Friday, February 3, 2017

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី២



វគ្គទី២
ពេលទិវារាត្រីបានមកដល់​ថ្ងៃនេះ​ ព្រះចន្ទរះពេញវង់ល្អដល់ហើយ ខ្ញុំអាចមើលឃើញ ព្រះច័ន្ទយ៉ាងច្បាស់តាមប្រលោះបង្អួចរបស់ខ្ញុំ។ ទិដ្ឋភាពនៅទីនេះពិតជាល្អណាស់ អាកាសធាតុដ៏ ត្រជាក់ល្មមដោយមិនចាំបាច់ត្រូវការកង្ហារ ឬម៉ាស៊ីនត្រជាក់នោះទេ។ ម្យ៉ាងទៀតខ្ញុំចេះតែទទួល អារម្មណ៍ថាធ្លាប់ស្គាល់ ហាក់បីដូចជាខ្ញុំធ្លាប់ស្គាល់ទីនេះពីមុនមកចឹង។
មើលទៅភូមិគ្រឹះបើកភ្លើងព្រោងព្រាត ហើយអ៊ូអរម្ល៉េះ ខ្ញុំដើរចូលទៅមើល នេះគឺជាពិធី ភ្ជាប់ពាក្យ​​របស់អ្នក​ប្រុស ភ្ញៀវចាស់ទុំ មេបាទាំងសងខាងបានមកជួបជុំគ្នា ដោយមានគ្រឿង ប្រដាប់​​ បណ្តាការ ហើយពេលនេះ អ្ប្រុសដែលជាកូនកម្លោះ កំពុងតែបំពាក់ ចិញ្ចៀនឱ្យកូនក្រមុំ​​​ កូនក្រមុំបានហុយដៃឱ្យកូនកម្លោះ នាងបានងើយមុខឡើយរួចញញឹម មុខនោះពិតជាប្រហែលខ្លាំងណាស់ ពេលនេះខ្ញុំបានឃើញមុខ នាងច្បាស់ហើយ គឺជាមនុស្ស​នៅក្នុងរូបគំនូរ ម៉េចហ្នឹងអាចទៅដែលមុខនាងដូចខ្ញុំយ៉ាងនេះ?
រូបភាពនៅខាងមុខនៃពិធីភ្ជាប់ពាក្យ បានរសាត់ទៅបាត់ ពេលនេះបែរជាមកឈរនៅ ក្រោមដើមជ្រៃ ក្រោមពន្លឺព្រះច័ន្ទពេញវង់ និងបានឃើញមនុស្សស្រី ពីរនាក់កំពុងតែជជែកគ្នា ដែលក្នុងនោះមានស្រីវ័យក្មេងម្នាក់វ័យស្របាលខ្ញុំ ដែលជាម្ចាស់ស្រី និងស្រីវ័យចំនាស់ម្នាក់ដែល ប្រហែលជាអ្នកបម្រើបើមើលទៅទៅតាមសំលៀកបំពាក់និងតែងខ្លួន។​
រឿងដែលខ្ញុំឱ្យចាត់ចែងនោះដល់ណាហើយ?ស្រ្តីវ័យក្មេងសួរទៅកាន់ស្រ្តី វ័យចំនាស់
ពិធីនឹងរៀបចំឡើងនៅ១៥ថ្ងៃទៀតដែលត្រូវជាយប់១៥រោច
ល្អណាស់! មាលតី នាងត្រូវតែវិនាស នាងនិយាយដោយសំលេងនិងកែវភ្នែកចងអាឃាត ហើយខ្ញុំក៏ព្រឺព្រួចនិងប៉ះរោមច្រាសពេលដែលលឺនាងនិយាយពីឈ្មោះរបស់ខ្ញុំ។
រូបភាពស្រ្តីទាំងពីរនោះបានរសាត់បាត់ពីមុខខ្ញុំទៀត​  ហើយក៏ផ្លាស់ចូលមកវិញនូវរាត្រី ងងឹតឈ្លប់ នៅក្នុងបន្ទប់មួយដែលមានស្រ្តីម្នាក់កំពុងសម្រាក តាមរយៈពន្លឺភ្លើងទៀននៅក្នុង បន្ទប់ ខ្ញុំអាចមើលឃើញមុខរបស់ស្រ្តីម្នាក់នោះព្រាលៗ និងអាចសន្និដ្ឋានបានថានាងគឺជាកូន ក្រមុំដែល ខ្ញុំឃើញនៅក្នុងពិធីភ្ជាប់ពាក្យ និងជានារីនៅក្នុងរូបគំនូរ។ កំពុងតែដេកសុខៗ ស្រាប់តែនាងបប្រះ ននាលចុះឡើង ហើយក៏ចាប់ផ្តើមបញ្ចេញសម្រែកដោយការឈឺចាប់  រាងកាយទាំងមូលប្រកាច់ ចុះឡើង ហើយពេលនេះខ្ញុំហាក់ដូចជាកំពុងតែទទួលនូវភាពឈឺចាប់ទាំងនោះដែរ គឺថារាងកាយទាំង មូលចាប់ផ្តើមស្ពឹក ហើយឈឺចុកចាប់ជាខ្លាំងនៅក្នុងទ្រូង ព្រមទាំងឈឺក្បាលចង់ផ្ទុះ ខ្ញុំឈឺចាប់ស្ទើរ ទ្រាំមិនបាន ស្លាប់ឥឡូវហើយ ខ្ញុំដួលចុះទៅលើឥដ្ឋ  ចំនែកនារីនោះកំពុងតែដេកស្តូកស្តឹងលែង កម្រើកហើយ​ ទន្ទឹមនឹងនោះក៏មានស្រ្តីបម្រើវ័យក្មេងម្នាក់ចូលមក នាងបានលើកត្រកងម្ចាស់ស្រ្តី និងបានស្រែកយំទួយសោកគួរឱ្យអាណិត។
អ្នកនាងកុំស្លាប់អី អ្នកនាងដឹងខ្លួនឡើង! ពេលនោះក៏មានអ៊ំស្រ្តីចាស់ម្នាក់ទៀតបានចូល មកគាត់ពិនិត្យអាការៈអ្នកនាង ហើយក៏មានប្រសាសន៍ថា៖
អ្នកនាងត្រូវមន្តអាគមខ្មៅ ពួកវាមិនត្រឹមតែសំលាប់អ្នកនាងទេ ពួកវាកំពុងតែចាប់ ព្រលឹងអ្នកនាងឃុំទុកទៀត​  ឯងទប់ខ្លួនអ្នកនាងអង្គុយឱ្យត្រង់ទៅ ខ្ញុំនិងសូត្រគាថាហៅព្រលឹង អ្នកនាងមកវិញ
អ្នកបម្រើក្មេងក៏ធ្វើតាម​អ៊ំចាស់ចាប់ផ្តើម អង្គុយពែនភ្នែនទល់មុខអ្នកនាង ហើយក៏បិទភ្នែកនិង​ សូត្រគាថាឡើងដោយមិនបានបញ្ចេញសំលេងទេ គ្រាន់តែធ្វើមាត់ចិចអ៊ូចៗ តែប៉ុណ្ណោះ ។បានមួយសន្ទុះគាត់ក៏បើកភ្នែក
យ៉ាងម៉េចហើយអ៊ំ? អ្នកបម្រើក្មេងសួរ
យឺតពេលហើយ សូមទោសផងខ្ញុំមិនអាចជួយអ្នកនាងបានទេ ប៉ុន្តែខ្ញុំអាចរំដោះព្រលឹង អ្នកនាងចេញពីការឃុំឃាំងបានហើយ សូមអ្នកនាងទៅចាប់ជាតិថ្មីឱ្យបានល្អចុះគាត់ពោលទាំងខូចចិត្ត​
នៅលើអាកាសក្នុងបន្ទប់ខ្ញុំបានឃើញព្រលឹងអ្នកនាង គាត់សំលឹងទៅកាន់អ្នកបម្រើទាំងពីររួចក៏ពោលនូវវាចាថា៖
អរគុណអ៊ំខ្លាំងណាស់ដែលបានជួយខ្ញុំ លាហើយសូមអ្នកទាំងពីរនៅឱ្យបានសុខ លាហើយបង ខេមរា សូមបងថែរក្សាខ្លួនផង ខ្ញុំនឹងត្រលប់មករកបងម្តងទៀត ហើយពួកយើងនឹងជួបគ្នានៅទីនេះ  កែវភ្នែកខ្ញុំចាប់ផ្តើមបិទ​ ខ្ញុំលែងបានលឺសំលេងអ្នកនាងឬក៏ ឃើញទិដ្ឋភាពអ្វីហើយ តែខ្ញុំបែរជាលឺសំលេង អ្នកណាម្នាក់ខំប្រឹងហៅខ្ញុំហើយនិងអង្រួនខ្ញុំឱ្យភ្ញាក់ពី ដំណេក។
មាលតី! មាលតី! មាលតី! សម្លេងនេះបានធ្វើឱ្យខ្ញុំបើកភ្នែកឡើង​ នេះខ្ញុំមិនទាន់ស្លាប់ទេ ខ្ញុំដកដង្ហើមដោយដង្ហក់ ហើយរាងកាយរបស់ខ្ញុំបែកញើសជោកតែម្តង ​លម្លេងដែលបានហៅ ខ្ញុំនេះគឺសម្លេងរបស់អ្នកប្រុសនរិន្ទ គាត់សម្លឹងមើលមកខ្ញុំដោយកែវភ្នែកព្រួយបារម្ភ​
ភ្ញាក់ចឹងល្អហើយ! មិនមានរឿងអីកើតឡើងនោះទេ​គ្រាន់តែជាសុបិន្តអាក្រក់តែ ប៉ុណ្ណោះ ខ្ញុំបានក្រោកឡើង
អរគុណអ្នកប្រុសណាស់! ខ្ញុំយល់សប្តិអាក្រក់ខ្លាំងណាស់ តែមិចក៏អ្នកប្រុសមក បន្ទប់ខ្ញុំ
ខ្ញុំលឺសម្លេងនាងស្រែក ឡើងដូចសត្វគោត្រូវគេចាក់ក ចឹង ទើបខ្ញុំប្រញាប់មកមើល!
មិនកំប្លែងទេណាអ្នកប្រុស ខ្ញុំឯណាទៅស្រែកឡើងដូចគោគេចាក់ក នោះ! ខ្ញុំមិនជឿថាខ្ញុំ ស្រែកដល់ថ្នាក់ហ្នឹងនោះទេ
ឥឡូវមានអារម្មណ៍គ្រាន់បើហើយមែនទេ ទើបអាចប្រកែកតវ៉ាបានហ្នឹង! គាត់បាន ញញឹមដាក់ខ្ញុំ ភ្លើងអំពូលម៉ែត បានធ្វើឱ្យមើលឃើញកាន់តែច្បាស់នូវភាពស្រស់សង្ហាររបស់គាត់ កាន់តែខ្លាំងឡើង
ចាស
ចឹងរៀបចំខ្លួនទៅ ខ្ញុំនាំនាងទៅកន្លែងមួយ
ខ្ញុំមើលទៅមុខគាត់ដោយងើយឆ្ងល់តែក៏ងក់ក្បាលយល់ព្រម
ពេលនេះមេឃជិតភ្លឺហើយ អ្នកប្រុសបាននាំខ្ញុំមកលើដំបូល ភូមិគ្រឹះ ពន្លឺពណ៌ក្រហមនៃ ព្រះអាទិត្យ​ដែលជាសញ្ញាបញ្ជាក់ថាថ្ងៃថ្មី បានមកដល់ ពន្លឺចាប់ផ្តើមចាំងចែងមកលើផ្ទៃពសុធា និងចាំងមកលើខ្លួនពួកយើងទាំងពីរផងដែរពន្លឺក្រហមព្រាងៗពេលព្រឹកព្រហាម ពិតជាស្រស់ ស្អាតខ្លាំងណាស់។
ខ្ញុំមើលទៅមុខអ្នកប្រុស ខ្ញុំមានសំនួរជាច្រើនដែលចង់សួរគាត់
មានអ្វីចង់សួរខ្ញុំ?
ម៉េចអ្នកប្រុសដឹង ថាខ្ញុំមានរឿងចង់សួរ? ខ្ញុំភ្ញាក់ផ្អើល និងភ័យហាក់ដូចជាជនមានពិរុទ្ធ ដែលត្រូវគេចាប់កំហុសបាន
នៅលើមុខនាងមានលោតសញ្ញាសួរពេញហ្នឹង មានសញ្ញាសួរជាច្រើន? ចឹងផង ទឹកមុខខ្ញុំបង្ហាញចេញមកហួសហេតុពេកហើយ គាត់ញញឹម ម៉េចក៏ចរឹកថ្ងៃនេះដូចជាខុស ប្លែកពី ម្សិលមិញចឹង ហាក់បីដូចជាមនុស្ស២ប្លែកគ្នា សូម្បីកែវភ្នែកដែលសំលឹងមើលមកខ្ញុំក៏ខុសគ្នា ដែរ។
អញ្ចឹងខ្ញុំអាចសួរអ្វីខ្លះពីអ្នកប្រុសបានអត់?
គាត់ងក់ក្បាល
រូបគំនូររបស់អ្នកប្រុស គឺរូបស្រីស្អាត ម្នាក់ស្លៀកពាក់បុរាណ ឈរនៅមុខភូមិគ្រឹះ តើអ្នកប្រុសបានមកពីណា?
រូបនោះខ្ញុំជាអ្នកគូរ ស្រ្តីម្នាក់នោះតែងតែមករកខ្ញុំក្នុងយល់សប្តិស្ទើររៀងរាល់យប់ ហើយ បាននាំខ្ញុំមកដល់ភូមិគ្រឹះនេះ តែចម្លែកណាស់មុខស្រ្តីម្នាក់នោះដូចនាងពេកហើយ ខ្ញុំវិសតែច្រលំថា ជាមនុស្សតែម្នាក់ទៅហើយ
ហេតុអ្វីក៏នាងមុខដូចខ្ញុំម្ល៉េះ? នៅមាននារីក្នុងយល់សប្តិខ្ញុំទៀត តើនេះជាអ្វីឱ្យប្រាកដទៅ ម៉េចក៏អាថ៌កំបាំងនិងស៊ាំញ៉ាំម៉្លេះ មានអារម្មណ៍ថាជីវិតដូចជានៅក្នុងកុនម៉េចមិនដឹងទេ
ខ្ញុំក៏មិនដឹងដូចគ្នា! កាលដែលខ្ញុំមកទីនេះគឺដើម្បីស្រាយនៅចម្ងល់មួយចំនួន ហើយនារីក្នុង សុបិន្តហ្នឹងគឺជាចម្ងល់ធំជាងគេ
ខ្ញុំសំលឹងមើលមុខអ្នកប្រុស ហើយចម្ងល់ជាច្រើនក៏កើតមានក្នុងខួរក្បាលខ្ញុំដូចគ្នា តើអាច ទៅរួចទេ ដែលថាមានអ្វីម្យ៉ាងកំពុងតែធ្វើឱ្យពួកយើងទាំងពីរមានទំនាក់ទំនងគ្នា? តើអាចទៅរួចទេ ដែលថាខ្ញុំអាចនឹងមានទំនាក់ទំនងជាមួយភូមិគ្រឹះនេះ? ឬក៏ខ្ញុំ ​អាចជានារីដែលនៅក្នុងសុបិន្ត? ទេទេ មិនអាចទេ! ខ្ញុំគ្រវីគំនិតស្មុគស្មាញចេញពីខួរក្បាល។
បន្ទប់ពីមើលថ្ងៃរះហើយអ្នកប្រុស បាននាំខ្ញុំទៅបណ្ណាល័យដែលមានសៀវភៅជាច្រើន ដូចជា សៀវភៅក្បាច់គុនល្បុកត្តោ សៀវភៅកំនាព្យ ប្រជុំរឿងព្រេង និងរឿងជាតក ប្រវត្តិ សាស្រ្តខ្មែរ ប្រជុំតម្រាសាស្រ្ត និងសៀវភៅជាភាសាខ្មែរជាច្រើនទៀត អត់មានសៀវភៅជាភាសា បរទេសនោះទេ។ ខ្ញុំតែឃើញសាស្រ្តាស្លឹករឹក មួយគំនរ គិតថាអាចជាអក្សរបុរាណ តែផ្ទុយទៅវិញជា​អក្សសម័យទំនើបទៅវិញ។
តើនៅក្នុងបណ្ណាល័យនេះមានផ្ទាំងសិលាចារឹកដែលបន្សល់ទុកតាំង ពីសម័យអង្គរដែរ ឬទេ?
ខ្ញុំគិតថាប្រហែលជាអត់មាននោះទេ!
បើសិនបណ្ណាល័យនេះសល់តាំងពីសម័យអង្គរ គួរតែមានកេរ្តិ៍តំណែលខ្លះពីសម័យ អង្គរ
អ្នកប្រុសដើរមើលសៀវភៅផ្សេងបណ្តើរ ក៏ឆ្លើយតបមកខ្ញុំបណ្តើរ
បណ្ណាល័យនេះមិនបានសល់មកតាំងពីសម័យអង្គរនោះទេ ទើបតែសាងសង់ បានប្រហែល​៣០០ឆ្នាំប៉ុណ្ណោះ គឺសង់ដំណាងគ្នានឹងភូមិគ្រឹះធំ
ខ្ញុំមានការភ្ញាក់ផ្តើលព្រោះដំបូងគិតថា ភូមិគ្រឹះជាកេរ្តិ៍តំណែលសល់តាំង ពីសម័យអង្គរ អញ្ចឹងតើបានជាភូមិគ្រឹះនៅស្អាត មិនឃើញចាស់ទ្រុឌទ្រោមសោះ ព្រោះវាទើបតែមានអាយុ កាលជាង៣០០​ឆ្នាំប៉ុណ្ណោះ។
ចុះភូមិគ្រឹះចាស់នៅឯណា ឬក៏វៃចោល សង់ថ្មី? ខ្ញុំសួរដោយការងើយឆ្ងល់
ភូមិគ្រឹះចាស់ត្រូវភ្លើងឆេះ បន្ទាប់មកភូមិគ្រឹះថ្មីក៏ត្រូវបានតាងសង់នៅលើទីតាំងដដែល ដោយប្រើរចនាបទអង្គរដដែល តែ ក៏បន្ថែមរចនាបទសម័យទំនើប និងរចនាបទបែបអឺរ៉ុបខ្លះ តែរឿងដែលចម្លែកនោះគឺថា ១០០ឆ្នាំក្រោយមក ម្ចាស់ភូមិគ្រឹះ​និងក្រុមគ្រួសារលែងស្នាក់នៅទីនេះ
អូរ តើមានដឹងថាមកពីមូលហេតុអ្វីដែរទេ?
ខ្ញុំកំពុងតែចង់ស្វែងរកពីមូលហេតុនោះ ពេលនោះទូរស័ព្ទគាត់ក៏រោទិ៍  គាត់ក៏បានលើក និយាយ
អាឡូ ហនុរាជ!
“........”
 ជួយផ្ញើរទិន្នន័យដែលឯងរកឃើញហ្នឹងឱ្យខ្ញុំតាម អ៊ីម៉ែលមកណា!
........
ហ្នឹងហើយ ខ្ញុំនឹងទៅពិនិត្យមើលឥលូវនេះភ្លាម
គាត់ឈប់និយាយទូរស័ព្ទរួចងាកមកនិយាយជាមួយខ្ញុំ
បើមានសៀវភៅណាពេញចិត្តនាងអាចយកទៅមើលបាន តែពេលមើលហើយ កុំភ្លេច យកមកទុកកន្លែងដើមវិញផង។
ចាសអរគុណអ្នកប្រុស!
គាត់ញញឹមដាក់ខ្ញុំ​រួចក៏ដើរចេញទៅ ខ្ញុំស្រាប់តែទទួលអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នក ប្រុស ហាក់បីដូចជាយើងធ្លាប់ស្គាល់គ្នាតាំងពីយូរយារណាស់មកហើយចឹង។
នៅក្នុងចំណោមសៀវភៅទាំងអស់​ខ្ញុំបានរកឃើញសៀវភៅ ដែលគួរឱ្យចាប់អារម្មណ៍ ពីរក្បាលដែលមានចំនងជើងថា មាលតីមាសបង និង ភូមិគ្រឹះខ្ញុំ។ ខ្ញុំបានកាន់សៀវភៅពីរក្បាល​នេះទៅកាន់បន្ទប់របស់ខ្ញុំ ហើយក៏ទៅឆែកអ៊ិនថឺណែត រកមើលពត៌មានបន្ថែមពីភូមិគ្រឹះផង។
កាលពីមុនខ្ញុំបានដឹងត្រឹមតែពត៌មានទាក់ទងនឹងរឿងទេសចរណ៍ ដូចជាភាពទាក់ទាញរបស់ ភូមិគ្រឹះ ទិន្នន័យទាក់ទងនឹងចំនួនភ្ញៀវទេសចរ និងប្រាក់ចំនូលដែលបានពីភ្ញៀវ ហើយពេលនេះ ខ្ញុំបានដឹងបន្ថែមទៀត ពីប្រវត្តិសំខាន់ៗ មួយចំនួនរបស់ភូមិគ្រឹះដូចជា៖
ភូមិគ្រឹះនេះមានដើមកំណើតនៅសម័យអង្គរ ដែលបង្កើតឡើងដោយលោក ម្ចាស់មឿង ត្រាញ់។ គាត់គឺជាមេទ័ពដែលមានគុណសម្បត្តិជាច្រើនក្នុងសង្រ្គាម​និងជាកម្លាំងដ៏សំខាន់ដែលជួយ គាំទ្រដល់ព្រះរាជាខ្មែរឱ្យក្លាយជាស្តេចខ្លាំងពូកែក្នុងសម័យនោះ។​លើសពីនេះទៅទៀត គាត់មានកូនប្រុសបីនាក់ដែលសុទ្ធតែធ្វើការបម្រើស្តេចដោយស្ម័គ្រស្មោះ ហេតុនេះហើយ ទើបព្រះរាជាសព្វព្រះរាជហឬទ័យយ៉ាងខ្លាំង ក៏បានប្រគល់ឱ្យនៅដីទំហំ​១០គម២  ដល់លោកម្ចាស់ មឿនត្រាញ់ និងបរិវារមួយចំនួន (មិនបានបញ្ជាក់ថាចំនួនប៉ុន្មាននោះទេ)។ លោកម្ចាស់បានកសាង ភូមិគ្រឹះដ៏ធំនេះឡើង។ នៅក្នុងភូមិគ្រឹះតែងតែមានភាពសប្បាយរីករាយ មានចម្រៀងរបាំ និងការប្រារព្ធ ពិធីផ្សេងៗ តាមកាលជារឿយៗ។ រឿងដែលគួរឱ្យកត់សំគាល់គឺថា នៅក្នុងភូមិគ្រឹះដ៏ធំនេះ មានតាហោរាសាស្រ្ត ដ៏ពូកែម្នាក់ គាត់ចេះគន់គូរមើលជោគជាតារាសី ហើយក៏ចេះពីធីសូត្រមន្តរំដោះគ្រោះផងដែរ។  ទោះបីជាពេលក្រោយមកមានសង្រ្គាមកើតឡើង ក្នុង ប្រទេសក៏ដោយ ក៏មិនបានប៉ះព៉ាល់មកដល់ភូមិគ្រឹះដែរ។
រហូតដល់សម័យលង្វែក ភូមិគ្រឹះស្រាប់តែមានភ្លើងឆេះ រួចភូមិគ្រឹះថ្មីក៏ត្រូវបានសាងសង់ ឡើង មូលហេតុនៃភ្លើងឆេះគឺមិនត្រូវបានដឹងនោះទេ។ ក្រោយមកដល់សម័យឧត្តុង្គ ក្រុមគ្រួសារ ម្ចាស់ ភូមិគ្រឹះបានចាកចេញ ឈប់រស់នៅក្នុងភូមិគ្រឹះ ទៅរស់នៅតំបន់ផ្សេង​(មិនដឹងថាទៅណានោះទេ)។ នៅទិន្នន័យមិនបានបញ្ជាក់ថា អ្នកបម្រើបន្តរស់នៅទីនោះឬយ៉ាងណានោះទេ តែក៏មិនបាន បង្ហាញថាពួកគាត់ចាកចេញពីភូមិគ្រឹះដែរ។ ពេលម្ចាស់ភូមិគ្រឹះចាកចេញទៅ ភូមិគ្រឹះទាំងមូលហាក់ បីដូចជាត្រូវបានកាត់ផ្តាច់ចេញពីពិភពខាងក្រៅទាំងស្រុង ច្រកចូលភូមិគ្រឹះមានព្រៃឈើដុះស៊ប់ទ្រុប​និងអត់មានអ្នកពីខាងក្រៅចូលទៅខាងក្នុងបានទេ។
ពត៌មានទាក់ទងនឹងភូមិគ្រឹះនេះលែងមានទៀតហើយ រហូតដក់ឆ្នាំ ១៩៩៥​​ លោកតា ភូមិន្ទ ដែលត្រូវជាជីតារបស់អ្នកប្រុសនរិន្ទ បានឱ្យគេកាប់ឆ្ការព្រៃនៃផ្លូវធ្វើដំណើរទៅកាន់ភូមិគ្រឹះ។ ចាប់ពីពេលនោះមក ទើបគេដឹងថាមានភូមិគ្រឹះ​ដ៏ស្រស់ស្អាតបានលាក់បង្កប់នៅក្នុងព្រៃ នៅក្នុង ខេត្តសៀមរាប។ លោកតាបានបញ្ជាក់យ៉ាងច្បាស់ថាគាត់គឺជាអ្នកជំនាន់ក្រោយនៃភូមិគ្រឹះនេះ។ នៅឆ្នាំ ២០០៥ រាជរដ្ឋាភិបាល បានដាក់សំណើរសុំទៅលោកតា ដើម្បីឱ្យភ្ញៀវទេសចរ អាចចូលទៅទស្សនាភូមិគ្រឹះនេះ ដំបូងលោកតា មិនយល់ព្រមនោះទេ តែក្រោយមកក៏យល់ព្រម។ ជាអកុសល បន្ទាប់ពីនោះ ប៉ុន្មានខែ កូនប្រុសតែមួយរបស់គាត់ ខេមរិន្ទ បានស្លាប់ដោយជម្ងឺ ចម្លែក។
សេចក្តីលំអិតផ្សេងៗទៀត អត់មានបង្ហាញនោះទេ អានហើយរិតតែ ឆ្ងល់។
តើមូលហេតុអ្វីបានជាមានភ្លើងឆេះភូមិគ្រឹះ?
តើហេតុអ្វីបានជាម្ចាស់ភូមិគ្រឹះនិងគ្រួសារចាកចេញពីភូមិគ្រឹះ?
ហេតុអ្វីបានជាភូមិគ្រឹះហាក់ដូចជាចេះបំបាំងកាយដើម្បីគេចចេញពីគ្រោះមហន្តរាយដែល បង្ករឡើងដោយសម័យអាណានិគមនិយមបារាំង និងសម័យប៉ុលពត?
លោកតា ភូមិន្ទបានវិលត្រលប់មកវិញក្នុងនាមជាម្ចាស់ភូមិគ្រឹះថ្មី តែគាត់នៅតែមិនបាន មកស្នាក់នៅទៅនេះ ហើយនៅហាមឃាត់មិនឱ្យលោកចៅប្រុសមកស្នាក់នៅទៀត តើព្រោះហេតុអ្វី?
នៅចន្លោះពេលដែលម្ចាស់ភូមិគ្រឹះបានចាកចេញ​រហូតដល់ពេល លោកតាភូមិន្ទ ត្រលប់មកវិញជាលើកដំបូងតើមានមនុស្សរស់នៅក្នុងភូមិគ្រឹះ ឬបរិវេនភូមិគ្រឹះដែរឬទេ?
តើប្រជាជនប្រមាណ២០គ្រួសារនេះ រស់នៅទៅនេះចាប់តាំងពីពេលណាមក? (សំនួរមួយ នេះខ្ញុំអាចរកចម្លើយបានពីពួកគាត់)

ទុកចម្ងល់ហ្នឹងមួយឡែកសិន ខួរក្បាលខ្ញុំជិតផ្ទុះហើយ។ ខ្ញុំក៏ប្តូរបរិយាកាស ដោយបើក Facebook លេងម្តង ។ ពេលនោះនៅក្នុង New Feed បានបង្ហាញនូវ Old Memory ដែលលោតចេញនូវរូបមួយសន្លឹកកាលពីបីឆ្នាំមុនរបស់បងប្រុសខ្ញុំ ដែលគាត់បានថតជាក្រុម ជាមួយនឹងអ្នកទទួលជ័យលាភីផ្នែកគំនូរ។ កាលនោះបងខ្ញុំជាប់បានចំណាត់ថ្នាក់លេខ​២។  ខ្ញុំមើលរូបនោះដោយហ្មត់ចត់ហើយ ក៏មានការភ្ញាក់ផ្អើល ត្រង់ថាមានរូបរបស់អ្នកប្រុសនរិន្ទ ក្នុងហ្នឹងដែរ។ នេះបានន័យថាអ្នកប្រុសនរិន្ទ ក៏ធ្លាប់ទទួលជ័យលាភីក្នុងពានរង្វាន់គំនូរនេះដែរ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ ខ្ញុំនឹងសួរបងប្រុសខ្ញុំ។ ដោយឃើញគាត់ កំពុងតែ online ល្មម ខ្ញុំក៏បាន Chat ទៅសួរគាត់៖
សួរស្តីបង!
អើ! មានការអី! បើមិនមានការអីទេ ឯងប្រាកដជាមិន​ឆាតមកបងទេ
សូមសួរបន្តិចតើបងមានស្គាល់ ម្នាក់ឈរជាប់បងខាងស្តាំដៃនេះដែរទេ? ខ្ញុំបានផ្ញើររូបថត នោះឱ្យគាត់មើល
គេម្នាក់ហ្នឹង ឈ្មោះ ភូមិន្ទ នរិន្ទ ជាជ័យលាភីលេខ ១
អូរ ចឹងតើទើប គាត់អាចគូររូបបានស្អាតបែបនោះ តាមពិតទៅជាវិចិត្រករលាក់មុខសោះ
ចុះបងមានទាក់ទង​ឬរាប់អាន ជាមួយគាត់ហ្នឹងអត់!
អត់ទេ! នេះឯងចាប់អារម្មណ៍ម្នាក់ហ្នឹងមែន?
អត់ទេ! គ្រាន់តែចង់ដឹង។ អរគុណច្រើនហើយដែលបានប្រាប់។ ខ្ញុំ offline ហើយណាបង។ Bye!
ខ្ញុំប្រញាប់ចុចបិទយ៉ាងលឿន ព្រោះបើបងខ្ញុំសួរនាំច្រើនទៀតមិនដឹងឆ្លើយទៅគាត់យ៉ាងម៉េច ទេ។​ ម៉េចក៏ចៃដន្យ យ៉ាងនេះ អ្នកប្រុសនរិន្ទគឺជាវិចិត្រករ ហើយគាត់បានគូររូបនារីក្នុងយល់សប្តិ របស់គាត់ ដែលនារីម្នាក់នោះមុខដូចខ្ញុំ ហើយនារីដែលនៅក្នុងយល់សប្តិរបស់ខ្ញុំក៏មានមុខអញ្ចឹង ដែរ។​ បើតាមសម្មតិកម្មនោះខ្ញុំ អាចទាញសេចក្តីសន្និដ្ឋានជាបឋមថា នារីនៅក្នុងយល់សប្តិរបស់ អ្នកប្រុសនរិន្ទ​និងនៅក្នុងយល់សប្តិខ្ញុំគឺជានារីតែម្នាក់។​ ហើយច្បាស់ណាស់ថានាងប្រាកដជាមាន​ទំនាក់ទំនងជាមួយ ភូមិគ្រឹះនេះ អាចជាកូនស្រីរបស់ម្ចាស់ភូមិគ្រឹះ ឬក៏ជាកូនប្រសារស្រីរបស់ម្ចាស់ ភូមិគ្រឹះ។

No comments:

Post a Comment