Friday, February 3, 2017

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៤



វគ្គទី៤
(ពំនោលរបស់មារតី)
ញ៉ាំបាយបណ្តើរ ខ្ញុំនឹកគិតទៅដល់សំនួរដែលគួរសួរទៅកាន់អ្នកប្រុសបណ្តើរ។ ម៉េចក៏ អ្នកប្រុសចូលចិត្តសំលឹងមើលមុខខ្ញុំម៉្លេះ​ មិនគិតខំប្រឹងញ៉ាំបាយឱ្យឆាប់ហើយទេ ឬមួយក៏មុខ របស់ខ្ញុំមានប្រលាក់គ្រាប់បាយ ខ្ញុំក៏យកដៃមកស្ទាបមុខទាំងសងខាង ដើម្បីឱ្យប្រាកដថាមុខខ្ញុំមាន ប្រលាក់អ្វីដែរអត់។ គាត់ឃើញខ្ញុំធ្វើកាយវិការបែបនេះក៏សើច។
ម៉េចក៏អ្នកប្រុសសើច?
សើចកាយវិការរបស់នាងហ្នឹងណា ហាសហា  ខ្ញុំសំលឹងមើលគាត់ដោយសំលក់ មុនហ្នឹង គ្រាន់តែខ្ញុំរកសួរនាំមិនបាន​ តែឥឡូវបែរជាមកសើចខ្ញុំក្នុងពេលកំពុងញ៉ាំបាយទៅវិញ
បើអ្នកប្រុសចង់សើចខ្ញុំក៏គួរតែញ៉ាំបាយ ឱ្យហើយសិនទៅ ខ្ញុំនិយាយផ្ចាញ់ផ្ចាល ឱ្យគាត់វិញ គាត់លែងសើចហើយប្តូរមកជាញញឹមវិញ
ខ្ញុំញ៉ាំរួចហើយ! បើមាលតីមានសំនួរអីអាចសួរខ្ញុំបាន! មិនបាច់ខំកែខ្លួនទេ  តែមិញហ្នឹង គាត់ហៅឈ្មោះខ្ញុំរបៀបស្និទ្ធស្នាល​ ហើយនិយាយក៏កាន់ខ្ញុំដោយស្រទន់​ បេះដូងដូចជាចង់លោត ញ៉ាប់ខុសចង្វាក់។
ខ្ញុំបានបញ្ចប់ការញ៉ាំបាយរបស់ខ្ញុំដែរ អ៊ំស្រីចុងភៅបានមកលើកចានបាយនិងចានម្ហូប ចេញ រួចក៏ដាក់កូនចានបង្អែមឱ្យពួកយើងម្នាក់មួយចាន។ ខ្ញុំបានដកដង្ហើមចូលនិងចេញ រួចហើយក៏បាននិយាយទៅកាន់អ្នកប្រុស
ខ្ញុំសូមទោសផងដែលកាលពីម្សិលមិញ មិនបានប្រាប់អ្នកប្រុសពីការពិត។ តាមពិតទៅ ខ្ញុំមកទីនេះក្នុងគោលបំនងធ្វើការស្រាវជ្រាវ
មើលទៅគាត់ដូចជាមិនបានភ្ញាក់ផ្អើលនឹងសមាសភាពខ្ញុំសោះ គាត់បែរជាតបបែបហី
ខ្ញុំដឹងតើ! តែបើនាងមិនចង់ប្រាប់ ខ្ញុំក៏មិនចង់ដេញដោលសួរដែរ តែពេលនេះនាងព្រម ប្រាប់ការពិតអញ្ចឹង ប្រហែលជាត្រូវការជំនួយពីខ្ញុំហើយតើមែនទេ? អូព្រះ! គាត់ដឹងទាំងអស់ គួរឱ្យអាម៉ាស់មុខដល់ហើយ ពេលនេះខ្ញុំចាប់ផ្តើមស្អប់ស្នាមញញឹមដ៏ស្រស់ស្អាត ដែលកំពុងតែ សំលឹងមើលមកខ្ញុំហ្នឹងហើយ
ចាស ខ្ញុំពិតជាចង់សូមការជួយពីអ្នកប្រុសពិតមែន!
ខ្ញុំមិនថាអីនោះទេ អ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំពេញចិត្តនឹងជួយ។
អ្នកប្រុសមិនត្រឹមតែរូបសង្ហារទេ ថែមទាំងចិត្តល្អទៀតផង ខ្ញុំញញឹម ពេលនេះខ្ញុំអត់ ខ្លាចចិត្តទេណា សូមនិយាយត្រង់ៗហើយ
គឺខ្ញុំចង់សូម ស្ថិតិចំនួនភ្ញៀវទេសចរ ប្រាក់ចំនូល និងផែនការចាយវាយប្រាក់ទាំងនោះ ខ្ញុំសូម ធានាថានឹងមិនបញ្ចេញពត៌មានទាំងនោះទៅក្រៅទេ គឺខ្ញុំប្រើប្រាស់ក្នុងគោលបំនងស្រាវជ្រាវតែម្យ៉ាង ហើយខ្ញុំក៏ចង់សូមសម្ភាស៍ភ្ញៀវទេសចរ និងសម្ភាស៍ទៅកាន់ប្រជាជនរស់នៅក្នុងទីនេះផង។ ហើយលើសពីនេះទៅទៀត ខ្ញុំមានចម្ងល់ជាច្រើនទាក់ទងនឹងភូមិគ្រឹះរបស់អ្នកប្រុស តើអ្នក ប្រុសអាចជួយចែករំលែក ឬជួយឱ្យខ្ញុំយល់ដឹងពីភូមិគ្រឹះនេះជាងនេះតើបានទេ?
ប្រហែលជាពិបាកដល់នាងហើយ ព្រោះថាពត៌មានដែលនាងចង់ដឹង ម្ចាស់ភូមិគ្រឹះនេះមិន រំពឹងថានឹងចែកចាយឱ្យទៅអ្នកខាងក្រៅទេ តែបើសិនជានាងសន្យាថារក្សាជាការសំងាត់ទៅហើយ ខ្ញុំក៏មិនគួរចិត្តអាក្រក់ដែរ។ រឿងសម្ភាស៍ភ្ញៀវនិងប្រជាជន ខ្ញុំអនុញ្ញាតឱ្យនាង នាងអាចសម្ភាស៍ ពួកគេបានដោយសេរី។ ចំណែករឿងចម្ងល់ទាក់ទងនឹងភូមិគ្រឹះ ដែលនាងចង់ដឹងពីខ្ញុំ ខ្ញុំមិនអាចឆ្លើយប្រាប់នាងបានទេ ព្រោះថាខ្ញុំក៏មិនដឹងដូចគ្នា តែពួកយើងអាចសហការគ្នាដើម្បី ដោះស្រាយចំនោទប្រស្នាទាំងនេះ ជាមួយគ្នា។
មិននឹកស្មានថា អ្នកប្រុសសហការជាមួយខ្ញុំពេញទំហឹងបែបនេះសោះ ខ្ញុំពិតជាសប្បាយ ចិត្តណាស់ គាត់បាននិយាយបន្ត
ខ្ញុំចែករំលែកពត៌មានដែលខ្ញុំដឹងទៅកាន់នាង ហើយនាងចែករំលែកពត៌មានដែលនាង ដឹងមកកាន់ខ្ញុំវិញ។ ធ្វើបែបនេះ​យើងចំនេញ ទាងសងខាង ប៉ុន្តែខ្ញុំមានលក្ខខ័ណ្ឌ។
លក្ខខ័ណ្ឌ?
“Yes, នាងត្រូវយល់ព្រមនឹងលក្ខខ័ណ្ឌរបស់ខ្ញុំចំនួនបី
ខ្ញុំអាចយល់ព្រមបាន តែត្រូវប្រាកដថា លក្ខខ័ណ្ឌរបស់អ្នកប្រុស មិនខុសហ្នឹងសីលធម៌ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់របស់ប្រទេស
ហាសហា (គាត់សើចពេលដែលលឺខ្ញុំនិយាយចប់) កុំបារម្ភអី! ខ្ញុំមិនឱ្យនាងទៅធ្វើអំពើ បាប ទៅសំលាប់មនុស្ស ឬក៏លួចទ្រព្យសម្បត្តអ្នកដទៃ ឬក៏ទៅធ្វើអំពើមិនគប្បីនោះទេ។
ចាស បើអ៊ីចឹងខ្ញុំយល់ព្រម។ សូមអ្នកប្រុស មានប្រសាសន៍ ពីលក្ខខណ្ឌទាំងអស់នោះ មកចុះ!
លក្ខខ័ណ្ឌទីមួយ ខ្ញុំចង់ឱ្យនាងកំដរ ខ្ញុំញ៉ាំអាហារពេលថ្ងៃត្រង់​និងពេលរសៀលជា រៀងរាល់ថ្ងៃ
ខ្ញុំបើកភ្នែកធំៗ ហ្នឹងឬជាលក្ខខ័ណ្ឌរបស់អ្នកប្រុស ខ្ញុំត្រូវញ៉ាំបាយកំដរអ្នកប្រុស អស់មួយជីវិតឬ? អត់ទេ ខ្ញុំត្រូវញ៉ាំបាយកំដរ អនាគតស្វាមីនិងកូនរបស់ខ្ញុំ ម៉េចនឹងមកនៅកំដរ អ្នកប្រុសទៅ ឬក៏អ្នកប្រុសចង់សារភាពស្នេហ៍ដោយប្រយោល កុំប្រាប់ណាថាអ្នកប្រុសឃើញខ្ញុំភ្លាមក៏ ស្រឡាញ់ភ្លេត តែក៏មិនសមទេ គាត់ប្រាកដជាចង់ធ្វើបាបខ្ញុំជាមិនខាន
អត់ទេ! ខ្ញុំមិនអាចញ៉ាំបាយកំដរអ្នកប្រុស រហូតអស់មួយជីវិតនោះទេ!
មើលទៅគាត់ដូចជាភ្ញាក់នឹងសម្តីខ្ញុំ
ហាស! ខ្ញុំមិនបានឱ្យនាងញ៉ាំបាយកំដរខ្ញុំអស់មួយជីវិតនោះទេ ត្រឹមតែរយៈពេល​៣ខែប៉ុណ្ណោះ នាងនូវចំនេញលុយថ្លៃបាយមិនចេះតិច ខ្ញុំគិតថាសំណើរនេះនាងមិនសមណា បដិសេធសោះ នាងគួរតែយល់ព្រម ហើយនេះក៏ជាលក្ខខ័ណ្ឌទៀត
ដំបូងមិនបានបញ្ជាក់ថា ៣ខែផង ស្មានតែឱ្យកំដររហូតតើ បើរហូតមែននោះមិនយល់ព្រមទេ មើលចុះធ្វើឱ្យខ្ញុំអាម៉ាសមុខទៀតហើយ
ចាស បើអ៊ីចឹងខ្ញុំយល់ព្រម! ចុះលក្ខខ័ណ្ឌទី២​ និងទី៣ ជាអ្វីដែរ?
ខ្ញុំមិនទាន់នឹកឃើញទេ
មិនទាន់នឹកឃើញ? មិនបានទេ! បើអ្នកប្រុសឱ្យខ្ញុំទៅធ្វើអ្វីផ្តេសផ្តាសទៅ តើខ្ញុំគិតយ៉ាង ម៉េច!
ខ្ញុំប្រាប់ហើយតើ ថាមិនឱ្យនាងទៅធ្វើអ្វីផ្តេសផ្តាសនោះទេ!
ខ្ញុំម៉េចអាចទុកចិត្តបាន! ខ្ញុំនៅតែមិនសុខចិត្ត
ខ្ញុំនឹងសរសេរលិខិតកិច្ចសន្យាឱ្យនាង ដែលលក្ខខ័ណ្ឌទាំងនោះស្ថិតនៅក្នុងដែន កំណត់នៃសកម្មភាពដែលអាចទទួលយកបាន
ចាស បើអ៊ីចឹង ខ្ញុំយល់ព្រម
បើនាងយល់ព្រមហើយ យើងសម្រេចតាមហ្នឹងចុះ គាត់រៀបចំខ្លួនងើបចេញពីកៅអី អង្គុយ ដូចជាកំពុងចង់ទៅកន្លែងណាមួយ ដោយនិស្ស័យចូលចិត្តឆ្ងល់និងចង់ចេះចង់ដឹង ខ្ញុំបានសួរ ទៅកាន់គាត់
តើអ្នកប្រុសចង់អញ្ជើញទៅណា?
ខ្ញុំទៅរកមនុស្សម្នាក់ (គាត់អាក់សំដីបន្តិច មើលមុខខ្ញុំហើយក៏និយាយបន្ត) អូ! នាងអាចទៅជាមួយខ្ញុំបាន ទៅរៀបចំខ្លួនទៅ ហើយទៅចាំខ្ញុំនៅឡាន។
យី! ខ្ញុំមិនបាននិយាយថាខ្ញុំចង់ទៅជាមួយទេ ហើយរិតតែមិនបានយល់ព្រមថាទៅជាមួយ
ចាស! តែមាត់នេះបែរជាឆ្លើយយល់ព្រម អូខេចាត់ទុកថាចេញទៅក្រៅដើម្បីដើរលេង ទៅចុះ
អ្នកប្រុសបានបើកឡានកាត់ទីក្រុងសៀមរាប ហើយក៏ធ្វើដំណើររហូតទៅដល់ភូមិដាច់​ស្រយាល ខ្ញុំសួរគាត់ថាទៅរកអ្នកណា គាត់មិនព្រមប្រាប់ គាត់គ្រាន់តែឆ្លើយថាពេលទៅដល់ ខ្ញុំនឹងដឹងហើយ។
ពេលនេះបានមកដល់ហើយ ផ្ទះដែលគាត់ឈប់ពីមុខហ្នឹង មើលទំនងទៅគឺជាផ្ទះគ្រូទាយ​ ព្រោះឃើញមានដង្វាយទេវតា និងគ្រឿងសំណែនផ្សេងៗ ហើយក៏ឃើញមានភ្ញៀវចេញចូល ហូរហែរដែរ។ ចំលែកមែន អ្នកប្រុសមកផ្ទះគ្រូទាយធ្វើអី ចង់ទស្សទាយរកគូស្រករឬយ៉ាងណា ហើយគាត់ហៅខ្ញុំមកជាមួយធ្វើអីដែរ។
ពេលពួកយើងចូលដល់លើផ្ទះ ភ្ញៀវឯទៀតបានចាកចេញទៅអស់ហើយ ឃើញតែ លោកយាយចំនាស់​ ដែលកំពុងអង្គុយនៅលើអាសនៈរបស់គាត់។ ពួកយើងបានចូលទៅអង្គុយនៅ ពីមុខគាត់ រួចអ្នកប្រុសនរិន្ទបានសួរដោយគួរសមទៅលោកយាយ
អត់ទោសលោកយាយ តើនេះគឺជាផ្ទះរបស់លោកពូ​ភក្តី តើមែនទេ? ខំតែគិតថាគាត់មក​រកគ្រូទាយតើ តាមពិតមិនមែនទេ
លោកយាយតបដោយសំលេងស្អកៗ
មែនហើយចៅ ភក្តីគឺជាកូនប្រុសរបស់យាយ
តើខ្ញុំអាចសូមលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅគាត់បានដែរទេលោកយាយ ហើយ ពេលណាគាត់អញ្ជើញត្រលប់មកផ្ទះវិញ?
លោកយាយញញឹមរួចតប
ចៅមានការអ្វីចង់សួរនាំភក្តី អាចសួរយាយជំនួសបាន ព្រោះកូនប្រុសយាយពេលនេះនៅ ឯបរទេសឯណោះ មិនបាននៅក្នុងស្រុកខ្មែរទេ ចំពោះរឿងទាក់ទងនឹងភូមិគ្រឹះរបស់ចៅ ភក្តីដឹងតាមរយៈ យាយជាអ្នកនិយាយឱ្យស្តាប់
នេះម៉េចក៏លោកយាយដឹងថាខ្ញុំចង់សួរពីរឿងភូមិគ្រឹះ? អ្នកប្រុសរាងចម្លែកចិត្ត ហើយខ្ញុំក៏ចម្លែកចិត្តដែរ តែមិនណាស់ណាទេ លោកយាយពិតជាមានទេពកោសល្យខាង ទស្សទាយពិតមែន អ្នកប្រុសមិនទាន់បាននិយាយអ្វីផង គាត់ក៏ដឹងពីគោលបំនងអ្នកប្រុសបាត់ ទៅហើយ
យាយដឹងតែរឿងណាដែលយាយដឹងតែប៉ុណ្ណោះ! គាត់សើច នេះលោកយាយចេះនិយាយ លេងទៀត គាត់និយាយបន្ត
ចៅទាំងពីរហុចដៃស្តាំមក! ខ្ញុំនិងអ្នកប្រុសនរិន្ទ បានហុចដៃឱ្យទៅលោកយាយ គាត់បានចាប់កាន់បាតដៃទាំងពីរ ដោយដាក់លើដៃគាត់ម្ខាងមួយ ហើយគាត់ក៏មានប្រសាសន៍
អ្នកទាំងពីរ ជាអ្នកជំនាន់ក្រោយរបស់ម្ចាស់ភូមិគ្រឹះ ខ្ញុំចង់ប្រកែកទៅគាត់ថា ខ្ញុំមិនមែនទេ គឺមានតែអ្នកប្រុសនរិន្ទទេ ដែលជាអ្នកជំនាន់ក្រោយរបស់ម្ចាស់ភូមិគ្រឹះ តែខ្ញុំមិនបានតបអ្វីទៅកាន់គាត់ទេ ហើយគាត់ក៏មានប្រសាសន៍បន្ត
ត្រូវប្រុងប្រយ័ត្នចំពោះខ្មោចស្រីម្នាក់នោះ!
មានខ្មោចនៅក្នុងភូមិគ្រឹះឬ លោកយាយ? ខ្ញុំបានសួរបញ្ជាក់ទៅកាន់លោកយាយ
មែនហើយ! មានខ្មោចនៅក្នុងភូមិគ្រឹះ ប៉ុន្តែនាងមិនអាចធ្វើអ្វីចៅទាំងពីរបានទេ។ គាត់ព្រលែងដៃយើងទាំងពីរមកវិញ ខ្ញុំក៏យកដៃទាំងពីររបស់ខ្ញុំមកដាក់លើភ្លៅ ខ្ញុំស្រាប់តែមាន អារម្មណ៍ថាព្រឺឆ្អឹងខ្នង ហើយខ្លាចរអា នេះខ្ញុំកំពុងតែមកស្នាក់នៅភូមិគ្រឹះដែលមានខ្មោចអ៊ីចឹង ឬ ចុះបើយប់ឡើងខ្មោចនោះមក លងឬ មកច្របាច់កខ្ញុំ ហើយហៅខ្ញុំឱ្យទៅនៅជាមួយ តើខ្ញុំត្រូវគិត ធ្វើយ៉ាងម៉េចទៅ
ចៅមានអីចង់សួរយាយ ក៏សួរមកចុះ បើយាយដឹង យាយនឹងឆ្លើយប្រាប់ សំលេងនិយាយបន្តរបស់លោកយាយ ធ្វើឱ្យខ្ញុំ ភ្លេចអារម្មណ៍ភ័យខ្លាចមួយគ្រាសិន
នៅក្នុងអត្ថបទរបស់​ពូភក្តី បានប្រាប់ថាភូមិគ្រឹះ ធ្លាប់ត្រូវភ្លើងឆេះ ហើយក៏សាងសង់ឡើង វិញ តើលោកយាយដឹងថាហេតុអ្វីបានជាមានភ្លើងឆេះដែរទេ? អ្នកប្រុសនរិន្ទបានសួរទៅ លោកយាយ​ សំនួរនេះគឺពិតជាដូចទៅនឹងអ្វីដែលខ្ញុំចង់ដឹងដល់ហើយ
ភូមិគ្រឹះត្រូវភ្លើងឆេះ គឺដោយសារតែមានអ្នកដុត កាលពីជាង ៣០០ឆ្នាំមុន ភូមិគ្រឹះគ្រប់គ្រង ដោយលោកម្ចាស់ វីរៈពង្ស ដែលគាត់មានកូនពីរនាក់ គឺប្រុសមួយ ស្រីមួយ។ កាលពេលប្រសូត្រកូនស្រី លោកស្រីក៏បានទទួលអនិច្ចកម្មទៅ។ បែបនេះហើយ ទើបលោកម្ចាស់​មិនសូវចូលចិត្តអ្នក នាងតូចនោះទេ គាត់គិតថាអ្នកនាងតូចគឺជាមូលហេតុធ្វើឱ្យលោកស្រីស្លាប់ អ្នកនាងតូចគឺជា មនុស្សនាំមកនូវសំណាងអាក្រក់។ អ្នកនាងតូចរស់នៅដោយគ្មានសេរីភាព និងខ្វះការស្រឡាញ់ ពីឪពុក ហើយក៏មិនមានម្តាយតាមបីបាច់ថែរក្សា។ នាងតែងតែលេងជាមួយកូនប្រុស ស្រីបម្រើ លុះដល់ចម្រើនវ័យទៅ​អ្នកទាំងពីរក៏បានស្រលាញ់គ្នា។ ពេលលោកម្ចាស់ដឹងរឿងនេះ គាត់ខឹងខ្លាំង ណាស់ គាត់ក៏បានបង្ខំអ្នកនាងឱ្យរៀបការជាមួយនឹងកូនប្រុសរបស់ព្រះចៅល្លួង។ អ្នកនាងមិន អាចប្រកែកជាមួយឪពុកបាន ហើយនាងមិនក៏មិនចង់រៀបការទាំងបង្ខំចិត្តដែរ ទើបនាង ជ្រើសរើសយកវិធីស្លាប់ដើម្បីដោះស្រាយបញ្ហា។ ថ្ងៃមួយពេលដែលលោកម្ចាស់ និងអ្នកប្រុសធំ​មិននៅ អ្នកនាងបានបង្កើតការរាំច្រៀង សប្បាយនៅបរិវេណខាងក្រៅ ហើយឱ្យអ្នកបម្រើ ចេញពីភូមិគ្រឹះទាំងអស់។ រួចអ្នកនាងតូចបានយកប្រេង ចាក់ស្រោចទៅលើភូមិគ្រឹះ អ្នកនាងបានចាក់សោបន្ទប់ខ្លួនឯង រួចហើយក៏ដុតភ្លើង។ ភ្លើងចេះសន្ធោសន្ធៅ នាំទាំងជីវិតអ្នក នាងតូចទៅជាមួយផង។ មានគេនិយាយថាអ្នកនាងតូចស្លាប់ទៅ បានក្លាយជាខ្មោចយាម ភូមិគ្រឹះ។ ពេលត្រលប់មកវិញ លោកម្ចាស់ខូចចិត្ត ជាខ្លាំង ក្នុងការបាត់បង់កូនស្រីតែមួយ​ គាត់បាន សោកស្តាយកំហុសរបស់ខ្លួនជាខ្លាំង។ ក្រោយមកគាត់ក៏បានឱ្យគេសាងសង់ភូមិគ្រឹះ ឡើងវិញ នៅលើ ទីតាំងដដែល។ ពេលលោកម្ចាស់ស្លាប់បាត់ទៅ អ្នកប្រុសធំក៏បានគ្រប់គ្រងភូមិគ្រឹះបន្ត​ហើយគាត់មានកូនពីរនាក់​ កូនច្បងស្រី និងកូនប្រុសពៅ។ ហើយពេលក្រោយមក កូនច្បងស្រីបាន ចងកស្លាប់នៅក្នុងភូមិគ្រឹះដោយគ្មានមូលហេតុ។ ក្រោយមកទៀតកូនប្រុសពៅ បានឡើងបន្ត តំណែងពីឪពុក គាត់បានរៀបការហើយមានកូនបីនាក់ ស្រីពីរ ប្រុសមួយ។ កូនស្រីទាំងពីរបានស្រឡាញ់ ប្រុសតែមួយ តែបុរសនោះស្រឡាញ់កូនស្រីប្អូន។ បែបនេះហើយទើបមានពិធីភ្ជាប់ពាក្យរវាងបុរស នោះនិងកូនស្រីប្អូន។ តែជាអកុសលកូនក្រមុំស្រាប់តែស្លាប់ បន្ទាប់ពីពិធីភ្ជាប់ពាក្យបាន មួយអាទិត្យ។ ក្រោយមកបានបីខែកូនស្រីបងក៏ស្លាប់ទៀត។​ ក្រោយមក ភូមិគ្រឹះក៏ស្ថិតក្នុងការគ្រប់ គ្រងរបស់ កូនប្រុស។ កូនប្រុសបានរៀបការ ហើយក៏បានកូនស្រីមួយ ប្រុស មួយ។ ពេលកូនស្រីអាយុបាន ២០ឆ្នាំ នាងស្រាប់តែឆ្លាក់ខ្លួនឈឺដោយគ្មាន មូលហេតុ។ ហេតុនេះហើយ លោកប្រុសនិងក្រុមគ្រួសារក៏បានសម្រេចចិត្តចាកចេញពីភូមិគ្រឹះទៅរស់នៅតំបន់ផ្សេង ដើម្បីគេចចេញពីសោកនាដកម្មផ្សេងៗដែលកើតមានក្នុងភូមិគ្រឹះ និង​ដើម្បីព្យាបាលជម្ងឺកូនស្រី ផង។ លឺពាក្យចចាមរ៉ាមថាភូមិគ្រឹះថ្មីមានជើងកប ហេតុនេះហើយ ទើបបានជាកូនស្រីនៅក្នុង គ្រួសារចេះតែស្លាប់ដោយមិនសមហេតុផល។
ខ្ញុំបានស្លុងទៅក្នុងរឿងដែលលោកយាយបាននិយាយ ហើយក៏កើតមានមន្សិលសង្ស័យថា តើរឿងនេះពិតជាកើតមានពិតនៅក្នុងភូមិគ្រឹះមែនឬ? វាហាក់បីដូចជារឿងព្រេងនិទានពេកហើយ។
រឿងដែលយាយដឹង គឺមានតែប៉ុណ្ណឹងទេ! រួចគាត់ក៏បានហុចសៀវភៅចាស់មួយក្បាល ឱ្យមកខ្ញុំ រួចនិយាយ
នេះគឺជាកេរតំណែលរបស់ចៅ! ខ្ញុំមើលមុខគាត់ដោយឆ្ងល់តែក៏ព្រមទទួលយកសៀវភៅ នោះ
ចាស អរគុណលោកយាយ! ដោយមើលទៅគាត់ហាក់ដូចជាចង់សម្រាក ពួកយើងក៏បាន លាគាត់ត្រលប់ទៅវិញ
ពេលទៅដល់ក្នុងឡានខ្ញុំបានបើកសៀវភៅមើល ឃើញអត់មានអក្សរអ្វីទាំងអស់ សូម្បីតែមួយតួ ហើយក្រដាសនេះក៏មើលទៅខុសពីធម្មតា ចាស់ក៏ចាស់ខ្លាំង​ មិនដឹងថាខ្ញុំអាចយក សៀវភៅនេះទៅកត់ត្រាអីបានអត់ទេ​បើចាស់ម្លឹងៗ។ ដំបូងខំគិតថា ជាសៀវភៅអាន តាមពិតទៅ ជាសៀវភៅសរសេរសោះ ប្រហែលជាលោកយាយដឹងថាខ្ញុំចូលចិត្តសរសេរហើយ បានជាឱ្យ សៀវភៅសរសេរនេះជាអំណោយដល់ខ្ញុំ។ ពេលជិះបានប្រហែល៥០០​ម ខ្ញុំក៏ឱ្យអ្នកប្រុសនរិន្ទ ត្របលប់ទៅវិញ
ភ្លេចឱ្យឈឹង ពួកយើងអត់ទាន់បានជូនទ្រនឹបដល់ លោកយាយផង។ សូមអ្នកប្រុសបកក្រោយត្រលប់ទៅវិញទៅ ខ្ញុំចង់ជូនថវិកា មួយចំនួនដល់គាត់។​
អ្នកប្រុសក៏បកឡានថយក្រោយវិញ រួចឈប់នៅកន្លែងដដែល ដែលចតពីពេលមុន គឺក្រោយម្លប់ឬស្សី​មុខផ្ទះលោកយាយ។ ពួកយើងបានដើរចុះពីឡានហើយ ដើរសំដៅទៅផ្ទះលោក យាយ ពេលនេះហើយ ខ្ញុំនិងអ្នកប្រុសចាប់ផ្តើមតក់ស្លុត ព្រោះថានៅខាងមុខយើង គឺសុទ្ធតែជាព្រៃដុះ ស៊ុបទ្រុឌពេញ អត់មានផ្ទះរបស់លោកយាយនោះទេ។ ចុះផ្ទះលោកយាយបាត់ ទៅណាហើយទើបតែឃើញអំបាញ់មិញសោះហ្នឹង ហើយខ្ញុំនិងអ្នកប្រុសបានទាំងដើរចូលទៅក្នុង ផ្ទះហ្នឹងទៀត ហើយក៏បានទាំងនិយាយសន្ទនាជាមួយលោកយាយផង  ឬមួយក៏ពួកយើង ត្រូវខ្មោចលងទាំងថ្ងៃ។ ខ្ញុំរត់ទៅចាប់ដៃអ្នកប្រុសរួចឧទាន
ពួកយើងច្បាស់ជាបានជួបខ្មោចជាមិនខាន
មិនសមថាមានរឿងនេះកើតឡើងសោះ! អ្នកប្រុសតក់ស្លុតមិនចាញ់ខ្ញុំនោះទេ
ពេលនោះមានក្មេងប្រុសម្នាក់ ជិះកង់កាត់តាមផ្លូវនោះ ខ្ញុំប្រលែងដៃចេញពីអ្នកប្រុសរួចក៏ ហៅក្មេងនោះឈប់ដើម្បីសួរ
ឈប់សិនអូន! ក្មេងនោះបានឈប់កង់
តើអូនធ្លាប់ឃើញមានអ្នកណាស្នាក់នៅទីនេះទេ? ខ្ញុំចង្អុលទៅកាន់ដៃព្រៃដែលធ្លាប់ជា​ ផ្ទះរបស់លោកយាយកាលពីប៉ុន្មាននាទីមុន
អត់ទេបង! តាំងពីខ្ញុំកើតមក ខ្ញុំឃើញទីនេះជាព្រៃតែរហូតហ្នឹង! ឆ្លើយចប់ក្មេងនោះក៏ជិះ កង់ទៅមុខបន្តទៀត។ ខ្ញុំព្រឺសបុរខ្ញាកតែម្តង អ្នកណាមិនរន្ធត់បើពេលមុនហ្នឹងជាផ្ទះរបស់ លោកយាយឱ្យច្បាស់ក្រឡែត​ ហើយឥឡូវនេះក្លាយទៅជាព្រៃនិងអត់មានមនុស្សម្នាក់ ឬមួយក៏ខ្ញុំ កំពុងតែយល់សប្តិ។ ខ្ញុំបានយកដៃក្តិចខ្លួនឯង
អ៊ូច ឈឺ! មិនបានកំពុងយល់សប្តិទេ! ខ្ញុំនឹងអ្នកប្រុសបានសំឡឹងមើលមុខគ្នាឡែងឡង់ ហើយក៏ដូចជាការឆ្លើយឆ្លងគ្នាតាមកែវភ្នែកថា ពួកយើងនៅទីនេះយូរមិនបានទៀតទេ ពួកយើងប្រញាប់រត់ចូលឡានវិញជាប្រញ៉ាប់ ហើយក៏ប្រញ៉ាប់បើកចេញពីទីនោះ។ តើនេះជា រឿងអ្វីឱ្យប្រាកដទៅ ដែលកំពុងកើតឡើងចំពោះពួកយើង។ សរុបមកគឺពួកយើងត្រូវខ្មោចលងទាំង​ កណ្តាលថ្ងៃ។ ខ្ញុំត្រូវតែរកពេលទៅស្រោចទឹករំដោះគ្រោះ និងលើករាសីទើបបាន។​
តែបើស្តាប់តាមការរៀបរាប់របស់លោកយាយ ហើយយកទៅផ្តុំជាមួយនឹងពត៌មាន ដែលខ្ញុំមាន គឺពិតជាស៊ីគ្នាខ្លាំងណាស់ ហើយវាហាក់ដូចជាស៊ីគ្នាទៅនឹងយល់សប្តិរបស់ ខ្ញុំពីយប់មិញទៀត គឺនារីម្នាក់នោះបានភ្ជាប់ពាក្យ ហើយក្រោយមកក៏ស្លាប់​ អ្វីទាំងអស់់នេះគឺសុទ្ធតែជាការពិត តើមែនទេ?​ ចុះកូនកំឡោះដែលមានមុខដូចអ្នកប្រុស នរិន្ទ ត្រូវបកស្រាយយ៉ាងណា? ខ្ញុំជិតឡប់មែនទែនហើយ កូនកំឡោះនៅក្នុងយល់សប្តិនោះ មុខដូចអ្នកប្រុសនរិន្ទ ចំនែកកូនក្រមុំវិញមានមុខមាត់ដូចខ្ញុំ ឬមួយក៏នោះគឺជាអតីតកាលរបស់ ពួកយើងទាំងពីរ? ខ្ញុំក្រវីក្បាលចុះឡើង ដូចមនុស្សឡប់
នាងកើតអីហ្នឹង ត្រូវខ្មោចលងឡើងទៅជាឡប់ហើយមែនទេ?
អត់ទេ  ខ្ញុំមិនឡប់តែម្នាក់ឯងទេ  ខ្ញុំនឹងឱ្យអ្នកប្រុសឡប់ដូចខ្ញុំដែរ ខ្ញុំក៏បាននិយាយរឿង ទាំងអស់នោះឱ្យអ្នកប្រុសស្តាប់ គាត់ក៏កើតមានចម្ងល់ដូចខ្ញុំដែរ។

No comments:

Post a Comment