Dear Crush!
ភាគទី1
សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធដោយអចេតនា
“ស្អីគេ?
ឯងម៉េចក៏ទៅចូលចិត្តអីមនុស្សប្រុសដែលចរិតយ៉ាប់យ៉ាងនេះ និស្សិតសំណង់អី
ក៏លេងខ្លួនម៉្លេះ! តែងខ្លួនដូចតារាហើយស្រីកៀរនឹងជើង សង្សារវិញដូរដូចខោអាវ ព្រាននារីចំតួតែម្ដង!
ដែលសំខាន់នោះគេមិនបានចាប់អារម្មណ៍លើឯងទៀត ហើយគេក្មេងជាងឯងទៀត។ ពិតជាស៊ីបានតែក្មេងមែន!”នេះជាសម្ដីទេពី មិត្តជិតស្និទ្ធតែមួយគត់របស់ខ្ញុំ
“ទេ តាមដែលយើងឃើញគេមិនមែនជាព្រានដូចឯងនិយាយនោះទេ គេគ្រាន់តែជាមនុស្សទាន់សម័យប៉ុណ្ណោះ
គឺបែបថាជាមនុស្សចូលចិត្តហ៊ឺហា ឬក៏តែងខ្លួនឡូយឆាយហ្នឹងណា ហើយមិនបានអាយុប្អូនខ្ញុំច្រើននោះទេ
ត្រឹមតែប៉ុន្មានខែប៉ុណ្ណឹងឯង” (ខ្ញុំលួចចូលទៅមើលព័ត៌មានរបស់គេក្នុង
Facebook ហើយក៏ឃើញថាគេកើត ឆ្នាំដូចខ្ញុំ តែប្អូនខែ)។
“
ហ្នឹងហើយរសនិយមឯង មនុស្សដែលគេស្រឡាញ់ឯងមានមិនខ្វះ តែមិនព្រមទៅចាប់អារម្មណ៍គេទេ
ទៅចាប់អារម្មណ៍តែមនុស្សមិនចាប់អារម្មណ៍ខ្លួន”
“ខ្ញុំមិនចង់អ៊ីចឹងទេ ឲ្យធ្វើម៉េចបើអត់មានអារម្មណ៍!ខ្ញុំចាប់ផ្តើមស្តាយក្រោយហើយណា
ដែលនិយាយរឿងមនុស្សដែលខ្ញុំចូលចិត្តប្រាប់ឯង។ មើលចុះមិនព្រមជួយអីទេ គិតតែជាន់បន្ថែម។
តែថាទៅក៏ជួយអីមិនបានដែរ ខ្ញុំគ្មានបំនងនឹងទៅសារភាពប្រាប់គេ ឬក៏ធ្វើអីដើម្បីបានទាក់ទងគេដែរ
គ្រាន់តែចូលចិត្តពីចម្ងាយអ៊ីចឹងទៅបានហើយ មិនចង់ខូចចិត្តខ្លាំងជាងនេះ។”
រឿងដើមមកគឺថាបែបនេះ ខ្ញុំជានិស្សិតអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញហើយរៀនវេនយប់
ហើយមានមុខវិជ្ជាខ្លះយើងរៀនថ្នាក់ជាមួយគ្នា ហើយយើងក៏បានស្គាល់គ្នា។ និយាយតាមត្រង់ទៅ
ពេលដែលគ្រូតម្រូវឱ្យក្រុមនីមួយៗធ្វើបទបង្ហាញពីការងារក្រុម ខ្ញុំមិនសូវដែលបានយកចិត្តទុកដាក់ស្តាប់ទេ
លើកលែងតែក្រុមរបស់គេ។ គេតែងតែត្រូវបានចាត់តាំងឱ្យឡើងធ្វើបទបង្ហាញតំណាងក្រុម។ ខ្ញុំចូលចិត្តស្តាប់គេនិយាយភាសាអង់គ្លេសណាស់
(សាលាបង្រៀនជាភាសាអង់គ្លេស ហើយនិស្សិតទាំងអស់ក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសជាគោល) សំលេងរបស់គេពិរោះ
និងនិយាយភាសាអង់គ្លេសច្បាស់ល្អហើយអត់មានទាក់នោះទេ។
ខ្ញុំតែងតែឃើញគេ ពាក់អាវយឺតដៃវែងហើយមូរដៃឡើងត្រឹមកែងដៃ មិនអ៊ីចឹងទេគឺអាវសាច់ក្រណាត់រឹបរាងហើយមូរដៃឡើងត្រឹមកែងដៃបង្អួតសាច់ដុំ
មនុស្សអីក៏សង្ហាយ៉ាងនេះ។ បន្ថែមជាមួយនឹងវែនតាម៉្ញូបកញ្ចក់មូលស៊ុមជ័រពណ៌ខ្មៅដែលគេតែងតែពាក់មករៀនទៀត
វាមិនចម្លែកទេដែលធ្វើឲ្យខ្ញុំលង់នោះ(បើជួបគេលើកក្រោយ មានឱកាសបាននិយាយគ្នាខ្ញុំនឹងសួរគេថា
តើម៉្ញូបប៉ុន្មានដឺក្រេ ហើយម៉្ញូបតាំងពីពេលណា និងហេតុអ្វីបានជាម៉្ញូប?គឺថាគ្រាន់តែចង់ដឹងរឿងគេ )។
កាលដើមឡើយខ្ញុំរៀននៅវេនយប់តែពេលនេះ ខ្ញុំដូរទៅរៀននៅចុងសប្តាហ៍វិញហើយ
។ កាលពេលរៀននៅវេនយប់ ខ្ញុំជាមនុស្សឧស្សាហ៍គួរសម ខ្ញុំតែងតែកត់មេរៀន យ៉ាងស្អាតដាក់ក្នុងសៀវភៅសរសេរ
ចំនែកភត្រា(ភត្រាគឺជាឈ្មោះរបស់គេ) គេតែងតែមករៀនយឺត ហើយគេក៏បានសុំខ្ចីសៀវភៅខ្ញុំមើល
រួចក៏និយាយថា
“អ៊ីចឹងតើបានកូនគេរៀនពូកែ!” គេនិយាយតាមទម្លាប់រួសរាយរបស់គេ
កាលនោះខ្ញុំចាំបានថា ខ្ញុំរៀនបាន ច្រើនឆមាសដែរហើយ ហើយក៏មិនដឹងថាស្គាល់ភត្រា ចាប់តាំងពីពេលណាដែរ
ដែលពេលនោះយើងស្គាល់គ្នាក្នុងរបៀបជាមិត្តភក្តិធម្មតាទៅហើយ
“អត់ទេ! ព្រោះតែទំនេរក៏ចេះតែកត់ៗលេងទៅ ឱ្យចាំដៃផង” ខ្ញុំឆ្លើយទៅគេវិញដោយញញឹម
ពួកយើងរៀនជាមួយគ្នាមិនច្រើនមុខនោះទេ ភត្រារួសរាយណាស់ ពេលខ្លះគេមកយឺត
ហើយមានកៅអីទំនេរនៅជិតខ្ញុំ(នៅជួរមុខ) គេក៏មកអង្គុយជិត ហើយគេតែងតែ say “Hi!” ដាក់ខ្ញុំ និងពេលខ្លះទៀតគេក៏ទៅអង្គុយនៅតុក្រោយ ហើយដល់ពេលចេញលេងក៏មក say “Hi!” ដាក់ខ្ញុំ ហើយមានពេលនោះ ពេលចេញទៅផ្ទះទៅហើយ ទើបមក say “Hi!” ដាក់ខ្ញុំ ព្រោះគេភ្លេចនិយាយពាក្យនេះកាលពីពេលចេញលេង។ ម្នាក់នេះពិតជាគួរឱ្យចួលចិត្តមែន។
លុះដល់យូរទៅទម្លាប់នោះក៏បាត់ទៅ ព្រោះថាខ្ញុំមិនសូវបានរៀនជាមួយគេ ហើយក៏មិនបានជួបគេញឹកញាប់
ហើយខ្ញុំក៏បានប្តួរទៅរៀននៅវេនចុងសប្តាហ៍ តែក៏ខ្ញុំនៅតែឆ្លៀតទុកមួយមុខ ពីរមុខរៀនវេនយប់ដែរ
ដើម្បីបានជួបមិត្តភក្តិផង។
រហូតមកដល់ term ចុងក្រោយ ពេលខ្ញុំចូលរៀនដំបូងក៏បានជួបភត្រា
នៅក្នុងថ្នាក់ ដែលរៀននៅល្ងាចថ្ងៃសៅរ៍ដូចខ្ញុំដែរ ខ្ញុំឆ្ងល់ក៏សួរ
“ភត្រាក្រែងរៀនពេលយប់តើ! ម៉េចក៏មករៀនពេលចុងសប្តាហ៍ដែរអ៊ីចឹង?”
“គឺថានឹកនិរតី ហ្នឹងណា ទើបខំមករៀនវេនជាមួយគ្នា” គេឆ្លើយដោយញញឹម
ឯខ្ញុំឯណេះវិញអរសឹងហើបជើងពីដីទៅហើយពេលឮពាក្យនេះទោះបីជាដឹងថាគេគ្រាន់តែនិយាយលេងក៏ដោយ។
ខ្ញុំសម្រួលអារម្មណ៍រួចតបទៅគេវិញ
“អូ! មែន?!”
“សួរម្តងទៀតណា ហេតុអីបានមករៀននៅម៉ោងនេះដែរ?” ខ្ញុំបញ្ជាក់គេម្ដងទៀត
“
គឺថាត្រូវរៀនបន្ថែមមុខវិជ្ជា ត្រូវរៀនដល់ទៅ ៦មុខ ដើម្បីបាន
graduate នៅក្នុង Term
នេះដែរ”
“អូ ខ្ញុំយល់ហើយ ខ្ញុំរៀនតែ ៤ មុខទេ! តែគួរឱ្យច្រណែនដល់ហើយ រៀនយឺតជាខ្ញុំឡើងមួយថឺម
តែបែរជាមកចប់ដំណាលគ្នា យ៉ាប់ណាស់សាលានេះ!” ពួកយើងញញឹមដាក់គ្នាហើយក៏បញ្ចប់ការសន្ទនាទៅ
ពេលចេញពីរៀនខ្ញុំបានទៅតួបលក់សៀវភៅ ហើយក៏បានជួបភត្រា កំពុងតែរកទិញសៀវភៅដែរ
ពួកយើងជជែកគ្នាបានបន្តិចក៏បែកគ្នាទៅ។
បន្ទាប់ពីនោះមកខ្ញុំអត់បានទៅរៀនមួយអាទិត្យហើយ ក៏ទៅរៀននៅអាទិត្យបន្ទាប់មួយទៀត។
ពេលចេញពីរៀន ក៏បានជិះជណ្តើរយន្តពីជាន់ទី ៤ ទៅជាន់ផ្ទាល់ដី ហើយភត្រា ក៏នៅក្នុងនោះដែរ
ខ្ញុំឃើញភត្រា ខ្ញុំក៏ញញឹមដាក់ហើយសួរ
“ហាយ ភត្រា ខានជួបគ្នាពីរអាទិត្យហើយ មាននឹកខ្ញុំអត់?”
“បាទ! នឹក!”
លេងសួរគេចឹង នរណាទៅហ៊ានឆ្លើយថាអត់នឹកនោះ គេឆ្លើយទាំងញញឹម ខ្ញុំដឹងថាវាគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះ
តែក៏សប្បាយចិត្ត។
ជណ្តើរយន្តមកដល់ជាន់ក្រោម ពួកយើងដើរសំដៅទៅយកម៉ូតូនៅកន្លែងផ្ញើរម៉ូតូ
ហើយក៏បែកផ្លូវគ្នា
“លាហើយណាភត្រា ថ្ងៃក្រោយជួបគ្នា” ខ្ញុំនិយាយទៅកាន់គេ
“បាទ!”
គេឆ្លើយតបមកខ្ញុំទាំងញញឹមផង
នៅសប្តាហ៍បន្ទាប់មកទៀត ពេលចេញពីរៀនថ្ងៃសៅរ៍ ខ្ញុំដើរទៅដល់កន្លែងផ្ញើរម៉ូតូទៅហើយ
ហើយខ្ញុំចង់តេទៅរកទេពី តែទូរសព្ទអត់មានលុយ ទើបរកមើលអ្នកស្គាល់ ក្រែងលោអាចខ្ចីទូរស័ព្ទគេតេទៅ
ពេលនោះក៏ឃើញភត្រា ដើរមកល្មម ខ្ញុំក៏ខ្ចីទូរស័ព្ទរបស់ភត្រា
“ភត្រា សុំខ្ចីទូរស័ព្ទហៅទៅមិត្តភក្តិបន្តិចបានទេ?”
“បាទ! បានតើ!”
ភត្រាបានហុចទូរសព្ទ របស់គេ ឲ្យខ្ញុំ ហើយខ្ញុំក៏ទទួលយកមកចុចហៅទៅរកទេពី
លុះរួចរាល់ហើយខ្ញុំក៏ហុចទៅឱ្យភត្រាវិញ ដោយមិនភ្លេចអរគុណគេនោះទេ។
ពេលទៅជួបទេពីនិងញ៉ាំអីជាមួយគ្នាតែពីរនាក់
“ទេពីហា! ចាំឆែកមើលលេខដែលខ្ញុំតេ មកឯងមុនហ្នឹងបន្តិចមើល ខ្ញុំចង់ដឹងថាលេខប៉ុន្មាន!”
“ចង់ដឹងធ្វើអី”
“គឺលេខរបស់ភត្រាហ្នឹងណា” ខ្ញុំនិយាយទាំងញញឹម
“អូខេ!ចាំញ៉ាំហើយសិនទៅ ខ្ជិលឆែកឥឡូវណាស់! តែ! ឯងនេះពិតជាល្បិចខ្ពស់មែន! មិនសុំគេត្រង់ៗទេ
បែជានឹកឃើញល្បិចនេះដើម្បីបានលេខគេ! “
“នែ! គឺទូរសព្ទខ្ញុំអស់លុយ ហើយចៃដន្យគេក៏មកដល់ ទើបយើងខ្ចីទូរសព្ទហៅរកឯងទៅ យើងគ្មានល្បិចអីដូចឯងគិតនោះទេ!”
“អូខេៗៗ! គ្នាខុស គ្នាសុំទោស! តែឯងត្រូវចេញលុយមួយពេលនេះ បើចង់បានលេខរបស់គេ!”
“ស្រីចង្រៃឯងនេះ! រកក្រឡាចំណេញលើយើងរហូត!”
“អូខេ! មិនចង់បានក៏អត់បញ្ហា! គ្នាលប់លេខនោះចោល!”
“បានៗ! យើងចាញ់ឯងហើយ! យើងចេញក៏បាន!”
“អរគុណសំឡាញ់! ឯងពិតជាគួរឲ្យស្រឡាញ់មែន!” គេនិយាយព្រមទាំងយកដៃបិចថ្ពាល់ខ្ញុំផង
ពេលញ៉ាំរួចហើយពួកយើងក៏បែកផ្លូវគ្នាត្រលប់ទៅផ្ទះរៀងៗខ្លួនទៅ
(ភ្លេចឱ្យឈឹងថាខ្ញុំ អត់ទាន់បានយកលេខរបស់ភត្រា ពីទេពី អត់ទៀតហើយ ។
មកដល់ផ្ទះខ្ញុំក៏ហៅទូរសព្ទទៅទេពីឲ្យនាងផ្ញើលេខរបស់ភត្រាមកឲ្យខ្ញុំ
“អាឡូទេពី! នៅឯណាហ្នឹង?!”
“នៅផ្ទះ! មានកាអីណព្វ?”
“គ្នាមិនទាន់បានលេខភត្រាពីឯងទេណា!”
“អើមែន! អ៊ីចឹងស្អែកឯងប៉ាវបាយព្រឹកគ្នាមួយពេលទៀតទៅណា ចាំគ្នាឲ្យឯង!” គេនិយាយទាំងសើចបញ្ឈឺផង
“នេះឯង!”
ខ្ញុំត្រូវគាំង ដោយមិនដឹងត្រូវចាត់ការពួកម៉ាកកំហូចនេះរបៀបណា
ព្រោះអីគេច្រើនតែនិយាយលេងបន្លំមែនបែបនេះមកជាទម្លាប់ទៅហើយ ម្យ៉ាងទៀតខ្ញុំមិនទាន់បានលេខរបស់ភត្រាពីគេនៅឡើយ។
“អូខេ ស្អែកគ្នាចង់ញ៉ាំបាយភ្លៅមាន់ណាពួកម៉ាក បាយៗ” គេបញ្ឈឺខ្ញុំបន្ថែម រួចបិទទូរសព្ទ
ស្អែកឡើងជួបគ្នានៅហាងបាយមាន់ ខ្ញុំរូតរះយកទូរសព្ទគេមកឆែករកលេខរបស់ភត្រា
រួចកត់ទុកក្នុងទរសព្ទខ្ញុំ។ ញ៉ាំបាយរួចទៅធ្វើយើងកិច្ចសាលាបន្ត។ ជយោខ្ញុំបានលេខទូរស័ព្ទរបស់គេហើយ
តែប្រព័ន្ធខុសគ្នាហ្នឹង!បើអត់មានការអីខ្ញុំក៏មិនអាចតេទៅនិយាយលេងជាមួយគេបានដែរ(ព្រោះថាសេវាទូរស័ព្ទឆ្លងប្រព័ន្ធថ្លៃ)
យ៉ាប់មែន។
អាកាសធាតុឥឡូវក្តៅខ្លាំងណាស់ ខ្ញុំគួរតែវេចខ្ចប់ការងាររបស់ខ្ញុំដែលមានទាំងអស់ទៅធ្វើនៅសាលា
អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ ហើយមាន Wifi ប្រើទៀត ម្យ៉ាងក៏ជិតដល់ពេលប្រលងពាក់កណ្តាលឆមាសទៀត
ត្រូវតែឆ្លៀតមើលមេរៀនខ្លះផង និងយក កុំព្យូទ័រទៅដោនឡូតរឿងទុកមើល ពេលទំនេរហើយក៏អង្គុយធ្វើការងារស្រាវជ្រាវនិងបកប្រែឯកសារផង
តែទេពីត្រូវម៉ាក់គេទូរសព្ទហៅទៅផ្ទះមុន ទុកឲ្យខ្ញុំអង្គុយធ្វើកិច្ចការសាលាម្នក់ឯង។ អង្គុយយូរៗទៅដូចជាឈឺបត់ជើងតូចដល់ហើយ
មានមនុស្សជាច្រើននៅក្នុងបណ្ណាល័យតែសុទ្ធតែជាមនុស្សដែលខ្ញុំអត់ស្គាល់ បើទុកកុំព្យូរទ័រនិងឥវ៉ាន់ចោលដូចជាមិនទុកចិត្តសោះ
ព្រោះថាធ្លាប់មានបទពិសោធន៍ បាត់ USB នៅទីនេះម្តងរួចមកហើយ បើស្ពាយរបស់ទាំងអស់ទៅបន្ទប់ទឺកដូចជាសំពីងសំពោងពេក
ធ្វើម៉េចទៅខ្ញុំ ឈឺនោមជិតផ្ទុះហើយ។ ខ្ញុំក៏ហៅទូរសព្ទទៅទេពី
“អាឡូ ទេពី ឯងមកសាលាវិញទេ”
“ទៅ! តែទាស់តែល្ងាច! មានការអី?”
“ខ្ញុំនៅបណ្ណាល័យ ពេលណាមកដល់ក៏មករកខ្ញុំណា!”
“អឺ!”
និយាយចប់ទេពីក៏បិទទូរស័ព្ទទៅ
ខ្ញុំនៅទ្រាំអង្គុយនៅទីនោះបន្តិចទៀត ឃើញហើយៗ ពិតជារកឆ្នាំងសាកប្រទះPower Bankមែន មានអ្នកណាទៀតគឺភត្រា
“ហាយ ភត្រា! មកនេះមកនេះ មកអង្គុយនេះមក ទីនេះទំនេរ” ខ្ញុំហៅគេដោយរួសរាយ
“បាទ!”
គេឆ្លើយតបមកខ្ញុំវិញ ហើយក៏ដើរសំដៅមកអង្គុយនៅកៅអីទំនេរក្បែរខ្ញុំ
គ្រាន់តែគេអង្គុយចុះភ្លាមខ្ញុំក៏និយាយ
“ផ្ញើរកុំព្យូរទ័រនិង ឥវ៉ាន់បន្តិចណា ខ្ញុំចេញទៅក្រៅមួយភ្លែត!”
“បាទ!”
សំដីគេពីរោះដល់ហើយ តែប៉ុនេះខ្ញុំបានទៅដោះទុក្ខសត្វលោកហើយ!
ពេលត្រលប់មកពីបន្ទប់ទឹកវិញ
“ទៅណាអីយូរម៉្លេះ?”ភត្រាសួរខ្ញុំ
“អេ បងភត្រា! មកយូរហើយ?
” ខ្ញុំមិនទាន់បានតបសំណួរភត្រាផងក៏ត្រូវសម្លេងនោះមកកាត់
“អូ ភា! បងទើបមកដល់ដែរទេ ហើយអូនឯងមកជាមួយអ្នកណាគេ?” ខ្ញុំមិនស្គាល់ក្មេងស្រីម្ចាស់សំណួរនោះជានរណាទេ តែពាក្យ“អូន”ដែលភត្រាប្រើចំពោះគេនោះវាដូចជាចាក់ដើមទ្រូងខាងឆ្វេងរបស់ខ្ញុំឲ្យឈឺខ្ទោកៗ ហើយខ្ញុំក៏មិនយល់ថាមកពីអ្វីដែរ
“ចា៎បង! មកម្នាក់ឯងទេ មករកឯកសារខ្លះធ្វើកិច្ចការស្រាវជ្រាវគ្រូទើបដាក់ឲ្យ។ ជួបបងអ៊ីចឹងល្អហើយស្រួលសួរ!
”
មើលទៅពួកគេដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ តែមើលទៅក្មេងស្រីនោះ
យ៉ាងច្រើនទើបរៀនឆ្នាំទីពីរប៉ុណ្ណឹងឯង។
No comments:
Post a Comment