Friday, February 3, 2017

ស្នេហាក្នុងការចងចាំ (Memories of love) 6, 7 & ending



Memories of love (part 6)
នីតា​បានជ្រើសរើសទៅPicnic​នៅគិរីរម្យជាមួយធារិទ្ធិ ដោយសារហេតុផលចំនួនពីរ គឺទីនេះនៅជិតទីក្រុងភ្នំពេញ (អាចធ្វើដំណើរវិលល្ងាចបាន) និងទីនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ខៀវស្រងាត់។

នាងមកដើរលេងតែពីរនាក់ជាមួយគេអញ្ចឹងមើលទៅដូចគូសង្សារដល់ហើយ តែតាមពិតពួកគេមិនមែននោះទេ។ មួយរយៈដែលនាងតែងតែទាក់ទងជាមួយគេ នាងមានអារម្មណ៍ថាគេគួរឲ្យចូលចិត្តណាស់ គេតែងតែសួរសុខទុក្ខនាងគេតែងតែបារម្ភពីនាង នាងក៏បារម្ភថាបន្ទាប់ពីដើរលេងជាមួយគេហើយតើគេនៅយកចិត្តទុកដាក់ជាមួយនាងទៀតដែរឬទេ ព្រោះថា គេនឹងអស់ភារកិច្ចជាមួយនាងហើយ បើសិនជាអា​ចណានាងនៅចង់ពន្យាពេលតទៅទៀតផង តែនាងអត់មានលេសដោះសារជាមួយគេដើម្បីពន្យាពេលនោះទេ។

“នីតាមកឈរត្រង់នេះមក!” សំលេងរបស់គេបានហៅនាង ដែលគេមានកាន់កាមេរ៉ាកានុងធំមួយផង
“ចាស៎បង!”​ នាងបានទៅឈរនៅពីមុខដើមស្រស់ហើយគេក៏ចាប់ផ្តើមថតរូបនាង
“កុំឈរត្រង់ភ្លឹងអញ្ចឹង! កាច់ឬកកាច់រាងខ្លះមើល ឲ្យមើលទៅដូចជាតារាម៉ូឌែល” គេស្តីឲ្យនាងតែទឹកមុខញញឹមហើយក៏ព្យាយាមថតរូបនាងឥតឈប់ ចំនែកអ្នកដែលត្រូវគេបន្ទោសក៏តបវិញដោយក្រញ៉ូវថា
“មិនចេះទេបង ! ខ្ញុំមិនមែនជាតារាម៉ូឌែលទេ ដូចនេះហើយ មិនចេះកាច់ឬកកាច់រាងទេ”
Okay! Be yourself! ថ្ងៃនេះអូនជាតារាម៉ូឌែលផ្ទាល់ខ្លួនរបស់បង បងធានាថាថតរូបឲ្យម៉ាស្អាតម៉ាពេញចិត្ត” គេនៅតែតបដោយញញឹម ចំនែកអ្នកដែលស្តាប់វិញ មានអារម្មណ៍ថាអៀនឡើងរឹងខ្លួនទៅហើយ មិនឲ្យសប្បាយចិត្តយ៉ាងម៉េចបើពេលនេះនាងកំពុងតែក្លាយទៅជាម៉ូឌែលផ្ទាល់ខ្លួនរបស់គេ ហើយគេក៏កំពុងតែចាប់អារម្មណ៍និងផ្តោតមកលើតែខ្លួននាងម្នាក់
“ទៅឈរនៅត្រង់នោះទៀត!” គេបានឲ្យនាងប្តូរទីតាំង “ញញឹមស្អាតដល់ហើយ!” លេងសរសើរចំៗអញ្ចឹងម៉ង នីតានាងក៏កាន់តែអៀនជាងមុន រហូតដល់មុខឡើងក្រហម
“នីតា ម៉េចក៏មុខក្រហមម៉្លេះ? ក្តៅខ្លូនមែន?” គេសួរដោយបារម្ភ
“ចាស៎អត់ទេ!  មេឃចាប់ផ្តើមក្តៅហើយតោះយើងទៅថតនៅកន្លែងផ្សេងទៀត!”
“បាទ! ប៉ុន្តែសូមselfi នៅកន្លែងនេះមួយសិន” ថារួចគេក៏យកកាមេរ៉ាមកថតរួបជាមួយនាង ហើយក៏អូសដៃនាង សំដៅទៅកាន់ ទឹកធ្លាក់

ថតរូបរួចរាល់ ក៏ដល់វេលាថ្ងៃត្រង់ល្មម គេក៏បានអង្គុយញ៉ាំអាហារថ្ងៃត្រង់នៅនឹងកញ្ចូសមួយ។ នីតានាងបានខំក្រោកតាំងពីព្រលឹមដើម្បីចំអិនអាហារយកមកបរិភោគនៅទីនេះ ជាមួយគ្នា
“តើរសជាតិយ៉ាងម៉េចដែរបង?” នាងបានសួរគេនៅខណៈដែលគេកំពុងតែញ៉ាំ
“រសជាតិយ៉ាប់ខ្លាំងណាស់ តែអាចអនុគ្រោះឲ្យបានព្រោះថាអ្នកចំអិនស្រស់ស្អាតហើយមានទឹកចិត្ត” គេឆ្លើយតបព្រមទាំងសើចផង ចំណែកនីតាធ្វើមុខមិនសូវសម
“ពិតជាយ៉ាប់ខ្លាំងមែនឬ?” មិននឹកស្មានថាថ្វីដៃធ្វើម្ហូបនាងយ៉ាប់ដល់ម្លឹងសោះ
“ហាហា....​កុំធ្វើមុខអញ្ចឹងមើល! មិនជាយ៉ាប់អីណាស់ណានោះទេ  គឺអាចញ៉ាំបាន! ឆាប់ញ៉ាំទៅ! បងញ៉ាំអស់ឥឡូវ!” ធារិទ្ធិតឿននាងនៅខណៈដែលនាងមិនព្រមញ៉ាំ ហើយគិតតែសំលឹងមើលគេ ម៉ាត់ប្រាប់ថារសជាតិយ៉ាប់ប៉ុន្តែញ៉ាំមើលតែរសជាតិឆ្ងាញ់អស្ចារ្យមកទីស្ថានសួរអញ្ចឹង​ ។​នីតាក៏ឈប់ចាប់អារម្មណ៍ជាមួយធារិទ្ធិហើយក៏ចាប់ផ្តើមញ៉ាំអាហារ នាងទទួលស្គាល់ថានាងមិនពូកែធ្វើម្ហូបនោះទេ តែក៏មិនជារឿងអីចម្លែកដែរ មនុស្សស្រីមិនប្រាកដថាត្រូវតែពូកែធ្វើម្ហូបនោះទេ ម៉េចនឹងអាចដូចជាតួស្រីនៅក្នុងប្រលោមលោកទៅ (នាងនឹកទៅដល់រឿងប្រលោមលោករបស់លោកស្រី ម៉ៅសំណាង មួយចំនួនដែលនាងបានអានគឺថាតួស្រីភាគច្រើនស្អាត ស្អាតដាច់គេ (ចំនុចនេះនាងដឹងតែអត់មានទៅហើយ) ពូកែគ្រប់រឿង ពិសេសនោះគឺជាកុលស្រ្តី ហើយពូកែធ្វើម្ហូបហ្នឹងឯង)។​នេះនាងគិតដល់ណាហើយ  ឈប់គិតរឿងផ្តេសផ្តាសហើយផ្តោតអារម្មណ៍លើរឿងជុំវិញខ្លួនវិញ។​ បន្ទាប់ពីញ៉ាំអាហាររួចពួកគេក៏បានអង្គុយលេងនៅទីនោះបន្ត ចំនែកធារិទ្ធិក៏ចាប់ផ្តើមនិយាយ
“នីតា! បងមានរឿងមួយចង់សួរអូន!”
“ចាស៎បង!”
“ពួកយើងអាចធ្វើជាសង្សារនឹងគ្នាបានទេ?” នេះនាងមិនស្តាប់ច្រលំទេឬ គេកំពុងតែសុំនាងធ្វើសង្សារនឹងគ្នា នាងក៏បានតែហាមាត់ នឹងបើកភ្នែកធំៗ ហាក់ដូចជាភ្លាក់ផ្អើលនិងសឹងតែមិនចង់ជឿនូវអ្វីដែលកំពុងតែស្តាប់លឺ
“បង ថាថា...​ម៉េច...?” នាងសួរគេបញ្ជាក់នៅពេលដែលប្រមូលអារម្មណ៍បានហើយ
“ព្រមធ្វើជាសង្សារបងទេ?” ច្បាស់ណាស់ នាងមិនស្តាប់ច្រលំទេ នាងក៏ញញឹមហើយមុខឡើងក្រហម ពិតជាមិនអាចបដិសេធបាននោះទេថានាងក៏ចូលចិត្តគេដែរ តែមិនទាន់បានត្រៀមខ្លូនផង ហើយគេក៏មកសួរបែបនេះ ទើបធ្វើឲ្យគាំងឆ្លើយមិនចេញនោះទេ ហើយគេក៏ព្យាយាមសំលឹងមើលនាងដោយមិនឃើញនាងឆ្លើយតបក៏សួរបន្ថែម
“បើយល់ព្រម ក៏ងក់ក្បាលមកណា” នីតាក៏ងក់ក្បាលដោយអារម្មណ៍អៀនៗ  ចំនែកធារិទ្ធិក៏សប្បាយចិត្តជាខ្លាំង ហើយក៏បានលោតទៅអោបនាង
“ចាប់ពីពេលនេះទៅពួកយើងជាសង្សារនឹងគ្នា”  សុភមង្គលកំពុងតែលេចឡើងយ៉ាងច្បាស់ក្នុងកែវភ្នែកអ្នកទាំងពីរ  ស្នេហាយុវវ័យពិតជាផ្តល់នូវក្តីសុខមិនអាចគណនា ហើយជាពិសេសនោះគឺនៅពេលសេ្នហាសមតាមបំនង។ គ្រាន់តែមើលមុខគ្នាទៅវិញទៅមកក៏មានក្តីសុខដែរ។

ពេលរសៀលបន្តិចពួកគេក៏បានត្រលប់ទៅភ្នំពេញវិញ។ ទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែបន្ត ហើយវាកាន់តែល្អទៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេនឹងនាងជាសង្សារនឹងគ្នាដែលមកដល់ពេលនេះមានរយៈពេល៦ខែហើយ។​មានថ្ងៃខ្លះពេលចេញពីរៀន គេក៏ចាំនាងដើម្បីជូននាងទៅផ្ទះ ហើយពេលខ្លះមេឃភ្លៀង គេក៏ចាំបាំងឆ័ត្រឲ្យនាង ពេលណាមានរឿងល្បីដាក់បញ្ចាំងគេក៏នាំនាងទៅមើល ពេលណាគេតែងបទចំរៀងថ្មី គេក៏យកមកច្រៀងឲ្យនាងស្តាប់មុនគេ ពេលចង់ទៅដើរលេងនៅថ្ងៃចុងសប្តាហ៍ គេក៏ជាអ្នកថតរូបឲ្យនាង ជាដើម។

ធារិទ្ធិចាប់ផ្តើមច្បាស់ក្នុងចិត្តណាស់ថាគេពិតជាស្រឡាញ់នាងជាខ្លាំងហើយមិនអាចរស់នៅដោយគ្មាននាងបានទេ គេចង់សុំនាងរៀបការ ព្រោះថាពេលពេលនេះគេរៀនចប់ហើយ ហើយក៏មានការងារប្រាកដប្រជាមួយផងដែរ។​​ប៉ុន្តែរឿងដែលមិនដែលនឹកស្មានដល់....

កក្កដាបានខលរកគេដោយសំលេងស្លន់ស្លោ ដើម្បីឲ្យទៅជួបគេជាបន្ទាន់។ ពេលទៅដល់កក្កដាបានបង្ហាញទិន្នន័យដែលគេខំស្រាវជ្រាវរកឲ្យធារិទ្ធ ទាក់ទងនឹងនាឡិកាខ្សាច់។ កក្កដាបានបង្ហាញរូបនាឡិកាខ្សាច់នៅក្នុងកុំព្យូទ័រដែលដូចគ្នាបេះបិទទៅនឹងនាឡិការបស់ធារិទ្ធិ គេចាប់ផ្តើមធ្វើការបកស្រាយ
“ខ្ញុំរងចាំរហូតដល់ទទួលបានពត៌មានគ្រប់គ្រាន់ទើបមកប្រាប់ឯង ព្រោះថារឿងនេះវាមានពាក់ព័ន្ធដល់អាយុជីវិត ខ្ញុំពិតជាមិនចង់ជឿនេះទេ! នាឡិកានេះគឺជានាឡិកាវេទមន្ត”
“នាឡិកាវេទមន្ត?” ធារិទ្ធិ សួរបញ្ជាក់
“ហ្នឹងហើយ នាឡិកាវេទមន្ត” កក្កដាងក់ក្បាលហើយក៏និយាយបន្ត “នាឡិកានេះមានដើមកំណើតនិងប្រភពមិនច្បាស់លាស់ ខ្លះថាមកពីក្រិច ខ្លះថាមកពីឥណ្ឌាដែលវាបង្កើតឡើងដោយអ្នកវេទមន្តខ្លាំងពូកែម្នាក់ ដើម្បីក្រិតអំពីពេលវេលារស់នៅរបស់ម្ចាស់។ បើខ្សាច់ជ្រុះមកដល់ផ្នែកខាងក្រោមអស់ នាឡិកានេះនឹងដើរដល់ពេលវេលា០០ ដែលពេលនោះជីវិតម្ចាស់របស់វាក៏អស់ដែរ។ ដំបូងឡើងខ្ញុំមិនជឿនោះទេ ព្រោះគិតថាវាជារឿងព្រេងនិទាន ខ្ញុំបានទាំងទៅស្រាវជ្រាវនៅបណ្តាល័យផងដែរ តែពេលស្រាវជ្រាវយូរៗទៅក៏រកឃើញភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថារឿងនេះជារឿងពិត។ ខ្ញុំបានទាំងទៅជួបផ្ទាល់ជាមួយអ៊ំចាស់ៗ ទាក់ទងនឹងរឿងនេះ ហើយក៏មានទាំងសំភាសន៍តាមអនឡាញផងដែរ។ បើសិនជាខ្ញុំមិនច្បាស់ទេខ្ញុំមិនប្រាប់ឯងនោះទេ ហេតុនេះហើយទើបបានជាខ្ញុំប្រើពេលវេលាឡើងរាប់ខែបែបនេះ”។

ធារិទ្ធិមិនចង់ជឿថានេះគឺជាការពិតនោះទេ តែកក្កដាបានបង្ហាញភ័ស្តុតាងជាច្រើនដែលសុទ្ធតែបញ្ជាក់ថាម្ចាស់នាឡិកាសុទ្ធតែស្លាប់នៅពេលនាឡិកាដើរដល់ពេល០០ អ្នកខ្លះក៏មានអាយុវែង ហើយអ្នកខ្លះក៏មានអាយុខ្លី។ នាឡិការបស់គេពេលនេះគឺដើរដល់ពេលវេលា មួយដែលបញ្ជាក់ថាជីវិតគេជិតអស់ហើយ គេមានពេលតែ៥០ថ្ងៃទៀតប៉ុណ្ណោះ ។ គេពិតជាត្រូវស្លាប់ពិតមែនឬ? គេមិនអាចរៀបការជាមួយនីតាបានទេ។ ពេលអត់ពីគេទៅតើមានអ្នកណាមើលថែនាង? តើមានអ្នកណាឆ្លងឆ្នាំជាមួយនាង?  តើនាងនឹងលំបាកចិត្តប៉ុណ្ណា? ហេតុអីទៅ បានជាព្រហ្មលិខិតចង់មកពង្រាត់គេពីនាង?

តើគេពិតជាត្រូវស្លាប់ក្នុងរយៈពេល៥០ថ្ងៃខាងមុនមែនឬ? តើគេអាចជឿថាវាជារឿងពិតបានយ៉ាងម៉េចទៅ?​តែបើមិនជឿក៏មិនបានដែរ ជីវិតគឺមិនទៀង សេចក្តីស្លាប់ក៏មិនទៀង អ្នកដែលញញឹមយ៉ាងស្រស់ហើយជជែកលេងជាមួយយើងក្នុងថ្ងៃនេះអាចនឹងត្រូវស្លាប់ក្នុងថ្ងៃស្អែកក៏មិនដឹង ហើយក៏ចាត់ទុកថាគេសំណាងហើយ ដែលដឹងខ្លួនមុន ដែលដឹងពេលវេលាស្លាប់របស់ខ្លូនឯង ដូចនេះហើយក្នុងរយៈពេល៥០ថ្ងៃនេះគេគួរតែធ្វើរឿងណាដែលត្រូវធ្វើឲ្យហើយ ជៀសវាងការស្តាយក្រោយនិងស្លាប់ទៅបិទភ្នែកមិនជិត។

Memories of love (part 7)
នាឡិកាខ្សាច់នៅតែដើរថយក្រោយឥតឈប់ហាក់មិនអាសូរដល់ចិត្តធារិទ្ធិបន្តិចណាសោះឡើយ។​គេពិតជាចង់បញ្ឈប់ពេលវេលារបស់នាឡិកាខ្សាច់ខ្លាំងណាស់ គេមិនចង់ឲ្យវាដើរទៅដល់ចំនុចសូន្យនោះទេ គេមិនចង់បែកពីនីតាសោះឡើយ។​គេគ្រាន់តែសង្ឃឹមថា គេនិងនាងអាចរៀបការជាមួយគ្នា ហើយអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង តែពេលនេះវាលែងមានឱកាសបែបនេះទៀតហើយ។ គេក៏បានត្រឹមតែប្រើពេលវេលាដែលនៅសេសសល់ដ៏តិចតួចនេះរស់នៅជាមួយនាង ផ្តល់ក្តីសុខឱ្យនាងនិងធ្វើឱ្យនាងសប្បាយចិត្តបំផុត។ គេសង្ឃឹមថាគេនឹងអាចបន្សល់ទុកនៅការចងចាំដ៏ល្អឱ្យដល់នាង  ហើយគេក៏នឹងយកការចងចាំទាំងអស់នោះទៅជាមួយគេផងដែរ។ ស្នេហាមួយនេះមើលទៅបានត្រឹមតែបន្សល់ទុកនៅការចងចាំតែប៉ុណ្ណោះ​ គេពិតជាសូមទោសនាងពិតមែន តើមានវិធីណាដែលគេមិនស្លាប់ហើយអាចរស់នៅជាមួយនាងបានយូរជាងនេះទៀតទេ ទោះបីជាត្រូវប្តូរដោយអ្វីក៏គេព្រមដែរ សូមឱ្យតែបាននៅក្បែរនាង។​

នាឡិកាពេលនេះដើរដល់​ ​”៣០ថ្ងៃ​១៥ម៉ោង៥១នាទី ២០វិនាទី” គេបានយល់សប្តិឃើញរឿងដូចមុនម្តងទៀតជាលើកទីពីរគឺក្មេងស្រីម្នាក់ដែលស្លៀករ៉ូបពណ៌សនិងកំពុងតែកាន់នាឡិកាខ្សាច់នៅនឹងដៃ បានសួរគេ​ “បងប្រុស! តើបងស្រឡាញ់នាឡិកាខ្សាច់នេះទេ? ខ្ញុំឱ្យបង!” ម្តងនេះពន្លឺមិនសូវចាំងខ្លាំងដូចមុននោះទេ គេសន្សឹមៗសំលឹងឃើញយ៉ាងច្បាស់ថាក្មេងស្រីនេះមានពាក់កងដៃគឺកងដៃដែលមានក្រលឹងពីរដែលដូចគ្នាបេះបិទទៅនឹងកងដៃដែលនីតាពាក់ គេអាចមើលឃើញមុខនាងហើយ នាងគឺជានីតា។ក្មេងស្រីម្នាក់នេះគឺជានីតានាងកំពុងតែញញឹមយ៉ាងស្រស់ដាក់គេ គេក៏បានហៅឈ្មោះនាង”នីតា!”  ។ បានតែប៉ុណ្ណឹងគេក៏ភ្ញាក់ពីដំណេកតែម្តង។ គេចាប់ផ្តើមចាប់អារម្មណ៍ថានាឡិកនេះដើមឡើយប្រហែលជារបស់នីតាហើយមើលទៅ ម្យ៉ាងទៀតអក្សរកាត់ក្នុងកាតជូនពរ”ន.ត” គ៏គួរតែឈ្មោះរបស់នាងផងដែរ។ ពិតជាចៃដន្យពេកហើយ ក្នុងចំនោមកាដូរាប់ពាន់ គេបែរជាចាប់បានកាដូរបស់នាង ហើយនាងបែរជាចាប់បានកាដូរបស់គេ  និងក្រោយមកទៀតក្នុងចំនោមសន្លឹកប្រគុំតន្រី្តរាប់ពាន់សន្លឹកគេក៏បែរជាចាប់បានចុងសន្លឹកចូលរួមរបស់នាងទៀត ដែលជាឱកាសអាចឱ្យគេបង្កើតទំនាក់ទំនងជាមួយនាងបាន ហើយក្រោយមកពួកគេក៏បានស្រឡាញ់គ្នា វាហាក់បីដូចជាអ្វីៗទាំងអស់នេះកើតឡើងដោយមានការរៀបចំទុកមុនអញ្ចឹង ប្រហែលជាព្រហ្មលិខិតតម្រូវឱ្យពួកយើងបានជួបគ្នា តែក្នុងពេលដដែលព្រហ្មលិខិតក៏កំណត់ឱ្យពួកយើងបែកគ្នា។

អាកាសធាតុបែរជាអួរអាប់យ៉ាងចម្លែក ធារិទ្ធិបានមកឈរចាំនីតានៅមុខសាលាដោយមានទាំងកាន់ឆ័ត្រមកជាមួយផង ។ បន្តិចក្រោយមកនីតាក៏ដើរចេញមកហើយមេឃក៏ចាប់ផ្តើមបង្អុលភ្លៀងយ៉ាងខ្លាំងផងដែរ គេបានរត់ទៅបាំងឆ័ត្រឱ្យនាង នាងបានញញឹមដាក់គេ ហើយក៏ដើរសំដៅទៅហាងកាហ្វេក្បែរនោះដើម្បីញ៉ាំកាហេ្វក្តៅៗនិងដើម្បីជ្រកភ្លៀងផង។ ពួកគេបានជ្រើសទៅអង្គុយនៅតុខាងចុងគេដែលមានសភាពស្ងប់ស្ងាត់ល្អនិងងាយស្រួលក្នុងការជជែកគ្នា។ នីតាបាននិយាយឡើងនៅពេលដែលធារិទ្ធិគិតតែពីសំលឹងមុខនាង
“មួយរយៈនេះបងដូចជាប្លែកៗ ម៉េចមិនដឹងទេ ពេលជួបអូនម្តងៗគិតតែសំលឹងមុខអូនមិនឈប់សោះសំលឹងដូចខ្លាចភ្លេចមុខរបស់អូនអញ្ចឹង ហើយក៏ព្យាយាមផ្គាប់ចិត្តអូនដល់ហើយ មិនខ្លាចថាអូនធ្លាប់ខ្លួនក្លាយទៅជាបានចិត្តទេអី?”
“មិនខ្លាចទេ បងចង់ឱ្យអូនមានក្តីសុខបំផុត ចង់ឱ្យអូនសប្បាយចិត្ត ហើយក៏ចង់បង្កើតនៅការចងចាំល្អៗទុកឱ្យបានច្រើនផងដែរ” នីតាក្រេបកាហ្វេដែលនៅក្នុងដៃ ញញឹមព្រមទាំងតប
“និយាយធ្វើមើលតែបងហ្នឹងចង់ទៅណាចោលអូនអញ្ចឹង!” ធារិទ្ធិមិនបានប្រាប់នីតាពីរឿងដែលនឹងកើតឡើងនោះទេ គេចង់ឱ្យពេលវេលាដែលនៅសល់ទាំងអស់ពោរពេញដោយសុភមង្គល មិនចង់ឱ្យនាងមិនសប្បាយចិត្តសូម្បីតែបន្តិច
“បងចង់ប្រាប់រឿងមួយដល់អូនណា គឺថាជីវិតមនុស្សមិនទៀងទាត់នោះទេ ហើយក៏មិនអាចមើលឃើញថាថ្ងៃខាងមុខនឹងមានអ្វីកើតឡើងដែរ សន្យានឹងបងណាថាអូនត្រូវតែរឹងមាំ ហើយ បើឧបមាថាអត់ពីបងទៅ អូនក៏ត្រូវតែរស់នៅឱ្យមានក្តីសុខដែរណា បើអូនបានជួបនឹងបុរសណាល្អអូនព្រមទទួលយកគេចុះណា!” នីតាជ្រួញចិញ្ចើម
“បងនិយាយពីស្អីហ្នឹង! អូនមិនអនុញ្ញាតឱ្យបងទៅណាចោលអូននោះទេ!”
“បងគ្រាន់តែឧបមាតើ”
“មិនឱ្យឧបមាទេ!”
“នីតា!” គេហៅនាងដោយសំលេងនិងកែវភ្នែស្រទន់ “សន្យានឹងបងណាថាទោះបីអត់ពីបងក៏ដោយក៏អូនត្រូវតែរឹងមាំនិងរស់នៅឱ្យបានល្អបំផុតណា?”  នីតាសំលឹងមើលគេដោយមិនយល់ ហេតុអ្វីក៏មួយរយៈនេះធារិទ្ធិចូលចិត្តនិយាយពាក្យបែបហ្នឹងម៉្លេះ  ដោយនាងមិនតបគេក៏បន្ត
“បងមិនដែលមានកូនចិត្តសូម្បីតែបន្តិចនឹងទៅចោលអូននោះទេ តែព្រោះថាពេលខ្លះរឿងរ៉ាវខ្លះអាចនឹងកើតឡើង កើតឡើងទាំងដែលយើងមិនចង់។ តើអូនសន្យានឹងបងរឿងនេះបានទេ ត្រូវតែរស់នៅឱ្យបានល្អបំផុតទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ?”
ដោយឃើញទឹកមុខស្រពោនរបស់ធារិទ្ធិ នាងក៏ងក់ក្បាល
“អូខេ! អូខេ! អូននឹងធ្វើតាមអ្វីដែលបងចង់បាន។” ធារិទ្ធិក៏ញញឹម ហើយនិយាយ
“បងស្រឡាញ់អូន “ និង (បងចង់រៀបការជាមួយអូន ) តែពាក្យមួយឃ្លានេះបានត្រឹមតែកប់នៅក្នុងទ្រូងរបស់គេតែប៉ុណ្ណោះ គេជិតស្លាប់ហើយ គេគ្មានសិទ្ធិសុំនាងរៀបការទេ ព្រោះថាគេមិនអាចនៅមើលថែនាងបាន
“អូនក៏ស្រឡាញ់បងដូចគ្នា” នីតាតបដោយញញឹមហើយក៏បន្តក្រេបកាហ្វេ ធារិទ្ធិក៏នៅតែបន្តសំលឹងមើលនាងដោយកែវភ្នែកពោរពេញទៅដោយសេចក្តីស្នេហាដ៏ជ្រាលជ្រៅ ហើយគេពិតជាពិបាកធ្វើចិត្តក្នុងការបែកពីនាងខ្លាំងណាស់។...

នាឡិកានៅតែបន្តដើរថយក្រោយ ពេលវេលាគេក៏ជិតអស់មែនទែនហើយ “៣ថ្ងៃ​២ម៉ោង១០នាទី២វិនាទី”  ។ ព្រឹកឡើងទូរស័ព្ទរបស់ធារិទ្ធិបានរោទិ៍
“អាឡូ ធារិទ្ធិ តើឯងយ៉ាងម៉េចទៅហើយ?” កក្កដាបានខលមកសួរសុខទុក្ខ មានតែគេម្នាក់ប៉ុណ្ណោះដែលដឹងរឿងនាឡិកាខ្សាច់ព្រោះថា​ធារិទ្ធិបានហាមកក្កដាមិនឱ្យប្រាប់រឿងនេះដល់អ្នកណានោះទេ សូម្បីតែមិត្តក្នុងក្រុមតន្រ្តីខ្មែរក៏មិនឱ្យប្រាប់ដែរ 
“គ្នាមិនអីនោះទេ និយាយអញ្ចឹងតើឯងមានបានទទួលទិន្នន័យថ្មីទាក់ទងនឹងនាឡិកាខ្សាច់ដែរទេ?”
“សូមទោសណាគ្នារកមិនទាន់បានអ្វីផ្សេងទៀតនោះទេ គ្នាពិតជាបារម្ភពីឯងខ្លាំងណាស់ ទោះបីយ៉ាងណាគ្នានៅតែសង្ឃឹមថាទិន្នន័យទាំងអស់នោះមិនពិតទៅចុះ”
“អរគុណច្រើនហើយណាសំលាញ់ ពិតឬមិនពិត៣ថ្ងៃទៀតដឹងហើយ!”
“តែនេះជារឿងអាយុជីវិតណា​មិនអាចលេងសើចបានទេ!” សំលេងរបស់កក្កដាអាចបញ្ជាក់បានថាគេមិនសប្បាយចិត្តនោះទេ ហើយពិតជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះធារិទ្ធិ
“គ្នាមិនអីទេ អូប៉ុណ្ណឹងសិនចុះណា នីតាខលមក!” គេបានលើកទូរស័ព្ទរបស់នីតា
“អាឡូបង ! “ សំលេងមនុស្សស្រីជាទីស្រឡាញ់ពេញស្នេហារបស់គេបានលឺបងពីខ្សែរម្ខាងទៀត
“បាទ!”
“ឆ្លើយពិរោះដល់ហើយ។​ អូនវិសតែភ្លេចប្រាប់បង អូនត្រូវទៅកំពង់សោមមួយអាទិត្យណាបង!”
“អូនទៅពេលណា?”
“ឥឡូវនេះអូនកំពុងតែទៅហើយ ជិះឡានជាមួយមិត្តភក្តិ។ ដំបូងពួកគេប្រាប់អូនថាអូនមិនចាំបាច់ទៅជាមួយទេ ពួកគេអាចទៅប្រមូលទិន្នន័យបាន តែយប់មិញបែរជាមកបង្ខំអូនឱ្យទៅជាមួយ! យ៉ាប់មែនទែន!”
“អញ្ចឹងបានន័យថាបងមិនអាចបានជួបអូនទាស់តែអាទិត្យក្រោយហើយ!” មិនបានទេ គេត្រូវការជួបនាង យ៉ាងហោចណាស់ក៏ត្រូវបានឃើញមុខនាងជាចុងក្រោយម្តងទៀតដែរ
“តែមួយអាទិត្យតើបង!”
“បងមិនអាចចាំដល់ពេលអូនត្រលប់មកវិញនោះទេ! ថ្ងៃស្អែកបងទៅរកអូន។”
“បងមករកអូននៅកំពង់សោម?”
“ហ្នឹងហើយ ពេលទៅដល់កំភ្លេចផ្ញើរអាស័យដ្ឋានឱ្យបងផង”
“ចាស៎បង!”  នីតានាងមិនសូវយល់ទេ ហេតុអ្វីគេចាំបាច់មកតាមនាងធ្វើអីផង ព្រោះថាទើបតែជួបគ្នាម្សិលមិញ ហើយនាងទៅតែប៉ុនម៉ានថ្ងៃតើ តែនាងក៏មិនប្រកែកជាមួយគេដែរ ព្រោះថានាងក៏ចង់ជួបគេដូចគ្នា

ដូចដែលបានសន្យាថ្ងៃបន្ទាប់ធារិទ្ធិបានជិះឡានទៅកំពង់សោមទៅតាមនីតា។ ពេលធារិទ្ធិទៅដល់មិត្តភក្តិផេ្សងទៀតរបស់នីតា ពួកគេជាមនុស្សយល់សាច់ការ ហើយក៏ដឹងខ្លួនថាមានកំហុសតិចតួចដែលបានហៅនីតាមកជាមួយនិងធ្វើឱ្យធារិទ្ធិត្រូវតាមមកទៀត ដូចនេះហើយពួកគេ ក៏បានទុកឱ្យនីតាទំនេរដោយមិនបានទៅធ្វើការជាមួយពួកគេ និងឱ្យនីតាមានពេលនៅតែពីរនាក់ធារិទ្ធិក្នុងការដើរកំសាន្ត។ ពួកគេទាំងពីរបាននៅលេងសមុទ្ទយ៉ាងសប្បាយរីករាយ រត់ប្រដេញគ្នាលើវាលខ្សាច់ ចុះងូតទឹកសមុទ្ទ និងសង់ប្រាសាទខ្សាច់ ហើយក៏ដេកនៅលើខ្ចូសនៅក្បែរនោះផងដែរ។ ពេលយប់មកដល់ គេនៅមើលអំបិលអំពែកជាមួយគ្នា ហើយក៏គយគន់ដួងច័ន្ទ្រជាមួយគ្នា និងគេងនៅលើខ្ចូសក្បែរឆ្នេរខ្សាច់នោះ នីតាបានគេងលក់នៅលើរង្វង់ដៃរបស់ធារិទ្ធិ។ ចំនែកធារិទ្ធិវិញគេគ្មានសេចក្តីក្លាហានក្នុងការប្រាប់នាងថាគេនឹងស្លាប់នោះទេ ហើយក៏មិនចង់ឱ្យនាងឃើញគេស្លាប់ផងដែរ ។​តើនាងនឹងទួញសោកយ៉ាងណាទៅបើសិនជានាងក្រោកឡើងមកហើយស្រាប់តែឃើញគេលែងដកដង្ហើម គេពិតជាស្រមៃមិនចេញនោះទេ។
គេនៅគេងដោយមាននាងកើយដៃគេនៅលើខ្ចូសនោះរហូតដល់ជិតភ្លឺ គេបានសន្សឹមៗថើបនាងថ្នមៗ​
“បងសូមទោស! សូមទោសដែលមិនអាចនៅមើលថែអូន អត់ពីបង​ទៅ អូនត្រូវតែរឹងមាំណា។ សូមកុំបន្ទោសបងអី!” រួចហើយគេក៏បានក្រោកចេញពីនាងទាំងអាល័យ គេពិតជាមិនអាចទប់ទឹកភ្នែកមិនឱ្យហូរបាននោះទេ គេមានប្រផ្នូលមិនល្អនោះទេ ហើយគេក៏ដឹងច្បាស់ថាគេនឹងមិនអាចបានជួបនាងទៀតនោះទេ អ្វីៗទាំងអស់ប្រហែលជាត្រូវបញ្ចប់ក្នុងថ្ងៃនេះហើយ ។ ធារិទ្ធិបានយកដៃជូតទឹកភ្នែកខ្លួនឯងរួចក៏ដើរចាកចេញទៅ។ គេបានបើកឡានត្រលប់មកភ្នំពេញវិញ គេបើកឡានបានបន្តិច ឡានក៏ស្រាប់តែរលត់ គឺថាឡានរបស់គេខូចបាត់ទៅហើយមិនអាចនាំគេទៅដល់ភ្នំពេញបាននោះទេ។ គេបានដើរចុះពីលើឡានហើយក៏រកឡានដែលឈ្នួលដែលឆ្លងកាត់ ដើម្បីអាចបន្តដំណើរទៅដល់គោលដៅ។ តែពេលនោះស្រាប់តែ មានឡានធំមួយដែលកំពុងបើកក្នុងល្បឿនលឿន ពេលមកជិតដល់គេ ឡាននោះស្រាប់តែដូចជាបាត់បង់ជំហរ រេចង្កូតពេញផ្លូវ ហើយក៏រេចង្កូតមកបុកឡានតូចរបស់គេ លឺសូរសន្ធឹកយ៉ាងខ្លាំង
“គ្រាំង!” ឡាននេះបុកឡានតូចឡើងកំប៉ិតហើយ គាំងស្តុបនៅទីនោះទៅ ចំនែកធារិទ្ធិក៏រាងស្រឡាំងកាំង នេះឡានមិនបានបើកបុកចំគេទេព្រោះថាគេមិនបាននៅក្នុងឡានតូចរបស់គេឡើង  គេមិនត្រឹមតែមិនទាន់ស្លាប់ទេ គេក៏មិនមានរបួសអ្វីដែរ  ប៉ុន្តែគេនៅតែមានអារម្មណ៍មិនល្អសោះ។ តើនីតាអាចកើតអីទេដឹង?
“បងប្រុស! តើបងស្រឡាញ់ នាឡិកាខ្សាច់នេះទេ? ខ្ញុំឱ្យបង!”  ពាក្យសំដីនៅក្នុងយល់សប្តិបានលេចឡើងនៅក្នុងការចងចាំរបស់គេ ក្នុងយល់សប្តិ គេមិនទាន់បានឆ្លើយថាយល់ព្រមទទួលយកនាឡិកាខ្សាច់នោះទេ ឬមួយនេះបានន័យថាម្ចាស់នាឡិកាពិតប្រាកដគឺជានីតា មិនមែនជាគេនោះទេ
“ទេ! ទេ! នីតា អូនមិនអាចស្លាប់បានទេ!” គេលែងចាប់អារម្មណ៍ពីអ្វីដែលនៅជុំវិញខ្លួន មិនខ្វល់ថាអ្នកភូមិនៅក្បែរនាំគ្នាចេញមកមើល ហើយអ្នកបើកឡានធំមានគ្រោះថា្នក់នោះយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ គេបានរត់ចាកចេញពីទីនោះយ៉ាងលឿន គឺរត់សំដៅទៅរកនីតា។

គេអាចមើលឃើញនាងពីចម្ងាយហើយ គឺថានាងនៅតែដេកនៅឡើយ នាងមិនទាន់ភ្ញាក់នោះទេ  គេសង្ឃឹមថានាងនៅដកដង្ហើម ។ ពេលគេទៅដល់គេក៏បានអង្រួននាងឱ្យភ្ញាក់តែនាងមិនព្រមភ្ញាក់សោះ គេពិតជាភ័យខ្លាំងណាស់ ហេតុអ្វីបានជានាងដេកដូចមនុស្សឥតវិញ្ញាណបែបនេះ! គេបានសំលឹងមើលមុខនាងដោយអស់សង្ឃឹម មុខរបស់នាងពិតជាស្លេកស្លាំងខ្លាំងណាស់ គេក្រលេកឃើញជើងរបស់នាងឡើងពណ៌ស្វាយ ហើយក៏មានស្នាមពោះចឹកថ្មីៗផងដែរ ដែលអាចបញ្ជាក់ពីមូលហេតុដែលនាងដេកមិនព្រមក្រោកបាន។ គេបានហែកអាវរបស់គេហើយយកមកចងជើងរបស់នាង គេបានស្ទាបដង្ហើមរបស់នាង តែបែរជាមិនប្រទះខ្យល់ចេញមកតាមខ្យល់ដង្ហើមនាងនោះទេ មិនអាចនោះទេ នីតា មិនអាចស្លាប់បានទេ អ្នកដែលគួរស្លាប់ក៏គួរតែជាគេមិនមែននាងនោះទេ ។ យ៉ាងហោចណាស់ក៏គេបានត្រៀមលក្ខណៈបានខ្លះដែរ តែនីតានាងមិនដឹងអីនោះទេ។ ទឹកភ្នែកកូនប្រុសរមៀលស្រស់ចុះមកដោយក្តីឈឺចាប់ ហើយក៏បានស្រែកខ្លាំង
“នីតាអូន! នីតា ! សូមអូនកុំស្លាប់អី! ទេវតាអើយយកខ្ញុំជំនួសនាងទៅ ។ មកយកជីវិតខ្ញុំវិញទៅ! ទុកឱ្យនាងរស់ ហើយឱ្យខ្ញុំស្លាប់ជំនួសទៅ! យកជីវិតខ្ញុំជំនួសទៅ ...”  សំលេងទួញសោកពោរពេញដោយក្តីឈឺចាប់របស់ធារិទ្ធិ បានបន្លឺឡើង ហើយក្នុងទ្រូងថ្លើមប្រម៉ាត់របស់គេស្ទើរតែធ្លាយចេញមកក្រៅទៅហើយ វាពិតជាឈឺចាប់ខ្លាំងណាស់ដែលត្រូវមើលមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅបែបនេះ.......


Memories of Love (ending part)
នីតាអូន! នីតា ! សូមអូនកុំស្លាប់អី! ទេវតាអើយយកខ្ញុំជំនួសនាងទៅ ។ មកយកជីវិតខ្ញុំវិញទៅ! ទុកឱ្យនាងរស់ ហើយឱ្យខ្ញុំស្លាប់ជំនួសទៅ! យកជីវិតខ្ញុំជំនួសទៅ ...  សំលេងទួញសោកពោរពេញដោយក្តីឈឺចាប់របស់ធារិទ្ធិ បានបន្លឺឡើង ហើយក្នុងទ្រូងថ្លើមប្រម៉ាត់របស់គេស្ទើរតែធ្លាយចេញមកក្រៅទៅហើយ វាពិតជាឈឺចាប់ខ្លាំងណាស់ដែលត្រូវមើលមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅបែបនេះ គេនៅតែបន្តយំសោកនិងពោលរៀបរាប់
“តើបងរស់នៅបែបណាទៅបើគ្មានអូន? ជីវិតមួយនេះពិតជាលែងមានន័យទៀតហើយ បើកភ្នែកឡើងមកអូន កុំទៅចោលបងបែបនេះ បងធ្វើចិត្តមិនបាននោះទេ ក្នុងការបាត់បង់អូន ។ សូមអង្វរបើកភ្នែកឡើងមកណា បងមានពាក្យជាច្រើនដែលចង់និយាយប្រាប់អូន  បងចង់ដើរបាំងឆ័ត្រឱ្យអូននៅពេលមេឃភ្លៀង បងចង់នាំអូនទៅដើរលេងនៅថ្ងៃចុងសប្តាហ៍ បងចង់ធ្វើជាជាងថតរូបឱ្យអូន នាំអូនទៅមើលកុន ទៅដើរផ្សារទិញឥវ៉ាន់ ហើយក៏ទៅចូលរួមកម្មវិធីជប់លៀងផ្សេងៗជាមួយគ្នា ដែលសំខាន់នោះបងចង់រៀបការជាមួយអូន ក្រោកឡើងមកពួកយើងរៀបការជាមួយគ្នាហើយបង្កើតគ្រួសារដ៏កក់ក្តៅមួយ”  ពេលនោះក៏ស្រាប់តែម្រាមដៃនាងកម្រើក ទឹកមុខរបស់នាងមិនសូវស្លេកស្លាំងដូចមុនទេ ហើយនាងក៏បានបើកភ្នែកដែលធ្វើឱ្យធារិទ្ធិរំភើបជាខ្លាំង គេសឹងតែមិនចង់ជឿនឹងភ្នែកខ្លួនឯង

“អូនមិនស្លាប់ទេ!” ម្តងនេះទឹកភ្នែករបស់គេនៅតែស្រក់តែវាស្រក់មកដោយក្តីរំភើប​ មិនមែនស្រក់មកដោយក្តីឈឺចាប់នោះទេ ហើយគេក៏បានឱបនាង
“អូនមិនអីទេ ! បងកុំយំអី!” នាងបានតប
“បងមិនបានយំទេ បងសប្បាយចិត្តណាស់ដែលអូនមិនអី!”
“ចុះតើអូនកើតអីតើមែនទេ?” នាងសួរព្រោះថានាងមិនដឹងថាជីវិតនាងទើបតែផុតពីកណ្តាប់ដៃយមរាជនោះទេ
“អូនត្រូវពស់ចឹក ត្រង់ជើង”
“ថាម៉េចអូនត្រូវពស់ចឹក? “ នាងបានដកដៃចេញពីការឱបរបស់ធារិទ្ធិ ហើយក៏ក្រលេកមើលជើងរបស់ខ្លួនដែលត្រូវពស់ចឹក ពេលនេះវាមានស្នាមជាំខ្មៅនៅត្រឹមខ្មងជើង ព្រោះថាធារិទ្ធិបានរុំអាវរបស់គេត្រឹមនោះ ដែលពិសពស់មិនអាចរាលដាលទៅលើបានទៀត គ្រាន់តែនាងបានមើលឃើញជើងរបស់ខ្លូនឯងហើយ ក៏មានអារម្មណ៍ថាឈឺនិងចុកយ៉ាងខ្លាំង
“អ៊ូយ! ឈឺខ្លាំងណាស់! ហ៊ឺ ហ៊ឺ ហ៊ឺ ឈឺ !” នាងក៏បានស្រែកយំព្រោះការឈឺចាប់ ចំនែកធារិទ្ធិក៏បានលើកនាងបីសំដៅទៅរកមន្ទីរពេទ្យដែលជិតបំផុត
“ទ្រាំបន្តិចទៅណា បងនាំអូនទៅរកគ្រូពេទ្យ!”  ធារិទ្ធបានគិតក្នុងចិត្តរួចហើយ គេនឹងថែទាំនាងឱ្យបានល្អបំផុត មិនឱ្យមានរឿងអ្វីកើតឡើងចំពោះនាងទៀតនោះទេ ហើយគេនឹងរៀបការជាមួយនាង មិនថាមានរឿងអ្វីកើតឡើងទៀតនោះទេ ក៏គេរៀបការជាមួយនាងដែរ។

អាថ៌កំបាំងចុងក្រោយរបស់នាឡិកាខ្សាច់
កក្កដាកំពុងតែស្រាវជ្រាវទៅលើឯកសារមួយ ដែលគេត្រួវចំនាយពេល Login ចំនួនបីថ្ងៃមកហើយ ទម្រាំតែអាចបើកឯកសារនោះបាន តែបែរជាបានជួបត្រឹមតែរឿងព្រេងនិទានមួយទៅវិញ ដែលរឿងនេះមានតំណាលថា មានក្មេងស្រីម្នាក់ត្រូវបានឳពុកម្តាយបង្ខំឱ្យរៀបការជាមួយនឹងមនុស្សដែលនាងមិនស្រឡាញ់ ដូចនេះហើយនាងក៏បានរត់ចេញពីផ្ទះ។ នៅតាមផ្លូវធ្វើដំណើរនាងបានជួបនឹងដូនចាស់ម្នាក់ នាងក៏បានចូលទៅគារវៈចំពោះដូនចាស់នោះ ដូនចាស់បានញញឹមដាក់នាង ហើយនិយាយថា គាត់មាននិស្ស័យជាមួយនាងខ្លាំងណាស់ រួចគាត់ក៏បានហុចនាឡិកាខ្សាច់ទៅឱ្យនាង ដោយប្រាប់ពីគុណសម្បត្តិរបស់នាឡិកាខ្សាច់នេះថា វាហ្នឹងជួយប្រាប់ពីរយៈពេលរស់នៅរបស់នាង ដែលអាចឱ្យនាងដឹងបានថានាងនឹងអាចរស់នៅបានយូរដល់ពេលណា។ តែមើលទៅនារីនោះហាក់បីដូចជាមិនសប្បាយចិត្តនឹងបានទទួលនាឡិកានោះទេ ទើបសួរទៅលោកយាយថា
“តើខ្ញុំចង់សូមអ្វីលើសពីហ្នឹងតើបានទេ?” ដូនចាស់បានងក់ក្បាលជាការយល់ព្រម
“ខ្ញុំចង់ជួបគូរព្រេងរបស់ខ្ញុំ ខ្ញុំមិនចង់រៀបការជាមួយបុរសដែលខ្ញុំមិនស្រឡាញ់នោះទេ!”
“យាយអាចជួយចៅបាន! ប៉ុន្តែមានលក្ខខ័ណ្ឌ”
“លក្ខខ័ណ្ឌអ្វីក៏ខ្ញុំព្រមដែរ” ដូនចាស់បានយកនាឡិកាខ្សាច់ទៅកាន់នៅហ្នឹងដៃ ហើយក៏ធ្វើមាត់ជឹបអ៊ូចៗ បន្ទាប់មកក៏ហុចនាឡិកាឱ្យនាង​រួចនិយាយ
“នាឡិកានេះនឹងនាំចៅស្រីឱ្យទៅជួបគូព្រេងរបស់ចៅ ដែលនាឡិកាពេលនេះបង្ហាញពេលវេលា ៣០០ថ្ងៃ ដ៏មានន័យថាក្នុងរយៈពេល៣០០ថ្ងៃនេះចៅត្រូវតែបានរៀបការជាមួយគេ ឬក៏គេត្រូវតែព្រមព្រៀងថានឹងរៀបការជាមួយចៅ បើមិនអញ្ចឹងទេចៅនឹងត្រូវស្លាប់នៅពេលវាដើរដល់ចំនុចសូន្យ។ បើសិនជាចៅបានរៀបការឬគេព្រមព្រៀងថានឹងរៀបការជាមួយចៅ នាឡិកានេះនឹងបង្ហាញលេខថ្មីឡើងវិញ ដែលនោះគឺជាពេលវេលានៃការស្លាប់វិញម្តង។ បើសិនជាចៅមិនពេញចិត្តនឹងលក្ខខ័ណ្ឌនេះទេ ចៅអាចប្តូរចិត្តបាន នៅទាន់ពេល។”
“អត់ទេ! ខ្ញុំមិនប្តូរចិត្តទេ។ ខ្ញុំព្រមទទួលយកលក្ខខ័ណ្ឌនេះ ព្រោះថាបើខ្ញុំមិនអាចបានជួបមនុស្សដែលខ្ញុំស្រឡាញ់នោះទេ ហើយត្រូវទៅរៀបការជាមួយនឹងមនុស្សដែលខ្ញុំមិនស្រឡាញ់ ខ្ញុំសុខចិត្តស្លាប់វិញប្រសើរជាង! ហើយបើទោះជាខ្ញុំត្រូវស្លាប់មែន ក៏គួរតែមានអនុស្សាវរីយ៍និងការចងចាំល្អៗទៅជាមួយដែរ ដូចនេះហើយមានតែការបានជួបមនុស្សដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ ទើបអាចបង្កើតបានការចងចាំដ៏ល្អជាមួយគ្នាបាន ។ បែបនេះហើយទោះបីជាខ្ញុំមិនអាចបានរៀបការជាមួយគេ ក៏ខ្ញុំអាចមានស្នេហាមួយដែលពោរពេញទៅដោយរឿងគួរឱ្យចងចាំដែរ”  លោកយាយបានតបទាំងញញឹម
“កុំបារម្ភចៅនឹងបានជួបស្នេហាដែលចៅប្រាថ្នាចង់បាន!”  អានដល់ត្រឹមនេះកក្កដាឈប់អាន ហើយគេក៏ប្រញាប់ទៅរកធារិទ្ធិ គេគិតថារឿងព្រេងនេះប្រាកដណាស់ទាក់ទងដល់អាយុជីវិតមិត្តរបស់គេ បែបនេះហើយ បើសិនជាធារិទ្ធិព្រមព្រៀងរៀបការជាមួយនីតា​(នីតាប្រហែលជាគូព្រេងរបស់ធារិទ្ធិ) បែបនេះរឿងអាក្រក់ប្រាកដជាមិនអាចកើតឡើងបាននោះទេ។

កក្កដាទៅរកធារិទ្ធិដល់ផ្ទះតែមិនជួបធារិទ្ធិនោះទេ ប៉ុន្តែអ្វីដែលគេបានឃើញ គឺនាឡិកាខ្សាច់នោះដែលដាក់នៅលើតុ វាកំពុងតែលោតទីតៗៗ ប្រៀបដូចជាកំពុងតែប្រកាសអាសន្នថាពេលវេលាអស់ហើយ អ្វីនៅពេលនេះគឺដើរដល់ចំនុចសូន្យហើយ តែរំពេចនោះវាស្រាប់តែលោតលេខឡើងវិញ ហើយដំណើរការធម្មតា ហើយគ្រាប់ខ្សាច់ក៏ត្រលប់ឡើងទៅថតខាងលើ ទាំងអស់ ដែលពេលវេលាក្រិតពេលនេះគឺ “២៣៧៥១ថ្ងៃ១០ម៉ោង៣០នាទី០៥វិនាទី”។

No comments:

Post a Comment