Friday, July 7, 2017

Dear Crush! ភាគទី២

ភាគ2
សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធដែលកើតឡើងដោយអចេតនាផង
និយាយអ៊ីចឹង នេះនិរតី មិត្តភក្ដិរៀនវេនសៅរ៍ អាទិត្យជាមួយបង!
សួស្ដីបង!ក្មេងស្រីនោះគួរសមដាក់ខ្ញុំ
ចា៎ សួស្ដីអូន! និយាយអ៊ីចឹង អូនរៀនឆ្នាំទីប៉ុន្មានហើយ?”
ឆ្នាំទីមួយបង!
ចា៎! និយាយអ៊ីចឹងបងរកទៅមុនហើយ បងមានការបន្តិច! ធ្វើកិច្ចការប្អូនបន្តចុះណា! ខ្ញុំក៏មិនភ្លេចលាភត្រាមុននឹងចេញមកដែរ តាមពិតខ្ញុំត្រូវធ្វើការងារដែលខ្ញុំខំវេចមកឲ្យចប់តែមើលទៅខ្ញុំមិនអាចទ្រាំស្ដាប់គេផ្អែមល្ហែមនឹងគ្នាបានទេ ខ្ញុំក៏ត្រូវវេចការងារទាំងនោះមកធ្វើនៅផ្ទះវិញ។ ដើរចេញពីបណ្ណាល័យកាត់សួនច្បារសាលាពិតជាស្អាតណាស់ មេអំបៅក៏ច្រើន!តាមចាប់មេអំបៅមួយសិនគ្រាន់កាត់សាញ! មិនដឹងយ៉ាងម៉េចទេ ឲ្យតែឃើញមែអំបៅគឺមិនបានតែម្ដងខ្ញុំ! បើមិនបានដេញចាប់គឺមិនអស់ចិត្ត! ជួនកាលជិះម៉ូតូទៅសាលាឃើញមេអំបៅក្នុងសួនតាមផ្លូវក៏ឆ្លៀតចុះចាប់សិនដែរ បើមិនបានដេញចាប់ក៏បានថតមួយប៉ុសពីរអីដែរ!
មកដល់ផ្ទះខ្ញុំនៅមិនសុខក្នុងចិត្ត ខ្ញុំដេកប្រែចុះប្រែឡើងដល់កណ្ដាលអាធ្រាត ខ្ញុំចូលមើលFacebook Account របស់គេក្រែងបានព័ត៌មានខ្លះពីក្មេងស្រីនោះ តែគ្មានឃើញអ្វីសោះ! ខ្ញុំប្រែចុះប្រែឡើងក៏នឹកឃើញគំនិតមួយ ព្រឹកឡើងខ្ញុំយកទូរសព្ទរបស់ប្អូនខ្ញុំផ្ញើសារទៅគេ ខ្ញុំរាក់ទាក់គេតាមស្តាយល៍ពួករាវលេខ គេតបមកធម្មតា រួចខ្ញុំសួរគេថាគេមានសង្សារឬនៅ សួរដល់រឿងនេះស្រាប់តែស្ងាត់ឈឹង! ការណ៍នេះធ្វើឲ្យខ្ញុំរឹតតែច្របូកច្របល់។ ខ្ញុំលុបសារទាំងអស់ដែលខ្ញុំឆ្លើយឆ្លងគ្នាជាមួយគេពីក្នុងទូរសព្ទប្អូនខ្ញុំ។
ថ្ងៃបន្ទាប់ខ្ញុំបានទៅបណ្ណាល័យទៀត អង្គុយម្នាក់ឯងយូរទៅ ក៏ឈឺបត់ជើងតូចទៀតហើយ មកដល់ត្រឹមនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ភត្រា ហើយក៏ចាប់ផ្ដើមឆ្ងល់ពីខ្លួនឯងដូចគ្នា ហេតុអីខ្ញុំនឹកគេ នឹងមិនយល់ពីអ្វីដែលខ្ញុំធ្វើពីម្សិលមិញ។ ខ្ញុំងាករកមើលជុំវិញខ្លួនមិនឃើញភត្រាទេ បានបន្តិចខ្ញុំឃើញទេពីចូលមកខ្ញុំក៏ផ្ញើអីវ៉ាន់នឹងគេរួចទៅបន្ទប់ទឹក។ ធ្វើកិច្ចការរួចខ្ញុំក៏ត្រឡប់ទៅផ្ទះវិញនៅម៉ោងជិតប្រាំមួយល្ងាចទៅហើយ តាមផ្លូវទៅវិញខ្ញុំចូលចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ ចាក់រួចរៀបនឹងចេញមកវិញខ្ញុំក៏វាសភ្នែកប្រទះឃើញភត្រា និងក្មេងស្រីនោះនៅអង្គុយក្នុងMartក្បែនោះ ។ ឈឺចិត្ត!!!!
ស្អែកឡើងខ្ញុំទៅរៀនធម្មតា តែអ្វីដែលមិនធម្មតានោះគឺ ជិតដល់ម៉ោងចេញលេងហើយនៅតែមិនទាន់ឃើញភត្រាមករៀនទៀត ខ្ញុំខលទៅគេក៏មិនចូល អារម្មណ៍ខ្ញុំនៅមិនសុខសោះបន់ឲ្យតែគេមកឆាប់ៗន្អាលនឹងសួរររឿងគេ និងក្មេងស្រីនោះ តែចេញលេងហើយចូលវិញ section ទីពីរហើយនៅតែគេមិនឃើញមកទៀត ច្បាស់ណាស់គេមិនមកទេថ្ងៃនេះ។ អាទិត្យនេះខ្ញុំគ្មានឱកាសជួបគេទេ ព្រោះថ្ងៃដែលត្រូវរៀនជាមួយគេ គេបែជាមិនមករៀន ធ្វើឲ្យខ្ញុំត្រូវចាំដល់អាទិត្យក្រោយទើបមានឱកាសជួបគេទៀត។ ល្ងាចថ្ងៃបន្ទាប់ខ្ញុំទៅបណ្ណាល័យដើម្បីបង្ហើយការងារសាលារបស់ខ្ញុំ ខ្ញុំជួបក្មេងស្រីនោះ ខ្ញុំក៏សួរពីភត្រា ហេតុអីមិនឃើញទៅរៀន ប៉ុន្មានថ្ងៃ ព្រោះខ្ញុំសួរមិត្តភក្ដិដែលរៀនវេនយប់ជាមួយគេក៏ថាបាត់ភត្រាមិនឃើញភត្រាទៅរៀនដែរ ក្មេងស្រីនោះប្រាប់ថាភត្រាមានការបន្ទាន់ទៅស្រុក ហើយទូរសព្ទគាត់ក៏ខូចមិនទាន់បានជួសជុល។ ឮក្មេងស្រីនោះនិយាយដូច្នេះខ្ញុំកាន់តែវិលវល់ក្នុងចិត្ត ហេតុអីគេដឹងរឿងភត្រាគ្រប់រឿងដូច្នេះ? តែខ្ញុំសម្រេចចិត្តថាមិនសួរពីទំនាក់ទំនងរវាងគេនិងភត្រាទេ ព្រោះខ្ញុំមិនចង់ឲ្យគេគិតវែងឆ្ងាយមកលើខ្ញុំ។
ខ្ញុំតែងតែឧស្សាហ៍ទៅបណ្ណាល័យជាញឹកញាប់មិនមែនមូលហេតុការងារទេតែព្រោះចង់ជួបភត្រា មានពេលមួយខ្ញុំចង់ដឹងថាគេមកឬអត់ក្រោយពីការទីទើចិត្តអស់មួយសន្ទុះខ្ញុំក៏សម្រេចចិត្តតេទៅគេ
អាឡូភត្រា! ខ្ញុំគឺនិរតី!
បាទ! ខ្ញុំស្គាល់់លេខតើ!គ្រាន់តែឮសំឡេងគេខ្ញុំអរស្ទើរហោះ ដូចកូនឃើញម្ដាយមកពីផ្សារ តែខ្ញុំប្រឹងសម្រួលអារម្មណ៍រួចសួរគេ
តើភត្រា ត្រូវមកសាលារៀនលឿនអត់?”
អត់ផង ទាល់តែល្ងាចបន្តិច!តើនិរតីមានការអីដែរ?” សួរអញ្ចឹងពិបាកឆ្លើយណាស់
គឺថាអត់មានអីទេ! ខ្ញុំនៅបណ្ណាល័យម្នាក់ឯង គ្រាន់តែចង់បានគ្នាកំដរក៏តេទៅសួរលេងទៅ តែប៉ុណ្ណឹងឯងអត់មានអីទេ!
បាទ! ខ្ញុំអត់បានទៅទេ ថ្ងៃនេះ អាភាគេណាត់ខ្ញុំធ្វើកិច្ចការសាលា!
ខ្ញុំដាក់ទូរស័ព្ទចុះដោយខកចិត្តតែក៏មិនដឹងធ្វើម៉េច! ចុះបើគ្រាន់តែប្រាប់ខ្ញុំថារវល់ទៅវាថី! ចាំបាច់ថែមឈ្មោះក្មេងស្រីនោះ! ខ្ញុំប្រចណ្ឌឬច្រណែនគេ? ឆ្ងល់ដែរចុះម៉េចក៏ខ្ញុំចេះតែនឹកឃើញទៅដល់គេអ៊ីចឹង! ក្មេងស្រីនោះត្រូវជាអ្វីនឹងគេ? ជាសង្សារ?តើអ្នកណាអាចប្រាប់ខ្ញុំបាន?
ការប្រឡងជិតមកដល់ហើយ គ្រប់មុខវិជ្ជាទាំងអស់ខ្ញុំត្រូវធ្វើឲ្យបានល្អ តែខ្ញុំដូចជាមិនច្បាស់ក្នុងចិត្តសោះថាខ្ញុំប្រាកដជាអាចធ្វើបានពិន្ទុល្អ ព្រោះ ប៉ុន្មានអាទិត្យនេះខ្ញុំមិនសូវបានមើលមេរៀនសោះ ព្រោះថាខ្ញុំរវល់មិនសូវបានទៅរៀនហើយ នៅផ្ទះក៏មិនសូវបានមើលមេរៀន គឺអារម្មណ៍ខ្ញុំនឹកឃើតែភត្រា រហូតដល់ពេលខ្លះនឹកដល់រឿងអនាគតជាមួយគេទៀតផង គិតដល់ពេលនោះខ្ញុំញញឹមម្នាក់ឯង ពេលខ្លះខ្ញុំដេកស្រមៃដល់គេមកតាមចែចង់ខ្ញុំ គេលុតជង្គង់ហុចផ្កាឲ្យខ្ញុំដើម្បីសុំស្រឡាញ់ខ្ញុំ ដល់ត្រឹមនេះខ្ញុំអៀនឱបខ្ញាំក្នើយតែម្នាក់ឯង តែពេលខ្លះនឹកឃើញដល់ទិដ្ឋភាពគេនឹងក្មេងស្រីនោះអង្គុយទល់មុខគ្នាក្នុងម៉ាត ក៏បានត្រឹមតែតូចចិត្តម្នាក់ឯង។
ការប្រឡងពាក់កណ្ដាលឆមាសបានមកដល់ លទ្ធផលចេញមកគឺខ្ញុំធ្វើមិនសូវបានល្អទេ។
ទឺង!!
សួរស្តីនិរតីគេChat មកខ្ញុំតាមហ្វេសប៊ុក
សួរស្តីភត្រាខ្ញុំតបទៅគេទាំងអរស្ទើរវាយអក្សរខុសទៅហើយ
ដូចជាមិនដែលបានជួបគ្នាយូរហើយ!
មែនហើយ មាននឹកខ្ញុំអត់?”
នឹកតើ!
ល្អហើយចឹង ខ្ញុំក៏នឹកដូចគ្នាខ្ញុំនិយាយចេញតែប៉ុណ្ណឹងទេ តែនៅក្នុងចិត្តវិញគឺថា នឹកខ្លាំងណាស់ នឹករៀងរាល់ថ្ងៃ។
កំពុងធ្វើអីហ្នឹង?”
កំពុងលួចស្រឡាញ់មនុស្សម្នាក់
ខ្ញុំដឹងហើយថាស្រឡាញ់ខ្ញុំ! ហាហា
ស្រឡាញ់ភត្រាឯងមែនទេដឹង! ហាហា
អ៊ីចឹងយើងលេងស្រឡាញ់គ្នាតែម្ដងទៅហាហា
យី! វិស្វករសំណង់នេះចេះកំប្លែងទៀត! អាប៉ិនេះលេងបន្លំមែនទេដឹង!
អត់ហ៊ានទេខ្លាចភត្រាស្រឡាញ់ខ្ញុំមែនទែន
ងងុយគេងហើយ គេងមុនហើយណាក្រាស់!
គ្រាន់តែឃើញពាក្យ ក្រាស់របស់គេ ខ្ញុំអរដេកលែងលក់ទៅហើយទោះដឹងថាគេនិយាយលេងក៏ដោយ ខ្ញុំប្រញ៉ាប់តបទៅគេវិញ
ចា! សុបិនល្អ!
និយាយគ្នាបានប៉ុណ្ណឹង ខ្ញុំនេះក៏មានសេចក្តីសុខ និងសប្បាយចិត្តស្ទើរតែចង់ហោះទៅហើយ មិនអីទេលួចស្រលាញ់គេតែម្នាក់ឯងក៏មានសេចក្តីសុខដែរ គ្រាន់តែថាសេចក្តីសុខមិនសូវពេញលេញប៉ុណ្ណោះ តែក៏គ្រាន់បើជាងអត់។
ថ្ងៃនេះគឺជាថ្ងៃសៅរ៍ ថ្ងៃនេះពេលទៅរៀន ប្រាកដជាជួប Crush ខ្ញុំគួរតែស្លៀកពាក់ឱ្យស្អាត ព្រោះថ្ងៃនេះ ខ្ញុំតាំងចិត្តថានឹងរករឿងនាំ ភត្រានិយាយគ្នាឱ្យបាន។ ពេលដែលតែងខ្លួនស្អាតបាត អញ្ចឹងទៅមានអារម្មណ៍ថាមានទំនុកចិត្តខ្ពស់ខ្លាំងណាស់! ពេលចូលដល់បន្ទប់រៀនខ្ញុំចម្លែកចិត្តហើយក៏អរមិនស្ទើរដែរ ព្រោះរាល់ដងភត្រាតែងតែមករៀនយឺតតែថ្ងៃនេះគេមកមុនខ្ញុំទៅទៀត! គេSay hiមកកាន់ខ្ញុំ ខ្ញុំក៏តបទៅគេវិញតាមទម្លាប់ខ្ញុំក៏ដើរទៅកាន់តុដែលខ្ញុំធ្លាប់អង្គុយ ពេលអង្គុយមានអារម្មណ៍ថាដូចមានអីទើសៗ នៅក្រោមសំពត់ខ្ញុំ ខ្ញុំក៏ក្រោកចេញរកមើល គឺមានក្រដាសរឹងមួយសន្លឹកតូច វាមានពីរពណ៌ ខ្នងវាពណ៌ខ្មៅដូចពូកកៅអីដែរទើបខ្ញុំមិនបានចាប់អារម្មណ៍ឃើញវាពេលខ្ញុំអង្គុយ ម្ខាងទៀតពណ៌សតែមានរូបគំនូរមេអំបៅស្អាតណាស់ ទោះគេគូរវាដោយខ្មៅដៃក៏ដោយ ខ្ញុំយកវាទុកក្នុងសំពៀត។ ពេលចេញលេងសមាជិកក្រុមបានពិភាក្សាគ្នា ហើយវិធីសាស្រ្តនៃការធ្វើ Assignment ដែលគ្រូដាក់ឲ្យតាំងពីមិនទាន់ប្រឡងពាក់កណ្ដាលឆមាសម៉្លេះ មុខវិជ្ជានេះភត្រាចេះច្រើនដូចនេះហើយគេក៏មានគំនិត បញ្ចេញមតិយោបល់យ៉ាងច្រើន។ លុះដល់ពេលចេញពីរៀនខ្ញុំក៏បានសុំលេខទូរស័ព្ទរបស់គេម្តងទៀតព្រោះថាខ្ញុំប្រហែលធ្វើឱ្យបាត់លេខគេ ដោយគេមិនសូវលេង Facebook ហើយចួលចិត្តឆែកEmail ដូច្នេះហើយខ្ញុំក៏សុំ emailរបស់គេផងដែរ។
មានការខ្ញុំនឹងតេទៅ!
បាទ!
ចុះបើអត់មានការអីអាចតេទៅបានអត់?” ខ្ញុំចង់ដឹង ខ្ញុំសង្ឃឹមថានឹងអាចតេទៅនិយាយគ្នាលេងបានពេលណាខ្ញុំអផ្សុក ឬក៏ពេលណាដែលនឹកដល់គេ
បានតើគេឆ្លើយដោយញញឹម ច្បាស់ណាស់បើខ្ញុំសួរអញ្ចឹងទៅហើយ ហ៊ានឬដែលឆ្លើយថាមិនបាននោះ តែខ្ញុំបើមិនមានការអីទេ ក៏មិនហ៊ានតេទៅរំខាននោះទេ
តមកទៀតខ្ញុំ ក៏សូមឱ្យគេជួយសង្ខេបមេរៀនមុខវិជ្ជាអក្សសិល្ប៍ឱ្យខ្ញុំ ពួកយើងរៀនមុខវិជ្ជាមួយហ្នឹងដូចគ្នាតែគ្រូខុសគ្នា ហើយគ្រូគេរៀនលឿនជាង ម្យ៉ាងទៀតខ្ញុំមិនទំនេរក្នុងការអាន ហើយអានទៅមិនសូវជក់ចិត្តទៀត រឿងហ្នឹងមិនសូវត្រូវចំនូលចិត្តខ្ញុំ។ ពួកយើងដើរចេញពីថ្នាក់បណ្តើរក៏និយាយគ្នាបណ្តើរ
រឿង Sons ហ្នឹងចង់ដឹងថា តើ Wang the Tiger រៀបការជាមួយអ្នកណាដែរ?”
ស្រ្តីម្នាក់ហ្នឹងគឺជា អតីតស្រីកំណាន់របស់មេចោដែលគាត់បានកំចាត់..................
ចុះពេលរៀបការហើយយ៉ាងម៉េចទៀត?”
គួរតែដឹងហើយថាពេលរៀបការហើយគេធ្វើអីខ្លះនោះ!គេនិយាយបែបនេះហើយសើច ចង់បានន័យថាម៉េចហ្នឹង អ្នកណាក៏ដឹងដែរថាពេលរៀបការហើយគេប្រាកដជាផ្សំដំណេកហើយ តែនោះប្រាកដជាមិនមាននិយាយនៅក្នុងសាច់រឿងនោះទេ
គឺចង់ថាក្រោយពេលរៀបការហើយមានព្រឹត្តិការណ៍អ្វីនៅក្នុងរឿងកើតឡើងទៀត ដំណើររឿងទៅជាយ៉ាងណា?” ដោយសាច់រឿងរាងវែងដែរ ទើបពួកយើងចួលទៅអង្គុយនៅក្នុងបណ្ណាល័យ ដោយមានគេជាអ្នកនិទានរឿងឱ្យស្តាប់ គេពិតជាពួកែនិទានរឿងមែន ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែបានមើលឃើញទិដ្ឋភាពរបស់ដំណើររឿងទាំងអស់ ដែលបានកើតឡើង។
អារម្មណ៍ខ្ញុំពេលនេះពិតជាមានសេចក្តីសុខខ្លាំងណាស់ អង្គុយស្តាប់គេនិទានរឿងឱ្យស្តាប់ ឱកាសបែបនេះពិតជាមានមិនច្រើននោះទេ។ កំពុងតែស្តាប់ជក់ផងគេក៏ប្រាប់ថារឿងចប់ហើយ។
ចប់អីចឹងនោះ អត់មានន័យផង!
គឺថារឿងហ្នឹងមានតទៅមួយក្បាលទៀត តែពួកយើងអត់រៀននោះទេហើយខ្ញុំក៏មិនចាំចំនងជើងដែរ
អូ! អ៊ីចឹងទេ! និយាយអ៊ីចឹងភត្រាម៉្ញូបប៉ុន្មានដឺក្រេដែរ? សុំខ្ចីវែនតាពាក់តិចមើល?”
មិនឱ្យទេ!
ឱ្យខ្ញុំខ្ចីបន្តិចមក!ខ្ញុំក៏បានងើបឡើងទៅចាប់ដោះវែនតារបស់គេ ហើយគេក៏គេចរួចហើយក៏ដោះវែនតាហុចឱ្យខ្ញុំ ខ្ញុំក៏យកមកពាក់នឹងភ្នែកខ្ញុំ តែម៉េចក៏មើលទៅមិនច្បាស់សោះ រាងទឹករលក ទឹករលក ហើយធ្វើឱ្យវិលមុខទៀត ខ្ញុំក៏ហុចឱ្យគេវិញ
ប៉ុន្មានដឺក្រេហ្នឹង!
ប្រហែល ៣០០ ដឺក្រេជាង
ចឹងតើបានឃើញពាក់វែនតារហូតមិនដែលដោះសោះ! ចុះពេលដោះវែនតាចេញ មើលឃើញមុខខ្ញុំដែរទេ?” ខ្ញុំសួរគេដោយញញឹម
ឃើញតើគ្រាន់តែមិនច្បាស់គេក៏តបមកវិញទាំងញញឹម
ដោយបណ្ណាល័យដល់ពេលបិទទ្វារទៅហើយ បណ្ណារក្សបានដើរមកបិទម៉ាស៊ីនត្រជាក់ហើយ ប្រាប់ឱ្យពួកយើងប្រមួលឥវ៉ាន់ ដូចនេះហើយទើបពួកយើងចាត់ការសៀវភៅដាក់ចូលកាតាប ហើយក៏ដើរសំដៅទៅកន្លែងផ្ញើរម៉ូតូដើម្បីត្រលប់ទៅផ្ទះ។ ដើរមកដល់សួនច្បារមុខបណ្ណាល័យ ទូរសព្ទគេក៏រោទិ៍
អាឡូភា! បងទើបចេញពីបណ្ណាល័យ បងទៅដល់ឥឡូវហើយ ហៅអីញ៉ាំមុនបងសិនទៅ!ភត្រាក៏បិទទូរសព្ទហើយងាកមករកខ្ញុំ
និរតី ខ្ញុំប្រញ៉ាប់បន្តិច សុំទៅមុនហើយណា!ថារួចគេក៏ម្នីម្នាទៅមុនខ្ញុំបាត់ ទុកឲ្យខ្ញុំដើម្នាក់ឯង។ ដើរផុតសួនច្បារដល់អាគារដែលកំពុងសាងសង់ ទីនេះពិតជាស្ងាត់ហើយងងឹតទៀតព្រោះអត់មានអំពូលបំភ្លឺ ខ្ញុំចាប់ផ្ដើមបុកពោះហើយបន្ថែមល្បឿនយ៉ាងញាប់ជើងស្មេរ ពេលដែលកំពុងតែខ្លាចផងហត់ផង ខ្ញុំស្រាប់តែមានអារម្មណ៍ថាមានមនុស្សកំពុងតែតាមមកពីក្រោយខ្ញុំ ខ្ញុំបុកពោះកាន់តែខ្លាំង ឯជើងខ្ញុំវិញកាន់តែញាប់ស្ទើរដើរស្ទើររត់ មកជិតដល់អាគាររៀនរាងមានពន្លឺបន្តិច ទើបខ្ញុំដាច់ចិត្តងាកមើលឲ្យដឹងការពិតថាជានរណា

No comments:

Post a Comment