក្រុមតន្រ្តីខ្មែរ
ដែលកំពុងត្រូវស្រីៗមួយក្រុមចោមរោមសូមហត្ថលេខានិងសូមថតរូបជាមួយផងដែរ
នាងបានសំលឹងមើលទៅគេហើយគិតម្នាក់ឯងថា បើចោមរោមម្លឹងៗ គេដកដង្ហើមរូចដែរអី?
រួចនាងក៏ដើរហួសទៅ ដើរទៅដើរទៅរហូតដល់តារាងបាល់ទាត់
ហើយក៏បានអង្គុយនៅលើបង់ក្រោមដើមឈើក្បែរនោះ។នាងបានអង្គុយនៅលើបង់នោះដោយអារម្មណ៍ស្រស់ស្រាយនិងស្រូបយកខ្យល់អាកាសបរិសុទ្ធតែមួយសន្ទុះក្រោយមក
មានបុរសម្នាក់រត់ត្រហេបត្រហបមកហើយ ក៏អង្គុយចុះក្បែរនាង ដែលគេនោះគឺធារ៉ាហ្នឹងឯង
ប្រហែលជារត់គេចពីហ្វូងស្រីៗមកហើយ។ ដោយឃើញគេរត់មកឡើងហត់ហើយបែកញើសពេញមុខ
នាងក៏បានហុចកូនកន្សែងដៃរបស់នាងឲ្យទៅគេ។
“បាទ!អរគុណ”
គេទទួលយកកូនកន្សែងពីនាងដោយទឹកមុខញញឹម រូចក៏យកទៅជូតមុខ បន្ទាប់ពីអង្គុយបាត់ហត់ហើយ
ដើម្បីជាការអគុណនាង គេបានហុចរូបថតមួយសន្លឹកដែលជារូបថតជាក្រុម
រូចក៏ចុះហត្ថលេខានៅខាងខ្នង
ព្រមទាំងឲ្យសំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តី២សន្លឹកដល់នាងផងដែរ។
នាងបម្រុងនឹងបដិសេធមិនទទួលទៅហើយ តែគិតថាវាដូចជាមិនសម
ហើយពេលនឹកឃើញទៅដល់លក្ខណាមិត្តរបស់នាងដែលជាអ្នកគាំទ្រផ្កាប់មុខទៀត
អញ្ចឹងហើយនាងគួរតែទទួលទុក ហើយពេលដែលនាងប្រគល់ឲ្យទៅមិត្តរបស់នាង
មិត្តរបស់នាងប្រាដកជាសប្បាយចិត្ត។
“ចាស៎! អរគុណ!” នាងទទួលយកដោយញញឹម
ព្រោះថានាងកំពុងគិតដល់ភាពសប្បាយចិត្តរបស់មិត្តនាងនៅពេលដែលបានសំបុត្រប្រគុំតន្ត្រីនេះ។ក្រោយពីឲ្យសំបុត្រនាងរូចហើយគេក៏លានាងហើយដើរចាកចេញពីកន្លែងនោះទៅ។ចំនែកនាងក៏ចាកចេញដែរ
ព្រោះថាពេលនេះម៉ោងជិត៥ល្ងាចទៅហើយ ដែលការងារក្រៅម៉ោងនៅក្នុងភោជនីយដ្ឋានគឺចាប់ផ្តើមចាប់ពីម៉ោង៥កន្លះ។
ជីវិតនាងរាល់ថ្ងៃក៏មានតែភាពដដែលៗហ្នឹងឯង មកសាលា ទៅផ្ទះ ទៅធ្វើការក្រៅម៉ោង
ហើយក៏ជួបតែមនុស្សដដែលៗ។...
Memories of love (part 3)
ថ្ងៃប្រគុំតន្រ្តី
នីតាមិនមានបំណងមកចូលរួមការប្រគុំតន្រ្តីនោះទេ
ប៉ុន្តែលក្ខណាអូសនាងមកជាមួយទាល់តែបាន។មនុស្សម្នាជាច្រើនបានមកចូលរួម។
នាងមើលបានពាក់កណ្តាលក៏មានអារម្មណ៍ឈឺចង់ចូលបន្ទប់ទឹក។
ដោយឃើញលក្ខណាកំពុងជក់ចិត្តនឹងការប្រគុំតន្រ្តីទើបនាងទៅតែឯង
មិនហ៊ានរំខានមិត្តសំលាញ់របស់នាងនោះទេ ទើបនាងសម្រេចចិត្តដើរទៅតែឯង។
តែពេលដែលដើរទៅបន្ទប់ទឹកនោះមានឯណា
នាងបែរជាច្រលំដើរចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមតន្រ្តីខ្មែរទៅវិញ។
នាងបម្រុងដើរបើកទ្វារចេញមកវិញ តែមិនទាន់ឡើយ
ព្រោះពេលនោះធារិទ្ធិដែលស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌ស រាងសង្ហារដូចទេវបុត្ត បានដើរមក
ហើយក៏ចាប់ទាញដៃនាងដែលបម្រុងដើរគេចចេញ ដែលប៉ះចំដៃឆ្វេងរបស់នាង
ធ្វើឲ្យគេបានឃើញកងដៃរបស់នាង
ដែលដូចគ្នាជាខ្លាំងទៅនឹងកងដៃដែលគេបានដាក់នៅក្នុងប្រអប់កាដូ
គេគិតថាវាប្រហែលគ្រាន់តែជារឿងចៃដន្យធម្មតា។ នាងបានរលាស់ដៃគេចេញដោយអារម្មណ៍រន្ធត់
នាងសង្ឃឹមថាគេនឹងមិនគិតថានាងជាមនុស្សរោគចិត្តចង់ចូលមកមើលគេផ្លាស់ខោអាវទៅចុះ រួចក៏និយាយញាប់មាត់ថា
“សូមទោស ខ្ញុំសូមទោស ខ្ញុំចូលច្រលំបន្ទប់!”
រួចនាងបើកទ្វាររត់គេចបាត់ទៅ រកតែធារិទ្ធិឃាត់ឬនិយាយអ្វីមិនទាន់នោះទេ។
ធារិទ្ធិទទួលអារម្មណ៍ចម្លែកពិតមែនគឺដូចជាថានារីនេះលេចមុខចំពោះគេដូចជាអំបិលអំពែកអញ្ចឹង
ចង់និយាយរកឬការសួរនាំអីមិនបានសោះ។ ហើយបន្ទាប់ពីជួបមុខនាងហើយ
ផ្ទៃមុខរបស់នាងតែងតែលេចឡើងនៅក្នុងការចងចាំរបស់គេជារឿយៗ
វាធ្វើឲ្យគេពិតជាចង់ស្គាល់នាងឲ្យបានច្រើន ប៉ុន្តែពេលវេលាពិតជាមិនអំណោយផលសោះឡើយ។
នីតាបានត្រលប់ចូលទៅក្នុងការប្រគុំតន្ត្រីវិញ
រួចក៏នៅបន្តទស្សនាការប្រគុំតន្រ្តីរហូតដល់ចប់។ប៉ុន្តែនៅពេលជិតចប់ទៅហើយនោះ
ស្រាប់តែពិធីករបានចេញមករួមជាមួយបុគ្គលិកកាន់សន្លឹកឆ្នោតមកមួយធុងផង។
ពួកគេហាក់ដូចជាចង់មានអ្វីសម្រាប់ជាការភ្ញាក់ផ្អើលដល់ទស្សនិកជន។
ពិធីការិនីបានចាប់ផ្តើមធ្វើការអធិប្បាយ
“មុននឹងបញ្ចប់កម្មវីធី ក្រុមការងារពួកយើងមានរឿងដល់ភ្ញាក់ផ្អើលជូនដល់ទស្សនិកជន
ចាំផ្ទៀលមើលលេខនៅកន្ទុយសំបុត្រទាំងអស់គ្នាណា
ដើម្បីឈ្នះរង្វាន់ធំៗចំនួនប្រាំប្រភេទ(សំលេងហ៊ោ
និងសំលេងទះដៃចាប់ផ្អើលលាន់ឡើង
ទស្សនិកជនពិតជារំភើបនឹងកម្មវិធីចាប់រង្វាន់ជាខ្លាំង ពេលសំលេងហ៊ោចាប់ផ្តើមស្ងាត់បន្តិច
ពិធីការិនីចាប់ផ្តើមនិយាយបន្ត) ដែលរង្វាន់ទីមួយ គឺសំបុត្រកុនចូលទស្សនារឿងដោយសេរីចំនួនពីរសន្លឹកចំនួន៥រង្វាន់
រង្វាន់ទីពីរ គឺហ្វូមលាងមុខបុរសចំនួនកន្លះឡូ ចំនួនប្រាំរង្វាន់
ឧបត្ថម្ភដោយហ្វូមលាងមុខបុរស Man care រង្វាន់ទីពីរគឺ
Power bank ចំនួនប្រាំរង្វាន់ និងរង្វាន់ពិសេសទីបួនគឺថតរូបជាមួយកម្លោះសង្ហារទាំងប្រាំមួយនៅលើឆាកនេះចំនួន៥រង្វាន់
(សំលេងហ៊ោចាប់ផ្តើមគគ្រឹកគគ្រេងម្តងទៀត) ចំនែករង្វាន់ទីប្រាំសូមលាក់សិន។
“សូមអញ្ជើញប្អូនប្រុសកក្កដា
ចាប់ឆ្នោតរង្វាន់ទី១”ពិធីករបុរសនិយាយ
កក្កដាបានចាប់យកសន្លឹកឆ្នោតប្រាំសន្លឹករួចហុចទៅពិធីករប្រុស
រួចគាត់បានប្រកាសលេខសន្លឹកទីមួយ ម្នាក់ៗខំផ្អៀលមកលេខរបស់ខ្លួន លក្ខណាក៏ដូចគ្នា
ប៉ុន្តែបានតែខកបំនងព្រោះថាលេខទាំងប្រាំសន្លឹកនោះមិនត្រូវនោះទេ។
“កុំទាន់អស់សង្ឃឹមអីនៅមានរង្វាន់៤ប្រភេទទៀត”
នីតាបាននិយាយលួងលោមមិត្តនាង
បន្តមកទៀត បុរសម្នាក់ផ្សេងទៀតក្នុងក្រុមគឺលោកផានិតបានឡើងទៅចាប់រង្វាន់ទី២
រួច ពិសិដ្ឋចាប់រង្វាន់ទី៣ និងបញ្ញាចាប់រង្វាន់ទី៤
“ខ្ញុំពិតជាចង់ថតរូបជាមួយពួកគាត់ខ្លាំងណាស់!
សូមឲ្យរង្វាន់នេះធ្លាក់មកលើខ្ញុំមក!” លក្ខណានិយាយឡើងប្របកដោយការបន់ស្រន់
តែចុងក្រោយក៏បានតែអស់សង្ឃឹម លេខមានដល់ទៅប្រាំខ្ទង់ឯណោះងាយឯណាហ្នឹងត្រូវនោះ។
នីតានាងគិតថានាងមិនដែលមានសំណាងរឿងចាប់ឆ្នោតអីអស់នេះឡើយ
ដូចនេះហើយនាងមិនសង្ឃឹមឡើយដូចនេះហើយនាងក៏មិនបានខកចិត្តនិងអស់សង្ឃឹមដូចមិត្តរបស់នាង។
អ្នកដែលឈ្នះរង្វាន់ថតរូបទាំងប្រាំនាក់នោះពិតជាធ្វើឲ្យអ្នកដទៃច្រណែនណាស់
មើលចុះពួកគេពិតជាមានក្តីសុខជាពន់ពេកខំប្រឹងពត់ពែនកាច់ស្ទាយ មិនចាញ់តារានោះទេ។
ក្រោយពីថតរូបចប់សព្វគ្រប់ ពិធីការិនីបានធ្វើការអធិប្បាយជាបន្ត
“ចូលដល់រង្វាន់ទី៥គឺកាន់តែពិសេស
ហើយរង្វាន់នេះមានតែមួយរង្វាន់ទេណា
បើអ្នកណាមានសំណាងបានទទួលរង្វាន់នេះគឺថាបុរសមានមន្តស្នេហ៍របស់យើង ធារិទ្ធិនឹងDate ជាមួយអ្នកនោះចំនួនមួយថ្ងៃ
(សំលេងហ៊ោនិងសំលេងទះដៃស្ទើរតែបែកអាកាសបានលាន់ឡើង)។
ធារិទ្ធិបានដើរចួលទៅចាប់រង្វាន់ទឹកមុខគេមិនស្រស់នោះទេ
គឺដូចជាថាពិភពលោកនេះកំពុងវិនាសនៅថ្ងៃស្អែកអញ្ចឹង សុខក៏ត្រូវបានគេបង្ខំអោយទៅdate ជាមួយអ្នកណាក៏មិនដឹង ស្រីឬប្រុសក៏មិនដឹង
សង្ឃឹមថាគេមិនចាប់ចំFan រោគចិត្តទៅចុះ។
បន្ទាប់ពីបានសន្លឹកឆ្នោតពីធារិទ្ធិ
ពិធីករប្រុសបានប្រកាសលេខម្តងមួយៗ
“រង្វាន់ទី៥ បានទៅលើអ្នកដែលកាន់សំបុត្រលេខ
១២២៤...” ពិធីករអាក់បន្តិច
“ត្រូវបួនលេខហើយ” លក្ខណាបន្លឺឡើងដោយរំភើប
និងចាំអ៊ុតលេខចុងក្រោយ ពេលនោះនីតាក៏បានលាលេខរបស់នាងដែរ ក៏ត្រូវ៤លេខដូចគ្នា
គ្រោះថាសន្លឹកនាងនិងមិត្តភក្តិនាងគឺខុសគ្នាតែមួយលេខប៉ុណ្ណោះ
“និងលេខចុងក្រោយគឺលេខ ៥” ពិធីករប្រកាសឡើង
“ខុសតែមួយលេខទេ ហេតុអ្វីក៏មិនជាលេខ៤” លក្ខណាឧទានដោយខកចិត្តតែ
ពេលនាងក្រលេកឃើញកន្ទុយសន្លឹករបស់នីតា នាងក៏សប្បាយចិត្តឡើងវិញ
គឺសប្បាយចិត្តជួសមិត្តនាង
“នីតាឲ្យត្រូវរង្វាន់ធំហើយ Date មួយថ្ងៃជាមួយធារិទ្ធិ”
“ឯងក៏មើលឃើញអញ្ចឹងដែរ?
ខ្ញុំស្មានតែខ្ញុំស្តាប់ច្រលំឬមើលច្រលំហើយតើ
តាំងពីកើតពោះម៉ែមកដល់ពេលនេះមិនដែលត្រូវឆ្នោតនោះទេ
តែថារង្វាន់នេះមិនចង់បានប៉ុន្មានទេ ឯងយកសន្លឺកឆ្នោតនេះទៅយករង្វាន់ទៅ!”
“យី!
ខ្ញុំដាច់ខាតមិនដណ្តើមរង្វាន់មិត្តភក្តិនោះទេ ហើយម្យ៉ាងទៀតនេះគឺជាសំណាងរបស់ឯង
មិនមែនសំណាងរបស់ខ្ញុំនោះទេ ឆាប់ឡើងទៅទទួលរង្វាន់ទៅ ពិធីករប្រកាស២ទៅ៣ដងហើយ!”
“សូមអញ្ជើញម្ចាស់សន្លឹកដែលមានលេខ ១២២៤៥
ឡើងមកលើវេទិកាបាទ” ពិធីករបានប្រកាសម្តងទៀត
“នៅទីនេះ!”
លក្ខណាបានស្រែកហើយក៏រុញមិត្តនាងឲ្យក្រោកឈរ នីតាបានក្រោកឈរហើយដើរសំដៅទៅលើឆាក
ភ្លើងហ្វាបានបញ្ចាំងតាមនាង
ហើយពេលនេះនាងកំពុងតែមានអារម្មណ៍ថាខ្លួនឯងជាតួឯងស្រីដែលម្នាក់ៗកំពុងតែផ្តោតអារម្មណ៍
នឹងសំលឹងមកនាងគ្រប់ៗ។ ចំនែកធារិទ្ធិវិញ គេពិតជាមិននឹកស្មានសោះថានាងជាអ្នកត្រូវរង្វាន់នេះ
នារីម្នាក់នេះហាក់ដូចជាមានអ្វីម្យ៉ាងពាក់ព័ន្ធជាមួយរួបគេ អារម្មណ៍គេប្រាប់គេថាអញ្ចឹងតែគេក៏មិនដឹងដូចគ្នា។
គ្រាន់តែនីតាដើរដល់លើឆាកគេក៏វែកកន្លែងឲ្យនាងឈរកណ្តាល
ពិធីករក៏ចាប់ផ្តើមសួរ
“សូមអបអរសាទរណាប្អូនស្រីដែលត្រូវបានរង្វាន់ពិសេស
ហើយអបអរសាទរដល់ប្អូនប្រុសធារិទ្ធិដូចគ្នាដែលបានទៅDate ជាមួយក្មេងស្រីគួរឲ្យស្រឡាញ់ដូចនេះ។តើប្អូនមានអារម្មណ៍យ៉ាងម៉េចដែរ”
“គឺថាធម្មតា ភ័យតិចៗ” នាងនិយាយតាមការពិត
“កុំទៅភ័យអីណាប្អូន ធ្វើចិត្តឲ្យសប្បាយៗណា”
“ចាស៎អរគុណបង”
“និយាយអញ្ចឹងប្អូនមានសង្សារនៅ
គឺសួរនេះក្នុងបំនងល្អខ្លាចក្រែងមានសង្សារទៅសង្សារប្រកាន់”
“ចាស៎អត់ទាន់មានទេបង!”
“ល្អមែនទែនអញ្ចឹង”
ពិធីការិនីចាប់ផ្តើមនិយាយបន្តរ
“ឥឡូវនេះកម្មវិធីយើងឈានចូលមកដល់ទីបញ្ចប់ហើយ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនដែលបានខំចំនាយពេលនិងថវិកាមកគាំទ្រតាំងពីដើមដល់ចប់
ហើយក៏សូមអរគុណចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីធំផងដែរ។”.....
១ម៉ោងមុនកម្មវិធីចាប់ផ្តើម
អ្នកចាត់ការបានចូលមកដល់បន្ទប់តែងខ្លួនពួកគេ
ហើយនិយាយ
“មានកម្មវិធីចាប់ឆ្នោតចុងក្រោយមួយ មេចង់Surprisedទស្សនិកជន ឥឡូវនេះក្នុងចំនោមពួកយើងទាំងប្រាំមួយនាក់ហ្នឹងត្រូវមានម្នាក់ទៅ
date ពេញមួយថ្ងៃជាមួយអ្នកទទួលរង្វាន់ពិសេស!”
“ថាម៉េច?” ពួកគេឧទានព្រមគ្នា
“ធ្វើការសម្រេចចិត្តទៅ
ហើយផ្តល់ចម្លើយឲ្យបងនៅពេលបន្តិចទៀត!”
ថាចប់បងអ្នកចាត់ការដែលមានចរឹកម៉ិកម៉ក់ដូចស្រីបានដើរចេញបាត់ទៅ ទុកឲ្យកម្លោះទាំង៦
មើលមុខគ្នាចុះឡើង
“ខ្ញុំគិតថាផានិត សាកសមជាងគេហើយ ក្នុងការទៅ Date ជាមួយFan” ធារ៉ាឲ្យ យោបល់
“NO NO
ម្តងនេះគ្នាសូមបដិសេធហើយ បើច្បាស់ថាជា Fan ស្រីស្អាតនោះមិនអីទេ
ចុះបើចំប្រុសដូចគ្នា ឬGay ទៅមិនយ៉ាប់ទៅហើយទេអី
គ្នាសូមមិនប្រថុយទេ ទុកឲ្យបញ្ញាទៅ ព្រោះថាបញ្ញាអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍”
ផានិតនិយាយ ព្រមទាំងញាក់ចិញ្ចើមដាក់បញ្ញា
បញ្ញាធ្វើមុខក្រញ៉ូវ និងទាត់ផានិតមួយជើង
“ពួកយើងចាប់ឆ្នោតទៅ!” កក្កដាឲ្យយោបល់
រួចនិយាយបន្ត”ឆ្នោត៦សន្លឹក ដែលក្នុងនោះមានលេខ ០ចំនួន៥
និងលេខ១ចំនួនមួយសម្រាប់អ្នកមានសំណាងជាងគេ។”
ពួកគេប្រាំនាក់ផ្សេងទៀតបានយល់ស្រប។
ធារ៉ាចាប់មុនគេ
ក្រោយពីមើលសន្លឹករបស់ខ្លួនហើយក៏ញញឹមនិងបង្ហាញលេខទៅកាន់មិត្តផ្សេងទៀត។ ធារិទ្ធិក៏ចាប់បានលេខសូន្យដែរ
ហើយអ្នកដទៃទៀតក៏ចាប់បានលេខសូន្យដែរ លើកលែងតែផានិតដែលចាប់បានលេខ១
ដែលដូចពាក្យគេថាគេចណាស់ជួបណាស់។
“មិនបានទេៗ ខ្ញុំមិនអាចស៊យយ៉ាងនេះនោះទេ!”
គេព្យាយាមសំលឹងមើលមិត្តសំលាញ់ផ្សេងទៀតដោយកែវភ្នែកអង្វរករក្នុងបំនងដូរលេខគ្នា
តែមិត្តផ្សេងទៀតបានត្រឹមតែសំញែកខ្លួនតបមកវិញក្នុងន័យថាគ្មានផ្លូវនោះទេ។
ផានិតគិតមួយសន្ទុះរួចក៏យកទូរស័ព្ទមកចុច
ហើយបង្ហាញធារិទ្ធិ
“បើឯងព្រមដូរលេខជាមួយយើង
យើងនឹងប្រគល់របស់នេះទៅឲ្យឯង!” គេដឹងច្បាស់ថា
តាមអត្តចរិករបស់ធារិទ្ធិគេប្រាកដជាមិនឲ្យឱកាសនេះកន្លងផុតនោះទេ។
ធារិទ្ធជ្រួញចិញ្ចើម
ហើយក៏យល់ព្រមតាមសំណើររបស់ផានិត។
No comments:
Post a Comment