វគ្គបញ្ចប់
(ពំនោលមាលតី)
ពេលរាត្រីបានដល់ហើយ ជាពេលដែលមនុស្សម្នានាំគ្នាសម្រាកយកកម្លាំង
ដើម្បីធ្វើការនៅថ្ងៃបន្ទាប់ ចំនែកខ្ញុំវិញមិនមានអារម្មណ៍ថាស្រឡះសោះ ហើយក៏មិនងងុយគេងដែរ។
ខ្ញុំនៅតែគិតថាតើមានវិធីណាអាចជួយដល់ម្ចាស់ភូមិគ្រឹះបាន ខ្ញុំព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះទីនោះ
ហាក់ដូចវាជាផ្ទះរបស់ខ្លួនឯង បើមិនដោះស្រាយឱ្យបានលឿនទេ ខ្ញុំចេះតែព្រួយបារម្ភថា អ្នកប្រុសអាចមានរឿង
មិនល្អកើតឡើងទៀត មិនចង់ឱ្យគាត់កើតអីនោះទេ។ នេះខ្ញុំកើតអីហ្នឹង ដូចជាបារម្ភ ពីគាត់ជ្រុលពេកហើយ
ហើយបេះដូងនេះក៏លោតដុកដាក់ៗ គ្រាន់តែនឹកដល់ឈ្មោះ គាត់ ឬមួយក៏ខ្ញុំកំពុងតែលង់ស្រឡាញ់គាត់ហើយ
(ខ្ញុំគ្រវីក្បាលជម្រះការគិតនេះ ចេញ តែវាមិនព្រមចេញពីខួរក្បាលសោះ)។ ពួកយើងទើបតែស្គាល់គ្នាទេ តែដូចជា មានអារម្មណ៍សិ្នតស្នាលពេកហើយ
ឬមួយក៏ពួកយើងធ្លាប់ស្រឡាញ់គ្នាកាល ពីជាតិមុន។ តែដូចជាចំលែកដល់ហើយ ថ្ងៃនេះអ្នកប្រុសពាក់កងដៃឱ្យខ្ញុំ
ហើយប្រាប់ថាវាជារបស់ខ្ញុំកាលពីជាតិមុន តើគាត់ជាមនុស្សដែលអាចចាំរឿងកាល ពីជាតិមុនបានមែនទេ
(ខ្ញុំចាប់ផ្តើមញញឹមដោយសប្បាយចិត្ត ហើយនឹកឃើញ រឿងរីករាយដែលអាចកើតឡើងចំពោះពួកយើងទាំងពីរ
ដូចជាថាគាត់មកសូមស្រឡាញ់ខ្ញុំ ហើយក៏សូមខ្ញុំរៀបការ)។ នេះខ្ញុំរវើរវាយស្អីហ្នឹង ខ្ញុំឈប់គិតពីរឿងអ្នកប្រុសនរិន្ទ
ហើយក៏ទៅចាប់សៀវភៅ អប់រំចិត្តមួយក្បាល ដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស យកមកអាន
“ចិត្តរបស់មនុស្សគឺជាធំ គឺជាប្រធាន រឿងអ្វីទាំងអស់អាចកើតឡើងបានអាស្រ័យ
ដោយការតាំងចិត្ត។ ការលះបង់ការប្រកាន់មាំ លះកាត់ចំនង ជាហេតុនាំឱ្យរួចចាកទុក្ខ។ ការសាងនូវអំពើល្អ នាំមកនូវសេចក្តីសុខ” ។ បើបញ្ហាទាំងអស់អាចដោះស្រាយបានដោយសារចិត្ត ចុះអាចប្រើកម្លាំងចិត្ត
ដើម្បីដោះស្រាយរឿង ខ្មោចស្រី នៅក្នុងភូមិគ្រឹះបាន ដែរឬទេ? បើសិនជា ខ្មោចស្រីនោះ
ព្រមលះបង់ការយាមភូមិគ្រឹះដោយមិនចាំបាច់ មានអ្នកស្នងតំណែង តើអាចទៅរួចដែរទេ?
ខ្ញុំគិតចុះគិតឡើងក៏គេងលក់ដោយមិនដឹងខ្លួន
ហើយក៏មកភ្លាក់ឡើងវិញ ដោយឈរនៅមុខបន្ទប់មួយ។ ខ្ញុំបានបើកទ្វារចូល ហើយក៏ឃើញនារីម្នាក់នោះ
ក្នុងសំលៀកបំពាក់សម័យលង្វែក ខ្ញុំបានជួបនាងជាលើកទីបីហើយ ក្នុងយល់សប្តិម្តង និងនៅពេលយប់ដែលនៅជជែកលេងជាមួយអ្នកប្រុសម្តង។
លើកនេះខ្ញុំមិនមានអារម្មណ៍ថាខ្លាចនាង នោះទេ។ នាងបានក្រោកចាកទីអង្គុយ ហើយដើរសំដៅមកកាន់ខ្ញុំដោយទឹកមុខស្រងូតស្រងាត់
រួចនិយាយ៖
“ឯងសប្បាយចិត្តហើយមែនទេ? ឯងពេញចិត្តហើយមែនទេ ដែលឃើញ
យើងកំពុងតែរងកម្មនៅទីនេះ?”
“អត់ទេ! ខ្ញុំមិនបានសប្បាយចិត្តដែលឃើញអ្នកដទៃរងទុក្ខនោះទេ។
តើនាង ពិតជាបងស្រីខ្ញុំកាលពីជាតិមុនពិតមែនទេ? រឿងរ៉ាវដែលខ្ញុំបានដឹងទាំងអស់សុទ្ធ តែជាការពិត
តើមែនទេ?”
“មែន! រឿងរ៉ាវទាំងអស់គឺជាការពិត។ យើងសោកស្តាយកំហុស
ដែលយើងបានធ្វើ យើងខូចចិត្ត ដែលបងខេមរាស្រឡាញ់តែឯង តែបើអាចត្រលប់ទៅពេលនោះបានម្តង ទៀត
យើងក៏ប្រហែលជានៅតែសម្រេចចិត្តធ្វើបែបហ្នឹងដដែល។” គាត់និយាយហាក់ដូចជាចង់បញ្ឈឺខ្ញុំ
ហើយក៏បញ្ឈឺឱ្យខ្លួនឯងផង
“តើបងចង់ចាកចេញពីទីនេះទៅចាប់ជាតិថ្មីដែរឬទេ?”
“លុះត្រាតែយើងអាចរកអ្នកស្នងតំណែងជំនួសយើងបាន។
យើងប្រហែលជាត្រូវរស់នៅទីនេះអស់កាលនៃកប្បហើយ ព្រោះថាយើងមិន ចង់សម្លាប់អ្នកណានោះទេ ហើយមិនចង់ឱ្យគេមករងកម្មដូចយើងនោះទេ។
មិនថាយើងធ្វើយ៉ាងណានោះទេ ក៏បងខេមរាមិនព្រមស្រឡាញ់យើងដែរ”
មើលទៅទឹកមុខស្រពោនរបស់នាង ខ្ញុំពិតជាអាណិតនាងណាស់
“អ្នករក្សាភូមិគ្រឹះមុនបានប្រគល់តំណែងយាមភូមិគ្រឹះឱ្យដល់បង
ហើយបងក៏ព្រមទទួលភារកិច្ចនេះដោយមិនបានបដិសេធ បងក៏ប្រកាន់យកតួនាទី ដែលមិនចាំបាច់នេះមកដាក់ខ្លួន
ហើយក៏ឧទ្ទិសចិត្តឧទ្ទិសកាយឱ្យទីនេះ ដោយមិនព្រមទៅណា។ ក្នុងករណីដែលបងរកបានអ្នកសងតំណែង
បងនឹងគិតថា តួនាទីរបស់បងបានបញ្ចប់ បងក៏លះការអាល័យពីទីនេះ ហើយបងក៏អាចទៅចាប់ ជាតិបាន។
តាមពិតទៅ បញ្ហាសំខាន់គឺស្ថិតនៅត្រង់បងខ្លួនឯងទេ គឺនៅលើចិត្ត របស់បងតែប៉ុណ្ណោះ មិនមែនមកពីមានអ្នកស្នងដំណែងឬក៏អត់នោះទេ។”
“ពិតមែនហើយ តែបើយើងចាកចេញពីទីនេះទៅ យើងមិនបានដឹងថា
ខ្លួនឯងហ្នឹង ទៅកាន់ទីណានោះទេ។ បែបនេះវាមិនគួរឱ្យខ្លាចជាង នៅទីនេះទៅទៀតទេឬ?”
“ខ្ញុំគឺជាសាច់ញាតិកាលពីជាតិមុនរបស់បង ខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលដល់
បង។ ឱ្យតែបងព្រមអនុមោទនាកុសលពីខ្ញុំ បងនឹងទទួលបានចំនែកបុណ្យ ហើយបង នឹងបានទៅកាន់ទីដែលល្អប្រសើរ។” ខ្ញុំបានឃើញបងមាលតីញញឹម ហើយរូបភាពនៅនឹងមុខខ្ញុំទាំងប៉ុន្មានក៏បានរលាយបាត់។
ពេលខ្ញុំបើកភ្នែកឡើងម្តងទៀត
ក៏ឃើញថាខ្លួនឯងកំពុងតែ ដេកលក់លើសៀវភៅអាន ព្រះអើយ ឈឺខ្លួនដល់ហើយដែលដេកលក់ក្នុង ឥរិយាបទបែបនេះ។
ខ្ញុំពត់ខ្លួនហើយក៏រៀបចំខ្លួន ព្រោះថាពេលនេះម៉ោង ៦ព្រឹកហើយ ខ្ញុំមានបំនងទៅផ្សារហើយ
ទិញម្ហូបដើម្បីធ្វើចង្ហាន់ប្រគេនលោក រួចឧទ្ទិសកុសលដល់បងមាលា។ ខ្ញុំជឿជាក់ថាអ្វីដែលកើតឡើងក្នុងយល់សប្តិគឺជា
ការពិត។ ពេលទិញបន្លែសាច់ ភេសជ្ជៈ និងគ្រឿងបរិក្ខារ សម្រាប់ព្រះ សង្ឃរួចហើយ ខ្ញុំក៏ប្រញ៉ាប់វិលមកកាន់ភូមិគ្រឹះវិញ។
ពេលមកដល់ខ្ញុំបានឃើញ អ្នកប្រុសកំពុងតែជជែកគ្នាជាមួយបុរសចំនាស់
ម្នាក់ ហើយដើរមើលភូមិគ្រឹះ។មិនចង់ឱ្យគេថាខ្ញុំ ខ្វះការគួរសមខ្ញុំ ក៏បានដើរសំដៅ ទៅជម្រាបសួរគាត់
។
“ជម្រាបសួរលោកអ៊ំ សួរស្តីអ្នកប្រុស!”
“លើកដៃថ្វាយព្រះក្មួយ”
“ដៃនាងមានកាន់អ្វីសំពីងសំពោងម៉្លេះ? ចង់ទៅវត្តមែន?”
“ចាស! អ្នកទាំងពីរមានការអ្វីក៏បន្តទៀតចុះខ្ញុំអត់រំខាននោះទេ!” ខ្ញុំបម្រុងដើរចេញ ដើម្បីទៅរៀបចំ ចំអិនម្ហូបអាហារ តែលោកអ៊ំគាត់ក៏បាននិយាយឃាត់ខ្ញុំ
“ឈប់សិនក្មួយ! តើក្មួយចង់ធ្វើបុណ្យឧទ្ទិសកុសលឱ្យដល់វិញ្ញាណ
ដែលនៅ ក្នុងភូមិគ្រឹះ នេះតើមែនទេ?”
“ចាស ម៉េចក៏លោកអ៊ំដឹង!”
“គាត់គឺជាចិនសែ ដែលខ្ញុំបានអញ្ជើញមក!” អ្នកប្រុសបានឆ្លើយ
“តាមការមើលទៅលើរាសីនៅទីនេះ ឃើញថាភាពស្រស់ស្រាយនឹងត្រលប់
មកវិញឆាប់ៗ ហើយវិញ្ញាណនោះនឹងត្រលប់ទៅកាន់ទីដែលនាងគួរទៅ។ (អ៊ំប្រុស បានញញឹមមកកាន់ខ្ញុំ)
ក្មួយស្រី និង ក្មួយប្រុស គឺជាមនុស្សដែលបានធ្វើអំពើ ល្អ ទុកមក ហើយមានចិត្តសន្តោសប្រណី ហើយអំពើល្អនេះក៏បានសាយភាយទៅដល់ អ្នកជុំវិញផងដែរ។”
“ពិតមែនឬលោកអ៊ំ! បើអញ្ចឹងខ្ញុំអស់បារម្ភហើយ!” អ្នកប្រុសបាននិយាយដោយសប្បាយចិត្តទៅកាន់លោកអ៊ំ
“បើអស់ការអីហើយអ៊ំគិតលាទៅវិញសិនហើយណា!”
“បាទលោកអ៊ំ ខ្ញុំអរគុណខ្លាំងណាស់!” ពួកយើងទាំងពីរនាក់បានជូនដំណើរគាត់ទៅកាន់ឡាន។
រួចហើយអ្នកប្រុសក៏បានមកជួយធ្វើម្ហូបខ្ញុំ
រួចហើយក៏ជូនខ្ញុំទៅវត្តទៀត( គាត់មិនមែនជាអ្នកបើកឡានទេ ព្រោះដៃគាត់នៅឈឺនៅឡើយ ដូចនេះហើយទើបអ៊ំថែសួនជាអ្នកបើកឡាន)
ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ពួកយើងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ហើយក៏បានឧទ្ទិស
កុសលផលបុណ្យទៅដល់ បងមាលា។
មកពីវត្តវិញអ្នកប្រុសក៏ដាក់ខ្ញុំចុះនៅមុខភូមិគ្រឹះ
ហើយគាត់ក៏ឱ្យអ៊ំថែសួនជូនគាត់ទៅកន្លែងមួយ
"អ្នកប្រុសចង់ទៅណាហ្នឹង"
ឃ្លានេះវាស្ទើរតែរបូតចេញពីក្រអូមមាត់របស់ខ្ញុំទៅហើយ
តែវាត្រូវបានកាត់ផ្ដាច់ដោយសំណួរថា" ខ្ញុំជាអ្នកណា? ត្រូវជាអ្វីនឹងគាត់? ហេតុអ្វីចង់ដឹងរឿងគាត់គ្រប់ជំហានយ៉ាងនេះ?" ផុសឡើងមកកាត់។
ខ្ញុំក៏ដើរចូលបន្ទប់ទាំងមិនបានសូម្បីពោលពាក្យអរគុណ
ដែលគាត់បានជូនខ្ញុំទៅវត្ត។ ខ្ញុំដើរសំដៅរកតុធ្វើការរបស់ខ្ញុំដើម្បីធ្វើកិច្ចការស្រាវជ្រាវរបស់ខ្ញុំបន្ត
ព្រោះព័ត៌មានដែលខ្ញុំប្រមូលបានប៉ុន្មានថ្ងៃមកនេះវាច្រើនល្មមសម្រាប់ឱ្យខ្ញុំ វិភាគទិន្នន័យមួយចំនួនដែរ
តែខ្ញុំត្រូវតែអានវាឱ្យលំអិត ហើយព្យាយាមរកចំនុចខ្វះខាតតទៅទៀត ។ ខ្ញុំដាក់បង្គុយចុះនៅមុខកុំព្យូទ័រធ្វើរៀបចំធ្វើកិច្ចរបស់ខ្ញុំ
តែក្រសែភ្នែកខ្ញុំក៏វាសប៉ះនឹងសៀវភៅចាស់មួយក្បាល ខ្ញុំសៀវភៅនោះមកមើល វាគឺជាសៀវភៅ"
មាលតីមាសបង" ដែលមុននេះខ្ញុំមិនបានចាប់អារម្មណ៍ឃើញសៀវភៅនេះ ព្រោះសម្បុររបស់វាហើយនឹងតុឈើនេះគឺស៊ីគ្នាតែម្ដង
ដូចជាសៀវភៅនេះបំបាំងកាយនៅលើតុនេះអ៊ីចឹង ។ ខ្ញុំបើកវាថ្នមៗព្រោះវាចាស់ខ្លាំងពេក ទំព័រដំបូងវាជាគំនូររូបមនុស្សស្រីក្នុងសម្លៀកបំពាក់បុរាណ
ដែលមើលខ្ញុំសម្លឹងមើលយូរបន្តិចទើបដឹងរូបនោះដូចខ្ញុំមែនទែន ខ្ញុំក៏បន្តទៅទំព័របន្ទាប់
"មាលតីមាសបង ស្រីស្រស់ទងវង
ដែលបងស្រមៃ
ដកចិត្តមិនបាន រៀមលង់ស្នេហ៍ថ្លៃ ចង់បានស្រស់ស្រី
ជាគូវាសនា។
ពេលបានឃើញភ្លាម ចងបេះដូងរៀម ដោយមន្តនេត្រា
ចិញ្ចើមខ្មៅក្រិប សមនឹងចង្កា
រីឯកេសា
ខ្មៅរលោងស្រិល។
ថ្ពាល់ខួចទាំងសង ទាក់ទាញចិត្តបង ឲ្យលង់មន្ទិល
ចង់ឃើញចង់ជួប ឃ្លាតចង់តែវិល នេត្រខ្មៅដូចនិល
ដែលរៀមប្រាថ្នា។
"
រ៉ូមេនទិកម៉្លេះ! ចង់អៀនលែងហ៊ានបើកទៅទំព័របន្តទៀតទេខ្ញុំ
អានយូរទៅដូចស្រមៃថា អ្នកប្រុសជាអ្នកសរសេរវាមកឡើងវិញចឹង ខ្ញុំពិតជាស្អាតអញ្ចឹងមែនអី
សរសើរពេកហើយ (ខ្ញុំញញឹមអៀន និងសប្បាយចិត្តដោយមិនភ្លេចខ្លួន)។ នេះកើតស្អីខ្ញុំនឹង! ច្បាស់ណាស់ថាខ្ញុំប្រាកដជាលង់ស្រលាញ់គាត់ជាមិនខានទេ
ព្រោះថាអាការៈរបស់ខ្ញុំពេលនេះមិនខុសអ្វីអំពីតួស្រីក្នុងរឿងភាគដែល លង់ស្រឡាញ់តួប្រុសនោះទេ។
ខ្ញុំបានបើកទៅទំព័របន្ទាប់
" លើលោកនេះគ្មានមនុស្សស្រីអាចមកជំនួសកន្លែងអូនបានក្នុងបេះដូងបងទេ!
បេះដូងនេះវាបានឆ្លាក់ឈ្មោះម្ចាស់ស្រីវារួចហើយគឺមាលតី ជាផ្កាក្រអូបឥតបីក្នុងនគរ ល្អទាំរូបឆោមចរិយាបវរគ្មានស្រីណាប្រៀបបានឡើយ
"
ដ្រាម៉ាទេដឹង?! ដូចណាស់ ដូចនៅក្នុងរឿងប្រលោមលោកដែលខ្ញុំបានអាចចឹង
" ជាតិនេះបើគ្មានអូនបងរស់ដូចខ្វះដង្ហើម
ដូចនាវាកណ្ដាលសាគរគ្មានត្រីវិស័យ ដូចរាជសីហ៍គ្មានគុហា"
ឮក្នុងចម្រៀងតែញឹក ដឹងហើយ
ដូចបទចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុត
"បើគ្មានអូនបងសុខចិត្តបួសថ្វាយខ្លួនបម្រើសាសនា
មិនយកស្រីណាជំនួសអូនក្នុងជីវិតបងទេ" អានដល់ត្រង់នេះខ្ញុំក៏នឹកឃើញពីសម្ដីលោកយាយដែលឲ្យសៀវភៅចាស់មួយក្បាលមកខ្ញុំបានរៀបរាប់ថា
គូដណ្ដឹងរបស់មាលតី ដែលជាខ្ញុំកាលពីជាតិមុននោះបានបួសពិតមែនក្រោយពីមាលតីបានស្លាប់ទៅ។
ខ្ញុំឈប់អានសៀវភៅតែត្រឹមនេះហើយយកចិត្តទុកដាក់ធ្វើការងាររបស់ខ្ញុំវិញ។
បន្ទាប់ពីនេះមក កន្លះខែ
ខ្ញុំមិនបានឃើញអ្នកប្រុសនោះទេ ខ្ញុំស្រាប់តែមានអារម្មណ៍ហេងហាងណាស់ ដែរមិនបានជួបអ្នកប្រុសបែបនេះ
មានអារម្មណ៍ថាទីនេះប្រែជាស្ងាត់មិនសប្បាយសោះហើយ ហើយក្នុងខ្លួនខ្ញុំហាក់ដូចជាកំពុងតែខ្វះរបស់សំខាន់អ្វីម្យ៉ាង។
ខ្ញុំចង់ តេទៅសួរគាត់ណាស់ថាពេលនេះ គាត់នៅណា តែខ្ញុំអត់មិនហ៊ានរំខានគាត់នោះទេ តែមិនសមសោះគួរតែប្រាប់ខ្ញុំថាទៅណា
ឬមួយក៏គាត់ត្រលប់ទៅភ្នំពេញវិញបាត់ហើយ ឬមួយក៏គាត់លែងត្រលប់មកវិញហើយទេដឹង គ្រាន់តែនឹកដល់ថាគាត់នឹងលែងត្រលប់មកវិញ
ហើយខ្ញុំលែងបានឃើញគាត់ទៀត ខ្ញុំស្រាប់តែមានអារម្មណ៍ក្តុកក្តួល ណែនដើមក ឈឺចិត្ត ហើយទឹកភ្នែកក៏រមៀលស្រក់មកទប់មិនឈ្នះ
ថ្វីត្បិតតែយើងចំនាយពេលជាមួយគ្នាមិនច្រើន តែពួកយើងបានឆ្លងកាត់ទុក្ខលំបាក និងភាពភ័យខ្លាចមកជាមួយគ្នា
ពួកយើងតែងញ៉ាំបាយជាមួយគ្នា ហើយព្យាយាមដោះស្រាយបញ្ហាអាថ៌កំបាំងនៅក្នុងភូមិគ្រឹះជាមួយគ្នា
មិនគួរណាអ្នកប្រុសទៅចោលខ្ញុំដោយបែបនេះសោះ។
កំពុងតែអង្គុយយំដោយឈឺចិត្តក្កុកក្តួលតែម្នាក់ឯងនៅលើបង់មុខបន្ទាប់របស់ខ្ញុំ
ស្រាប់តែមានដៃមួយមកដាក់លើស្មារបស់ខ្ញុំ និងហៅឈ្មោះខ្ញុំ
“មាលតី” សំលេងអ្នកប្រុស ខ្ញុំក្រលេកមើលក្រោយពិតជាគាត់ ពិតមែន ខ្ញុំប្រញាប់យកដៃជូតទឹកភ្នែកចេញ
រួចញញឹមដោយសប្បាយចិត្ត បំប្រុងចាប់គាត់ឱបទៅហើយ តែចេះនឹកឃើញ ហើយទប់អារម្មណ៍ទាន់ ក៏ទៅចាប់ដៃគាត់ជំនួសវិញ
“អ្នកប្រុសមកវិញហើយ!” គាត់បានញញឹមដាក់ខ្ញុំ
“បាទ! មាលតីមាននឹកខ្ញុំអត់? កុំប្រាប់ណាថានឹកខ្ញុំ
ដល់ថ្នាក់យំឡើងហើមភ្នែកបែបនេះ!” ខ្ញុំឆ្លើយនឹងគាត់មិនចេញទេព្រោះនេះ គឺជាការពិត
គាត់បានយកដៃរបស់គាត់មកផ្តិតទឹកភ្នែកដែលនៅសល់តិចៗលើថ្កាល់របស់ខ្ញុំ គាត់បានធ្វើឱ្យបេះដូងខ្ញុំលោតញាប់ទៀតហើយ
(ឌុកដាក់ៗៗ ស្ទើរធ្លាយទ្រូង) កាយវិការរបស់គាត់ទន់ភ្លន់ពេកហើយ ហាក់ដូចជាគូរសង្សារនឹកគ្នា
មិនត្រឹមតែប៉ុណ្ណោះគាត់នៅឱនមុខសន្សឹមៗ មកជិតខ្ញុំហើយក៏ថើបថ្ងាសខ្ញុំថ្នមៗ ខ្ញុំភ្លាំងអស់ហើយ
ខ្ញុំបានត្រឹមតែបើកភ្នែកធំៗហើយទទួលយកការថើបដ៏រំភើបញ៉ាប់ញ័រ។ នេះខ្ញុំកំពុងយល់សប្តិឬក៏ជាការពិត អ្នកប្រុសនរិន្ទថើបខ្ញុំ គាត់បានដកច្រមុះចេញពីថ្ងាសខ្ញុំហើយ
ញញឹមដាក់ខ្ញុំ រួចនិយាយ
“ខ្ញុំនឹកមាលតីណាស់” ហើយគាត់ក៏បានចាប់ខ្ញុំឱប
ខ្ញុំភីងភ្លាំងអស់ហើយ រភើបផង អរផង បេះដូងក៏លោតដុតដាក់មិនឈប់ ហើយមានអារម្មណ៍ថាកំដៅក្នុងខ្លូនចាប់ផ្តើមកើនឡើងហើយ
នេះកាយវិការរបស់គាត់ ហើយនិងពាក្យសំដីដ៏ស្រទន់របស់គាត់ ពិតជាកំពុងតែសំលាប់ខ្ញុំហើយ។
គាត់នឹកខ្ញុំដល់ម្លឹងឬ នឹកលើសដែលខ្ញុំនឹកគាត់ទៅទៀតឬ ចុះគាត់ទៅណា ក្នុងរយៈពេលកន្លះខែនេះ។
ខ្ញុំនៅស្ងៀមទទួលការឱបរបស់គាត់ ឱ្យគាត់ឱបរហូតដល់អស់ចិត្ត (ព្រោះថាខ្ញុំពិតជាចង់បានការឱបនេះពិតមែន
មានអារម្មណ៍ថាកក់ក្តៅគ្មានអ្វីប្រៀបបាន )។ បន្ទាប់ពីនោះមកខ្ញុំចង់សួរនាំគាត់ជាច្រើន
ថាតើប៉ុន្មានថ្ងៃនេះគាត់ទៅធ្វើអ្វីខ្លះ ហើយគាត់សុខទុក្ខយ៉ាងណាដែរ តែគាត់មិនអនុញ្ញាតនោះទេ
គាត់ប្រាប់ថាខ្ញុំនឹងបានដឹងអ្វីៗទាំងអស់នៅពេលបន្តិចទៀត។ គាត់បានហុចប្រអប់កាដូឱ្យខ្ញុំ
និងផ្តាំប្រាប់ខ្ញុំថា ពេលខ្ញុំរៀបចំខ្លួនរួចរាល់ហើយ ឱ្យខ្ញុំដើរទៅខាងក្រោយភូមិគ្រឹះ។
ហើយគាត់ក៏បានដើរចេញទៅដោយនៅតែញញឹមដាក់ខ្ញុំយ៉ាងស្រស់។
ខ្ញុំបានកាន់ប្រអប់កាដូចូលក្នុងបន្ទប់
ហើយក៏បើកមើល។ នៅក្នុងនេះមានរ៉ូបពណ៌ស ដ៏ស្រស់ស្អាត មានស្បែកជើងកែង និងគ្រឿងអលង្កាមួយចំនួនផង។
ម៉េចក៏អ្នកប្រុសដឹងពីទំហំខ្លួនរបស់ខ្ញុំ ? រ៉ូបនេះពេលពាក់លើខ្លួនទៅគឺឡើង ក្លំតែម្តង ស្អាតខ្លាំងណាស់។
គាត់ដឹងថាខ្ញុំចូលចិត្តពណ៌សទៀត។ តើត្រូវទៅចូលរួមកម្មវិធីអ្វីមែនទេ? ខ្ញុំទុកចម្ងល់សិន ព្រោះថាពេលទៅដល់ប្រាកដជាដឹងហើយ។
ខ្ញុំបានដើរទៅក្រោយភូមិគ្រឹះ
ដើរហួសទៅប្រហែល១០០ម ក៏ឃើញផ្កាមាលតី យ៉ាងច្រើន (ចំការផ្កាមាលតី)។ បាត់ទៅមួយអាទិត្យនេះ
គឺគាត់ដើម្បីរៀបចំសួនផ្កានេះឱ្យខ្ញុំ។ វាពិតជាដូចប្រលោមលោកនិទានពេកហើយ មិនគួរឱ្យជឿពិតមែនថាវាកំពុងតែកើតមានឡើងចំពោះនារីសាមញ្ញដូចជាខ្ញុំ
មិនទុកចិត្ត ខ្ញុំបានក្តិចដៃខ្លួនឯង ព្រោះក្លាយថាកំពុងតែយល់សប្តិ តែពេលក្តិចទៅពិតជាឈឺមែន
(ខ្ញុំមិនបានកំពុងតែយល់សប្តិទេ)។ ខ្ញុំបានដើរកាត់ផ្កាមាលតីដ៏ស្រស់ស្អាត និងស្រូបយកក្លិនដ៏ក្រអូបប្រហើររបស់វា
ប្រកបដោយអារម្មណ៍រំភើបជាពន់ពេក។ ពេលហួសពីនោះទៅគឺជាវាលស្មៅ ដែលអ្នកប្រុសនរិន្ទកំពុងតែ
អង្គុយនៅទីនោះជាមួយនឹងហ្គីតារបស់គាត់ (នេះគាត់មិនត្រឹមតែចេះគូសគំនូរទេ តែនៅចេះលេងហ្គីតាទៀត
មនុស្សប្រុសអីក៏សំបូរបែបយ៉ាងនេះ ហើយបន្តិចក្រោយមកខ្ញុំក៏ដឹងថាគាត់ថែមទាំងចៀងពិរោះទៀត)។
ពេលខ្ញុំដើរទៅដល់ជិតគាត់
គាត់ក៏បានដេញហ្គីតា (ដៃរបស់គាត់លែងឈឺហើយឬ ?) ហើយច្រៀងនូវបទចម្រៀងដែលក៏ពិរោះរណ្តំមួយបទគឺ
"Until You"
Baby life was good to me
But you just made it better
I love the way you stand by
me
Throught any kind of weather
I don't wanna run away
Just wanna make your day
When you feel the world is
on your shoulders
Don't wanna make it worse
Just wanna make us work
Baby tell me I will do
whatever
ខ្ញុំធ្លាប់ស្តាប់បទនេះច្រើនដងមកហើយ
តែក៏មិនដែលរំភើបដូចពេលនេះដែរ អត្ថន័យនៃបទចំរៀង និងកែវភ្នែករបស់អ្នកប្រុសនរិន្ទដែលកំពុងសំលឹងមើលមកខ្ញុំ
និងបញ្ជាក់ប្រាប់ថា គាត់ចង់មានន័យបែបនោះមកកាន់ខ្ញុំពិតមែន។
[Chorus:]
It feels like nobody ever
knew me until you knew me
Feels like nobody ever loved
me until you loved me
Feels like nobody ever
touched me until you touched me
Baby nobody, nobody, until
you
Baby it just took one hit of
you now I'm addicted
You never know what's
missing
Till you get everything you
need, yeah
I don't wanna run away
Just wanna make your day
When you feel the world is
on your shoulders
Don't wanna make it worse
Just wanna make us work
Baby tell me, I'll do whatever
[Chorus:]
It feels like nobody ever
knew me until you knew me
Feels like nobody ever loved
me until you loved me
Feels like nobody ever
touched me until you touched me
Baby, nobody, nobody until
you
See it was enough to know
If I ever let you go
I would be no one
Cause I never thought I'd
feel
All the things you made me
feel
Wasn't looking for someone
until you
ពេលដែលគាត់ច្រៀងចប់គាត់ក៏បាន
ក្រោកដើរសំដៅមកកាន់ខ្ញុំ រួចក៏លុតជង្គង់ចំពោះមុខខ្ញុំ ហើយសូមខ្ញុំរៀបការនេះគាត់ដូចជាច្បាស់និងប្រាកដប្រជាចំពោះខ្ញុំដល់ហើយ
ហើយគាត់ដូចជាដឹងច្បាស់ណាស់ថាខ្ញុំ កំពុងតែគិតយ៉ាងម៉េចចំពោះគាត់។ មែនដែរឬ ដែលខ្ញុំមិនយល់ព្រម
ព្រោះថាខ្ញុំក៏ស្រឡាញ់គាត់ដូចគ្នា។ <3 <3 <3 ពិតជាមិនអាចពណ៌នាអារម្មណ៍រំភើបនិងត្រេកអរពេលនេះបាននោះទេ
(អារម្មណ៍ ដែលត្រូវបាន Crush
សូមរៀបការ
មិនមែនសូមធ្វើសង្សារទេ គឺសូមធ្វើជាប្រពន្ធ)។
ខ្ញុំឆ្ងល់ដែរ ចុះគាត់ប្រញាប់រៀបការទៅណា
មើលតែខ្លាចមិនបានរៀបការអញ្ចឹង ខ្ញុំគ្រាន់តែសូមពន្យាពេលឱ្យយូរបន្តិចក៏មិនបាន។ គាត់បានចូលស្តីដណ្តឹងខ្ញុំរួចហើយ
ហើយក៏បាន យកលក្ខខណ្ឌចុងក្រោយមកប្រើ គឺពួកយើងទាំងពីរនាក់ត្រូវតែរៀបការក្នុងឆ្នាំនេះ
មិនត្រូវឱ្យហួសឆ្នាំនេះទេ ដែលពេលនេះគឺខែតុលាទៅហើយ នៅសល់តែ ៣ ខែទៀតប៉ុណ្ណោះគឺដាច់ឆ្នាំហើយ។
ពិតជាអន្ទះអន្ទែងមែន រកពេលរៀបចំខ្លួនសឹងមិនទាន់ នៅមិនទាន់តៀមខ្លួនលាចាកពីភាពនៅលីវទេ។
តែយ៉ាងណាក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងសុភមង្គលនេះខ្លាំងណាស់។ ខ្ញុំពិតជាស្រីម្នាក់ដែលមានសំណាងខ្លាំងណាស់។
ជាចុងក្រោយខ្ញុំសូមបញ្ចប់រឿងនេះត្រឹមតែប៉ុណ្ណេះ
ព្រោះថារឿងរ៉ាវអាថ៌កំបាំងរបស់ភូមិគ្រឹះបានស្រាយអស់ហើយ អ្នកទាំងអស់គ្នាប្រាកដជាលែងមានអ្វីដែលឆ្ងល់និងចង់ដឹងទៀតហើយ។
សូមអរគុណដែលបានតាមដានអានរឿងនេះតាំងពីដើមដល់ចប់ បើខុសឬឆ្គងកន្លែងណា សូមមេត្តាអភ័យទោសផងចុះ។
ហើយក៏សូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ មានសំណាងល្អ និងបានសមបំនងក្នុងរឿងស្នេហា
ដូចខ្ញុំ (មាលតី) ដែរ។
No comments:
Post a Comment