Memories of love (part 4)
នៅក្នុងបន្ទប់ណាត់ជួបរបស់ក្រុមតន្រ្តីខ្មែរ
ប៉ុន្តែពេលនេះមានតែផានិតនិងធារិទ្ធិទេដែលនៅក្នុងបន្ទប់
ផានិតបានយករបស់ដែលគេបានសន្យាជាមួយធារិទ្ធិយកមកឲ្យធារិទ្ធិ
ដែលនោះគឺជាកងដៃបុរាណមានកន្តឹងពីរ
វាសល់មកតាំងពីសម័យបុរាណ(មិនដឹងកាលវេលាច្បាស់លាស់)។ គេដឹងថាធារិទ្ធិចង់បានរបស់នេះ
ព្រោះដោយសារពួកគេបានទៅទិញកាដូរជាមួយគ្នា ហើយធារិទ្ធិបានទិញកងដៃប្រាក់ដែលមានរូបរាងដូចកងដៃនេះបេះបិទ។
គេដឹងថាតាមចរឹកពូកែចង់ដឹងចង់លឺ និងពូកែឆ្ងល់របស់ធារិទ្ធិ
បើឃើញមានរបស់ដូចគ្នាបេះបិទបែបនេះសល់តាំងពីបុរាណនោះ គឺគេប្រាកដជាមិនរំលងនោះទេ។
តែចំនេះរបស់គេពិតជាជិះកឯងមែន
ត្រង់ថាបាត់បង់ទាំងរបស់ហើយបាត់បង់ទាំងការបានទៅដើរលេងជាមួយក្មេងស្រីដ៏គួឲ្យស្រឡាញ់នោះតែពីរនាក់ទៀត។
ប៉ុន្តែគេគឺជាកូនប្រុសតែហ៊ានស៊ីគឺហ៊ានសង។
“នេះកងដៃដែលឯងចង់បាន” ផានិតហុចទៅឲ្យធារិទ្ធិ
“អរគុណដែលគោរពតាមសន្យា” ធារិទ្ធិនិយាយ
“គ្នាហ៊ានស៊ីហ៊ានសង” ផានិតតប រួចបន្ត ”ចុះឯងនិងក្មេងស្រីនោះទៅដើរលេងនៅឯណាជាមួយគ្នាហើយនៅ?”
“នៅ!” ធារិទ្ធិតបបែបហី តែផានិតបើកភ្នែកធំៗរបៀបភ្ញាក់ផ្អើល
“ថាម៉េច? នៅ?
នេះច្រើនអាទិត្យហើយណារាប់តាំងពីថ្ងៃប្រគុំតន្រ្តីមក! ម៉េចក៏ឯងមិនទាក់ទងទៅនាង?”
“ទាក់ទងយ៉ាងម៉េចបើមិនស្គាល់លេខទំនាក់ទំនងផង
មិនស្គាល់សូម្បីតែឈ្មោះ។ ខ្ញុំបានឲ្យលេខទូរស័ព្ទខ្ញុំទៅនាងរួចហើយ
តែបែបនាងមិនមានបំនងទាក់ទងមកនោះទេ”
“ស្លាប់ហើយ! មិននឹកស្មានថាមន្តស្នេហ៍របស់ឯងអន់ដល់ម្លឹងសោះ!
ហាហា បញ្ជាក់ថាក្មេងស្រីនោះមិនចាប់អារម្មណ៍លើឯងនោះទេ” ចំអកចំអន់ធារិទ្ធិហើយ
គេក៏ទៅអង្គុយចុចហ្គេមទូរស័ព្ទធ្វើព្រងើយ។ធារិទ្ធិក៏បានតែធ្វើមុខស្អុយ
មិនយល់ដែរថាហេតុអ្វីក៏នាងមិនព្រមទាក់ទងមកសោះ បើមិនចង់ទៅដើរលេងជាមួយគ្នាទេក៏គួរតែតេមកប្រាប់មួយម៉ាត់មកក៏អស់ចិត្តដែរ
តែនេះចាំបាត់ៗ ស្ងាត់ឈឹងតែម្តង។
ពេលនោះកក្កដាក៏បានដើរចូលមក
ហើយធារិទ្ធិក៏បានយកនាឡិកាខ្សាច់ ចេញមកដើម្បីឲ្យកក្កដាអ្នកជំនាញ IT ជួយស្រាវជ្រាវទៅលើនាឡិកានេះ។ គេយល់ថាវាមានអ្វីចម្លែក
មានអ្វីមិនប្រក្រតីចំពោះនាឡិកានេះ ហើយគេគិតថាកក្កដាប្រាកដជាអាចជួយគេបាន។
“នាឡិកានេះស្អាតណាស់ ច្នៃប្រឌិតបានល្អ
ឃើញថាមើលទៅដូចជាមិនមានអ្វីចម្លែកផង!” កក្កដានិយាយ
“នាឡិកានេះមិនចម្លែកទេ
បើសិនជាម៉ោងក្រិតពេលវេលាដើរថយក្រោយនេះមានកន្លែងសេរ៉េ” ធារិទ្ធិបានឆ្លើយតប
នៅខណៈពេលដែលនាឡិកាក្រិតពេលវេលានៅពេលនេះគឺ ២៥៥ថ្ងៃ ១៣ម៉ោង២១នាទី៣១វិនាទី
“អ្វីដែលខ្ញុំចង់ដឹងគឺថាតើពេលវេលាក្រិតនេះចង់សំដៅទៅលើអ្វី
ហើយតើនឹងមានអ្វីកើតឡើងនៅពេលវាដើរដល់ចំនុចសូន្យ។
វាហាក់បីដូចជាលោតមកដោយស្វ័យប្រវត្តិ
ហើយតើពេលវេលាដើមដំបូងរបស់វាគឺប៉ុន្មានទៅ?”
“ឯងគិតច្រើនពេកទេដឹង!
តែហ៊ើយគ្នានឹងព្យាយាមស្រាវជ្រាវរកឲ្យ បានចម្លើយពេលណាហ្នឹងប្រាប់ពេលនោះភ្លាម”
“ អូខេ! កាន់តែឆាប់កាន់តែល្អណា។”
ធារិទ្ធិនិយាយចប់ក៏ដើរចាកចេញពីបន្ទប់
ពេលមកដល់ខាងក្រៅ
គេហាក់ដូចជាឃើញនារីមា្នក់មានរាងប្រហែលៗដូចធ្លាប់ស្គាល់
នារីម្នាក់នោះហាក់ដូចជាឈររេររារងចាំអ្នកណាម្នាក់ ។ ពេលដែលនារីម្នាក់នោះក្រលេកមកឃើញគេ
នាងក៏បានដើរសំដៅមករកគេ ទើបគេអាចសំគាល់នាងបានថា
ជាក្មេងស្រីដែលត្រូវរង្វាន់ពិសេសហើយមិនព្រមទាក់ទងមកគេ។ ពេលនាងដើរមកដល់គេ នាងក៏បានញញឹម
គ្រាន់តែបានឃើញស្នាមញញឹមរួសរាយរាក់ទាក់របស់នាង ធ្វើឲ្យគេស្ទើរតែភ្លេចបាត់ទៅហើយថាគេកំពុងតែអន់ចិត្តជាមួយនាងហើយគេក៏អាចអភ័យទោសឲ្យនាងបានក្នុងការដែលមិនព្រមទាក់ទងមកឡើងយូរ
“សួរស្តីរសិស្សច្បង!
ខ្ញុំសូមទោសដែលមិនបានទាក់ទងមក សូមទោសពិតមែនព្រោះថាខ្ញុំបានធ្វើឲ្យបាត់លេខទូរស័ព្ទសិស្សច្បង”
នាងនិយាយរបៀបដឹងកំហុស តែវាក៏បានធ្វើឲ្យធារិទ្ធិធូរចិត្ត
ព្រោះគិតថានាងមិនចង់ទាក់ទងមកតើ
“អូរចឹងទេហ៎ស មិនអីទេ!” គេឆ្លើយបែបហី
តែក្នុងចិត្តវិញរងចាំស្តាប់ថានាងនឹងនិយាយអ្វីបន្ត
តើអាចទេដែលនាងនឹងសួរនាំពីការណាត់ជួប
“ចាស៎! ខ្ញុំគ្រាន់តែចង់មកប្រាប់ប៉ុណ្ណឹងឯង
ខ្លាចក្រែងសិស្សច្បងឆ្ងល់ថាហេតុអ្វីខ្ញុំមិនបានតេទៅ ព្រោះខ្ញុំបានសន្យាថានឹងតេទៅ។
ចឹងខ្ញុំលាសិនហើយណា!” នេះគេមិនស្តាប់ច្រលំទេ នាងពិតជាមិនចងចាំពីការណាត់ជួបទេឬ
ហើយចង់មកប្រាប់តែប៉ុណ្ណឹងក៏ដើរចេញ
គេប្រាកដជាមិនបណ្តោយឲ្យនាងទៅទាំងមិនទាន់បានសួរនាំអីពីនាងអញ្ចឹងនោះទេ
“ឈប់សិន!” នាងដែលដើរចេញទៅហើយនោះ បានងាកក្រោយមើលគេ
“តើយើងហ្នឹងឈ្មោះអី?” គេសួរបន្តរ
“ចាស៎ខ្ញុំឈ្មោះនីតា!”
“ហើយបងអាចទាក់ទងយើងតាមណាបាន តាមលេខទូរស័ព្ទ line, telegram,ឬក៏Facebook!”
នាងសំលឹងមើលមកគេបែបម៉ីងម៉ាំងតិចតួច ចំនែកគេព្រោះតែអន្ទះសារពេកទើបសួរបែបនេះ អ្នកណាទៅអាចកំណត់បានថាពេលណានាងនឹងបង្ហាញខ្លួននៅនឹងមុខគេម្តងទៀតនោះ
បើនាងមិនព្រមទាក់ទងមកគេទេ ទុកឲ្យគេជាអ្នកទាក់ទងទៅនាងខ្លួនឯង
“បងសួរបែបនេះ
ព្រោះដើម្បីពិភាក្សារកថ្ងៃទំនេរដែលអាចទៅដើរលេងជាមួយគ្នាបាន” គេបញ្ជាក់បន្ថែម
“អូរ! មិនចាំបាច់ពិបាកសិស្សច្បងទេ
ពួកយើងមិនចាំបាច់ទៅដើរលេងជាមួយគ្នាក៏បានដែរ។”
“មិនបានទេ! “គេតបយ៉ាងរហ័ស
រួចក៏ព្យាយាមអធិប្បាយ” ព្រោះថាកម្មវិធីតម្រូវ ដូចនេះហើយមិនអាចលុបចោលការដើរលេងបានទេ
ហើយវាក៏អាចធ្វើអាចប៉ះព៉ាល់ដល់ទឹកចិត្តអ្នកគាំទ្រផងដែរបើសិនជាយើងមិនធ្វើតាមសន្យា”
តាមពិតទៅគេ ចេះតែថាថាទៅទេតែក៏វាអញ្ចឹងពិតមែន ធ្វើយ៉ាងណាកុំនាងប្រកែកបាន
នាងរាងស្ទាក់ស្ទើរចិត្តតែក៏ព្រម ឲ្យលេខទូរស័ព្ទនាងទៅធារិទ្ធិ
ហើយធារិទ្ធិក៏បានឲ្យលេខទូរស័ព្ទរបស់គេទៅនាងម្តងទៀត
“បើមិនខលមកបងក្នុងរយៈពេលបីថ្ងៃទេ
បងនឹងខលទៅវិញហើយការសម្រេចចិត្តទាក់ទងនឹងការដើរលេងទុកបងជាអ្នកសម្រេច។”
គេញញឹមក្នុងន័យមានជ័យជំនះ ហើយក៏សង្ឃឹមថានាងនឹងខលមកគេមុន។....
Memories of Love (part 5)
ធារិទ្ធិរងចាំទូរស័ព្ទពីនីតា យ៉ាងអន្ទះសារ
គេចង់តែខលទៅនាងភ្លាមៗតាមចិត្តទេ តែគេត្រូវរងចាំឲ្យគ្រប់៣ថ្ងៃសិន
មិនអាចឲ្យខ្លួនគេខូចកាលីបនុះទេ។ហើយឥឡូវនេះក៏ដល់ថ្ងៃចុងក្រោយ
បើសិនជាថ្ងៃនេះនាងមិនខលមិនគេទេ គេនឹងខលទៅនាងនៅថ្ងៃស្អែក ហើយអ្វីៗគេនឹងជាអ្នកសម្រេច
ហាហា គ្រាន់តែនឹកឃើញក៏សប្បាយចិត្តដែរ គេនឹកឃើញដល់ការទៅដើរលេងតែពីរនាក់ជាមួយនាង
ធ្វើឲ្យគេសប្បាយចិត្តហើយក៏ញញឹមបិទមាត់មិនជិត។ យី! ចុះតើនេះគេកើតអីហ្នឹង?
ម៉េចក៏នឹកឃើញទៅដល់នាងឥតឈប់ ឥតឈរសោះចឹង គេពិតជាមិនយល់ពីខ្លួនឯងនោះទេ។
វេលាម៉ោង៨យប់ ទូរស័ព្ទរបស់គេបានរោទិ៍ ហើយនោះគឺជាការខលមកពីមនុស្សដែលគេកំពុងរងចាំគឺនីតា។គេលើកទូរស័ព្ទដោយញញឹម
“អាឡូ ទីបំផុតដាច់ចិត្តខលមកហើយ!”
“ចាស៎សិស្សច្បង!”
“តើនឹកឃើញឬនៅថាចង់ទៅដើរលេងនៅឯណា?”
“ចាស៎បង! សូមពន្យារពេលសិនបានទេបង?”
នេះនាងមិនមែនខលមកដើម្បីណាត់ថ្ងៃដើរលេងទេ អូរព្រះ! ធារិទ្ធិខកចិត្ត តែក៏ខំសម្រួលឥរិយាបទ
ហើយសួរទៅនាងវិញ
“នីតា ជាប់រវល់អីមែនទេ?”
“គឺថាពីរអាទិត្យទៀតប្រលងបញ្ចប់ឆមាសហើយមិនអញ្ចឹងបង!
បងក៏ត្រូវប្រលងដែរតើមែនទេ? (នេះគេស្ទើរតែភ្លេចទៅហើយ ថាត្រូវប្រលង
ពិតជាកូនសិស្សយ៉ាប់មែន!) អញ្ចឹងហើយចាំប្រលងហើយសិនទៅណាបង ចាំយើងនិយាយពីរឿងដើរលេង។”
“អូខេ!” គេបានយល់ព្រមនឹងនាង
ចាប់តាំងពីថ្ងៃនោះមក
គេនឹងនាងបានផ្ញើរសារទាក់ទងគ្នាទៅវិញទៅមកជារឿយៗ
ដែលដំបូងចាប់ផ្តើមពីសួរនាំពីរឿងដើរលេង ហើយក៏ចូលដល់ការសិក្សា
រួចក៏ចូលទៅដល់រឿងផ្ទាល់ខ្លូនខ្លះៗ ហើយក៏មានសាររាត្រីសួរស្តីនិងអារុណសួរស្តី
សឹងមិនលួសថ្ងៃ។ ទោះបីជាគេនិងនាងមិនទាន់បានទៅដើរលេងជាមួយគ្នាក៏ពិតមែន
ក៏ប៉ុន្តែទំនាក់ទំនងរបស់គេទាំងពីរនាក់គឺមានការរីកចំរើនជាងមុន។
“សំណាងល្អណាសម្រាប់ការប្រលងថ្ងៃនេះ!”
គេបានផ្ញើរសារជូនទៅនាង សម្រាប់ថ្ងៃប្រលងចុងក្រោយ
បន្តិចក្រោយមកទូរស័ព្ទគេក៏លោតសារឆ្លើយតបពីនាង
“អរគុណ! សំណាងល្អដូចគ្នាណាសិស្សច្បង!” គេអានសារពីនាងហើយក៏ញញឹម
ជឿចុះថាគេប្រាកដជាប្រលងបានលទ្ធផលល្អមិនខាន ព្រោះថាមានកម្លាំងចិត្តគ្រប់គ្រាន់ ទន្ទឹមនឹងនោះផងដែរសារក្នុងក្រុមរបស់គេក៏លោតមក
“ល្ងាចនេះទៅញ៉ាំអីជុំគ្នាទេ ក្រោយពេលប្រលងចប់?”
សារពីបញ្ញា
“ល្អតើ!” ធារ៉ាតប
“អត់ទេ! ខ្ញុំជាប់រវល់” គេឆ្លើយតបទៅមិត្តភក្តិរបស់គេ
គេមានគម្រោងមួយក្នុងចិត្តហើយ ដូច្នេះហើយត្រូវតែបដិសេធការណាត់ពីពួកគេ
“រវល់ធ្វើអី?” បញ្ញាសួរ
គេបិទទូរស័ព្ទទុកក្នុងន័យបញ្ជាក់ថា
គេមិនត្រូវការបកស្រាយឲ្យមិត្តរួមក្រុមរបស់គេយល់ឡើយ ព្រោះថាវាគឺជារឿងផ្ទាល់ខ្លួន
ម៉ោង៥ល្ងាច ធារិទ្ធិបានចេញពីបន្ទប់ប្រលង ហើយក៏ទៅឈរចាំនៅក្រោមដើរឈើមួយ
មិនយូរប៉ុន្មានគេក៏អាចមើលឃើញនីតា និងមិត្តរបស់នាងដើរមកពីចំងាយ។
“នីតាតើឯងទៅណាទៀតអត់ល្ងាចនេះ?” លក្ខណាសួរ
“អត់ទេ!”នីតាឆ្លើយតប
“បើអញ្ចឹងយើងទៅញ៉ាំអីជុំគ្នាទៅ?”
“មិនបានទេ!”
សំលេងរបស់ធារិទ្ធិស្រាប់តែលឺឡើងក្នុងការសន្ទនារបស់ពួកគេ
ធ្វើឲ្យគេទាំងពីរនាក់ងាករកប្រភពសំលេង
“នេះសិស្សច្បងធារិទ្ធិតើ!”
លក្ខណានិយាយដោយរំភើបព្រោះបានជួបidol របស់ខ្លួន
“សិស្សច្បង!” នីតាឧទានដោយភ្លាក់ផ្អើល
ហេតុអីក៏គេមកឈរនៅត្រង់នេះ ព្រោះអាគារសិក្សារបស់គេនៅឆ្ងាយពីនេះហើយផ្លូវក៏ខុសគ្នា
“នីតាមិនអាចទៅជាមួយប្អូនបានទេ ព្រោះថានាងមានណាត់ជាមួយបងហើយ!”
ធារិទ្ធិនិយាយបញ្ចប់ប្រយោគដោយញញឹមក្នុងន័យអ្នកឈ្នះ ធ្វើឲ្យនីតាម៉ីងម៉ាំង
នាងមានណាត់ជាមួយនឹងគេពីអង្កាល់ ចំណែកលក្ខណាសំលឹងមើលធារិទ្ធិហើយនាងក៏ញញឹម
នាងអាចមើលដឹងថាសិស្សច្បងម្នាក់នេះកំពុងតែចាប់អារម្មណ៍លើមិត្តរបស់នាងហើយ
នេះជាឱកាសល្អតើ មនុស្សយល់ស្ថានការណ៍ដូចនាង មិនត្រូវនៅធ្វើជាឆ្អឹងទទឹងករ នោះទេ
“អូរ!ចាស៎! បើអញ្ចឹងខ្ញុំលាទៅមុនហើយ
ផ្ញើរមើលមិត្តភកិ្តខ្ញុំផង!” ថារួចនាងក៏ដើរចេញទៅ
“អេ! លក្ខណាឈប់សិន!” ដោយហៅមិត្តនាងមិនឈប់
នាងក៏បម្រុងដើរតាម តែធារិទ្ធិចាប់ដៃជាប់
“បម្រុងទៅណា! “ នាងក៏ងាកមកមើលធារិទ្ធិដោយអារម្មណ៍មិនពេញចិត្តខ្លះ
និងឆ្ងល់ខ្លះពីអ្វីដែលដែលកំពុងធ្វើ
“ម៉េចក៏បងចាំបាច់កុហកមិត្តខ្ញុំ? ពួកយើងអត់មានណាត់ជាមួយគ្នានោះទេ"
"ម៉េចក៏ថាអត់?" គេជ្រួញចិញ្ចើម "សាកឆែកមើលក្នុងទូរស័ព្ទទៅមើល
នីតាឆែកមើលទូរស័ព្ទ ក៏ឃើញសាររបស់ធារិទ្ធិ “ល្ងាចនេះពេលប្រលងចប់
ទៅញ៉ាំអីនៅផ្សាររាត្រីជាមួយគ្នាណា!” ហើយនាងក៏បានឆ្លើយ “yes” ផងដែរ ។ អូរនាងចាំបានហើយ គឺថានាងឃើញសាររបស់គេលោតចូលមកដែរតែមិនបានអានឲ្យច្បាស់នោះទេ
ព្រោះរវល់តែជជែលជាមួយមិត្តភកិ្តរឿងមេរៀនប្រលង។ អញ្ចឹងហើយនាងមិនអាចប្រកែកជាមួយនឹងគេបាននោះទេ
ក៏មានតែយល់ព្រមទៅជាមួយគេហ្នឹងឯង។
ពេលទៅដល់ផ្សាររាត្រី នៅផ្លូវចូលមានអ៊ំស្រីចាស់ម្នាក់កំពុងអង្គុយដោយមានតុមួយពីមុខទំនងជាគ្រូទាយ
ពួកគេបានដើរកាត់ ហើយគាត់ក៏បានហៅពួកគេឲ្យឈប់
“ឈប់សិនក្មួយ!” ពេលពួកគេឈប់ហើយ ក៏ងាកមើលទៅគាត់
ហើយគាត់ក៏បាននិយាយបន្ត
“អ៊ំមានពាក្យប៉ុន្មានម៉ាត់ចង់ប្រាប់ក្មួយ តាមអ្វីដែលអ៊ំមើលឃើញ
គឺថាជោគជតារាសីរបស់ក្មួយកំពុងជាប់វាក់វិនជាមួយនឹងវត្ថុអាថ៌កំបាំងម្យ៉ាង ដែលវាអាចផ្តល់ទាំងគ្រោះនឹងទាំងលាភក្នុងពេលតែមួយ
ក្នុងចំនោមមួយពាន់នាក់មិនទាន់មានម្នាក់នោះទេ!” គាត់និយាយព្រមទាំងក្រវីក្បាល
ហាក់ដូចជាថាវាជារឿងចម្លែកខ្លាំងណាស់សម្រាប់គាត់ ចំនែកពួកគេទាំងពីរវិញមិនសូវយល់នូវអ្វីដែលគាត់កំពុងនិយាយនោះទេ
ធារិទ្ធិហាក់ដូចជាចង់សួរគាត់ឲ្យគាត់ពន្យល់ឲ្យបានក្បោះក្បាយបន្តិច ប៉ុន្តែចិត្តគំនិតមួយទៀតក៏ប្រឆាំងមកវិញថា
សម៏យនេះជាសម័យអីទៅហើយ អ្នកណាទៅជឿលើរឿងអបីជំនឿទៀតនោះ អ្វីៗគឺស្ថិតនៅលើសកម្មភាពរបស់មនុស្ស
តែមុននឹងដើរចេញគេក៏បានហុចប្រាក់មួយចំនួនជូនទៅគាត់ក្នុងនាមធ្វើបុណ្យជូនមនុស្សចាស់។
ធារិទ្ធិនិងនីតាបានដើរទៅដល់តូបលក់ម្ហូបហើយក៏កំម៉ង់ម្ហូបញ៉ាំជាមួយគ្នាដោយរីករាយ។...
No comments:
Post a Comment