Monday, February 27, 2017

ភូមិគ្រឺះអាថ៌កំបាំង វគ្គទី៦



វគ្គទី៦
ខ្ញុំក្រោកចាកពីដំណេក សម្រេចចិត្តឈប់ខ្វល់ ពីរឿងយល់សប្តិ​ និងរឿងភូមិគ្រឹះមួយ រយៈសិន។ ខ្ញុំចង់ផ្តោតទៅលើការស្រាវរបស់ខ្ញុំម្តង ដោយថ្ងៃនេះខ្ញុំនឹងទៅសម្ភាសន៍ ជាមួយនឹង ប្រជាជនមួយចំនួន  លឺមកថាពួកគាត់ខ្លះគឺមានដើមកំណើតជាជនជាតិភាគតិចផង។ ខ្ញុំបានរៀបចំ ខ្លួនរួចរាល់ហើយ ក៏ស្តាយកាតាបតូចរបស់ខ្ញុំទៅជាមួយ ដែលមានប៉ិច ខ្មៅដៃ កម្រងសំនួរសម្រាប់សម្ភាសន៍ខ្លះ ក្រដាសស សៀវភៅសរសេរ កាម៉េរាថតរូប និង ប្រដាប់ថតសំលេង។ ពេលរៀប ដើរចេញពីបន្ទប់ខ្ញុំ ក៏នឹកឃើញទៅដល់ សៀវភៅ មាលតី​មាសបង ខ្ញុំក៏បានយកសៀវភៅនោះ មកបើកមើល ក្រដាសពិតជាចាស់ពិតមែន តែអក្សរនៅអាចអានបាន។ ខ្ញុំក៏បានកាន់វាជាប់នឹងដៃ យកទៅជាមួយ មិនទាន់អាចអានបានទេ ព្រោះថាអ្នកប្រុសនរិន្ទកំពុងរង់ចាំនៅតុអាហារ អញ្ចឹងហើយ ទើបខ្ញុំកាន់វាយកទៅជាមួយ បើមានពេលទំនេរចាំឆ្លៀតបើកមើល។
ពេលទៅដល់តុអាហារ ខ្ញុំឃើញអ្នកប្រុសរង់ចាំជាស្រេច ខ្ញុំក៏បានអង្គុយចុះទល់មុខគាត់ ដាក់សៀវភៅនៅលើតុក្បែរនោះ ហើយរៀបចំ ញ៉ាំអាហារពេលព្រឹក​ដោយស្ងៀមស្ងាត់។ ពេលញ៉ាំរួចរាល់ហើយ អ្នកប្រុសបានសួរ ខ្ញុំ៖
នេះ មានស្តាយកាតាបមានអីផង តើបម្រុងទៅណាហ្នឹង?
ខ្ញុំចង់សម្ភាសន៍ប្រជាជន ពីរ បីគ្រួសារ សាកមើល!
ត្រូវការឱ្យខ្ញុំជួយអត់?
អត់ទេ ខ្ញុំមិនហ៊ានរំខានអ្នកប្រុសទេខ្ញុំតបទៅដោយស្មោះត្រង់គឺគ្មានបំនងឱ្យគាត់ជួយ នោះទេ
បើនាងមិនឱ្យខ្ញុំជួយទេ នាងប្រាកដជាស្តាយក្រោយហើយ ព្រោះថាទោះជាយ៉ាងណា ក៏ខ្ញុំគង់ តែឱ្យនាងជួយខ្ញុំវិញទេ ហើយនោះគឺជាលក្ខខ័ណ្ឌទីពីររបស់ខ្ញុំ គាត់ញញឹមក្នុងភាពជាអ្នក ឈ្នះមកកាន់ខ្ញុំ
ចាស បើអ្នកប្រុសនិយាយអញ្ចឹងទៅហើយ ខ្ញុំគួរតែត្រូវការជំនួយពីអ្នកប្រុស​ តែថាលក្ខខ័ណ្ឌទីពីរនោះគឺជាអ្វី?
ខ្ញុំត្រូវការគូររូបគំនូរពីរបីផ្ទាំង ហើយចង់ឱ្យនាងធ្វើជាមូឌែលឱ្យខ្ញុំ ឱ្យខ្ញុំធ្វើជា ផូស សម្រាប់គូររូបឬ ខ្ញុំត្រូវស្លៀកពាក់ជិតៗ តើមែនទេ?
ខ្ញុំយល់ព្រមតែមានលក្ខខ័ណ្ឌគាត់សំលឹងមើលមុខខ្ញុំរាងបែបឆ្ងល់
នាងមានលក្ខខ័ណ្ឌអ្វី? ​គាត់ជ្រួញចិញ្ចើមចូលគ្នា ហាក់ដូចជាចង់បានន័យថា​ខ្ញុំនេះជាមនុស្ស រឿងច្រើនមែន ខ្ញុំធ្លាប់មានបទពិសោធន៍មើលរឿងទីតានិច តួស្រី រូស បានដោះអាវហើយ តួប្រុស ជេក គូររូបនាង ហើយក៏ឃើញរឿងមួយចំនួនទៀត តួប្រុសចូលចិត្តតែគូរូបតួស្រីបែបនោះ បែបនេះហើយ ទើបខ្ញុំស្រមៃដល់គំនូរ អាក្រាត
ខ្ញុំមិនព្រមឱ្យអ្នកប្រុសគូររូបខ្ញុំក្នុងលក្ខណៈអត់មានសំលៀកបំពាក់នោះទេ! គ្រាន់តែនឹកឃើញក៏យ៉ាប់ទៅហើយ ចុះនេះខ្ញុំកំពុងគិតស្អីហ្នឹង តែត្រូវតែនិយាយឱ្យច្បាស់លាស់ ឱ្យហើយ ទើបបាន
ហាសហា​ (គាត់បានផ្ទុះសំណើចឡើងពេលដែលខ្ញុំនិយាយចប់) នេះនាងគិតថាខ្ញុំនឹងគូររូប នាងអាក្រាតឬ?
មិនដឹងទេ យ៉ាងណាខ្ញុំត្រូវតែការពារខ្លួនទុកឱ្យហើយ! ខ្ញុំនិយាយដោយមុខមាំ
អូខេ ខ្ញុំសន្យាថាមិនគូររូបនាងអីបែបហ្នឹងនោះទេ! ខ្ញុំនឹងគូររូបនាងឱ្យបានស្អាតដូច ដែលបងនាងគូររូបឱ្យនាងអញ្ចឹង​!  ខ្ញុំមានសំលៀកបំពាក់ឱ្យ នាងស្លៀកពាក់ ដែលជាងកាត់ដេរនឹងមកវាស់ខ្លួននាងនាពេលរសៀល នេះគាត់ដឹងទាំងថាបងខ្ញុំជាជាងគំនូរទៀត ឬមួយក៏គាត់បាន ស៊ើបប្រវត្តិរូបរបស់ខ្ញុំខ្ទេចខ្ទីអស់ហើយ
នេះលោកស៊ើបប្រវត្តិរូបរបស់់ខ្ញុំ? គាត់ងក់ក្បាល
ខ្ញុំនៅដឹងថានាងមិនធ្លាប់មានសង្សារនោះទេ! គាត់បញ្ចប់សម្តីហើយក៏ញញឹម និងសំលឹង មើលខ្ញុំដោយកែវភ្នែកស្រទន់ មើលខ្ញុំបែបនេះដឹងអត់ថាបេះដូងខ្ញុំលោតញ៉ាប់ នៅមាន អារម្មណ៍ថាមានចំហាយក្តៅភាយៗចេញពីមុខទៀតផង យីសខ្ញុំកើតស្អី កុំប្រាប់ណាថាកំពុងធ្លាក់ ក្នុងអន្លង់ស្នេហ៍អ្នកប្រុស
ខ្ញុំក៏បានបង្វែរប្រធានបទ
ថ្ងៃកាន់តែក្តៅហើយ បើអ្នកប្រុសចង់ជួយខ្ញុំ តោះពួកយើងគួរតែប្រញ៉ាប់ទៅ!
មុខនាងក្រហមម៉្លេះ ក្តៅខ្លួនមែនទេ!
ខ្ញុំអត់មានកើតអី ទេ (គឺគ្រាន់តែអៀនឡើងក្រហមថ្ពាល់​ មូលហេតុគឺមកពីអ្នកប្រុសតែម្នាក់គត់) ពួកយើងគួរតែប្រញាប់ទៅ ! ខ្ញុំបានក្រោកឡើងហើយអូសដៃគាត់ចេញពីភូមិគ្រឹះ ដោយភ្លេចសៀវភៅ​មាលតីមាសបង នៅលើតុអាហារ មិនបានកាន់យកទៅជាមួយទេ​ រួចក៏ដើរសំដៅទៅ កាន់រោងដាក់ឡាន ដើម្បីយកកង់ជិះម្នាក់មួយសំដៅទៅផ្ទះប្រជាជនដែលស្នាក់នៅជុំវិញ ។ ធម្មតាកង់គឺមាន២ តែពេលនេះវាខូចអស់មួយទៅហើយ​ នៅសល់តែមួយទេ តែមនុស្សមានពីរនាក់ ខ្ញុំមើលមុខអ្នកប្រុសហើយក៏និយាយ
អ្នកប្រុស គួរតែត្រលប់ទៅសម្រាកទៅ ព្រោះថាពេលនេះកង់មានតែមួយទេ ខ្ញុំនឹងទៅតែ ម្នាក់ឯងបានហើយ!
កង់មួយក៏អាចជិះបានពីរនាក់ដែរ គាត់បានបណ្តើរកង់ចេញ ពីរោង​  នេះអ្នកប្រុសចង់ ឌុបខ្ញុំឬ
នាងជាអ្នកឌុបខ្ញុំ ព្រោះថាខ្ញុំទៅជួយធ្វើការឱ្យនាង! :o មិញគាត់ថាម៉េច ឱ្យខ្ញុំឌុបគាត់​ អូព្រះ! ខំតែគិតថា គាត់ជាអ្នកឌុបខ្ញុំតើ យ៉ាប់មែន គាត់នៅញញឹមយ៉ាងច្រលើមដាក់ខ្ញុំទៀត
ប្រកែកមិនកើត​មានតែធ្វើតាមហ្នឹង ទម្រាំតែមកដល់ផ្ទះអ៊ំស្រីដែលត្រូវសម្ភាសន៍ ហត់សឹងស្លាប់  មិនត្រឹមតែហត់ទេ បេះដូងនេះលោតដុកដាក់មកតាមផ្លូវរហូត ចង់ជ្រុះហើយ ព្រោះថាតំបន់ ភូមិគ្រឹះនេះគឺជាតំបន់អភិរក្ស អញ្ចឹងហើយផ្លូវមិនបានធ្វើស្រួលបួលទេ ទើបមានគ្រហុកជាច្រើន ហើយឱ្យតែដល់គ្រលុកម្តងៗកង់ក៏រលាក់ គាត់តែងតែយកដៃមកឱបចង្កេះខ្ញុំឡើងជាប់ដូចខ្លាចធ្លាក់ពីលើកង់អញ្ចឹង។ ខ្ញុំដូចជាសង្ស័យដល់ហើយ ថាតើគាត់មានបំនងឱបខ្ញុំដោយចេតនា ឬក៏ជាអចេតនា :/ ដឹងអត់ថាទង្វើរបស់អ្នកប្រុសបែបនោះ ធ្វើឱ្យខ្ញុំអារម្មណ៍មិនស្រួល វាដូចជាភ័យផងអរផង។
 យើងបានចូលទៅក្នុងផ្ទះរបស់អ៊ំស្រីម្នាក់ ដែលគាត់មានសំលៀកបំពាក់សម័យបុរាណ គួរតែជា សម័យឧត្តុង្គ បានលឺមកថាគាត់មានដើមកំណើតជាជនជាតិភាគតិច ដែលពេលនេះគាត់ប្រកបមុខ របរចិញ្ចឹមសត្វនៅទីនេះ
ជំរាបសួរមីង! ខ្ញុំនិងអ្នកប្រុសបានធ្វើគារវៈកិច្ចទៅកាន់ម្ចាស់ផ្ទះ
ចាស លើកដៃថ្វាយព្រះក្មួយ! អញ្ជើញអង្គុយ! គាត់តបមកពួកយើងដោយសម្តីរដឺន  ពួកយើងក៏បានអង្គុយចុះ គាត់បានលើកតែមួយប៉ាន់ និងពែងតែឱ្យយើងទុកសម្រាប់ពិសារទឹក ក្រោយពីណែនាំខ្លួន​ និងគោលបំនងរួចហើយ​ខ្ញុំក៏បានសួរសំនួរខ្លះទៅកាន់គាត់ ដែលទាក់ទង នឹងពត៌មានរបស់គាត់ ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍។ ចាប់ផ្តើមសួរគាត់ គាត់បែរជាសួរឈ្មោះខ្ញុំបញ្ជាក់ ម្តងទៀត
តើមីនាងក្មួយមានឈ្មោះអ្វីដែរ?
ចាស ខ្ញុំឈ្មោះ មាលតី ណាមីង
ឈ្មោះអី អាក្រក់ស្តាប់ម្ល៉េះ! មីងម៉េចនិយាយចឹង ឈ្មោះអស់ពិរោះត្រឹមខ្ញុំហើយ
អញ្ចឹងឈ្មោះអីទៅបានពិរោះមីង? ខ្ញុំសួរបញ្ជាក់ទៅគាត់វិញ
ឈ្មោះដូច មីងបានពិរោះ
មីងឈ្មោះអីទៅមីង?
  រមាំងខ្សុច
ចាស! មីងឈ្មោះ..... ខ្ញុំធ្វើមុខឆ្ងល់ទៅកាន់គាត់ ទើបគាត់បញ្ជាក់បន្តែម
មីងឈ្មោះ រមាំងខ្សុច”” ហាស ខ្ញុំនិងអ្នកប្រុសមើលមុខគ្នា ហើយញឹមៗតិចៗ ព្រោះមិន ហ៊ានសើចនឹងឈ្មោះដ៏ចំលែកនិងគួរឱ្យអស់សំណើចរបស់គាត់ ដែលវាខុសនឹងក្រមសីលធម៌អ្នកស្រាវជ្រាវ
ចុះ កូន និងប្តីរបស់មីងមានឈ្មោះអ្វីដែរ?
កូនស្រីមីង ឈ្មោះ ផ្កាអាច់កូនប្រុសឈ្មោះ ទ្រាប់ពង និងប្តីឈ្មោះ សាបឈឹង”” ចុមឈ្មោះអីក៏ក៏បែបៗនេះ   
សូមម៉ាភ្លែតណាមីង! ខ្ញុំរត់ចេញពីគាត់ទៅពួននៅក្រោយផ្ទះហើយ សើចយកតែម្តង ព្រោះទប់លែងជាប់ ហើយអ្នកប្រុសក៏រត់ទៅតាមក្រោយដែរ
ហាសហា​ ហាសហា​ ហាសហា..... ! យើងទាំងពីរនាក់សើចអស់ចិត្តទើប ត្រលប់ មកសម្ភាសន៍គាត់ម្តងទៀត
ពេលសម្ភាសន៍គាត់រួចរាល់ហើយ យើងក៏បន្តទៅផ្ទះចំនួនពីរទៀត។ បន្ទាប់មកពួកយើង ក៏បានជិះកង់ទៅដល់ដើមឈើគូស្នេហ៍ដែលភ្ញៀវទេសចរ តែងតែមកធ្វើការបួងសួងនៅទីនេះ ដែលមានដើមឈើធំពីរដើមបែកមែកត្រឈឹងត្រឈៃ​ ហើយមានអាយុកាលរាប់រយឆ្នាំមកហើយ គេជឿថាគូស្នេហ៍ដែលមកបន់ស្រន់នៅទីនេះ តែងតែបានជួបជុំគ្នាហើយស្រឡាញ់គ្នាដល់ចាស់។ ដោយហត់ពេក ខ្ញុំក៏បានក៏បានអង្គុយចុះហើយ សម្រាកក្រោមដើមឈើ អ្នកប្រុសនរិន្ទ ធ្ងន់ ដល់ហើយ ឌុបគាត់យូរទៅកាន់តែធ្ងន់ទៅៗ ។ គាត់បានដាក់គូទអង្គុយចុះក្បែរខ្ញុំដែរ ដោយមើលឃើញទេសភាពល្អ ខ្ញុំបានយកទូរស័ព្ទមកថតទេសភាពជុំ វិញ ដែលមានវាលស្រែ និងដើមដូង ដើមត្នោតដុះជាជួរ រួចក៏បម្រុងថតរូបខ្លួនឯង Selfi ផង។ ពេលនេះម៉ោង ១២ ថ្ងៃត្រង់គត់ តែម្តង ខ្ញុំបានងាកទៅមើលអ្នកប្រុសដែលអង្គុយជិតខ្ញុំ បម្រុងហៅគាត់ថត Selfi ជាមួយគ្នា តែបាត់គាត់ទៅណាបាត់ហើយ មានអារម្មណ៍ថាលឺសំលេង ស្លឹកឈើរង្គើនៅខាងលើ ខ្ញុំក៏ងាកមើលទៅលើ ស្លាប់ហើយចុះគាត់ទៅឡើងដើមឈើ ធ្វើអី មើលឡើងទៅខ្ពស់ទៀត។ អ្នកណាគេឱ្យឡើងដើមឈើទាំងកណ្តាលថ្ងៃត្រង់អញ្ចឹងនោះ មិនល្អសោះឡើយ ខ្ញុំបានហៅគាត់ឱ្យចុះមកវិញ
អ្នកប្រុសចុះមកវិញមក ឡើងទៅធ្វើអី ចុះ ឱ្យលឿនមក
ខ្ញុំចុះទៅឥឡូវហើយ! គាត់ស្រែកតបមកខ្ញុំវិញ ខ្ញុំឃើញថាគាត់កំពុងតែបោះជើងរំលង ពីមែកឈើមួយទៅមែកឈើមួយទៀត ហើយប្រឹងឈោងដៃទៅរកបង្វាច់មួយនៅចុងឈើនោះ មើលទៅស្រ៊ាវដល់ហើយ ហើយនៅពេលដែលគាត់កំពុងតែឈរនៅលើមែកថ្មី ដែលមើលទៅដូច ជាមែកងាប់ មែកនោះបានបាក់ឈឺសូរតែប្រាវ ហើយធ្លាក់ចុះមកក្រោម ចំនែកអ្នកប្រុស ក៏បានធ្លាក់ចុះមកដែរ
ហាហាហាហាហា! ខ្ញុំបានស្រែកភ្លាត់សំឡេង ពេលដែលឃើញគាត់ធ្លាក់មកបែបនេះ ហើយខ្ញុំក៏បានក្លាយជាជនរងគ្រោះដែរ ព្រោះថាគាត់ធ្លាក់មកសង្កត់លើខ្ញុំ ដែលពេលនេះខ្ញុំមាន អារម្មណ៍ថា ឈឺនិងស្ពឹកពេញខ្លួន ហើយក៏សន្លប់បាត់ស្មារតីទៅ។
ត្រលប់ទៅកាន់កាលពីជាង ២០០ឆ្នាំមុន
នៅទីកន្លែងដដែល ខេមរាបាននាំមាលតីមកកាន់ទីនេះ គេទាំងពីរនាក់បាន កំពុងដាំដើមឈើម្នាក់ មួយដើមនៅទីនេះ ពួកគេមានសេចក្តីសុខជាពន់ពេក ហើយក៏ញញឹម ដាក់គ្នាទៅវិញទៅមក។
ដើមឈើទាំងពីរដើមនេះគឺតំណាងឱ្យសេចក្តីស្នេហារបស់ពួកយើងទាំង ទោះបីជា ពួកយើងរស់មិនបានដល់មួយរយឆ្នាំ តែដើមឈើនេះនឹងរស់បានរាប់រយឆ្នាំ ខេមរានិយាយ ហើយក៏បានយកទឹកស្រោចកូនឈើ
បងច្បាស់ម៉្លេះថាដើមឈើនេះពិតជាអាចរស់បានរាប់រយឆ្នាំ? មាលតីសួរទៅកាន់ ខេមរា ដោយទឹកមុខញញឹម
អូនមើលទៅលើទៅ! ខេមរាចង្អុលទៅកាន់ព្រះអាទិត្យដែលពេលនេះជាពេលថ្ងៃត្រង់ ហើយព្រះអាទិត្យគឺស្ថិតនៅចំពីលើពួកគេតែម្តង មាលតីបានសំលឹងមើលទៅព្រះអាទិត្យតាម ដៃរបស់ ខេមរា
ពេលនេះជាពេលថ្ងៃត្រង់ មាលតីតប
ហ្នឹងហើយ ជាពេលថ្ងៃត្រង់ ថ្ងៃអង្គារ ១៤កើត បែបនេះហើយ ដើមឈើទាំងពីរដើម នេះនឹងដុះលូតលាស់ ល្អហើយមានអាយុវែង
អូ! អស្ចារ្យម្ល៉េះ បងចេះក្បួនហោរាសាស្រ្តទៀត ហ្នឹងពេលដឹងវេលាល្អអីណាទេ!
ទើបតែដឹងទេអី ថាអនាគតប្តីរបស់អូនជាមនុស្សអស្ចារ្យ
ចាស អូនដឹងយូរហើយថាបងអស្ចារ្យ បើមិនចឹងទេក៏មិនស្រឡាញ់បងឯងដែរ នាងនិយាយ​ដោយទឹកមុខញញឹម ហើយសឹលឹងមើលទៅខេមរា ដែលកំពុងតែលាងចបចក់ឱ្យស្អាត ហើយដាក់ចូលទៅក្នុងថង់យាម នាងស្រាប់តែឃើញសៀវភៅមួយក្បាលក្នុងនោះ
សៀវភៅអីហ្នឹងបង? ខេមរាបានដកសៀវភៅនោះចេញ
សៀវភៅបងសរសេរទុកឱ្យអូន (គេញញឹមទៅកាន់មាលតី) ទុកឱ្យអូន ក្នុងថ្ងៃរៀប មង្គលការរបស់ពួកយើង
អូនសូមមើលឥឡូវតើបានអត់?
អត់បានទេ! នាងធ្វើមុខអន់ចិត្ត
ចុះបើឧបមាថាអត់បានរៀបការទៅ អូនមិនអត់បានមើលសៀវភៅហ្នឹងទៅហើយទេអី! ខេមរាបានយកដៃមកខ្ចប់មាត់នាង
អូនកុំនិយាយផ្តេសផ្តាស​ ពេលវេលានេះថ្ងៃនេះថ្មើលនេះ ក្បួនហោរាសាស្រ្តទាយថា ជាវេលាសាកសិទ្ធិ អញ្ចឹងហើយកុំនិយាយអីដែលមិនល្អឱ្យសោះ ពួកយើងភ្ជាប់ពាក្យរួចហើយ គឺរងចាំតែថ្ងៃ រៀបការប៉ុណ្ណោះ ឬមួយក៏អូនចង់គេចវេញ មិនចង់រៀបការជាមួយបង បើសិនជាបងមិនបានរៀបការជាមួយអូនទេបងសុខចិត្តទៅបួស បងមិនព្រមយកប្រពន្ធនោះទេ
សម្តីផ្អែមណាស់បងឯងនេះ! នាងញញឹមឡើងវិញ
បងមិនត្រឹមតែសម្តីផ្អែមទេ នៅចេះតែងកំណាព្យក៏ផ្អែមសម្រាប់អូនផងដែរ ចាំស្តាប់ណា
ឱស្រស់មាលតី                   អូនល្អលើសស្រី                  នៅក្នុងលោកា
ល្អរូបល្អរាង              ល្អទាំងចរិយា            បងសែនស្នេហា
                               ស្នេហាពេកពិត។
បងស្នេហ៍តែអូន                 បងស្នេហ៍លុះសូន្យ              បាត់បង់ជីវិត
សូមអូនជឿចុះ                    កុំសង្ស័យចិត្ត                      បងចង់នេបនិត្យ
                               តែវមិត្រមួយ។
គូស្នេហ៍ មាលតីនិងខេមរា​បានសាងសងគ្នានៅទីនោះ រហូតដល់ព្រះអាទិត្យលិច ទើបត្រលប់ទៅភូមិគ្រឹះវិញ គេទាំងពីរនាក់ពិតជាមានសេចក្តីសុខណាស់ លឺសូរតែសំណើច និងមានស្នាមញញឹមជាប់ជានិច្ច។​

No comments:

Post a Comment