វគ្គទី៣
(ពំនោលរបស់នរិន្ទ)
អ្នកប្រហែលជាឆ្ងល់ពីវត្តមានរបស់ខ្ញុំហើយ
ថាតើហេតុអ្វីបានជាខ្ញុំមកស្នាក់នៅ ភូមិគ្រឹះមួយនេះ។ កាលពីឆ្នាំ ២០០៥
លោកតាបានរៀបចំភូមិគ្រឹះនេះឱ្យភ្ញៀវចូលទស្សនា
ខ្ញុំនិងលោកប៉ារបស់ខ្ញុំក៏បានមកចូលរួមការបើកសម្ពោធនេះដែរ។ ហើយចាប់តាំងពីថ្ងៃនោះមក
ខ្ញុំតែងតែយល់សប្តិឃើញនារីដ៏ស្រស់ស្អាតម្នាក់ ដែលពេលក្រោយមកខ្ញុំក៏បានគូររូបនាងទុក
។នាងគឺជានារីនៅក្នុងរូបគំនូរ ដែលមាលតីបានឃើញ។ ចំណែកឯលោកប៉ារបស់ខ្ញុំវិញ
ចាប់តាំងពីថ្ងៃនោះមក គាត់ក៏ធ្លាក់ខ្លួនឈឺ ជម្ងឺហាក់មានលក្ខណៈមិនពិតប្រាកដនិងមិន
ច្បាស់លាស់ បីខែក្រោយមកគាត់ក៏ទទួលអនិច្ចកម្ម។ រីឯខ្ញុំវិញ
ខ្ញុំតែងតែឃើញនារីម្នាក់នោះ រៀងរាល់មួយ ខែម្តង ក្នុងសំលៀកបំពាក់នារីសួគ៌ ។
នៅក្នុងយល់សប្តិនោះ នាងបានញញឹមដាក់ខ្ញុំ
គឺជាស្នាមញញឹមដ៏ស្រស់ស្អាតដែលខ្ញុំមិនធ្លាប់ដែលបានឃើញ ខ្ញុំបានដើរតាមនាង នាងបានដើរ
ចូលទៅក្នុងភូមិគ្រឹះ ហើយក៏បាត់ខ្លួនទៅ។ យល់សប្តិឃើញនាងបែបនេះអស់រយៈពេល ១០ឆ្នាំហើយ
តែមួយរយៈចុងក្រោយនេះ យល់សប្តិឃើញនាងស្ទើររៀងរាល់យប់ ខ្ញុំស្ទើរតែគិតថាខ្លួនឯងនេះ
កើត ជម្ងឺផ្លូវចិត្តទៅហើយ ព្រោះមនុស្សធម្មតាឯណាទៅយល់សប្តិបែបហ្នឹងនោះ។
ខ្ញុំបាននិយាយរឿងរ៉ាវទាំងអស់នេះទៅមិត្តភក្តិ
សំលាញ់របស់ខ្ញុំគឺ ហនុរាជ។ ហនុរាជបាន ផ្តល់យោបល់ឱ្យខ្ញុំទៅជួបជាមួយនឹងគ្រូពេទ្យចិត្តសាស្រ្ត។
ខ្ញុំក៏បានធ្វើតាមពាក្យ ហនុរាជ។ លោកគ្រូពេទ្យចិត្តសាស្រ្តបានពន្យល់ពីមូលហេតុថា
ខ្ញុំប្រហែលជាគិតច្រើនពេកអំពីភូមិគ្រឹះ នោះ
ហើយខ្ញុំប្រហែលជាធ្លាប់ឃើញនារីម្នាក់នោះពីពេលណាមួយដែលខ្ញុំមិនចងចាំថាពេលណា
តែខួរក្បាលបានប្រមូលនិងចងចាំរូបនោះទុក រួចក៏បង្កើតរូបនោះទៅក្នុងយល់សប្តិ។
គាត់បានឱ្យខ្ញុំ តាំងចិត្តឱ្យស្ងប់ និងប្រមូលអារម្មណ៍ឱ្យមូល មុនពេលចូលគេង។
ខ្ញុំបានអនុវត្តតាមគាត់ តែលទ្ធផលដែលទទួលបានគឺផ្ទុយស្រលះពីអ្វីដែលបានរំពឹងទុក
គឺខ្ញុំយល់សប្តិឃើញនាងរាល់យប់ តែម្តង។
បន្ទាប់ពីប្រាប់រឿងនេះដល់ហនុរាជហើយ
ហនុរាជក៏បានបង្ហាញនូវដំណោះស្រាយមួយទៀត ដល់ខ្ញុំ ៖
“បើបញ្ហាយល់សប្តិរបស់ឯង
ដោះស្រាយតាមបែបវិទ្យាសាស្រ្តមិនបានទេ ត្រូវតែ ដោះស្រាយតាមបែប អបីជំនឿម្តង។ ពេលឯងត្រលប់មកពីភូមិគ្រឹះវិញកាលពី
១០ឆ្នាំមុន ប្រកដជាខ្មោចស្រីដ៏ស្រស់ស្អាតនោះ តាមឯងមកជាមិនខាន
ហើយនាងព្យាយាមអន្ទងហៅឯង ឱ្យត្រលប់ទៅវិញ អញ្ចឹងហើយមានតែរកគ្រូចាប់ខ្មោច
មកជួយកំចាត់នាងចេញទេទើបបាន ឬមួយក៏មាននារីណាម្នាក់ចាប់អារម្មណ៍លើឯង
ហើយក៏ព្យាយាមមកជួបឯងក្នុងយល់សប្តិ តាមរយៈការប្រើមន្តអាគមផ្សេងៗ
នាងបានរងចាំឯងនៅឯភូមិគ្រឹះដូចនេះហើយទើបនាងព្យាយាម ហៅឯងឱ្យត្រលប់ទៅកាន់ទីនោះ
បើឯងទៅឯងប្រាកដជាបានជួបនាង ហើយឯងនឹងលែង យល់សប្តិទៀតហើយ។ ពេលដែលឯងបានជួបនាងហើយ
ក៏រកវីធីចាត់ការនាងទៅ។”
ខ្ញុំមិនជឿតាមពាក្យបកស្រាយរបស់ ហនុរាជទេ តែខ្ញុំចង់មកស្នាក់នៅភូមិគ្រឹះនេះមួយរយៈ
ខ្ញុំជឿថាដើមហេតុនៃការយល់សប្តិរបស់ខ្ញុំគឺកើតចេញពីទីនេះ អញ្ចឹងហើយបើខ្ញុំមកទីនេះ
ចំនោទបញ្ហានោះប្រាកដជាស្រាយចេញ។
ខ្ញុំពិតជាធុញទ្រាន់ណាស់ក្នុងការដែលត្រូវយល់សប្តិឃើញ
នារីដែលមិនស្គាល់អត្តសញ្ញាណរៀងរាល់យប់បែបនេះ។ ខ្ញុំបានសូមលោកតា មកស្នាក់នៅ
ភូមិគ្រឹះនេះមួយរយៈ តែលោកតាមិនយល់ព្រម សូម្បីតែលោកយាយនិងអ្នកម៉ាក់ក៏បដិសេធដាច់
អហង្កា ពិតជាមិនយល់ទេហេតុអ្វីបានជាពួកគាត់មិនឱ្យខ្ញុំមកទីនេះ។
តែយ៉ាងណាក៏ដោយខ្ញុំត្រូវតែ មកឱ្យបាន។
ខ្ញុំមានវិធីសាស្រ្តដែលធ្វើឱ្យពួកគាត់យល់ព្រម។
“បើអ្នកទាំងអស់គ្នា មិនឱ្យខ្ញុំទៅរស់នៅភូមិគ្រឹះនោះទេខ្ញុំនឹងមិនយកប្រពន្ធអស់មួយ
ជីវិត”
ថាខ្ញុំគម្រាមពួកគាត់ ក៏បាន ថាខ្ញុំនិយាយការពិតក៏បាន ដែលថាគម្រាមពួកគាត់ព្រោះថា
ពួកគាត់ ខ្លាចអត់មានកូនស្នងត្រកូល អញ្ចឹងហើយរឿងរៀបការរបស់ខ្ញុំ គឺជារឿងសំខាន់
ដែលថាខ្ញុំ និយាយការពិតព្រោះថា តើឱ្យខ្ញុំរៀបការយ៉ាងម៉េចទៅ
បើខ្ញុំយល់សប្តិឃើញស្រីចំលែកនោះរាល់ យប់បែបហ្នឹង ខ្ញុំនឹងមានអារម្មណ៍ថា ក្បត់ចិត្តភរិយាដោយប្រយោល
ព្រោះថាគេងជាមួយនាង តែបែជាយល់សប្តិឃើញស្រីផ្សេងទៅវិញ។
ឃើញទេគ្រាន់តែលឺសូរបែបហ្នឹង
អ្នកទាំងអស់គ្នាបើកភ្នែកធំៗ ហើយក៏អនុញ្ញាតឱ្យខ្ញុំ មកទីនេះ តែមានរយៈពេលកំណត់
គឺត្រឹមតែ៣ ខែប៉ុណ្ណោះ។ ខ្ញុំក៏បានយល់ព្រម ត្រឹមរយៈពេលបី
ខែខ្ញុំប្រាកដជាអាចដោះស្រាយបញ្ហារបស់ខ្ញុំបាន។ មុននឹងខ្ញុំមក
ពួកគាត់បានអញ្ជើញព្រះសង្ឃមកស្រោចទឹក និងសូត្រមន្ត រំដោះគ្រោះឱ្យខ្ញុំ។
ខ្ញុំមានអារម្មណ៍ចម្លែកពន់ពេក ពួកគាត់ ហាក់ដូចជាមានអ្វីលាក់បាំងនឹងខ្ញុំ
អំពីរឿងដែលទាក់ទងនឹងភូមិគ្រឹះនេះ។ តែហ៊ើយទៅចុះ បើពួកគាត់ មិនចង់ប្រាប់ទេ
ខ្ញុំក៏មិនសួរដែរ ខ្ញុំនឹងស្វែងរកចម្លើយដោយខ្លួនឯង។
ខ្ញុំនិងហនុរាជ
បានចាប់អារម្មណ៍ទៅលើភូមិគ្រឹះនេះយ៉ាងខ្លាំង ពួកយើងក៏បានធ្វើការ ស្រាវជ្រាវ
និងព្យាយាមរកពត៌មានទាក់ទងនឹងភូមិគ្រឹះ តែពត៌មានដែលទទួលបាន ច្រើនតែជាពត៌មាន
ទូទៅដែលអានហើយរិតតែបង្តើតចម្ងល់។ ហនុរាជ បានប្តេជ្ញាថានឹងជួយខ្ញុំស្វែងរកការពិត
ពីនារី ក្នុងសុបិន្តនិង ភាពអាថ៌កំបាំងរបស់ភូមិគ្រឹះឱ្យបាន។
ពេលមកដល់ដំបូង ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង
ពេលឃើញនារីម្នាក់ដែលមានមុខមាត់ ដូចនារីក្នុង យល់សប្តិរបស់ខ្ញុំ។ បើការបកស្រាយរបស់
ហនុរាជជាការពិត នាងប្រាកដជាស្រីធ្មប់ដែលចេះ មន្តអាគម
ហើយចូលមកក្នុងយល់សប្តិរបស់ខ្ញុំ ដើម្បីអន្ទងហៅឱ្យខ្ញុំមកជួបនាង នាងប្រាកដជា
ស្គាល់ខ្ញុំច្បាស់ជាមិនខាន។ ប៉ុន្តែពេលខ្ញុំសួរនាំនាង មើលទៅទឹកមុខនិងឬកពាររបស់នាង
នាងមិន សមថាដឹងរឿងអស់ទាំងនេះនោះទេ ខ្ញុំជឿទៅលើកែវភ្នែក និងទឹកមុខមិនដឹងខ្យល់អីរបស់នាង។
តែដើម្បីឱ្យដឹងកាន់តែច្បាស់ ខ្ញុំបានស៊ើបប្រវត្តិរបស់នាង និងឱ្យហនុរាជជួយរកពត៌មានបន្តែម
ពីនារីម្នាក់នេះឱ្យខ្ញុំ។
ត្រឹមម៉ោង ១០យប់
ខ្ញុំបានទទួលពត៌មានមួយចំនួនទាក់ទងនឹងជីវប្រវត្តិនាង។ នាងឈ្មោះ កែវ មាលតី
មានស្រុកកំណើតនៅខេត្តកណ្តាល អាយុ២៣ឆ្នាំ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ
ផ្នែកគ្រប់គ្រងទេសចរណ៍ មុខរបរសព្វថ្ងៃ ជាអ្នកស្រាវជ្រាវឯករាជ្យ។ បើស្មានមិនខុសទេ
បច្ចុប្បន្ននាងកំពុងតែស្រាវជ្រាវទៅលើគម្រោងមួយ ដែលប្រហែលជាសិក្សាអំពីសក្តនុពល
របស់ភូមិគ្រឹះនេះទៅលើវិស័យទេសចរណ៍។ លើសពីនេះទៅទៀតពត៌មានដែលខ្ញុំចង់ដឹង
គឺថានាងអត់មានគ្រួសារជាអ្នកចេះមន្តអាគម អូមអាមអីទេ ហើយកាលពី១០ឆ្នាំមុន
នាងទើបតែមាន អាយុ១៣ឆ្នាំប៉ុណ្ណោះ នាងមិនដែលបានមកសៀមរាប ឬទៅភ្នំពេញទេ
អញ្ចឹងហើយមិនសមថា នាងធ្លាប់ជួបខ្ញុំនោះទេ ឬមួយក៏នាងអាចជាជនរងគ្រោះដូចខ្ញុំដែរ
ដែលត្រូវបានអន្ទងហៅឱ្យមក កាន់ទីនេះ។ ខ្ញុំមិនគួរសង្ស័យនាងក្នុងផ្លូវមិនល្អនោះទេ
នាងអាចនឹងជាកម្លាំងសំខាន់ក្នុងការជួយ
ខ្ញុំឱ្យរកការពិតបានពីភូមិគ្រឹះនេះផងក៏មិនដឹង
ព្រោះថានាងជាអ្នកស្រាវជ្រាវស្រាវស្រាប់។
ក្រោយពីជម្រះមន្ទិលសង្ស័យពីរឿងរបស់ មាលតីហើយ
ខ្ញុំក៏បានសម្រាក ហើយនៅក្នុងយប់ ទីមួយនៃការស្នាក់នៅក្នុងភូមិគ្រឹះនេះ ខ្ញុំបានយលសប្តិឃើញនារីម្នាក់ដែលនាងស្លៀកសំលៀក
បំពាក់សម័យលង្វែកមានលក្ខណៈជាអាវផាយ ដែលគេស្លៀកពាក់នៅក្នុងរឿងទុំទាវ ដែលនាង
មិនមែនជានារីដែលខ្ញុំយល់សប្តិឃើញរាល់ដងនោះទេ។ នារីម្នាក់នេះបានរត់មករកខ្ញុំ
នាងបានយំ ហើយលុតជង្គង់ចំពោះមុខខ្ញុំ រួចក៏ពោលរៀបរាប់៖
“អ្នកប្រុសខេមរា អ្នកប្រុសត្រលប់មកវិញហើយឬ? ខ្ញុំនឹកអ្នកប្រុសណាស់(ខ្ញុំឃើញបន្លឺនៃភាពត្រេកអរក្នុងកែវភ្នែករបស់នាង) សូមអ្នកប្រុសលើកលែងទោសឱ្យខ្ញុំផង
ខ្ញុំដឹងខុសហើយអ្នកប្រុស សូមអ្នកប្រុសលើកលែងទោសឱ្យខ្ញុំផង!”
ខ្ញុំមិនទាន់បានឆ្លើយតប
និងសួរនាំទៅនាងថាម៉េចផង ស្រាប់តែខ្ញុំភ្ញាក់ឡើង ដូចជាមានសំលេងម្យ៉ាងដាស់ខ្ញុំ
នោះគឺសំលេងស្រែកយំយ៉ាងគ្រលួច ពោរពេញដោយការឈឺចាប់ របស់ស្រ្តីម្នាក់
ស្តាប់ទៅគួរឱ្យខ្លាច។ សំលេងនេះ បើមិនលឺមកពីជាន់ទី២ គឺជាន់ទី៣ នៃភូមិគ្រឹះ។ ខ្ញុំនឹងរង់ចាំស្តាប់នៅយប់បន្ទាប់ទៀត
ចាំមើលថាយប់ស្អែកនឹងលឺសំលេងនេះទៀតដែរឬទេ
ខ្ញុំមិនទាន់ចង់ទៅស្វែងរកសំលេងនេះនៅពេលនេះទេ ត្រូវរង់ចាំមើលបន្តិចទៀតសិន។ ពេលសំលេង
នោះស្ងាត់ទៅ ខ្ញុំក៏បានលឺសូរសំលេងស្រែកឱ្យជួយ “ជួយផង! ជួយផង! ជួយខ្ញុំផង! ខ្ញុំស្លាប់ឥឡូវហើយ!” សំលេងនេះចេញមកពីក្រៅមាត់បង្អួច
ឬមួយជាសំលេងរបស់មាលតី។ ច្បាស់ណាស់នាងប្រាកដជាយល់សប្តិអាក្រក់ជាមិនខាន
ព្រោះថាភូមិគ្រឹះនេះយាមកាម បានហ្មត់ចត់ ល្អណាស់ មិនអាចមានចោរចូលមកបានទេ។
ខ្ញុំក៏ប្រញាប់រត់ទៅមើលនាង ហើយព្យាយាមដាស់ នាងឱ្យភ្ញាក់ចេញពីសុបិន្តអាក្រក់។
ដោយពេលនេះជាវេលាជិតភ្លឺទៅហើយ
វាក៏មិនសមក្នុងការត្រលប់ទៅដេកវិញ
ខ្ញុំក៏បានហៅនាងទៅមើលថ្ងៃរះជាមួយគ្នានៅលើដំបូលភូមិគ្រឹះ រួចហើយក៏នាំនាងទៅបណ្ណាល័យ។
ខ្ញុំមានបំនងចង់ជួយនាង សង្ឃឹមថាសៀវភៅនៅក្នុងបណ្ណាល័យ អាចជួយផ្តល់ពត៌មានខ្លះ
ដែលនាងចង់បាន
ឱ្យដល់នាង។ ដើរមើលសៀវភៅបានបន្តិច
សំលាញ់របស់ខ្ញុំ ហនុរាជ បានតេមក ខ្ញុំក៏លើកនិយាយ៖
“អាឡូ ហនុរាជ!”
“ខ្ញុំទទួលបានពត៌មានថ្មីដែលទាក់ទងទៅនឹង អ្នកដែលសរសេរប្រវត្តិភូមិគ្រឹះ រួចបង្ហោះទៅក្នុងប្រព័ន្ធអ៊ិនថឺណែត
ខ្ញុំយកបានអាស័យដ្ឋានគាត់ហើយ គាត់រស់នៅខេត្តសៀមរាបល្មម ខ្ញុំនឹងផ្ញើរសារអោយឯង
និងមានទិន្នន័យមួយចំនួនទៀតដែលខ្ញុំរកបាន ត្រូវការឱ្យខ្ញុំផ្ញើរឱ្យតាម Inbox ក្នុង Facebook ឬក៏តាម
អ៊ីម៉ែល? ”
“ ជួយផ្ញើរទិន្នន័យដែលឯងរកឃើញហ្នឹងឱ្យខ្ញុំតាម
អ៊ីម៉ែលមកណា!”
“Yes, កំពុងតែផ្ញើរទៅហើយ Message Sent”
“ហ្នឹងហើយ ខ្ញុំនឹងទៅពិនិត្យមើលឥលូវនេះភ្លាម”
ខ្ញុំចុចបិទទូរស័ព្ទរួចក៏និយាយទៅកាន់មាលតី
“បើមានសៀវភៅណាពេញចិត្តនាងអាចយកទៅមើលបាន តែពេលមើលហើយ កុំភ្លេច
យកមកទុកកន្លែងដើមវិញផង។”
ខ្ញុំបើកផ្លូវឱ្យនាងពេញទំហឹង
ក្នុងការប្រើប្រាស់បណ្ណាល័យនេះ
“ចាសអរគុណអ្នកប្រុស!” មិនចាំបាច់គួរសមដាក់ខ្ញុំដល់ម្លឹងទេ
នាងមិនមែនជាអ្នកបម្រើ នៅទីនោះផង មិនចាំបាច់ហៅខ្ញុំថាអ្នកប្រុសនោះទេ អាចហៅខ្ញុំថា “បងនរិន្ទ” សាមញ្ញបែប នេះទៅ
គឺល្អណាស់ហើយ ហើយខ្ញុំក៏សប្បាយចិត្តជាង ខ្ញុំគ្រាន់តែគិតក្នុងចិត្ត
មិនបាននិយាយពាក្យទាំងនេះទៅកាន់នាងនោះទេ។
ខ្ញុំបានទៅកាន់បន្ទប់របស់ខ្ញុំហើយ
ពិនិត្យមើលឯកសារដែល ហនុរាជផ្ញើរឱ្យ (មើលទៅខ្ញុំពេលនេះហាក់ដូចពូលីសកំពុងតែស៊ើបអង្កេតរឿងក្តីអញ្ចឹង
កំពុងតែរកចំនុចសង្ស័យ រកចំនុចគន្លឹះ និងព្យាយាមស្វែងរកការពិត)។
ហនុរាជបានផ្ញើរទិន្នន័យលំអិត
ទាក់ទងនឹងប្រវត្តិរូបរបស់ប្រជាជន ២២គ្រួសារដែល ស្នាក់នៅក្នុងបរិវេនភូមិគ្រឹះ។
ខ្ញុំបានពិនិត្យមើលម្តងមួយៗ ដោយយកចិត្តទុកដាក់ ហើយពត៌មានដែលទទួលបានគឺ
ពួកគាត់មានស្រុកកំណើតមកពីតំបន់ផ្សេងៗគ្នា។ នៅឆ្នាំ ១៩៩៥
លោកតារបស់ខ្ញុំបានជួយឧបត្ថម្ភពួកគាត់ និងឱ្យពួកគាត់មកស្នាក់នៅក្នុងភូមិគ្រឹះ
ដោយប្រកប មុខរបរផ្សេងៗ។ តាមពិតទៅ ដំបូងលោកតាបានប្រកាសជ្រើសរើសរកអ្នកស្ម័គ្រចិត្ត
និងត្រូវគោរពល័ក្ខខណ្ឌិកៈក្នុងការរស់នៅទៅនេះ ហើយក៏រើសបានប្រជាជន ២២គ្រួសារហ្នឹង
មករស់នៅរហូតដល់សព្វថ្ងៃនេះ។
តើគោលបំនងរបស់លោកតាគឺជាអ្វី? ហេតុអ្វីបានជាគាត់ចង់រៀបចំភូមិគ្រឹះឱ្យមាន
លក្ខណៈបែបនេះ? (តើខ្ញុំអាចរកចម្លើយនៃសំនួរនេះតាមណា
? បើសួរលោកតា
តើគាត់អាចប្រាប់ការពិតដល់ខ្ញុំដែរឬទេ?)
ខ្ញុំផាកឈប់គិតរឿងហ្នឹងសិន
ហើយក៏នឹកឃើញទៅដល់នារីម្នាក់ដែលខ្ញុំទើបតែបានឃើញ ក្នុងយល់សប្តិ
ខ្ញុំបានចាត់ការគូររូបរបស់នាង។ ទម្រាំខ្ញុំគូររូបនាងហើយ ក៏ដល់ពេលអាហារថ្ងៃ
ត្រង់ល្មម។ ខ្ញុំមានអារម្មណ៍ថាឃ្លានខុសពីធម្មតា
ត្រូវហើយព្រោះខ្ញុំមិនបានបរិភោគអាហារ ពេលព្រឹក។
សំលេងគោះទ្វារ “តុកៗៗៗ”
ខ្ញុំតប “ចូលមក! ទ្វារអត់បានចាក់សោទេ”
អ៊ំស្រីចំអិនម្ហូបបានដើរចូលមក
ហើយសួរខ្ញុំ
“តើអ្នកប្រុសចង់ឱ្យខ្ញុំលើកអាហារថ្ងៃត្រង់មកជូនដល់ទីនេះ
ឬក៏អ្នកប្រុសចុះទៅពិសារ ខាងក្រោម?”
“កុំបាច់ពិបាកយកមកឱ្យខ្ញុំដល់លើអី ខ្ញុំនឹងចុះទៅក្រោម”
“ចាស អ្នកប្រុស! ខ្ញុំនឹងរៀបចំជូន” រួចគាត់ក៏ដើរចេញទៅវិញ
និងបិទទ្វារថ្មមៗឱ្យខ្ញុំ
ពេលចុះទៅដល់ក្រោម
ខ្ញុំបានឃើញមាលតីកំពុងតែជួយរៀបអាហារដាក់លើតុជាមួយអ៊ំ ស្រីចុងភៅ
ខ្ញុំក៏បានលឺសំលេងសន្ទនារបស់នាងផងដែរ
“អ៊ំស្រីមករស់នៅទៅនេះ ទើបតែបាន២០ឆ្នាំទេឬ?”
“មែនហើយ! ដំបូងឡើងអ៊ំនិងប្តីរបស់អ៊ំ
មិនបានរស់នៅទីនេះទេ!”
“ចុះអ៊ំមានកូនដែរទេ?”
“អ៊ំមានកូនស្រីម្នាក់ ឥឡូវនេះកំពុងតែរៀននៅសាកលវិទ្យាល័យឯទីក្រុងភ្នំពេញ”
“អូ!”
មើលទៅនាងកំពុងតែស្រាវជ្រាវនូវរឿងតែមួយដូចខ្ញុំដែរ គ្រាន់តែប្រើវីធីសាស្រ្តពីផ្សេង
គ្នា ខ្ញុំធ្វើការសិក្សាទៅលើឯកសារនិងទិន្នន័យដែលមាន ឯនាងវិញប្រើការសម្ភាស៍ផ្ទាល់មាត់ដើម្បី
បានពត៌មាន តែលទ្ធផលដែលទទួលបានគឺដូចគ្នា។ ដូចគ្នាត្រង់ថា យើងបានដឹងថាពួកគាត់ គឺជាជន
ចំនូលថ្មី ដែលទើបតែមកស្នាក់នៅទៅនេះបាន២០ឆ្នាំប៉ុណ្ណោះ មិនមែនមានដើមកំណើតនៅទីនេះ
តែម្តងនោះទេ។
ពេលខ្ញុំដើរទៅដល់អ៊ំស្រី
និងមាលតីបានបញ្ចប់ការសន្ទនា
“អ៊ំជួយរៀបឱ្យមួយសម្រាប់ទៀតផង!”
ខ្ញុំបាននិយាយទៅកាន់អ៊ំស្រី ព្រមទាំងអង្គុយចុះ
ទៅលើកៅអីដែលបានបម្រុងទុកសម្រាប់ខ្ញុំ
“ចាស អ្នកប្រុស!” អ៊ំស្រីបានធ្វើតាមពាក្យរបស់ខ្ញុំ គាត់រៀបបន្ថែម ចាន សម
ស្លាបព្រា និងកែវទឹកមួយទៀតដាក់សម្រាប់កៅអីទល់មុខខ្ញុំ
ទន្ទឹមនឹងនោះ
មាលតីមានទឹកមុខងឿយឆ្ងល់ រួចក៏បានសួរខ្ញុំ
“អ្នកប្រុសមានភ្ញៀវឬ?”
“អ៊ឺម....! (ខ្ញុំងក់ក្បាល រួចនិយាយបន្ត) នាងអង្គុយចុះមក ហើយញ៉ាំបាយជាមួយខ្ញុំ”
“ខ្ញុំ?”នាងចង្អុលមុខខ្លួនឯង និងសួរខ្ញុំបញ្ជាក់
មើលមុខឆ្ងល់របស់នាងចុះ ល្អមើលដល់ ហើយ តែងតែឆ្ងល់គ្រប់រឿងតែម៉ង ទឹកមុខរបស់នាងតែងតែបង្ហាញពីការគិតរបស់នាងទាំងអស់
ខ្ញុំបានងក់ក្បាល ដើម្បីបញ្ជាក់ថានាងស្តាប់មិនខុសទេ។ នាងក៏បានអង្គុយចុះលើកៅអី
ទល់មុខខ្ញុំ ឃើញនាងប្រុងប្រៀបស្រួលប្រួលហើយ ខ្ញុំក៏ចាប់ផ្តើមញ៉ាំអាហារ
ហើយនាងក៏ចាប់ផ្តើម ញ៉ាំដែរ ញ៉ាំបានតែមួយម៉ាត់នាងក៏និយាយ
“ខ្ញុំមានរឿងចង់សួរអ្នកប្រុស!”
ខ្ញុំមើលមុខនាងហើយក៏តប
“ញ៉ាំបាយឱ្យហើយសិនទៅ ខ្ញុំមានពេលច្រើនណាស់សម្រាប់ឱ្យនាងសួរ ចឹងហើយមិន
ចាំបាច់សួរពេលបាយនោះទេ!”
“ចាស!” ហើយនាងក៏បន្តញ៉ាំបាយរបស់នាង
មើលចុះនាងធ្វើមុខកំប្លែងទៀតហើយ មុខគួរឱ្យខ្នាញ់
ញ៉ាំបាយបណ្តើរមើលមុខគួរឱ្យអស់សំណើចរបស់នាងបណ្តើរ ពិតជាល្អមែន ហើយខ្ញុំក៏មិនចាំបាច់មានអារម្មណ៍ឯការដែលត្រូវញ៉ាំបាយម្នាក់ឯង។
ខ្ញុំទទួលអារម្មណ៍ល្អចម្លែក បែបនេះខ្ញុំគួរតែរកវិធី ឱ្យនាងញ៉ាំបាយកំដរខ្ញុំឱ្យបានញ៉ឹកញាប់
ឬបើអាចរាល់ថ្ងៃកាន់តែ ប្រសើរ។
No comments:
Post a Comment