Monday, February 27, 2017

មន្តស្នេហ៍សំណព្វចិត្ត វគ្គទី១



មន្តស្នេហ៍សំណព្វចិត្ត

វគ្គទី១
នារីវ័យជំទង់ម្នាក់ដែលមានរាងតូចល្អិតនិងមិនសូវខ្ពស់ប៉ុន្មានដែលមានអាយុប្រហែល២៣​ឆ្នាំ កំពុងតែឈររេរ៉រម្នាក់ឯងនៅក្នុងព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិនាទីក្រុងបាងកកប្រទេសថៃ ដែលជាព្រលានដ៏ធំជាងគេក្នុងប្រទេស មានអ្នកធ្វើដំណើរជាច្រើនខ្វាត់ខ្វែងចុះឡើងដែលអ្នកខ្លះអាចនឹងគ្រាន់តែឈប់ប៉ុន្មានម៉ោងដើម្បីប្តូរជើងយន្តហោះទៅកាន់ប្រទេសផ្សេងទៀត និងអ្នកខ្លះក៏ចុះនៅទីនេះតែម្តងដូចនាងជាដើម។ នាងបានទាក់ទងទៅសិស្សច្បងជនជាតិខ្មែរដែលរៀននៅសាលាជាមួយគ្នារួចហើយ ហើយសិស្សច្បងក៏ប្រាប់ថាគេនឹងមកទទួលនាងនៅព្រលានយន្តហោះ បែបនេះហើយទើបនាងត្រូវឈរចាំគេទាំងអន្ទះសារចិត្តបែបនេះ។ នាងបានចុះពីលើយន្តហោះតាំងពីម៉ោង១២ថ្ងៃត្រង់ ហើយពេលនេះម៉ោង២រសៀលទៅហើយ នៅមិនទាន់ឃើញស្រមោលអ្នកដែលសន្យាថានឹងមកទទួលទៀត។ នាងបានភ្ជាប់ការទាក់ទងទៅគេតាមហ្វេកប៊ុកទៅច្រើនដងហើយតែមិនឃើញឆ្លើយតបសោះ គឺគេមិនបានអនឡាញនោះទេ។ នាងរងចាំដោយអស់សង្ឃឹមតែបន្តិចក្រោយមកក៏ស្រាប់តែឃើញសារឆ្លើយតប
“បងរងចាំនៅច្រកទី៣” នាងបានអានសារអ្នកម្ខាងទៀតដោយការមានសង្ឃឹមឡើងវិញ តែថាពេលនេះនាងនៅច្រកទីបីហើយតើ ម៉េចក៏មិនឃើញ នាងក៏បានតបទៅវិញ
“ខ្ញុំពាក់អាវពណ៌ក្រហម មានវ៉ាលីពណ៌ប្រផេះ កំពុងតែអង្គុយនៅច្រកទីបី តើបងឃើញខ្ញុំទេ?” គ្រាន់តែចុចបញ្ចូនទៅ អ្នកម្ខាងទៀតក៏ឆ្លើយតបមកវិញ
“ឃើញហើយ!” ហើយពេលនោះនាងក៏ឃើញបុរសម្នាក់ដែលមានអាយុច្រើនជាងនាងប្រហែល ២ ឬ៣ឆ្នាំ កំពុងដើរសំដៅមករកនាង នាងគិតថាបែបជាសិស្សច្បងដែលនាងកំពុងតែរងចាំហើយ​ ដែលមានឈ្មោះថានភាមើលទៅរាងរបស់គេមិនសូវខ្ពស់ប៉ុន្មាននោះទេ តែក៏សមល្មមតាមលក្ខណៈបុរសអាស៊ីដែលមានកម្ពស់ប្រហែល១៧០សម ហើយមុខរបស់គេមើលទៅសាមញ្ញធម្មតាតែពេលមើលយូរៗទៅក៏ស្អាតនិងសង្ហារម្យ៉ាងបែបថាមានប្រជាប្រិយ៍ គួរឲ្យចូលចិត្ត ហើយពេលនេះគេកំពុងសំលឹងមើលមកនាងនិងញញឹមយ៉ាងស្រស់ រួចក៏និយាយមកកាន់នាង
“យើងហ្នឹងមែនទេដែលឈ្មោះកនិកា!”
“ចាស៎បង! គឺខ្ញុំហ្នឹងហើយ ចំនែកបងគឺបងនភា?” នាងបានងើបឈរពីកៅអីអង្គុយខណៈពេលកំពុងឆ្លើយតបហើយដៃក៏ចាប់កាន់វ៉ាលីឡើងផងដែរ
“បាទ! សូមទោសណាដែលទុកឲ្យនៅចាំយូរបែបនេះ!”
“ចាស៎!​មិនអីនោះទេ! បានបងមកទទួលហ្នឹងគឺខ្ញុំសប្បាយចិត្តសឹងស្លាប់ទៅហើយ!” នាងនិយាយតាមការពិត ព្រោះថាបើសិស្សច្បងមិនមកទទួលនាងទេ នាងមិនដឹងថានឹងទៅដល់សាលាតាមបែបណានោះទេ តាមពិតទៅខាងសាលាក៏មានអ្នកមកចាំទទួលសិស្សថ្មីដែរ តែតម្រូវឲ្យសិស្សមកចន្លោះពីថ្ងៃទី៣០កក្កដា ដល់១សីហា តែនេះដោយសារនាងមកថ្ងៃ២សីហាទើបសាលាគ្រាន់តែផ្ញើរផែនទីនិងប្រាប់ពីវីធីធ្វើដំណើរដើម្បីឲ្យទៅសាលាខ្លួនឯង ចំនែកនាងមិនស្គាល់និងមិនដឹងផ្លូវអីផង ហើយក៏មិនចេះភាសាថៃទៀត ចំនែកជនជាតិថៃមិនសូវមានអ្នកចេះឬក៏និយាយភាសាអង់គ្លេសច្រើននោះទេទើបមានការពិបាក ទើបនាងត្រូវស្វែងរកជំនួយពីសិស្សច្បងជំនួសវិញ
“បើអញ្ចឹងតោះយើងទៅ !” គេនិយាយព្រមទាំងយកដៃទៅចាប់កាន់វ៉ាលីរបស់នាង ទើបនាងត្រូវប្រកែកព្រោះមិនចង់ពិបាកដល់គេច្រើន
“កុំអីបង! ខ្ញុំអូសខ្លួនឯងបាន!” តែគេមិនព្រមលែង
“ទុកឲ្យបងជួយ ! ខ្លួនតូចសោះហើយវ៉ាលីឡើងធំ!” បើគេចង់ជួយបែបនេះនាងក៏បណ្តោយឲ្យគេអូសវ៉ាលីនោះទៅ
គេទាំងពីរនាក់ដើរសំដៅទៅរកតាក់ស៊ីដើម្បីធ្វើដំណើរទៅដល់សាលាដែលវាចំនាយពេលអស់ប្រហែលមួយម៉ោង។

ការស្នាក់នៅសាលាមួយអាទិត្យដំបូងគ្រាន់តែជាការបន្សាំខ្លួនតែប៉ុណ្ណោះ គឺបន្សាំនិងបរិយាកាសទីនេះហើយការសិក្សាពីរបៀបរបបវិន័យសាលារៀន។​សិស្សខ្មែរដែលនៅក្នុងសាលានេះមានសរុបចំនួន១២នាក់ ដែលក្នុងនោះមានសិស្សច្បងចំនួន៥នាក់​(ស្រី១ប្រុស៤)​និងសិស្សមកក្នុងឆមាសថ្មីមានចំនួន៧នាក់ (ស្រី៣ប្រុស៤)​ បែបនេះហើយទើបស្រីៗទាំងបីអាចស្នើរសុំនៅក្នុងផ្ទះនិស្សិតដែលរបៀបជាវិឡាមានបន្ទប់បីដាច់ពីគ្នា (បន្ទប់ផ្ទាល់ខ្លួន) តែក៏ត្រូវប្រើបន្ទប់ទឹករួម បន្ទប់ទទួលភ្ញៀវនិងផ្ទះបាយរួមគ្នាបាន។ ក្នុងមួយអាទិត្យដំបូងនេះកនិកា នាងដើរនិងជិះកង់មើលទេសភាពសាលា ហើយក៏ចំនាយពេលខ្លះចូលអានសៀវភៅក្នុងបណ្ណាល័យនិងខ្ចីសៀវភៅយកមកមើលថែមនៅក្នុងបន្ទប់ ហើយក៏ព្យាយាមបង្កើតមិត្តភក្តិថ្មីៗដែលមកពីប្រទេសផ្សេងៗផងដែរ។ អារម្មណ៍របស់នាងពិតជាស្រស់បស់ខ្លាំងណាស់ហើយក៏ត្រៀមខ្លួនរួចស្រេចក្នុងការទទួលយកនៅអ្វីដែលមិនធ្លាប់ចេះនិងមិនធ្លាប់ឆ្លងកាត់ពីមុន។​

នៅល្ងាចនេះក្រុមនិស្សិតខ្មែរទាំង១២នាក់បានជួបជុំគ្នាដើម្បីរើសប្រធាន(សាលាតម្រូវឲ្យមានប្រធានឬហៅថាអ្នកតំណាងតាមប្រទេសនីមួយៗ) ហើយក៏មានការណែនាំខ្លួនជាផងដែរ ដែលក្នុងនោះមាន ខេវិន(ប្រធានសមាគមនិស្សិតខ្មែរ)  វិវឌ្ឍ វណ្ណដែត នភា ធារី  សីហា រតនា ធារ័ត្ន សំណាង កល្យាណ ពិសី និងនាង។ កនិកានាងសប្បាយចិត្តខ្លាំងណាស់ដែលបានស្គាល់និងរាប់អានពួកគេ។ ម្នាក់ៗបានណែនាំខ្លួន ពីប្រវត្តិរូបតិចតួច ហើយដែលសំខាន់នោះគឺតម្រូវឲ្យប្រាប់ថាតើនៅទំនេរឬមានគ្នារួចទៅហើយ។​ តែការណែនាំខ្លួនរបស់អ្នកដទៃកនិកាមិនសូវចាប់អារម្មណ៍នោះទេ តែនាងបែរជាចាប់អារម្មណ៍ជាពិសេសទៅលើ នភា ហើយពាក្យគ្រប់ម៉ាត់សឹងតែជាប់ក្នុងការចងចាំរបស់នាងរួមទាំងកាយវិការគួរឲ្យអស់សំណើចផង
“ខ្ញុំបាទឈ្មោះ សុវណ្ណ នភា ជាអតីតនិស្សិតមកពីតិចណូ ហើយរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ទីនេះផ្នែកវិស្វកម្មគ្រប់គ្រងទឹក (Water of engineer  management)” គាត់ណែនាំបានតែប៉ុណ្ណឹងហើយបំប្រុងនឹងបញ្ចប់តែក៏ត្រូវ វណ្ណដែត បន្ទរ
“ប្រាប់សិស្សប្អូនឲ្យដឹងផងថានៅទំនេរឬអត់?”  នភាគ្រាន់តែលឺសំនួរនេះក៏ប្រតិកម្មរហ័សក្រវីក្បាលមើលតែស្រាំងតិច
“ អត់ទាន់មានលិឌនៅឡើយទេ !” កាយវិការនេះហើយធ្វើឲ្យគ្រប់គ្នាអស់សំណើច ហើយខេវិនក៏ឆ្លៀតចំអន់បន្តរ
“ចុះមានស្រីស្អាតជនជាតិឡាវ និងមីយ៉ាន់ម៉ាទៅរកដល់បន្ទប់នោះយ៉ាងម៉េចវិញ?” 
“មានឯណាបង! បងខេវិនឯងចេះតែថាហើយ គេគ្រាន់តែមករកពឹងពាក់ឲ្យជួយតិចតួចតើ!” ការណែនាំខ្លួនបានបញ្ចប់ទៅជាបន្តបន្ទាប់ ហើយបន្ទាប់ពីនោះពួកគេក៏នាំគ្នាធ្វើបង្អែមញ៉ាំ ម្នាក់នៅអង្គុយក្នុងផ្ទះគ្រប់គ្នាលើកលែងតែនភាបែរជាទៅអង្គុយនៅលើបង់មុខបន្ទប់តែម្នាក់ឯង កនិកាឃើញបែបនោះក៏ចេញទៅអង្គុយជិតនិងសួរនាំ
“បងមកអង្គុយក្រៅអញ្ចឹងមិនខ្លាចមូសស៊ីទេអី មូសច្រើនណាស់ ហើរឡើងវ៉ូៗតែម្តងហើយ!” គេមើលមុខនាងរួចញញឹមបន្តិចហើយក៏តប
“មិនអីទេ ចាត់ទុកថាធ្វើបុណ្យឲ្យមូសទៅចុះ បងអង្គុយតែមួយភ្លេតទេ ចូលក្នុងដែរឥឡូវហើយ! កនិកាចូលទៅក្នុងវិញទៅប្រយ័ត្នក្លាយជាចំនីមូស!”
“មិនអីនោះទេ! មូសខាំតែបងទេ ព្រោះថាមូសញីវាចូលចិត្តតែឈាមមនុស្សប្រុសទេ ហើយណាមួយឈាមខ្ញុំមិនផ្អែមដូចរបស់បងនោះទេ!” នាងនិយាយព្រមទាំងសើច
“ម៉េចក៏ដឹងថាមូសហ្នឹងជាមូសញី?”
“ដឹងតែថាខ្ញុំដឹងទៅបានហើយ!” គេក៏លេងមាត់ ហើយក៏ប្តូរប្រធានបទទាក់ទងទៅនឹងរឿងរៀនសូត្រវិញ តែថាគ្រប់អាកប្បកិរិយានិងពាក្យសម្តីរបស់គេកំពុងតែធ្វើឲ្យកនិកាចូលចិត្តគេដោយមិនដឹងខ្លួន។​

ចាប់តាំងពីថ្ងៃនោះមកនាងក៏ចាប់ផ្តើមចេះតែចង់ដឹងពីសកម្មភាពរបស់សិស្សច្បងម្នាក់នេះ ហើយក៏ដឹងបានថាពេលល្ងាចគេតែងតែហាត់ប្រាណជានិច្ចពេលខ្លះក៏ទៅហែលទឹក ហើយដែលញឹកញាប់នោះគឺលេងវាយសី។ ហើយអ្វីដែលនាងសង្កេតឃើញមួយទៀតនោះគឺគេក៏ចូលចិត្តថតរូបផងដែរ។នាងមិនយល់ខ្លួនឯងនោះទេថាហេតុអ្វីក៏មានចំណាប់អារម្មណ៍លើគេខ្លាំងម្ល៉េះ។ ដូចនេះហើយក៏បានខលទៅមិត្តភក្តិនៅខ្មែរដែលមានឈ្មោះថាលីដាដើម្បីពិភាក្សា។
“អាឡូ ! ទំនេរមែនបានតេមកហ្នឹង!” សំលេងពីម្ខាងទៀតឆ្លើយដោយមិនមានការគួរសមសូម្បីបន្តិច
“មិនទំនេរប៉ុន្មានទេ តែឆ្លៀត!”
“អ៊ើមានការអីក៏និយាយមក!”
“គ្នាគិតថាគ្នាកំពុងតែលង់ស្រឡាញ់សិស្សច្បង!”
“ហាស់!” លីដាឧទានដោយភ្ញាក់ផ្អើល “នេះឯងទៅមិនទាន់បានមួយខែស្រួលបួលទេណា!”
“អ៊ើហើយវាយ៉ាងម៉េច?”
“គឺថាវាលឿនពេកហើយ!”
“មិនខ្វល់! សំខាន់គ្នាចាប់អារម្មណ៍លើគាត់! គាត់គួរឲ្យចូលចិត្ត”
“អូខេ! ចុះឯងគិតធ្វើយ៉ាងម៉េចទៀត?”​
“មានយ៉ាងម៉េច! គ្នានឹងព្យាយាមចូលទៅឲ្យជិតគាត់ គាត់ចូលចិត្តទៅហែលទឹកនិងលេងវាយសី បែបនេះហើយគ្នានិងទៅរកទិញសំលៀកបំពាក់ហែលទឹកដើម្បីបានទៅហែលទឹកដែរ រឿងនេះស្រួលទេព្រោះថាគ្នាចេះហែលទឹកស្រាប់ ហើយគ្នានឹងរៀនលេងសីបែបនេះគ្នាប្រាកដជាអាចទៅលេងសីបានដែរហើយ នៅមានទៀត គាត់ចូលចិត្តទៅរៀននៅ Study room បែបនេះគ្នានិងប្តូរពីការទៅរៀននៅក្នុងបណ្ណាល័យហើយទៅ study room ដែរ” កនិកានិយាយបណ្តើរញញឹមបណ្តើរ នឹកទៅដល់គម្រោងការរបស់ខ្លួន
“ទៅៗជឿហើយឯងនេះ លើកទីមួយហើយដែលខ្ញុំលឺឯងនិយាយថាចាប់អារម្មណ៍មនុស្សប្រុស ស្មានតែស្រឡាញ់ស្រីតើព្រោះលឺសរសើរតែមនុស្សស្រីរហូតថាអ្នកនេះស្អាតអញ្ចេះអ្នកនោះស្អាតអញ្ចោះ។ ហើយឯងគិតថានឹងបានផលដែរទេ រឿងទៅហែលទឺកបែបមិនអីទេ តែពិតជាពិបាកស្រមៃណាស់ពីរឿងឯងទៅវាយសី មិនចង់និយាយនោះទេថារឿងកីឡានេះឯងអន់ដល់កម្រិតណា ហើយក៏មិនរំពឹងថាមានគ្រូណាអាចបង្ហាត់ឯងឲ្យស្ទាត់ជំនាញបានដែរ!” កនិកាបានតែធ្វើមុខខកចិត្ត នាងដឹងខ្លួនច្បាស់ណាស់ថានាងយ៉ាប់ដល់កម្រិតណា តែពេលមិត្តនិយាយចំៗឲ្យបែបនេះក៏នៅតែពិបាកទទួលយក
“ហើយមិនចាំបាច់និយាយចំៗបែបហ្នឹងដែរ!”
“ហើយចុះវាពិតអត់?”
“អ៊ើៗ ពិតហើយ! តែគ្នានឹងលេងសីឲ្យបាន ហើយនឹងលេងឲ្យបានល្អ! ជឿជាក់ថាព្យាយាមគង់បានសម្រេច!”
“អូខេ! ជូនពរឲ្យបានសម្រេច”
“អរគុណច្រើន! អូនៅមានរឿងមួយទៀតដែរចង់ប្រាប់ សាលារៀនមានកម្មវិធីសំដែងមួយ គឺការបង្ហាញពីវប្បធម៌ (Cultural Show) ខ្ញុំប្រហែលជាជៀសមិនផុតពីត្រូវសម្តែងនោះទេ​ ប្រហែលជានឹងត្រូវជ្រើសរើសយករបាំប្រពៃណីណាមួយមកសម្តែងហើយ ពួកយើងខ្មែរមានគ្នាតិចចឹងហើយប្រកែកមិនបាននោះទេ  ពួកយើងចង់ឲ្យបរទេសស្គាល់ពីវប្បធម៌របស់យើង”
“នេះខ្ញុំមានស្តាប់ច្រលំឬអត់? ហាហាហា​ ឯងហ្នឹងចេះរាំរបាំស្អីទៅហាស៎ គ្រាន់តែចង្វាក់សារ៉ាវ៉ាន់មួយហ្នឹងបង្រៀនឯងឡើងចង់១០ដងទៅហើយនៅតែមិនចេះផង។”
“ចុះឲ្យធ្វើយ៉ាងម៉េចបើមិនចេះហស៎ ហើយក៏គ្មានដុងអីតិច! គ្នាដឹងហើយថាគ្នាយ៉ាប់ប៉ុណ្ណា លេងកីឡាក៏មិនចេះ សិល្បះអីក៏មិនចេះ​ កុំថាឡើងដល់ទៅរាំរបាំប្រពៃណីគ្រាន់តែរាំរបាំប្រជាប្រិយ៍ក៏មិនចេះដែរ ធ្វើម្ហូបក៏មិនចេះ សរុបរួមមកគឺល្ងង់ដប់គត់!”
“មិនដល់ល្ងង់ដប់គត់ទេ ម្ហូបឯងធ្វើអាចញ៉ាំបានគ្រាន់តែថាពិបាកលេបបន្តិច ហើយរឿងមួយដែលឯងគួរមានមោទនភាពចំពោះខ្លួនឯងនោះគឺថាឯងរៀនពូកែ ឆ្លាតបានពិន្ទុកប់ៗ ហើយពេលនេះក៏បានអាហារួបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សាបន្តទៀត! ចឹងហើយមិនបាច់តូចចិត្តតូចថ្លើមអីទេ ព្រោះថាមនុស្សគ្មានអ្នកណាចេះគ្រប់រឿងនិងពូកែគ្រប់រឿងនោះទេ ត្រូវតែបានមួយអត់មួយអញ្ចឹងហើយ។ អ៊ើនៅមានមួយទៀតមិត្តភក្តិដែលធ្វើការជាមួយគ្នា វាសរសើរថាឯងស្អាត!​”
“ហាសហា នេះឯងកំពុងតែសរសើរគ្នាថាស្អាតតើមែនទេ?” នាងសួរបែបសប្បាយចិត្តយ៉ាងហោចណាស់ក៏នាងអាចមានជំនឿជាក់តិចតួចលើសម្រស់ធម្មជាតិរបស់ខ្លួនដែរ
“មិនមែនគ្នាទេ! មិត្តភក្តិគ្នាតើ!”
“អូខេ! (គ្រាន់តែសរសើរមិត្តភក្តិបន្តិចស្លាប់ឬយ៉ាងម៉េច ពាក្យនេះនាងគិតក្នុងចិត្ត) ឥឡូវប៉ុណ្ណឹងសិនហើយ! ចង់រកឆែកមើលក្នុងហ្គូតហ្គល់ និងយូធូបពីរបៀបលេងសីបន្តិច!”
“សង្ឃឹមថាបានលឺដំណឹងល្អៗឆាប់ៗណា!”
“គ្នាក៏សង្ឃឹមអញ្ចឹងដូចគ្នា! បាយ រាត្រីសួរស្តី!”​​ តាមពិតទៅនាងមិនបានជាចង់ថាធ្វើយ៉ាងណាឲ្យសិស្សច្បងមកស្រឡាញ់នាងវិញនោះទេ តែនាងធ្វើរឿងដែលនាងធ្លាប់គិតថាគ្មានបានការទាំងនេះគ្រាន់តែដើម្បីកុំឲ្យមានការស្តាយក្រោយទៅថ្ងៃក្រោយប៉ុណ្ណោះ។ នាងគ្រាន់តែចង់ធ្វើរឿងដែលគួរធ្វើហើយព្យាយាមឲ្យអស់ពីសមត្ថភាពដែលអាចធ្វើបាន ព្រោះនាងធ្លាប់សន្យានឹងខ្លួនឯងថាបើសិនជានាងបានជួបនឹងមនុស្សដែលនាងពេញចិត្តនាងនឹងមិនបោះបង់គេចោលងាយៗនោះទេ បែបនេះហើយនាងមិនអាចចុះចាញ់ទាំងមិនទាន់ប្រយុទ្ធនោះទេ  តែបើក្នុងរយៈពេលមួយឆ្នាំសិស្សច្បងនៅតែមិនចាប់អារម្មណ៍នាងទេ នាងនឹងបោះបង់ការតស៊ូព្យាយាមចោល ព្រោះថារឿងខ្លះមិនអាចបង្ខំបាននោះទេ។​

ភូមិគ្រឺះអាថ៌កំបាំង វគ្គទី៦



វគ្គទី៦
ខ្ញុំក្រោកចាកពីដំណេក សម្រេចចិត្តឈប់ខ្វល់ ពីរឿងយល់សប្តិ​ និងរឿងភូមិគ្រឹះមួយ រយៈសិន។ ខ្ញុំចង់ផ្តោតទៅលើការស្រាវរបស់ខ្ញុំម្តង ដោយថ្ងៃនេះខ្ញុំនឹងទៅសម្ភាសន៍ ជាមួយនឹង ប្រជាជនមួយចំនួន  លឺមកថាពួកគាត់ខ្លះគឺមានដើមកំណើតជាជនជាតិភាគតិចផង។ ខ្ញុំបានរៀបចំ ខ្លួនរួចរាល់ហើយ ក៏ស្តាយកាតាបតូចរបស់ខ្ញុំទៅជាមួយ ដែលមានប៉ិច ខ្មៅដៃ កម្រងសំនួរសម្រាប់សម្ភាសន៍ខ្លះ ក្រដាសស សៀវភៅសរសេរ កាម៉េរាថតរូប និង ប្រដាប់ថតសំលេង។ ពេលរៀប ដើរចេញពីបន្ទប់ខ្ញុំ ក៏នឹកឃើញទៅដល់ សៀវភៅ មាលតី​មាសបង ខ្ញុំក៏បានយកសៀវភៅនោះ មកបើកមើល ក្រដាសពិតជាចាស់ពិតមែន តែអក្សរនៅអាចអានបាន។ ខ្ញុំក៏បានកាន់វាជាប់នឹងដៃ យកទៅជាមួយ មិនទាន់អាចអានបានទេ ព្រោះថាអ្នកប្រុសនរិន្ទកំពុងរង់ចាំនៅតុអាហារ អញ្ចឹងហើយ ទើបខ្ញុំកាន់វាយកទៅជាមួយ បើមានពេលទំនេរចាំឆ្លៀតបើកមើល។
ពេលទៅដល់តុអាហារ ខ្ញុំឃើញអ្នកប្រុសរង់ចាំជាស្រេច ខ្ញុំក៏បានអង្គុយចុះទល់មុខគាត់ ដាក់សៀវភៅនៅលើតុក្បែរនោះ ហើយរៀបចំ ញ៉ាំអាហារពេលព្រឹក​ដោយស្ងៀមស្ងាត់។ ពេលញ៉ាំរួចរាល់ហើយ អ្នកប្រុសបានសួរ ខ្ញុំ៖
នេះ មានស្តាយកាតាបមានអីផង តើបម្រុងទៅណាហ្នឹង?
ខ្ញុំចង់សម្ភាសន៍ប្រជាជន ពីរ បីគ្រួសារ សាកមើល!
ត្រូវការឱ្យខ្ញុំជួយអត់?
អត់ទេ ខ្ញុំមិនហ៊ានរំខានអ្នកប្រុសទេខ្ញុំតបទៅដោយស្មោះត្រង់គឺគ្មានបំនងឱ្យគាត់ជួយ នោះទេ
បើនាងមិនឱ្យខ្ញុំជួយទេ នាងប្រាកដជាស្តាយក្រោយហើយ ព្រោះថាទោះជាយ៉ាងណា ក៏ខ្ញុំគង់ តែឱ្យនាងជួយខ្ញុំវិញទេ ហើយនោះគឺជាលក្ខខ័ណ្ឌទីពីររបស់ខ្ញុំ គាត់ញញឹមក្នុងភាពជាអ្នក ឈ្នះមកកាន់ខ្ញុំ
ចាស បើអ្នកប្រុសនិយាយអញ្ចឹងទៅហើយ ខ្ញុំគួរតែត្រូវការជំនួយពីអ្នកប្រុស​ តែថាលក្ខខ័ណ្ឌទីពីរនោះគឺជាអ្វី?
ខ្ញុំត្រូវការគូររូបគំនូរពីរបីផ្ទាំង ហើយចង់ឱ្យនាងធ្វើជាមូឌែលឱ្យខ្ញុំ ឱ្យខ្ញុំធ្វើជា ផូស សម្រាប់គូររូបឬ ខ្ញុំត្រូវស្លៀកពាក់ជិតៗ តើមែនទេ?
ខ្ញុំយល់ព្រមតែមានលក្ខខ័ណ្ឌគាត់សំលឹងមើលមុខខ្ញុំរាងបែបឆ្ងល់
នាងមានលក្ខខ័ណ្ឌអ្វី? ​គាត់ជ្រួញចិញ្ចើមចូលគ្នា ហាក់ដូចជាចង់បានន័យថា​ខ្ញុំនេះជាមនុស្ស រឿងច្រើនមែន ខ្ញុំធ្លាប់មានបទពិសោធន៍មើលរឿងទីតានិច តួស្រី រូស បានដោះអាវហើយ តួប្រុស ជេក គូររូបនាង ហើយក៏ឃើញរឿងមួយចំនួនទៀត តួប្រុសចូលចិត្តតែគូរូបតួស្រីបែបនោះ បែបនេះហើយ ទើបខ្ញុំស្រមៃដល់គំនូរ អាក្រាត
ខ្ញុំមិនព្រមឱ្យអ្នកប្រុសគូររូបខ្ញុំក្នុងលក្ខណៈអត់មានសំលៀកបំពាក់នោះទេ! គ្រាន់តែនឹកឃើញក៏យ៉ាប់ទៅហើយ ចុះនេះខ្ញុំកំពុងគិតស្អីហ្នឹង តែត្រូវតែនិយាយឱ្យច្បាស់លាស់ ឱ្យហើយ ទើបបាន
ហាសហា​ (គាត់បានផ្ទុះសំណើចឡើងពេលដែលខ្ញុំនិយាយចប់) នេះនាងគិតថាខ្ញុំនឹងគូររូប នាងអាក្រាតឬ?
មិនដឹងទេ យ៉ាងណាខ្ញុំត្រូវតែការពារខ្លួនទុកឱ្យហើយ! ខ្ញុំនិយាយដោយមុខមាំ
អូខេ ខ្ញុំសន្យាថាមិនគូររូបនាងអីបែបហ្នឹងនោះទេ! ខ្ញុំនឹងគូររូបនាងឱ្យបានស្អាតដូច ដែលបងនាងគូររូបឱ្យនាងអញ្ចឹង​!  ខ្ញុំមានសំលៀកបំពាក់ឱ្យ នាងស្លៀកពាក់ ដែលជាងកាត់ដេរនឹងមកវាស់ខ្លួននាងនាពេលរសៀល នេះគាត់ដឹងទាំងថាបងខ្ញុំជាជាងគំនូរទៀត ឬមួយក៏គាត់បាន ស៊ើបប្រវត្តិរូបរបស់ខ្ញុំខ្ទេចខ្ទីអស់ហើយ
នេះលោកស៊ើបប្រវត្តិរូបរបស់់ខ្ញុំ? គាត់ងក់ក្បាល
ខ្ញុំនៅដឹងថានាងមិនធ្លាប់មានសង្សារនោះទេ! គាត់បញ្ចប់សម្តីហើយក៏ញញឹម និងសំលឹង មើលខ្ញុំដោយកែវភ្នែកស្រទន់ មើលខ្ញុំបែបនេះដឹងអត់ថាបេះដូងខ្ញុំលោតញ៉ាប់ នៅមាន អារម្មណ៍ថាមានចំហាយក្តៅភាយៗចេញពីមុខទៀតផង យីសខ្ញុំកើតស្អី កុំប្រាប់ណាថាកំពុងធ្លាក់ ក្នុងអន្លង់ស្នេហ៍អ្នកប្រុស
ខ្ញុំក៏បានបង្វែរប្រធានបទ
ថ្ងៃកាន់តែក្តៅហើយ បើអ្នកប្រុសចង់ជួយខ្ញុំ តោះពួកយើងគួរតែប្រញ៉ាប់ទៅ!
មុខនាងក្រហមម៉្លេះ ក្តៅខ្លួនមែនទេ!
ខ្ញុំអត់មានកើតអី ទេ (គឺគ្រាន់តែអៀនឡើងក្រហមថ្ពាល់​ មូលហេតុគឺមកពីអ្នកប្រុសតែម្នាក់គត់) ពួកយើងគួរតែប្រញាប់ទៅ ! ខ្ញុំបានក្រោកឡើងហើយអូសដៃគាត់ចេញពីភូមិគ្រឹះ ដោយភ្លេចសៀវភៅ​មាលតីមាសបង នៅលើតុអាហារ មិនបានកាន់យកទៅជាមួយទេ​ រួចក៏ដើរសំដៅទៅ កាន់រោងដាក់ឡាន ដើម្បីយកកង់ជិះម្នាក់មួយសំដៅទៅផ្ទះប្រជាជនដែលស្នាក់នៅជុំវិញ ។ ធម្មតាកង់គឺមាន២ តែពេលនេះវាខូចអស់មួយទៅហើយ​ នៅសល់តែមួយទេ តែមនុស្សមានពីរនាក់ ខ្ញុំមើលមុខអ្នកប្រុសហើយក៏និយាយ
អ្នកប្រុស គួរតែត្រលប់ទៅសម្រាកទៅ ព្រោះថាពេលនេះកង់មានតែមួយទេ ខ្ញុំនឹងទៅតែ ម្នាក់ឯងបានហើយ!
កង់មួយក៏អាចជិះបានពីរនាក់ដែរ គាត់បានបណ្តើរកង់ចេញ ពីរោង​  នេះអ្នកប្រុសចង់ ឌុបខ្ញុំឬ
នាងជាអ្នកឌុបខ្ញុំ ព្រោះថាខ្ញុំទៅជួយធ្វើការឱ្យនាង! :o មិញគាត់ថាម៉េច ឱ្យខ្ញុំឌុបគាត់​ អូព្រះ! ខំតែគិតថា គាត់ជាអ្នកឌុបខ្ញុំតើ យ៉ាប់មែន គាត់នៅញញឹមយ៉ាងច្រលើមដាក់ខ្ញុំទៀត
ប្រកែកមិនកើត​មានតែធ្វើតាមហ្នឹង ទម្រាំតែមកដល់ផ្ទះអ៊ំស្រីដែលត្រូវសម្ភាសន៍ ហត់សឹងស្លាប់  មិនត្រឹមតែហត់ទេ បេះដូងនេះលោតដុកដាក់មកតាមផ្លូវរហូត ចង់ជ្រុះហើយ ព្រោះថាតំបន់ ភូមិគ្រឹះនេះគឺជាតំបន់អភិរក្ស អញ្ចឹងហើយផ្លូវមិនបានធ្វើស្រួលបួលទេ ទើបមានគ្រហុកជាច្រើន ហើយឱ្យតែដល់គ្រលុកម្តងៗកង់ក៏រលាក់ គាត់តែងតែយកដៃមកឱបចង្កេះខ្ញុំឡើងជាប់ដូចខ្លាចធ្លាក់ពីលើកង់អញ្ចឹង។ ខ្ញុំដូចជាសង្ស័យដល់ហើយ ថាតើគាត់មានបំនងឱបខ្ញុំដោយចេតនា ឬក៏ជាអចេតនា :/ ដឹងអត់ថាទង្វើរបស់អ្នកប្រុសបែបនោះ ធ្វើឱ្យខ្ញុំអារម្មណ៍មិនស្រួល វាដូចជាភ័យផងអរផង។
 យើងបានចូលទៅក្នុងផ្ទះរបស់អ៊ំស្រីម្នាក់ ដែលគាត់មានសំលៀកបំពាក់សម័យបុរាណ គួរតែជា សម័យឧត្តុង្គ បានលឺមកថាគាត់មានដើមកំណើតជាជនជាតិភាគតិច ដែលពេលនេះគាត់ប្រកបមុខ របរចិញ្ចឹមសត្វនៅទីនេះ
ជំរាបសួរមីង! ខ្ញុំនិងអ្នកប្រុសបានធ្វើគារវៈកិច្ចទៅកាន់ម្ចាស់ផ្ទះ
ចាស លើកដៃថ្វាយព្រះក្មួយ! អញ្ជើញអង្គុយ! គាត់តបមកពួកយើងដោយសម្តីរដឺន  ពួកយើងក៏បានអង្គុយចុះ គាត់បានលើកតែមួយប៉ាន់ និងពែងតែឱ្យយើងទុកសម្រាប់ពិសារទឹក ក្រោយពីណែនាំខ្លួន​ និងគោលបំនងរួចហើយ​ខ្ញុំក៏បានសួរសំនួរខ្លះទៅកាន់គាត់ ដែលទាក់ទង នឹងពត៌មានរបស់គាត់ ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍។ ចាប់ផ្តើមសួរគាត់ គាត់បែរជាសួរឈ្មោះខ្ញុំបញ្ជាក់ ម្តងទៀត
តើមីនាងក្មួយមានឈ្មោះអ្វីដែរ?
ចាស ខ្ញុំឈ្មោះ មាលតី ណាមីង
ឈ្មោះអី អាក្រក់ស្តាប់ម្ល៉េះ! មីងម៉េចនិយាយចឹង ឈ្មោះអស់ពិរោះត្រឹមខ្ញុំហើយ
អញ្ចឹងឈ្មោះអីទៅបានពិរោះមីង? ខ្ញុំសួរបញ្ជាក់ទៅគាត់វិញ
ឈ្មោះដូច មីងបានពិរោះ
មីងឈ្មោះអីទៅមីង?
  រមាំងខ្សុច
ចាស! មីងឈ្មោះ..... ខ្ញុំធ្វើមុខឆ្ងល់ទៅកាន់គាត់ ទើបគាត់បញ្ជាក់បន្តែម
មីងឈ្មោះ រមាំងខ្សុច”” ហាស ខ្ញុំនិងអ្នកប្រុសមើលមុខគ្នា ហើយញឹមៗតិចៗ ព្រោះមិន ហ៊ានសើចនឹងឈ្មោះដ៏ចំលែកនិងគួរឱ្យអស់សំណើចរបស់គាត់ ដែលវាខុសនឹងក្រមសីលធម៌អ្នកស្រាវជ្រាវ
ចុះ កូន និងប្តីរបស់មីងមានឈ្មោះអ្វីដែរ?
កូនស្រីមីង ឈ្មោះ ផ្កាអាច់កូនប្រុសឈ្មោះ ទ្រាប់ពង និងប្តីឈ្មោះ សាបឈឹង”” ចុមឈ្មោះអីក៏ក៏បែបៗនេះ   
សូមម៉ាភ្លែតណាមីង! ខ្ញុំរត់ចេញពីគាត់ទៅពួននៅក្រោយផ្ទះហើយ សើចយកតែម្តង ព្រោះទប់លែងជាប់ ហើយអ្នកប្រុសក៏រត់ទៅតាមក្រោយដែរ
ហាសហា​ ហាសហា​ ហាសហា..... ! យើងទាំងពីរនាក់សើចអស់ចិត្តទើប ត្រលប់ មកសម្ភាសន៍គាត់ម្តងទៀត
ពេលសម្ភាសន៍គាត់រួចរាល់ហើយ យើងក៏បន្តទៅផ្ទះចំនួនពីរទៀត។ បន្ទាប់មកពួកយើង ក៏បានជិះកង់ទៅដល់ដើមឈើគូស្នេហ៍ដែលភ្ញៀវទេសចរ តែងតែមកធ្វើការបួងសួងនៅទីនេះ ដែលមានដើមឈើធំពីរដើមបែកមែកត្រឈឹងត្រឈៃ​ ហើយមានអាយុកាលរាប់រយឆ្នាំមកហើយ គេជឿថាគូស្នេហ៍ដែលមកបន់ស្រន់នៅទីនេះ តែងតែបានជួបជុំគ្នាហើយស្រឡាញ់គ្នាដល់ចាស់។ ដោយហត់ពេក ខ្ញុំក៏បានក៏បានអង្គុយចុះហើយ សម្រាកក្រោមដើមឈើ អ្នកប្រុសនរិន្ទ ធ្ងន់ ដល់ហើយ ឌុបគាត់យូរទៅកាន់តែធ្ងន់ទៅៗ ។ គាត់បានដាក់គូទអង្គុយចុះក្បែរខ្ញុំដែរ ដោយមើលឃើញទេសភាពល្អ ខ្ញុំបានយកទូរស័ព្ទមកថតទេសភាពជុំ វិញ ដែលមានវាលស្រែ និងដើមដូង ដើមត្នោតដុះជាជួរ រួចក៏បម្រុងថតរូបខ្លួនឯង Selfi ផង។ ពេលនេះម៉ោង ១២ ថ្ងៃត្រង់គត់ តែម្តង ខ្ញុំបានងាកទៅមើលអ្នកប្រុសដែលអង្គុយជិតខ្ញុំ បម្រុងហៅគាត់ថត Selfi ជាមួយគ្នា តែបាត់គាត់ទៅណាបាត់ហើយ មានអារម្មណ៍ថាលឺសំលេង ស្លឹកឈើរង្គើនៅខាងលើ ខ្ញុំក៏ងាកមើលទៅលើ ស្លាប់ហើយចុះគាត់ទៅឡើងដើមឈើ ធ្វើអី មើលឡើងទៅខ្ពស់ទៀត។ អ្នកណាគេឱ្យឡើងដើមឈើទាំងកណ្តាលថ្ងៃត្រង់អញ្ចឹងនោះ មិនល្អសោះឡើយ ខ្ញុំបានហៅគាត់ឱ្យចុះមកវិញ
អ្នកប្រុសចុះមកវិញមក ឡើងទៅធ្វើអី ចុះ ឱ្យលឿនមក
ខ្ញុំចុះទៅឥឡូវហើយ! គាត់ស្រែកតបមកខ្ញុំវិញ ខ្ញុំឃើញថាគាត់កំពុងតែបោះជើងរំលង ពីមែកឈើមួយទៅមែកឈើមួយទៀត ហើយប្រឹងឈោងដៃទៅរកបង្វាច់មួយនៅចុងឈើនោះ មើលទៅស្រ៊ាវដល់ហើយ ហើយនៅពេលដែលគាត់កំពុងតែឈរនៅលើមែកថ្មី ដែលមើលទៅដូច ជាមែកងាប់ មែកនោះបានបាក់ឈឺសូរតែប្រាវ ហើយធ្លាក់ចុះមកក្រោម ចំនែកអ្នកប្រុស ក៏បានធ្លាក់ចុះមកដែរ
ហាហាហាហាហា! ខ្ញុំបានស្រែកភ្លាត់សំឡេង ពេលដែលឃើញគាត់ធ្លាក់មកបែបនេះ ហើយខ្ញុំក៏បានក្លាយជាជនរងគ្រោះដែរ ព្រោះថាគាត់ធ្លាក់មកសង្កត់លើខ្ញុំ ដែលពេលនេះខ្ញុំមាន អារម្មណ៍ថា ឈឺនិងស្ពឹកពេញខ្លួន ហើយក៏សន្លប់បាត់ស្មារតីទៅ។
ត្រលប់ទៅកាន់កាលពីជាង ២០០ឆ្នាំមុន
នៅទីកន្លែងដដែល ខេមរាបាននាំមាលតីមកកាន់ទីនេះ គេទាំងពីរនាក់បាន កំពុងដាំដើមឈើម្នាក់ មួយដើមនៅទីនេះ ពួកគេមានសេចក្តីសុខជាពន់ពេក ហើយក៏ញញឹម ដាក់គ្នាទៅវិញទៅមក។
ដើមឈើទាំងពីរដើមនេះគឺតំណាងឱ្យសេចក្តីស្នេហារបស់ពួកយើងទាំង ទោះបីជា ពួកយើងរស់មិនបានដល់មួយរយឆ្នាំ តែដើមឈើនេះនឹងរស់បានរាប់រយឆ្នាំ ខេមរានិយាយ ហើយក៏បានយកទឹកស្រោចកូនឈើ
បងច្បាស់ម៉្លេះថាដើមឈើនេះពិតជាអាចរស់បានរាប់រយឆ្នាំ? មាលតីសួរទៅកាន់ ខេមរា ដោយទឹកមុខញញឹម
អូនមើលទៅលើទៅ! ខេមរាចង្អុលទៅកាន់ព្រះអាទិត្យដែលពេលនេះជាពេលថ្ងៃត្រង់ ហើយព្រះអាទិត្យគឺស្ថិតនៅចំពីលើពួកគេតែម្តង មាលតីបានសំលឹងមើលទៅព្រះអាទិត្យតាម ដៃរបស់ ខេមរា
ពេលនេះជាពេលថ្ងៃត្រង់ មាលតីតប
ហ្នឹងហើយ ជាពេលថ្ងៃត្រង់ ថ្ងៃអង្គារ ១៤កើត បែបនេះហើយ ដើមឈើទាំងពីរដើម នេះនឹងដុះលូតលាស់ ល្អហើយមានអាយុវែង
អូ! អស្ចារ្យម្ល៉េះ បងចេះក្បួនហោរាសាស្រ្តទៀត ហ្នឹងពេលដឹងវេលាល្អអីណាទេ!
ទើបតែដឹងទេអី ថាអនាគតប្តីរបស់អូនជាមនុស្សអស្ចារ្យ
ចាស អូនដឹងយូរហើយថាបងអស្ចារ្យ បើមិនចឹងទេក៏មិនស្រឡាញ់បងឯងដែរ នាងនិយាយ​ដោយទឹកមុខញញឹម ហើយសឹលឹងមើលទៅខេមរា ដែលកំពុងតែលាងចបចក់ឱ្យស្អាត ហើយដាក់ចូលទៅក្នុងថង់យាម នាងស្រាប់តែឃើញសៀវភៅមួយក្បាលក្នុងនោះ
សៀវភៅអីហ្នឹងបង? ខេមរាបានដកសៀវភៅនោះចេញ
សៀវភៅបងសរសេរទុកឱ្យអូន (គេញញឹមទៅកាន់មាលតី) ទុកឱ្យអូន ក្នុងថ្ងៃរៀប មង្គលការរបស់ពួកយើង
អូនសូមមើលឥឡូវតើបានអត់?
អត់បានទេ! នាងធ្វើមុខអន់ចិត្ត
ចុះបើឧបមាថាអត់បានរៀបការទៅ អូនមិនអត់បានមើលសៀវភៅហ្នឹងទៅហើយទេអី! ខេមរាបានយកដៃមកខ្ចប់មាត់នាង
អូនកុំនិយាយផ្តេសផ្តាស​ ពេលវេលានេះថ្ងៃនេះថ្មើលនេះ ក្បួនហោរាសាស្រ្តទាយថា ជាវេលាសាកសិទ្ធិ អញ្ចឹងហើយកុំនិយាយអីដែលមិនល្អឱ្យសោះ ពួកយើងភ្ជាប់ពាក្យរួចហើយ គឺរងចាំតែថ្ងៃ រៀបការប៉ុណ្ណោះ ឬមួយក៏អូនចង់គេចវេញ មិនចង់រៀបការជាមួយបង បើសិនជាបងមិនបានរៀបការជាមួយអូនទេបងសុខចិត្តទៅបួស បងមិនព្រមយកប្រពន្ធនោះទេ
សម្តីផ្អែមណាស់បងឯងនេះ! នាងញញឹមឡើងវិញ
បងមិនត្រឹមតែសម្តីផ្អែមទេ នៅចេះតែងកំណាព្យក៏ផ្អែមសម្រាប់អូនផងដែរ ចាំស្តាប់ណា
ឱស្រស់មាលតី                   អូនល្អលើសស្រី                  នៅក្នុងលោកា
ល្អរូបល្អរាង              ល្អទាំងចរិយា            បងសែនស្នេហា
                               ស្នេហាពេកពិត។
បងស្នេហ៍តែអូន                 បងស្នេហ៍លុះសូន្យ              បាត់បង់ជីវិត
សូមអូនជឿចុះ                    កុំសង្ស័យចិត្ត                      បងចង់នេបនិត្យ
                               តែវមិត្រមួយ។
គូស្នេហ៍ មាលតីនិងខេមរា​បានសាងសងគ្នានៅទីនោះ រហូតដល់ព្រះអាទិត្យលិច ទើបត្រលប់ទៅភូមិគ្រឹះវិញ គេទាំងពីរនាក់ពិតជាមានសេចក្តីសុខណាស់ លឺសូរតែសំណើច និងមានស្នាមញញឹមជាប់ជានិច្ច។​