Friday, July 7, 2017

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៨

វគ្គទី៨
(ពំនោលរបស់នរិន្ទ)
ត្រឹមតែរយៈពេលមិនទាន់ដល់មួយអាទិត្យផងមានរឿងរ៉ាវជាច្រើនបានកើតឡើង។ ពេលនេះខ្ញុំបានចេញពីមន្ទីរពេទ្យហើយ ដៃស្តាំរបស់ខ្ញុំនៅប៉ង់ស្មង់មិនទាន់ដកចេញ នោះទេ។ ហនុរាជ បានសូមនៅកំដរខ្មុំប៉ុន្មានថ្ងៃទៀតដែរ តែខ្ញុំមិនយល់ព្រម ព្រោះថា មិនចង់ឱ្យវាបានជួបនឹងហេតុការណ៍ចំលែកៗ ដែលអាចកើតមាននៅក្នុងភូមិគ្រឹះ និងម្យ៉ាង ទៀតខ្ញុំ មានមាលតីនៅកំដរទៅហើយ ចឹងហើយមិនចង់ឱ្យហនុរាជនៅ នាំតែទើសមុខទើស មាត់ទេ (ខ្ញុំពិតជាឆ្លាតមែន)។ តែពិតជាអរគុណ ហនុរាជខ្លាំងណាស់ គេបានជួយខ្ញុំ ច្រើន ណាស់ ដូចជាកាលពេលខ្ញុំចង់រកពត៌មានរបស់ មាលតី  ហនុរាជបាន Login ចូលទៅក្នុងពត៌ មានរបស់រាជរដ្ឋាភិបាល រួចរកទិន្នន័យរបស់ឈ្មោះ មាលតី ទាំងអស់ដែលបានចុះបញ្ជី កំណើតមានអាយុចន្លោះពី ១៨ទៅ៣០ ហើយផ្ញើរឱ្យខ្ញុំ។ បន្ទាប់មកខ្ញុំជាអ្នកផ្ទៀងផ្ទាត់ ពត៌មានទាំងអស់នោះ បែបនេះហើយ ទើបហនុរាជមិនបានស្គាល់មាលតី ថាមានរូបរាង យ៉ាងម៉េចនោះទេ។ នៅមានអាស័យដ្ឋានរបស់លោកយាយទៀត គិតថាពេលត្រលប់ពីផ្ទះ របស់លោកយាយមកវិញ ហ្នឹងសួរនាំទៅហនុរាជភ្លាម តែមានឯណា គ្មានពេលសោះ ព្រោះថានៅយប់នោះ មាលតីបាននិយាយថា នាងជួបខ្មោចស្រ្តីម្នាក់ ដែលខ្មោចនោះគឺមាលា ធ្វើឱ្យខ្ញុំបារម្ភពីនាងជាខ្លាំង និងនៅព្រឹកបន្ទាប់នាងដេកយូរៗនោះយូរ ខ្ញុំខំដាស់នាងឡើង ហត់ទម្រាំតែនាងភ្ញាក់ អ្នកណាមិនភ័យបើលេងដេកអត់ព្រមក្រោកចឹងនោះ ហើយដល់ ពេលថ្ងៃត្រង់ ខ្ញុំស្រាប់តែធ្លាក់ពីលើដើមឈើ បាក់ដៃ។ ឃើញទេថាព្រឹត្តិការណ៍ កើតឡើងច្រើនពេកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ  តែវាក៏មានចំនុចល្អដែរ គឺត្រង់ថាធ្វើ ឱ្យខ្ញុំនិងមាលតី កាន់តែស្និទ្ធិស្នាលជាមួយគ្នា។
ពេលនេះខ្ញុំកំពុងតែអង្គុយនៅនឹងសាឡុងបន្ទប់ទទួលភ្ញៀវ ពេលនោះស្រាប់តែអ៊ំចុង ភៅគាត់បានយកសៀវភៅមួយក្បាលមកឱ្យខ្ញុំ
នេះជាសៀវភៅដែលអ្នកប្រុស ភ្លេចនៅនឹងតុញ៉ាំអាហារកាលពីថ្ងៃមុន!
បាទ! អរគុណណាស់ មីង! ខ្ញុំបានទទួលយកសៀវភៅនោះពីគាត់ ហើយគាត់ក៏ ត្រលប់ទៅធ្វើការងាររបស់គាត់ទៅ
ខ្ញុំបានបើកសៀវភៅមើល សៀវភៅនេះមានចំនងជើងថា មាលតីមាសបង វាគឺជា សៀវភៅដែលខ្ញុំសរសេរកាលពីជាតិមុន នឹងមានបំនងប្រគល់ឱ្យមាលតី នៅថ្ងៃរៀបការ តែមិនបានឱ្យនាងទេ ព្រោះថាពួកយើងមិនបានរៀបការ ហើយសៀវភៅនេះគឺជាសៀវភៅ ចម្លងឡើងវិញទេ ព្រោះថាសៀវភៅចាស់ប្រាកដជាមិនបន្សល់ទុកដល់ថ្ងៃនេះនោះទេ។ សៀវភៅនេះ ខ្ញុំបានសរសេររៀបរាប់ ពីសម្រស់របស់មាលតី សេចក្តីស្រឡាញ់ដែលខ្ញុំ មានចំពោះនាង និងផែនការអនាគតរបស់ពួកយើងទាំងពីរ។
ពេលនោះមាលតី បានដើរចេញមកដោយមាន បង្វិចកញ្ចាស់មកជាមួយផង ខ្ញុំចាំបាន ហើយថាព្រោះតែបង្វិចនេះហើយ ទើបខ្ញុំធ្លាក់ពីលើដើមឈើ នាងក៏បានកាន់សៀវភៅមួយក្បាលផ្សេងទៀតមកជាមួយផង។
នេះបង្វិចដែល អ្នកប្រុសខំប្តូរជីវិតយកពីលើដើមឈើមក! នាងហុចឱ្យខ្ញុំហើយ ក៏អង្គុយចុះក្បែរខ្ញុំ  ខ្ញុំទទួលយកហើយក៏បានអរគុណនាង រួចនាងក៏សួរបន្តរ
តើដៃរបស់អ្នកប្រុសយ៉ាងម៉េចទៅហើយ?
លែងសូវឈឺហើយ! ខ្ញុំបានឆ្លើយតបទៅកាន់នាង ហើយក៏បានចាប់ស្រាយបង្វិច ផងដែរ នៅក្នុងនេះមានសំលៀកបំពាក់បុរាណ ខ្លះតែពេលនេះពុកផុយអស់ហើយ ហើយខ្ញុំ ក៏បានឃើញកងដៃមាសមួយដែលនូវមានសភាពល្អស្អាត នេះគឺជាកងដៃដែលខ្ញុំបានឱ្យទៅ មាលតីកាលពីជាតិមុន ហើយចុះម៉េចក៏វាមកនៅទីនេះ ទៅវិញ មិនយល់ដែរ។ ខ្ញុំបានយកកងដៃនេះមកជូតដីចេញឱ្យស្អាត រួចក៏និយាយទៅកាន់មាលតី ដែលពេលនេះ នាងកំពុងតែអានសៀវភៅកញ្ចាស់មួយក្បាល
មាលតី!
ចាស! នាងបានសំលឹងមើលមុខខ្ញុំ បន្ទាប់ពីបានលឺខ្ញុំហៅឈ្មោះនាង
ហុចដៃ ឆ្វេងមក! នាងសំលឹងមើលខ្ញុំដោយទឹកមុខឆ្ងល់ តែក៏ព្រមហុចដៃឱ្យខ្ញុំ
ខ្ញុំបានស៊កកងដៃមាស ក្បាច់បុរាណនោះចូលទៅក្នុង កដៃនាង
អ្នកប្រុសធ្វើស្អីហ្នឹង?
នេះគឺជាកងដៃរបស់មាលតី ! ខ្ញុំគ្រាន់តែពាក់ឱ្យមាលតីតើ!
អត់ទេ ខ្ញុំអត់មានកងដៃបែបនេះនោះទេ! នាងបម្រុងដោះចេញ តែដោះមិនរួច
កុំដោះ នេះគឺជារបស់នាងកាលពីជាតិមុន
ម៉េចក៏អ្នកប្រុសដឹង?
ដឹងតែថាខ្ញុំដឹងទៅគឺបានហើយ! (ខ្ញុំញញឹមដាក់នាង នាងក៏លែងតវ៉ាតែនៅតែ បង្ហាញនៅទឹកមុខងឿងឆ្ងល់ រួចក៏បន្តអានសៀវភៅរបស់នាងទៀត) តើនេះនាងកំពុងតែ អានស្អីហ្នឹង?
នេះគឺសៀវភៅ ភូមិគ្រឹះខ្ញុំ ដែលខ្ញុំបានយកមកពីបណ្ណាល័យអ្នកប្រុសនិងនៅមាន សៀវភៅ មាលតីមាលបង មួយទៀត មិនដឹងថាច្រលំដៃយកទៅទុកនៅឯណាបាត់ទៅ ហើយទេ
នេះគឺជាសៀវភៅមួយក្បាលទៀតដែលនាងនិយាយដល់ហ្នឹង តើមែនទេ? ខ្ញុំលើកសៀវភៅនៅហ្នឹងដៃខ្ញុំបង្ហាញនាង នាងក៏បានងក់ក្បាល ហើយខ្ញុំក៏សួរនាងបន្តរ
តើនាងអានបានអ្វីខ្លះទៅហើយ?
សៀវភៅនេះផ្នែកខាងមុខ និយាយរៀបរាប់ពីហេដ្ឋារចនាសម្ព័ន្ធនៃការសាងសង់ ភូមិគ្រឹះដ៏មហិមានេះ និងផ្នែកកណ្តាល និយាយពីការរៀបចំឱ្យមានហ៊ុងស៊ុយតាមក្បួនចិន និងរួមបញ្ចូលគ្នាទាំងក្បួនលើករាសីតាមបែបខ្មែរផង សៀវភៅនេះគួរតែសរសេរ នៅសម័យអ៊ុនតាក់ (ឆ្នាំ ១៩៩៣) បើតាមការស្មានរបស់ខ្ញុំ លោកតារបស់លោកជាអ្នក ឱ្យគេរៀបចំចងក្រងសៀវភៅនេះឡើង។ បើតាមការរៀបរាប់នៅក្នុងសៀវភៅ ដើម្បីឱ្យម្ចាស់ភូមិគ្រឹះរកស៊ីមានបាននិងរស់នៅមានសេចក្តីសុខ គាត់ត្រូវតែតាក់តែងរៀប ចំទីនេះឱ្យស្ថិតនៅក្នុងសភាពដើម ដែលអាចជាសម័យលង្វែក ឬសម័យឧត្តុង្គ។ ពេលនេះខ្ញុំអស់ឆ្ងល់ហើយថាហេតុអី បានជាលោកតា របស់អ្នកប្រុសមករៀបចំភូមិគ្រឹះ នេះឱ្យមានសភាពបែបនេះ។ (នាងបានបើកអានបន្តរទៀតហើយខ្ញុំនៅតែស្តាប់នាងដោយ យកចិត្តទុកដាក់) អូនៅផ្នែកខាងក្រោយ មាននិយាយថាភូមិគ្រឹះនេះ មានព្រលឹងអ្នកជំនាន់ មុន ថែរក្សា ដែលត្រូវការអ្នកជំនាន់ក្រោយមកស្នងតំណែង អញ្ចឹងហើយទើបបានជាម្ចាស់ ភូមិគ្រឹះតែងតែបាត់បង់កូនស្រីជាទីស្រឡាញ់នៅពេលដែលស្នាក់នៅភូមិគ្រឹះ បែបនេះ ហើយទើបបានជាម្ចាស់ភូមិគ្រឹះមិនព្រមមកស្នាក់នៅទីនេះ ពត៌មានផ្នែកនេះពិតជាដូច ហ្នឹងអ្វីដែលបានកើតឡើងក្នុងយល់សប្តិរបស់ខ្ញុំណាស់។ អីយ៉ាសំណាងមែន នៅកន្លែងនេះមានបង្ហាញពីរបៀបដោះសា្រយ (នាងញញឹម ហើយក៏ធ្វើមុខស្រពោន)
តើគេសរសេរថាម៉េច?
គេសរសេរថា ត្រូវដុតភូមិគ្រឹះនេះចោល
ខ្ញុំភ្ញាក់ផ្អើលពេលលឺសំដីនាង
អ្នកណាទៅឡប់ ដុតភូមិគ្រឹះចោលនុះ!
ខ្ញុំគ្រាន់តែថាតាមសៀវភៅប៉ុណ្ណោះ បើដុតចោលហើយសាងសង់ថ្មីដដែល ដុតធ្វើ អី ! តែបើមិនដុតទេ កូនចៅស្រីរបស់ម្ចាស់ភូមិគ្រឹះត្រូវស្លាប់ជាបន្តបន្ទាប់ដដែលហ្នឹង​ រស់នៅក្នុងភូមិគ្រឹះក៏អត់មានសេចក្តីសុខ។ បើដូរភូមិគ្រឹះមួយជាមួយជីវិតមនុស្សម្នាក់ ខ្ញុំគិតថាមានតម្លៃក្នុងការដូរ ព្រោះជីវិតមនុស្សសំខាន់ជាងអ្វីៗទាំងអស់។ តែថាទៅ ខ្ញុំមិនគាំទ្រក្នុងការដុតភូមិគ្រឹះដូចគ្នា
ខ្ញុំមិនជំនាស់នឹងការយល់ឃើញរបស់នាងទេ ម្យ៉ាងទៀតភូមិគ្រឹះនេះបានបញ្ចូល ទៅក្នុង បេតិកភ័ណ្ឌជាតិ ដែលត្រូវអភិរក្ស បើដុតវាចោលនោះនឹងមានទោស ពីបទបំភ្លេចបំផ្លាញ ទ្រព្យសម្បតិ្តជាតិ។ ខ្ញុំគិតថា ប្រាកដជាមានដំណោះស្រាយ ដែលល្អជាងនេះ។

ពួកយើងទាំងពីរនាក់បានត្រលប់ទៅកាន់ បណ្ណាល័យម្តងទៀត ហើយរកមើល សៀវភៅចាស់ៗមួយចំនួន ក្រែងលោអាចជួយអ្វីបានខ្លះ តែមិនមាននោះទេ។

No comments:

Post a Comment