Sunday, February 5, 2017

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៥



វគ្គទី៥
វាពិតជាថ្ងៃដ៏សែនវែងអន្លាយមែន ត្រឹមតែមួយថ្ងៃសោះក៏ត្រូវជួបនឹងដឹងរឿងរ៉ាវជាច្រើន។ នៅកំឡុងពេលធ្វើដំណើរត្រលប់មកភូមិគ្រឹះវិញខ្ញុំបាននិយាយរឿងរ៉ាវទាំងដែលខ្ញុំដឹងទាំងអស់ ប្រាប់ដល់អ្នកប្រុសនរិន្ទ ពួកយើងអាចផ្តុំពត៌មានមួយចំនួនបញ្ចូលគ្នានិងយល់ដឹងកាន់តែច្រើនពី ភូមិគ្រឹះ តែក៏នូវតែមានចម្ងល់មួយចំនួនមិនទាន់ស្រាយចេញនៅឡើយ។ ម្យ៉ាងទៀតរឿងអាស័យដ្ឋាន​លោកយាយដែលអ្នកប្រុសទទួល បានពីមិត្តភក្តិរបស់គាត់នោះ គាត់នឹងសួរមិត្តភក្តិរបស់ គាត់ទាក់ទងនឹងរឿងនោះឱ្យបានច្បាស់។
  ពេលនេះខ្ញុំនិងអ្នកអ្នកប្រុសបានត្រលប់មកដល់ភូមិគ្រឹះវិញហើយ ហើយក៏បានញ៉ាំអាហារ ពេលល្ងាចជាមួយគ្នា។ នៅពេលកំពុងញ៉ាំអាហារ ខ្ញុំចេះតែមានអារម្មណ៍ថាមានកែវភ្នែកមួយ គូរកំពុងសំលឹងមើលមកខ្ញុំ​ ដែលមិនមានជាអ្នកប្រុសនរិន្ទទេ ព្រោះថាពេលនេះគាត់កំពុង តែឈ្ងោកញ៉ាំអាហារ ខ្ញុំព្យាយាមរកមើលជុំវិញខ្លួនតែអត់ឃើញមានអ្នកណានោះទេ។ ប្រហែល ជាខ្ញុំគិតច្រើនតែខ្លួនឯងទេមើលទៅ។
ពេលញ៉ាំអាហាររួច អ្នកប្រុសនរិន្ទបានបបួលខ្ញុំទៅអង្គុយនៅលើបង់ នៅខាងមុខភូមិគ្រឹះ ជាមួយគ្នា។ យើងទាំងពីរនាក់អង្គុយមើលមេឃ មើលផ្កាយជាមួយគ្នា ក្រោមពន្លឺព្រះច័ន្ទ ពេញវង់​ ខ្យល់ត្រជាក់បក់ផាត់ប៉ះ កាយាយើងទាំងពីរ ពិតជាមានអារម្មណ៍ត្រជាក់ស្រួល​ និងនាំមកនូវ អារម្មណ៍ស្រស់ថ្លា ពួកយើងទាំងពីរមើលទៅហាក់ដូចជាគូរស្នេហ៍មួយ គូអញ្ចឹង ។ ខ្ញុំបានលួចសំលឹងមើលមុខអ្នកប្រុសតូច ដោយការចូលចិត្តហើយបេះដូងក៏ចាប់ផ្តើម លោតញ៉ាប់ យីសចុះខ្ញុំកើតអីហ្នឹង។ គាត់ងាកមុខមកហើយ ចឹងខ្ញុំក៏ប្រញ៉ាប់ងាកមុខចេញ។ ទន្ទឹមនឹងពេលនោះខ្ញុំ មានអារម្មណ៍ថាខ្យល់កាន់តែត្រជាក់ទៅៗ ដែលធ្វើឱ្យខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាព្រឺឆ្អឹង និងព្រឺរោម ព្រឺស្បែក។ ហើយពេលនោះខ្ញុំស្រាប់តែបានឃើញ នារីម្នាក់កំពុងឈរនៅក្រោមដើមចំប៉ី ពាក់អាវ ផាយ និងកំពុងសំលឹងមើលមកខ្ញុំដោយកែវភ្នែកគួរឱ្យខ្លាច និយាយដោយត្រង់ខ្ញុំពិតជាខ្លាច ហើយពេលនេះខ្លួនរបស់ខ្ញុំចាប់ផ្តើមញ័រ ខ្ញុំចាំច្បាស់ណាស់នាងគឺជានារីនៅក្នុងយល់សប្តិរបស់ខ្ញុំ ដែលបានប្រើអ្នកបម្រើឱ្យទៅធ្វើអំពើអាក្រក់ដាក់អ្នកនាងមាលតី។ ខ្ញុំខិតទៅជិតអ្នកប្រុស ហើយក៏អោបគាត់ដោយស្វ័យប្រវត្តិ និងនិយាយដោយសំលេងញ័រ
ខ្មោចចចចចច.......
គាត់ឱបខ្ញុំតបវិញហើយក៏អង្អែលសក់ខ្ញុំថ្នមៗរួចនិយាយដោយស្រទន់
មានខ្មោចមកពីណា នាងគិតច្រើនពេកហើយ!
អត់ទេ! មានខ្មោចពិតមែន មានខ្មោចនៅក្រោមដើមផ្កាចំប៉ី នាងពាក់អាវផាយ នាងគឺជា មនុស្សក្នុងយល់សប្តិរបស់ខ្ញុំដែលបានបញ្ជាឱ្យគេធ្វើបានអ្នកនាងមាលតី ខ្ញុំបានចង្អុលទៅកាន់ ដើមផ្កាចំប៉ីនោះ​ឱ្យអ្នកប្រុសមើល តែពេលនេះស្រាប់តែលែងឃើញនាងទៀតហើយ។ ខ្ញុំចាប់ផ្តើមដកដង្ហើមញ៉ាប់ ហើយនៅតែញ័រ មុនហ្នឹងខ្ញុំពិតជាបានឃើញនាងពិតមែន នេះខ្ញុំត្រូវខ្មោច លងទៀតហើយឬ?
ឯណាមិនឃើញផង! (អ្នកប្រុសខំសំលឹងមើលតាមដៃរបស់របស់ខ្ញុំ) មិញនាងនិយាយថា ស្រីម្នាក់នោះពាក់អាវផាយមែនទេ?
ចាស!
ខ្ញុំចង់ឱ្យនាងមើលរូបនារីម្នាក់ ចង់ដឹងថានារីដែលនាងឃើញនិងនារីនៅក្នុងរូបនោះ តើដូចគ្នាដែរឬអត់!​គាត់បានដឹកដៃខ្ញុំដើរទៅកាន់បន្ទប់របស់របស់គាត់ហើយ ក៏បង្ហាញគំនូរ នារីម្នាក់ឱ្យខ្ញុំមើល គឺពិតជានាងពិតមែន ខ្ញុំនៅតែតក់ស្លុតមិនទាន់បាត់ទេ ហើយនេះម៉េចក៏អ្នក ប្រុសស្គាល់នាង
គឺនាងហ្នឹងហើយដែលខ្ញុំបានឃើញ ខ្ញុំឆ្លើយ
ពិតជាចៃដន្យពេកហើយ ខ្ញុំបានយល់សប្តិឃើញនាងកាលពីយប់មិញ​​ ឬមួយនាងគឺជា ខ្មោចស្រីដែលលោកយាយនិយាយដល់នោះ
ដោយឃើញខ្ញុំនៅតែភ័យមិនទាន់បាត់ អ្នកប្រុសបានឱ្យរូបព្រះពុទ្ធរូបរបស់គាត់មកខ្ញុំ
នាងយកព្រះពុទ្ធរូបនេះទៅដាក់ក្នុងបន្ទប់នាងទៅ ហើយយប់នេះសម្រាកឱ្យបានស្រួល ណា មិនត្រូវគិតអីច្រើននោះទេ កុំភ័យខ្លាចអី មានខ្ញុំនៅទីនេះហើយ ខ្ញុំនឹងការពារនាង ពាក្យសម្តី របស់អ្នកប្រុសពិតជាមានឥទ្ធិពលមែន ពេលនេះភាពភ័យខ្លាចរបស់ខ្ញុំស្ទើរតែរលាយបាត់អស់ហើយ គាត់បានជូនខ្ញុំមកបន្ទប់សម្រាករបស់ខ្ញុំ រួចក៏និយាយដោយស្នាមញញឹមមកកាន់ខ្ញុំ
រាត្រីសួរស្តី! បេះដូងខ្ញុំស្រាប់តែលោតញ៉ាប់ទៀតហើយ ស្នាមញញឹមនោះកំពុងតែ ស្រូបទាញខ្ញុំទៅកាន់ពិភពដ៏ស្រស់ស្អាតមួយ យីសមាលតី តើឯងកើតស្អីឯង ទើបតែអំបាញ់មិញត្រូវខ្មោច លងសោះ  ឥឡូវនៅមកបេះដូងលោតញ៉ាប់ដោយសារអ្នកប្រុសអីទេ យ៉ាប់មែនតាម៉ង មាលតី ឯងនេះ!
ខ្ញុំបានយករូបព្រះពុទ្ធរូបដែលអ្នកប្រុសឱ្យ​ យកមកដាក់នៅក្បាលដំណេក ហើយ សៀវភៅចាស់ដែលលោកយាយឱ្យនោះ ខ្ញុំបានដាក់នៅតុក្បែរនោះ ខ្ញុំបានបិទភ្លើងហើយក៏បាន ដេក។ តែខ្ញុំដេកមិនលក់ ខ្ញុំបានក្រោកទៅបើកបង្អួច ពន្លឺព្រះច័ន្ទ បានចាំងចូលមកក្នុងបន្ទប់ ពេលនោះខ្ញុំស្រាប់តែឃើញមានបន្លឺចេញពីសៀវភៅចាស់ដែលលោកយាយឱ្យខ្ញុំ ខ្ញុំបានយកសៀវភៅនោះមកដាក់នៅមាត់បង្អួចចង់បើកសៀវភៅនោះមើលក្រោម ពន្លឺព្រះច័ន្ទពេលត្រូវពន្លឺព្រះច័ន្ទសៀវភៅស្រាប់តែមានពន្លឺភ្លឺឡើង ហើយមានអក្សរដែលអាចអានបាននៅ នឹងក្របសៀវភៅដែលកាលពីពេលថ្ងៃ ខ្ញុំមិនបានឃើញអក្សរអ្វីនោះទេ អក្សរនោះគឺ ផ្ញើរជូន មាលតី​ កុំប្រាប់ណាថាខ្ញុំកំពុងតែត្រូវខ្មោចលងជាលើកទីបី ត្រឹមតែមួយថ្ងៃសោះខ្ញុំជួបខ្មោចបីដងឬ? ខ្ញុំចង់គ្រវែងសៀវភៅនោះចោលតាមមាត់បង្អួច តែខ្ញុំបែរជាមានចិត្តចង់ដឹងថាតើក្នុងសៀវភៅនេះ សរសេរពីអ្វី។ ដូចនេះហើយ ខ្ញុំបានពង្រឹងចិត្តក្លាហាន ហើយបើកសៀវភៅអាន។
សួរស្តីមាលតី! ឯងកុំឆ្ងល់ថាខ្ញុំជាអ្នកណាអី។ ខ្ញុំក៏ឈ្មោះថា មាលតីដែរ ហើយខ្ញុំគឺជា អតីតជាតិរបស់ឯង។ កាលពេល មុនខ្ញុំកើតមក ម្តាយខ្ញុំបានយល់សប្តិឃើញផ្កាមាលតី​ ហើយខ្ញុំដឹង ច្បាស់ថាមុនពេលឯងកើតមក ម្តាយរបស់ឯងក៏យល់សប្តិឃើញផ្កាមាលតីដែរ (ព្រោះថាពួកយើង ទាំងពីរគឺជាមនុស្សតែម្នាក់) អញ្ចឹងហើយទើបពួកគាត់ដាក់ឈ្មោះពួកយើងថា មាលតី។ ឯងដឹងអត់ កាលពីជាតិមុន ខ្ញុំធ្លាប់ធ្វើបុណ្យដោយ ថ្វាយផ្កាមាលតីដល់ ព្រះពុទ្ធចេតិយ៍ ហើយសូមប្រថ្នាឱ្យ​មានរូបស្អាតនិងមានឈ្មោះថា មាលតី
ឥឡូវចូលដល់សាច់រឿងយើងម្តង សៀវភៅដែលឯងកំពុងតែអាននេះ ខ្ញុំបានយកទៅ ផ្ញើរនឹងលោកយាយដែលចេះមន្តអាគមខ្លាំងម្នាក់ ខ្ញុំអត់ដឹងថាគាត់នឹងប្រើវីធីណា ដើម្បីប្រគល់ សៀវភៅនេះឱ្យឯងទេ តែខ្ញុំទុកចិត្តលើគាត់ណាស់ ហើយខ្ញុំដឹងថាសៀវភៅនេះប្រាកដជាបានទៅ ដល់ដៃឯង ហើយពេលនេះពិតជាបានមកដល់ដៃឯងពិតមែន។ មុនពេលខ្ញុំស្លាប់ ខ្ញុំបានតាំងចិត្ត អធិដ្ឋានថា នឹងត្រលប់មកកាន់ទីនេះម្តងទៀត ហើយពេលនេះក៏បានមកដល់ពិតមែន (គឺជាឯងហ្នឹង ហើយ ព្រោះថាឯងគឺជាអនាគតរបស់ខ្ញុំ) ខ្ញុំនៅបានអធិដ្ឋានទៀតថា សូមឱ្យខ្ញុំនៅតែ មានរូបរាងនិងមុខមាត់ដូចខ្ញុំពេលនេះ និងនៅតែមានឈ្មោះថាមាលតី ដដែល។ ហើយលើសពីនេះ ទៅទៀតខ្ញុំក៏បានបួងសួងសូមឱ្យជួបបង ខេមរា និងសូមឱ្យគាត់នៅតែមានមុខមាត់និងរូបរាង ដដែល តែឈ្មោះគាត់ប្រហែលជាមិនមែន ឈ្មោះខេមរាទៀតទេ។ តើឯងបានជួបគាត់ហើយ តើមែនទេ? តើឯងកំពុងតែស្រឡាញ់គាត់ហើយ តើមែនទេ? តើបេះដូងឯងមានលោត ញ៉ាប់ពេលដែលនៅក្បែរគាត់ទេ?​ ខ្ញុំដឹងថារឿងហ្នឹងប្រាកដជាកើតឡើង។
តទៅនេះខ្ញុំនឹងប្រាប់ឯងនៅអ្វីដែលឯងគួរដឹង ខ្ញុំមានបងប្អូនបីនាក់ គឺស្រី២ ប្រុស១ ដែលមានខ្ញុំ (មាលតី) បងស្រី (មាលា) និង​ ប្អូនប្រុស (ធរិន្ទ)  មានថ្ងៃមួយ ភ្ញៀវមកលេង គាត់ជាមិត្តរបស់លោកពុក។ គាត់បានស្នាក់នៅ ស្នាក់អាស្រ័យនៅផ្ទះរបស់ពួកយើងមួយរយៈ ដោយមានទាំងកូនប្រុសដ៏សង្ហារម្នាក់មកជាមួយផង គឺបងខេមរា។ ក្នុងរយៈពេលស្នាក់នៅមួយរយៈ នេះពួកយើងបានស្រឡាញ់គ្នា និងយល់ចិត្តគ្នា។ ដូចច្នេះហើយ ទើបបងខេមរាឱ្យឪពុកគាត់ចូល ស្តីដណ្តឹងខ្ញុំដើម្បីរៀបការជាមួយគ្នា ​លោកពុកក៏បានយល់ព្រមនឹងសំណើរនេះ។ ពិធីភ្ជាប់ពាក្យ របស់ពួកយើងក៏បានប្រព្រឹត្តឡើង​ ក្តីស្រមៃរបស់ពួកយើងដែលថានឹងរួមរស់ជាគូជីវិតជាមួយ គ្នាពេលនេះបានសមតាមបំនងហើយ។ តែជាអកុសល បងមាលាក៏ស្រឡាញ់បង ខេមរាដែរ។ ដោយការច្រណែនឈ្នានីស គាត់បានធ្វើមន្តអាគមដាក់ខ្ញុំ ក្នុងគោលបំនងឱ្យខ្ញុំស្លាប់។ ហើយគោល បំនងរបស់គាត់ក៏បានសម្រេច គឺខ្ញុំស្លាប់ទាំងមិនអស់ចិត្ត តែខ្ញុំក៏មិនបានគុំគួនអីនឹងគាត់ដែរ ខ្ញុំដឹង ច្បាស់ថា គាត់នឹងទទួលកម្មពៀរដែលគាត់បានសាង។ អ្វីដែលខ្ញុំចង់បាន គឺគ្រាន់តែចង់ជួបជុំជាមួយ បងខេមរានៅជាតិ ខាងមុខទៀត តែប៉ណ្ណោះ។ ពេលឯងបានជួបគាត់ហើយ ត្រូវតែស្រឡាញ់ គាត់ នឹងថែរក្សាគាត់ ឱ្យបានល្អណា។ និយាយអញ្ចឹងបងខេមរា គាត់បានសរសេរសៀវភៅ មួយគឺ មាលតីមាសបង ខ្ញុំចង់ដឹងដល់ហើយ ថាគាត់សរសេរថាម៉េចខ្លះ! តែសៀវភៅនោះមិនអាចមាន អាយុលើសពី១០០ឆ្នាំនោះទេ​ វាប្រាកដជាខូចខាតអស់ហើយ លុះត្រាតែមានអ្នកចម្លងថ្មីឡើងវិញ បើពុំនោះទេឯងមិនអាចបានអានទេ។
ជាចុងក្រោយខ្ញុំមានពាក្យចង់ប្រាប់ឯង ភូមិគ្រឹះនេះគឺជាភូមិគ្រឹះ មានជីវិត  ព្រោះវាតែងតែ ឆក់យកអាយុជីវិតកូនស្រីម្ចាស់ភូមិគ្រឹះ ឱ្យនៅថែរក្សាការពារ  អញ្ចឹងហើយភូមិគ្រឹះនេះ មិនអាច ជួបភ័យអន្តរាយអ្វីនោះទេ។ ឯងប្រហែលជាឆ្ងល់អំពីមូលហេតុហើយ មូលហេតុដែលនាំឱ្យ ភូមិគ្រឹះក្លាយជាបែបនេះ។ កាលដើមឡើយ មានអ្នកនាងម្នាក់បានដុតសំលាប់ខ្លួនឯងនៅក្នុង​ ភូមិគ្រឹះ ពេលនោះព្រលឹងនាងមិនទាន់បានទៅចាប់ជាតិផង ស្រាប់តែលោកម្ចាស់សាងសង់ភូមិគ្រឹះថ្មី ភូមិគ្រឹះថ្មីចាប់ផ្តើមសាងសង់ឡើង ដោយត្រូវនឹងបច្ចេកទេសក្បួនខ្នាតសំនង់ទាំងអស់ តែខុសតែ ម្យ៉ាងទេ គឺលើកចំថ្ងៃខ្មោច ដែលមានន័យថាភូមិគ្រឹះនេះ ក្រៅពីត្រូវការការពារថែរក្សាពី លោកតាម្ចាស់ទឹក ម្ចាស់ដី ហើយនិងជំនាងផ្ទះ ហើយគឺត្រូវការព្រលឹងថែមមួយទៀត។ បែបនេះ ហើយទើបអ្នកនាងតូចម្នាក់នោះ ត្រូវរងគ្រោះនិងទទួលកម្ម​ឱ្យយាមភូមិគ្រឹះ។ នាងនឹងត្រូវ ដោះលែង បើសិនជាមានអ្នកបន្តដំណែងពីនាង។ ហេតុនេះហើយ ទើបកូនស្រីរបស់ម្ចាស់ ភូមិគ្រឹះជំនាន់តៗ មក ក្លាយជាជនរងគ្រោះ ដោយតម្រូវស្នងតំណែងយាមភូមិគ្រឹះ។ ពេលខ្ញុំស្លាប់ ខ្ញុំវិសតែក្លាយទៅជា ខ្មោចយាមភូមិគ្រឹះទៅហើយ តែបានអ៊ំភីន ជួយរំដោះព្រលឹងខ្ញុំឱ្យទៅចាប់ជាតិបាន ទាន់ពេលវេលា។ ខ្ញុំបារម្ភខ្លះដែរ ខ្ញុំគិតថាបង មាលា ប្រាកដជាត្រូវស្នងតំណែងនេះ ជាមិនខាន ហើយគាត់មិនអាចគេចរួចទេ ព្រោះគាត់បានសាងអំពើបាប។
ខ្ញុំពិតជាមិនចង់ឃើញ កូនស្រីរបស់ម្ចាស់ភូមិគ្រឹះពីមួយជំនាន់ទៅមួយ ជំនាន់ត្រូវស្លាប់ដើម្បី មកយាមភូមិគ្រឹះនោះទេ​ អញ្ចឹងហើយ គួរតែមានវិធីដោះស្រាយដើម្បីកុំឱ្យមានអ្នកស្លាប់តទៅ ទៀត។ ហើយវិធីដោះស្រាយនោះគឺ.....
មាលតី! មាលតី! មាលតី!សំលេងរបស់អ្នកប្រុសនរិន្ទ បានដាស់ខ្ញុំឱ្យភ្ញាក់ ពេលខ្ញុំ បើកភ្នែកឡើង គាត់បានចាប់ឱបខ្ញុំ ដោយរំភើប
នាងភ្ញាក់ហើយឬ! ខ្ញុំស្មានតែនាងដេករហូតហើយតើ ហៅយ៉ាងម៉េចក៏មិនព្រមភ្ញាក់ បើតែ​ យ៉ាងហ្នឹងខ្ញុំឈប់ឱ្យនាងដេកហើយ មិនបាច់ដេករហូតតែម្តងទៅ! ខ្ញុំថប់ដង្ហើមដែលត្រូវគាត់ ឱប ខ្លាំងពេក
ចាស អ្នកប្រុសខ្ញុំថប់ដង្ហើម!(គាត់ក៏ព្រលែងដៃខ្ញុំចេញពីការឱប  ហើយបេះដូងខ្ញុំនេះក៏ ចាប់ផ្តើមលោតខុសចង្វាក់ទៀតហើយ  មិនឱ្យលោតខុសចង្វាក់ម៉េច បើគ្រាន់តែភ្ញាក់ពីដេក ភ្លាម លេងមកឱបខ្ញុំចឹង នៅមីងមាំងនៅឡើយទេ​មិនទាន់ដឹងថាមានរឿងអ្វីកើតឡើងទេ) ខ្ញុំគ្រាន់តែដេក លក់តើ ម៉េចក៏អ្នកប្រុស ចាប់បាច់ស្លន់ស្លោ ម៉្លេះ? ខ្ញុំសួរដោយឆ្ងល់
មើលម៉ោងទៅ ម៉ោង៩ព្រឹកហើយណា ដេកម៉ាកៗហ្នឹងអ្នកណាមិនភ័យ ហៅយ៉ាងណាក៏ មិនព្រមក្រោក បើថាធម្មតាៗ ដូចគេឯងទៅមិនអីទេ តែនេះមានចាំអត់ ថាមិលម្សិញ ពួកយើងបាន ជួបរឿងអ្វីមកខ្លះ! ម៉េចក៏ចាំបាច់ខឹង ខ្ញុំដឹងហើយថាអ្នកប្រុស ព្រួយបារម្ភពីខ្ញុំ
ខ្ញុំសូមទោសដែលធ្វើឱ្យអ្នកប្រុស ព្រួយបារម្ភ ខ្ញុំធានាថាខ្ញុំនឹងមិនដេកយូរបែបហ្នឹង ទៀតទេ ខ្ញុំបានញញឹមដាក់គាត់ ដើម្បីជាការបញ្ជាក់ថាគ្មានរឿងអាក្រក់អ្វីកើត ឡើងចំពោះខ្ញុំទេ
តែឥឡូវនេះនាងភ្ញាក់ទៅហើយ ខ្ញុំអស់បារម្ភហើយ រៀបចំខ្លួនទៅ ខ្ញុំទៅចាំនៅតុអាហារ
ចាស! ហើយគាត់ក៏បានដើរចេញទៅ
ពេលគាត់ចេញទៅបាត់ ខ្ញុំបានងាកមើលសៀវភៅចាស់ វានៅលើតុដដែលទេ​ នេះខ្ញុំ យល់សប្តិតើ តែយល់សប្តិនេះដូចការពិតណាស់ ឬមួយក៏អ្វីៗដែលបានកើតឡើងទាំងអស់សុទ្ធ តែជាការពិត។ អ្នកប្រុសខេមរា និងអ្នកប្រុសនរិន្ទ គឺជាមនុស្សតែម្នាក់ ចំនែកខ្ញុំនិងអ្នកនាង មាលតី គឺជាមនុស្សតែម្នាក់។ តើខ្ញុំគួរតែជឿដែរទេ?

Friday, February 3, 2017

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៤



វគ្គទី៤
(ពំនោលរបស់មារតី)
ញ៉ាំបាយបណ្តើរ ខ្ញុំនឹកគិតទៅដល់សំនួរដែលគួរសួរទៅកាន់អ្នកប្រុសបណ្តើរ។ ម៉េចក៏ អ្នកប្រុសចូលចិត្តសំលឹងមើលមុខខ្ញុំម៉្លេះ​ មិនគិតខំប្រឹងញ៉ាំបាយឱ្យឆាប់ហើយទេ ឬមួយក៏មុខ របស់ខ្ញុំមានប្រលាក់គ្រាប់បាយ ខ្ញុំក៏យកដៃមកស្ទាបមុខទាំងសងខាង ដើម្បីឱ្យប្រាកដថាមុខខ្ញុំមាន ប្រលាក់អ្វីដែរអត់។ គាត់ឃើញខ្ញុំធ្វើកាយវិការបែបនេះក៏សើច។
ម៉េចក៏អ្នកប្រុសសើច?
សើចកាយវិការរបស់នាងហ្នឹងណា ហាសហា  ខ្ញុំសំលឹងមើលគាត់ដោយសំលក់ មុនហ្នឹង គ្រាន់តែខ្ញុំរកសួរនាំមិនបាន​ តែឥឡូវបែរជាមកសើចខ្ញុំក្នុងពេលកំពុងញ៉ាំបាយទៅវិញ
បើអ្នកប្រុសចង់សើចខ្ញុំក៏គួរតែញ៉ាំបាយ ឱ្យហើយសិនទៅ ខ្ញុំនិយាយផ្ចាញ់ផ្ចាល ឱ្យគាត់វិញ គាត់លែងសើចហើយប្តូរមកជាញញឹមវិញ
ខ្ញុំញ៉ាំរួចហើយ! បើមាលតីមានសំនួរអីអាចសួរខ្ញុំបាន! មិនបាច់ខំកែខ្លួនទេ  តែមិញហ្នឹង គាត់ហៅឈ្មោះខ្ញុំរបៀបស្និទ្ធស្នាល​ ហើយនិយាយក៏កាន់ខ្ញុំដោយស្រទន់​ បេះដូងដូចជាចង់លោត ញ៉ាប់ខុសចង្វាក់។
ខ្ញុំបានបញ្ចប់ការញ៉ាំបាយរបស់ខ្ញុំដែរ អ៊ំស្រីចុងភៅបានមកលើកចានបាយនិងចានម្ហូប ចេញ រួចក៏ដាក់កូនចានបង្អែមឱ្យពួកយើងម្នាក់មួយចាន។ ខ្ញុំបានដកដង្ហើមចូលនិងចេញ រួចហើយក៏បាននិយាយទៅកាន់អ្នកប្រុស
ខ្ញុំសូមទោសផងដែលកាលពីម្សិលមិញ មិនបានប្រាប់អ្នកប្រុសពីការពិត។ តាមពិតទៅ ខ្ញុំមកទីនេះក្នុងគោលបំនងធ្វើការស្រាវជ្រាវ
មើលទៅគាត់ដូចជាមិនបានភ្ញាក់ផ្អើលនឹងសមាសភាពខ្ញុំសោះ គាត់បែរជាតបបែបហី
ខ្ញុំដឹងតើ! តែបើនាងមិនចង់ប្រាប់ ខ្ញុំក៏មិនចង់ដេញដោលសួរដែរ តែពេលនេះនាងព្រម ប្រាប់ការពិតអញ្ចឹង ប្រហែលជាត្រូវការជំនួយពីខ្ញុំហើយតើមែនទេ? អូព្រះ! គាត់ដឹងទាំងអស់ គួរឱ្យអាម៉ាស់មុខដល់ហើយ ពេលនេះខ្ញុំចាប់ផ្តើមស្អប់ស្នាមញញឹមដ៏ស្រស់ស្អាត ដែលកំពុងតែ សំលឹងមើលមកខ្ញុំហ្នឹងហើយ
ចាស ខ្ញុំពិតជាចង់សូមការជួយពីអ្នកប្រុសពិតមែន!
ខ្ញុំមិនថាអីនោះទេ អ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំពេញចិត្តនឹងជួយ។
អ្នកប្រុសមិនត្រឹមតែរូបសង្ហារទេ ថែមទាំងចិត្តល្អទៀតផង ខ្ញុំញញឹម ពេលនេះខ្ញុំអត់ ខ្លាចចិត្តទេណា សូមនិយាយត្រង់ៗហើយ
គឺខ្ញុំចង់សូម ស្ថិតិចំនួនភ្ញៀវទេសចរ ប្រាក់ចំនូល និងផែនការចាយវាយប្រាក់ទាំងនោះ ខ្ញុំសូម ធានាថានឹងមិនបញ្ចេញពត៌មានទាំងនោះទៅក្រៅទេ គឺខ្ញុំប្រើប្រាស់ក្នុងគោលបំនងស្រាវជ្រាវតែម្យ៉ាង ហើយខ្ញុំក៏ចង់សូមសម្ភាស៍ភ្ញៀវទេសចរ និងសម្ភាស៍ទៅកាន់ប្រជាជនរស់នៅក្នុងទីនេះផង។ ហើយលើសពីនេះទៅទៀត ខ្ញុំមានចម្ងល់ជាច្រើនទាក់ទងនឹងភូមិគ្រឹះរបស់អ្នកប្រុស តើអ្នក ប្រុសអាចជួយចែករំលែក ឬជួយឱ្យខ្ញុំយល់ដឹងពីភូមិគ្រឹះនេះជាងនេះតើបានទេ?
ប្រហែលជាពិបាកដល់នាងហើយ ព្រោះថាពត៌មានដែលនាងចង់ដឹង ម្ចាស់ភូមិគ្រឹះនេះមិន រំពឹងថានឹងចែកចាយឱ្យទៅអ្នកខាងក្រៅទេ តែបើសិនជានាងសន្យាថារក្សាជាការសំងាត់ទៅហើយ ខ្ញុំក៏មិនគួរចិត្តអាក្រក់ដែរ។ រឿងសម្ភាស៍ភ្ញៀវនិងប្រជាជន ខ្ញុំអនុញ្ញាតឱ្យនាង នាងអាចសម្ភាស៍ ពួកគេបានដោយសេរី។ ចំណែករឿងចម្ងល់ទាក់ទងនឹងភូមិគ្រឹះ ដែលនាងចង់ដឹងពីខ្ញុំ ខ្ញុំមិនអាចឆ្លើយប្រាប់នាងបានទេ ព្រោះថាខ្ញុំក៏មិនដឹងដូចគ្នា តែពួកយើងអាចសហការគ្នាដើម្បី ដោះស្រាយចំនោទប្រស្នាទាំងនេះ ជាមួយគ្នា។
មិននឹកស្មានថា អ្នកប្រុសសហការជាមួយខ្ញុំពេញទំហឹងបែបនេះសោះ ខ្ញុំពិតជាសប្បាយ ចិត្តណាស់ គាត់បាននិយាយបន្ត
ខ្ញុំចែករំលែកពត៌មានដែលខ្ញុំដឹងទៅកាន់នាង ហើយនាងចែករំលែកពត៌មានដែលនាង ដឹងមកកាន់ខ្ញុំវិញ។ ធ្វើបែបនេះ​យើងចំនេញ ទាងសងខាង ប៉ុន្តែខ្ញុំមានលក្ខខ័ណ្ឌ។
លក្ខខ័ណ្ឌ?
“Yes, នាងត្រូវយល់ព្រមនឹងលក្ខខ័ណ្ឌរបស់ខ្ញុំចំនួនបី
ខ្ញុំអាចយល់ព្រមបាន តែត្រូវប្រាកដថា លក្ខខ័ណ្ឌរបស់អ្នកប្រុស មិនខុសហ្នឹងសីលធម៌ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់របស់ប្រទេស
ហាសហា (គាត់សើចពេលដែលលឺខ្ញុំនិយាយចប់) កុំបារម្ភអី! ខ្ញុំមិនឱ្យនាងទៅធ្វើអំពើ បាប ទៅសំលាប់មនុស្ស ឬក៏លួចទ្រព្យសម្បត្តអ្នកដទៃ ឬក៏ទៅធ្វើអំពើមិនគប្បីនោះទេ។
ចាស បើអ៊ីចឹងខ្ញុំយល់ព្រម។ សូមអ្នកប្រុស មានប្រសាសន៍ ពីលក្ខខណ្ឌទាំងអស់នោះ មកចុះ!
លក្ខខ័ណ្ឌទីមួយ ខ្ញុំចង់ឱ្យនាងកំដរ ខ្ញុំញ៉ាំអាហារពេលថ្ងៃត្រង់​និងពេលរសៀលជា រៀងរាល់ថ្ងៃ
ខ្ញុំបើកភ្នែកធំៗ ហ្នឹងឬជាលក្ខខ័ណ្ឌរបស់អ្នកប្រុស ខ្ញុំត្រូវញ៉ាំបាយកំដរអ្នកប្រុស អស់មួយជីវិតឬ? អត់ទេ ខ្ញុំត្រូវញ៉ាំបាយកំដរ អនាគតស្វាមីនិងកូនរបស់ខ្ញុំ ម៉េចនឹងមកនៅកំដរ អ្នកប្រុសទៅ ឬក៏អ្នកប្រុសចង់សារភាពស្នេហ៍ដោយប្រយោល កុំប្រាប់ណាថាអ្នកប្រុសឃើញខ្ញុំភ្លាមក៏ ស្រឡាញ់ភ្លេត តែក៏មិនសមទេ គាត់ប្រាកដជាចង់ធ្វើបាបខ្ញុំជាមិនខាន
អត់ទេ! ខ្ញុំមិនអាចញ៉ាំបាយកំដរអ្នកប្រុស រហូតអស់មួយជីវិតនោះទេ!
មើលទៅគាត់ដូចជាភ្ញាក់នឹងសម្តីខ្ញុំ
ហាស! ខ្ញុំមិនបានឱ្យនាងញ៉ាំបាយកំដរខ្ញុំអស់មួយជីវិតនោះទេ ត្រឹមតែរយៈពេល​៣ខែប៉ុណ្ណោះ នាងនូវចំនេញលុយថ្លៃបាយមិនចេះតិច ខ្ញុំគិតថាសំណើរនេះនាងមិនសមណា បដិសេធសោះ នាងគួរតែយល់ព្រម ហើយនេះក៏ជាលក្ខខ័ណ្ឌទៀត
ដំបូងមិនបានបញ្ជាក់ថា ៣ខែផង ស្មានតែឱ្យកំដររហូតតើ បើរហូតមែននោះមិនយល់ព្រមទេ មើលចុះធ្វើឱ្យខ្ញុំអាម៉ាសមុខទៀតហើយ
ចាស បើអ៊ីចឹងខ្ញុំយល់ព្រម! ចុះលក្ខខ័ណ្ឌទី២​ និងទី៣ ជាអ្វីដែរ?
ខ្ញុំមិនទាន់នឹកឃើញទេ
មិនទាន់នឹកឃើញ? មិនបានទេ! បើអ្នកប្រុសឱ្យខ្ញុំទៅធ្វើអ្វីផ្តេសផ្តាសទៅ តើខ្ញុំគិតយ៉ាង ម៉េច!
ខ្ញុំប្រាប់ហើយតើ ថាមិនឱ្យនាងទៅធ្វើអ្វីផ្តេសផ្តាសនោះទេ!
ខ្ញុំម៉េចអាចទុកចិត្តបាន! ខ្ញុំនៅតែមិនសុខចិត្ត
ខ្ញុំនឹងសរសេរលិខិតកិច្ចសន្យាឱ្យនាង ដែលលក្ខខ័ណ្ឌទាំងនោះស្ថិតនៅក្នុងដែន កំណត់នៃសកម្មភាពដែលអាចទទួលយកបាន
ចាស បើអ៊ីចឹង ខ្ញុំយល់ព្រម
បើនាងយល់ព្រមហើយ យើងសម្រេចតាមហ្នឹងចុះ គាត់រៀបចំខ្លួនងើបចេញពីកៅអី អង្គុយ ដូចជាកំពុងចង់ទៅកន្លែងណាមួយ ដោយនិស្ស័យចូលចិត្តឆ្ងល់និងចង់ចេះចង់ដឹង ខ្ញុំបានសួរ ទៅកាន់គាត់
តើអ្នកប្រុសចង់អញ្ជើញទៅណា?
ខ្ញុំទៅរកមនុស្សម្នាក់ (គាត់អាក់សំដីបន្តិច មើលមុខខ្ញុំហើយក៏និយាយបន្ត) អូ! នាងអាចទៅជាមួយខ្ញុំបាន ទៅរៀបចំខ្លួនទៅ ហើយទៅចាំខ្ញុំនៅឡាន។
យី! ខ្ញុំមិនបាននិយាយថាខ្ញុំចង់ទៅជាមួយទេ ហើយរិតតែមិនបានយល់ព្រមថាទៅជាមួយ
ចាស! តែមាត់នេះបែរជាឆ្លើយយល់ព្រម អូខេចាត់ទុកថាចេញទៅក្រៅដើម្បីដើរលេង ទៅចុះ
អ្នកប្រុសបានបើកឡានកាត់ទីក្រុងសៀមរាប ហើយក៏ធ្វើដំណើររហូតទៅដល់ភូមិដាច់​ស្រយាល ខ្ញុំសួរគាត់ថាទៅរកអ្នកណា គាត់មិនព្រមប្រាប់ គាត់គ្រាន់តែឆ្លើយថាពេលទៅដល់ ខ្ញុំនឹងដឹងហើយ។
ពេលនេះបានមកដល់ហើយ ផ្ទះដែលគាត់ឈប់ពីមុខហ្នឹង មើលទំនងទៅគឺជាផ្ទះគ្រូទាយ​ ព្រោះឃើញមានដង្វាយទេវតា និងគ្រឿងសំណែនផ្សេងៗ ហើយក៏ឃើញមានភ្ញៀវចេញចូល ហូរហែរដែរ។ ចំលែកមែន អ្នកប្រុសមកផ្ទះគ្រូទាយធ្វើអី ចង់ទស្សទាយរកគូស្រករឬយ៉ាងណា ហើយគាត់ហៅខ្ញុំមកជាមួយធ្វើអីដែរ។
ពេលពួកយើងចូលដល់លើផ្ទះ ភ្ញៀវឯទៀតបានចាកចេញទៅអស់ហើយ ឃើញតែ លោកយាយចំនាស់​ ដែលកំពុងអង្គុយនៅលើអាសនៈរបស់គាត់។ ពួកយើងបានចូលទៅអង្គុយនៅ ពីមុខគាត់ រួចអ្នកប្រុសនរិន្ទបានសួរដោយគួរសមទៅលោកយាយ
អត់ទោសលោកយាយ តើនេះគឺជាផ្ទះរបស់លោកពូ​ភក្តី តើមែនទេ? ខំតែគិតថាគាត់មក​រកគ្រូទាយតើ តាមពិតមិនមែនទេ
លោកយាយតបដោយសំលេងស្អកៗ
មែនហើយចៅ ភក្តីគឺជាកូនប្រុសរបស់យាយ
តើខ្ញុំអាចសូមលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅគាត់បានដែរទេលោកយាយ ហើយ ពេលណាគាត់អញ្ជើញត្រលប់មកផ្ទះវិញ?
លោកយាយញញឹមរួចតប
ចៅមានការអ្វីចង់សួរនាំភក្តី អាចសួរយាយជំនួសបាន ព្រោះកូនប្រុសយាយពេលនេះនៅ ឯបរទេសឯណោះ មិនបាននៅក្នុងស្រុកខ្មែរទេ ចំពោះរឿងទាក់ទងនឹងភូមិគ្រឹះរបស់ចៅ ភក្តីដឹងតាមរយៈ យាយជាអ្នកនិយាយឱ្យស្តាប់
នេះម៉េចក៏លោកយាយដឹងថាខ្ញុំចង់សួរពីរឿងភូមិគ្រឹះ? អ្នកប្រុសរាងចម្លែកចិត្ត ហើយខ្ញុំក៏ចម្លែកចិត្តដែរ តែមិនណាស់ណាទេ លោកយាយពិតជាមានទេពកោសល្យខាង ទស្សទាយពិតមែន អ្នកប្រុសមិនទាន់បាននិយាយអ្វីផង គាត់ក៏ដឹងពីគោលបំនងអ្នកប្រុសបាត់ ទៅហើយ
យាយដឹងតែរឿងណាដែលយាយដឹងតែប៉ុណ្ណោះ! គាត់សើច នេះលោកយាយចេះនិយាយ លេងទៀត គាត់និយាយបន្ត
ចៅទាំងពីរហុចដៃស្តាំមក! ខ្ញុំនិងអ្នកប្រុសនរិន្ទ បានហុចដៃឱ្យទៅលោកយាយ គាត់បានចាប់កាន់បាតដៃទាំងពីរ ដោយដាក់លើដៃគាត់ម្ខាងមួយ ហើយគាត់ក៏មានប្រសាសន៍
អ្នកទាំងពីរ ជាអ្នកជំនាន់ក្រោយរបស់ម្ចាស់ភូមិគ្រឹះ ខ្ញុំចង់ប្រកែកទៅគាត់ថា ខ្ញុំមិនមែនទេ គឺមានតែអ្នកប្រុសនរិន្ទទេ ដែលជាអ្នកជំនាន់ក្រោយរបស់ម្ចាស់ភូមិគ្រឹះ តែខ្ញុំមិនបានតបអ្វីទៅកាន់គាត់ទេ ហើយគាត់ក៏មានប្រសាសន៍បន្ត
ត្រូវប្រុងប្រយ័ត្នចំពោះខ្មោចស្រីម្នាក់នោះ!
មានខ្មោចនៅក្នុងភូមិគ្រឹះឬ លោកយាយ? ខ្ញុំបានសួរបញ្ជាក់ទៅកាន់លោកយាយ
មែនហើយ! មានខ្មោចនៅក្នុងភូមិគ្រឹះ ប៉ុន្តែនាងមិនអាចធ្វើអ្វីចៅទាំងពីរបានទេ។ គាត់ព្រលែងដៃយើងទាំងពីរមកវិញ ខ្ញុំក៏យកដៃទាំងពីររបស់ខ្ញុំមកដាក់លើភ្លៅ ខ្ញុំស្រាប់តែមាន អារម្មណ៍ថាព្រឺឆ្អឹងខ្នង ហើយខ្លាចរអា នេះខ្ញុំកំពុងតែមកស្នាក់នៅភូមិគ្រឹះដែលមានខ្មោចអ៊ីចឹង ឬ ចុះបើយប់ឡើងខ្មោចនោះមក លងឬ មកច្របាច់កខ្ញុំ ហើយហៅខ្ញុំឱ្យទៅនៅជាមួយ តើខ្ញុំត្រូវគិត ធ្វើយ៉ាងម៉េចទៅ
ចៅមានអីចង់សួរយាយ ក៏សួរមកចុះ បើយាយដឹង យាយនឹងឆ្លើយប្រាប់ សំលេងនិយាយបន្តរបស់លោកយាយ ធ្វើឱ្យខ្ញុំ ភ្លេចអារម្មណ៍ភ័យខ្លាចមួយគ្រាសិន
នៅក្នុងអត្ថបទរបស់​ពូភក្តី បានប្រាប់ថាភូមិគ្រឹះ ធ្លាប់ត្រូវភ្លើងឆេះ ហើយក៏សាងសង់ឡើង វិញ តើលោកយាយដឹងថាហេតុអ្វីបានជាមានភ្លើងឆេះដែរទេ? អ្នកប្រុសនរិន្ទបានសួរទៅ លោកយាយ​ សំនួរនេះគឺពិតជាដូចទៅនឹងអ្វីដែលខ្ញុំចង់ដឹងដល់ហើយ
ភូមិគ្រឹះត្រូវភ្លើងឆេះ គឺដោយសារតែមានអ្នកដុត កាលពីជាង ៣០០ឆ្នាំមុន ភូមិគ្រឹះគ្រប់គ្រង ដោយលោកម្ចាស់ វីរៈពង្ស ដែលគាត់មានកូនពីរនាក់ គឺប្រុសមួយ ស្រីមួយ។ កាលពេលប្រសូត្រកូនស្រី លោកស្រីក៏បានទទួលអនិច្ចកម្មទៅ។ បែបនេះហើយ ទើបលោកម្ចាស់​មិនសូវចូលចិត្តអ្នក នាងតូចនោះទេ គាត់គិតថាអ្នកនាងតូចគឺជាមូលហេតុធ្វើឱ្យលោកស្រីស្លាប់ អ្នកនាងតូចគឺជា មនុស្សនាំមកនូវសំណាងអាក្រក់។ អ្នកនាងតូចរស់នៅដោយគ្មានសេរីភាព និងខ្វះការស្រឡាញ់ ពីឪពុក ហើយក៏មិនមានម្តាយតាមបីបាច់ថែរក្សា។ នាងតែងតែលេងជាមួយកូនប្រុស ស្រីបម្រើ លុះដល់ចម្រើនវ័យទៅ​អ្នកទាំងពីរក៏បានស្រលាញ់គ្នា។ ពេលលោកម្ចាស់ដឹងរឿងនេះ គាត់ខឹងខ្លាំង ណាស់ គាត់ក៏បានបង្ខំអ្នកនាងឱ្យរៀបការជាមួយនឹងកូនប្រុសរបស់ព្រះចៅល្លួង។ អ្នកនាងមិន អាចប្រកែកជាមួយឪពុកបាន ហើយនាងមិនក៏មិនចង់រៀបការទាំងបង្ខំចិត្តដែរ ទើបនាង ជ្រើសរើសយកវិធីស្លាប់ដើម្បីដោះស្រាយបញ្ហា។ ថ្ងៃមួយពេលដែលលោកម្ចាស់ និងអ្នកប្រុសធំ​មិននៅ អ្នកនាងបានបង្កើតការរាំច្រៀង សប្បាយនៅបរិវេណខាងក្រៅ ហើយឱ្យអ្នកបម្រើ ចេញពីភូមិគ្រឹះទាំងអស់។ រួចអ្នកនាងតូចបានយកប្រេង ចាក់ស្រោចទៅលើភូមិគ្រឹះ អ្នកនាងបានចាក់សោបន្ទប់ខ្លួនឯង រួចហើយក៏ដុតភ្លើង។ ភ្លើងចេះសន្ធោសន្ធៅ នាំទាំងជីវិតអ្នក នាងតូចទៅជាមួយផង។ មានគេនិយាយថាអ្នកនាងតូចស្លាប់ទៅ បានក្លាយជាខ្មោចយាម ភូមិគ្រឹះ។ ពេលត្រលប់មកវិញ លោកម្ចាស់ខូចចិត្ត ជាខ្លាំង ក្នុងការបាត់បង់កូនស្រីតែមួយ​ គាត់បាន សោកស្តាយកំហុសរបស់ខ្លួនជាខ្លាំង។ ក្រោយមកគាត់ក៏បានឱ្យគេសាងសង់ភូមិគ្រឹះ ឡើងវិញ នៅលើ ទីតាំងដដែល។ ពេលលោកម្ចាស់ស្លាប់បាត់ទៅ អ្នកប្រុសធំក៏បានគ្រប់គ្រងភូមិគ្រឹះបន្ត​ហើយគាត់មានកូនពីរនាក់​ កូនច្បងស្រី និងកូនប្រុសពៅ។ ហើយពេលក្រោយមក កូនច្បងស្រីបាន ចងកស្លាប់នៅក្នុងភូមិគ្រឹះដោយគ្មានមូលហេតុ។ ក្រោយមកទៀតកូនប្រុសពៅ បានឡើងបន្ត តំណែងពីឪពុក គាត់បានរៀបការហើយមានកូនបីនាក់ ស្រីពីរ ប្រុសមួយ។ កូនស្រីទាំងពីរបានស្រឡាញ់ ប្រុសតែមួយ តែបុរសនោះស្រឡាញ់កូនស្រីប្អូន។ បែបនេះហើយទើបមានពិធីភ្ជាប់ពាក្យរវាងបុរស នោះនិងកូនស្រីប្អូន។ តែជាអកុសលកូនក្រមុំស្រាប់តែស្លាប់ បន្ទាប់ពីពិធីភ្ជាប់ពាក្យបាន មួយអាទិត្យ។ ក្រោយមកបានបីខែកូនស្រីបងក៏ស្លាប់ទៀត។​ ក្រោយមក ភូមិគ្រឹះក៏ស្ថិតក្នុងការគ្រប់ គ្រងរបស់ កូនប្រុស។ កូនប្រុសបានរៀបការ ហើយក៏បានកូនស្រីមួយ ប្រុស មួយ។ ពេលកូនស្រីអាយុបាន ២០ឆ្នាំ នាងស្រាប់តែឆ្លាក់ខ្លួនឈឺដោយគ្មាន មូលហេតុ។ ហេតុនេះហើយ លោកប្រុសនិងក្រុមគ្រួសារក៏បានសម្រេចចិត្តចាកចេញពីភូមិគ្រឹះទៅរស់នៅតំបន់ផ្សេង ដើម្បីគេចចេញពីសោកនាដកម្មផ្សេងៗដែលកើតមានក្នុងភូមិគ្រឹះ និង​ដើម្បីព្យាបាលជម្ងឺកូនស្រី ផង។ លឺពាក្យចចាមរ៉ាមថាភូមិគ្រឹះថ្មីមានជើងកប ហេតុនេះហើយ ទើបបានជាកូនស្រីនៅក្នុង គ្រួសារចេះតែស្លាប់ដោយមិនសមហេតុផល។
ខ្ញុំបានស្លុងទៅក្នុងរឿងដែលលោកយាយបាននិយាយ ហើយក៏កើតមានមន្សិលសង្ស័យថា តើរឿងនេះពិតជាកើតមានពិតនៅក្នុងភូមិគ្រឹះមែនឬ? វាហាក់បីដូចជារឿងព្រេងនិទានពេកហើយ។
រឿងដែលយាយដឹង គឺមានតែប៉ុណ្ណឹងទេ! រួចគាត់ក៏បានហុចសៀវភៅចាស់មួយក្បាល ឱ្យមកខ្ញុំ រួចនិយាយ
នេះគឺជាកេរតំណែលរបស់ចៅ! ខ្ញុំមើលមុខគាត់ដោយឆ្ងល់តែក៏ព្រមទទួលយកសៀវភៅ នោះ
ចាស អរគុណលោកយាយ! ដោយមើលទៅគាត់ហាក់ដូចជាចង់សម្រាក ពួកយើងក៏បាន លាគាត់ត្រលប់ទៅវិញ
ពេលទៅដល់ក្នុងឡានខ្ញុំបានបើកសៀវភៅមើល ឃើញអត់មានអក្សរអ្វីទាំងអស់ សូម្បីតែមួយតួ ហើយក្រដាសនេះក៏មើលទៅខុសពីធម្មតា ចាស់ក៏ចាស់ខ្លាំង​ មិនដឹងថាខ្ញុំអាចយក សៀវភៅនេះទៅកត់ត្រាអីបានអត់ទេ​បើចាស់ម្លឹងៗ។ ដំបូងខំគិតថា ជាសៀវភៅអាន តាមពិតទៅ ជាសៀវភៅសរសេរសោះ ប្រហែលជាលោកយាយដឹងថាខ្ញុំចូលចិត្តសរសេរហើយ បានជាឱ្យ សៀវភៅសរសេរនេះជាអំណោយដល់ខ្ញុំ។ ពេលជិះបានប្រហែល៥០០​ម ខ្ញុំក៏ឱ្យអ្នកប្រុសនរិន្ទ ត្របលប់ទៅវិញ
ភ្លេចឱ្យឈឹង ពួកយើងអត់ទាន់បានជូនទ្រនឹបដល់ លោកយាយផង។ សូមអ្នកប្រុសបកក្រោយត្រលប់ទៅវិញទៅ ខ្ញុំចង់ជូនថវិកា មួយចំនួនដល់គាត់។​
អ្នកប្រុសក៏បកឡានថយក្រោយវិញ រួចឈប់នៅកន្លែងដដែល ដែលចតពីពេលមុន គឺក្រោយម្លប់ឬស្សី​មុខផ្ទះលោកយាយ។ ពួកយើងបានដើរចុះពីឡានហើយ ដើរសំដៅទៅផ្ទះលោក យាយ ពេលនេះហើយ ខ្ញុំនិងអ្នកប្រុសចាប់ផ្តើមតក់ស្លុត ព្រោះថានៅខាងមុខយើង គឺសុទ្ធតែជាព្រៃដុះ ស៊ុបទ្រុឌពេញ អត់មានផ្ទះរបស់លោកយាយនោះទេ។ ចុះផ្ទះលោកយាយបាត់ ទៅណាហើយទើបតែឃើញអំបាញ់មិញសោះហ្នឹង ហើយខ្ញុំនិងអ្នកប្រុសបានទាំងដើរចូលទៅក្នុង ផ្ទះហ្នឹងទៀត ហើយក៏បានទាំងនិយាយសន្ទនាជាមួយលោកយាយផង  ឬមួយក៏ពួកយើង ត្រូវខ្មោចលងទាំងថ្ងៃ។ ខ្ញុំរត់ទៅចាប់ដៃអ្នកប្រុសរួចឧទាន
ពួកយើងច្បាស់ជាបានជួបខ្មោចជាមិនខាន
មិនសមថាមានរឿងនេះកើតឡើងសោះ! អ្នកប្រុសតក់ស្លុតមិនចាញ់ខ្ញុំនោះទេ
ពេលនោះមានក្មេងប្រុសម្នាក់ ជិះកង់កាត់តាមផ្លូវនោះ ខ្ញុំប្រលែងដៃចេញពីអ្នកប្រុសរួចក៏ ហៅក្មេងនោះឈប់ដើម្បីសួរ
ឈប់សិនអូន! ក្មេងនោះបានឈប់កង់
តើអូនធ្លាប់ឃើញមានអ្នកណាស្នាក់នៅទីនេះទេ? ខ្ញុំចង្អុលទៅកាន់ដៃព្រៃដែលធ្លាប់ជា​ ផ្ទះរបស់លោកយាយកាលពីប៉ុន្មាននាទីមុន
អត់ទេបង! តាំងពីខ្ញុំកើតមក ខ្ញុំឃើញទីនេះជាព្រៃតែរហូតហ្នឹង! ឆ្លើយចប់ក្មេងនោះក៏ជិះ កង់ទៅមុខបន្តទៀត។ ខ្ញុំព្រឺសបុរខ្ញាកតែម្តង អ្នកណាមិនរន្ធត់បើពេលមុនហ្នឹងជាផ្ទះរបស់ លោកយាយឱ្យច្បាស់ក្រឡែត​ ហើយឥឡូវនេះក្លាយទៅជាព្រៃនិងអត់មានមនុស្សម្នាក់ ឬមួយក៏ខ្ញុំ កំពុងតែយល់សប្តិ។ ខ្ញុំបានយកដៃក្តិចខ្លួនឯង
អ៊ូច ឈឺ! មិនបានកំពុងយល់សប្តិទេ! ខ្ញុំនឹងអ្នកប្រុសបានសំឡឹងមើលមុខគ្នាឡែងឡង់ ហើយក៏ដូចជាការឆ្លើយឆ្លងគ្នាតាមកែវភ្នែកថា ពួកយើងនៅទីនេះយូរមិនបានទៀតទេ ពួកយើងប្រញាប់រត់ចូលឡានវិញជាប្រញ៉ាប់ ហើយក៏ប្រញ៉ាប់បើកចេញពីទីនោះ។ តើនេះជា រឿងអ្វីឱ្យប្រាកដទៅ ដែលកំពុងកើតឡើងចំពោះពួកយើង។ សរុបមកគឺពួកយើងត្រូវខ្មោចលងទាំង​ កណ្តាលថ្ងៃ។ ខ្ញុំត្រូវតែរកពេលទៅស្រោចទឹករំដោះគ្រោះ និងលើករាសីទើបបាន។​
តែបើស្តាប់តាមការរៀបរាប់របស់លោកយាយ ហើយយកទៅផ្តុំជាមួយនឹងពត៌មាន ដែលខ្ញុំមាន គឺពិតជាស៊ីគ្នាខ្លាំងណាស់ ហើយវាហាក់ដូចជាស៊ីគ្នាទៅនឹងយល់សប្តិរបស់ ខ្ញុំពីយប់មិញទៀត គឺនារីម្នាក់នោះបានភ្ជាប់ពាក្យ ហើយក្រោយមកក៏ស្លាប់​ អ្វីទាំងអស់់នេះគឺសុទ្ធតែជាការពិត តើមែនទេ?​ ចុះកូនកំឡោះដែលមានមុខដូចអ្នកប្រុស នរិន្ទ ត្រូវបកស្រាយយ៉ាងណា? ខ្ញុំជិតឡប់មែនទែនហើយ កូនកំឡោះនៅក្នុងយល់សប្តិនោះ មុខដូចអ្នកប្រុសនរិន្ទ ចំនែកកូនក្រមុំវិញមានមុខមាត់ដូចខ្ញុំ ឬមួយក៏នោះគឺជាអតីតកាលរបស់ ពួកយើងទាំងពីរ? ខ្ញុំក្រវីក្បាលចុះឡើង ដូចមនុស្សឡប់
នាងកើតអីហ្នឹង ត្រូវខ្មោចលងឡើងទៅជាឡប់ហើយមែនទេ?
អត់ទេ  ខ្ញុំមិនឡប់តែម្នាក់ឯងទេ  ខ្ញុំនឹងឱ្យអ្នកប្រុសឡប់ដូចខ្ញុំដែរ ខ្ញុំក៏បាននិយាយរឿង ទាំងអស់នោះឱ្យអ្នកប្រុសស្តាប់ គាត់ក៏កើតមានចម្ងល់ដូចខ្ញុំដែរ។