Friday, July 7, 2017

Dear Crush! ភាគទី១​

Dear Crush!
ភាគទី1
សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធដោយអចេតនា
ស្អីគេ? ឯងម៉េចក៏ទៅចូលចិត្តអីមនុស្សប្រុសដែលចរិតយ៉ាប់យ៉ាងនេះ និស្សិតសំណង់អី ក៏លេងខ្លួនម៉្លេះ! តែងខ្លួនដូចតារាហើយស្រីកៀរនឹងជើង សង្សារវិញដូរដូចខោអាវ ព្រាននារីចំតួតែម្ដង! ដែលសំខាន់នោះគេមិនបានចាប់អារម្មណ៍លើឯងទៀត ហើយគេក្មេងជាងឯងទៀត។ ពិតជាស៊ីបានតែក្មេងមែន!នេះជាសម្ដីទេពី មិត្តជិតស្និទ្ធតែមួយគត់របស់ខ្ញុំ
ទេ តាមដែលយើងឃើញគេមិនមែនជាព្រានដូចឯងនិយាយនោះទេ គេគ្រាន់តែជាមនុស្សទាន់សម័យប៉ុណ្ណោះ គឺបែបថាជាមនុស្សចូលចិត្តហ៊ឺហា ឬក៏តែងខ្លួនឡូយឆាយហ្នឹងណា ហើយមិនបានអាយុប្អូនខ្ញុំច្រើននោះទេ ត្រឹមតែប៉ុន្មានខែប៉ុណ្ណឹងឯង” (ខ្ញុំលួចចូលទៅមើលព័ត៌មានរបស់គេក្នុង Facebook ហើយក៏ឃើញថាគេកើត ឆ្នាំដូចខ្ញុំ តែប្អូនខែ)។
ហ្នឹងហើយរសនិយមឯង មនុស្សដែលគេស្រឡាញ់ឯងមានមិនខ្វះ តែមិនព្រមទៅចាប់អារម្មណ៍គេទេ ទៅចាប់អារម្មណ៍តែមនុស្សមិនចាប់អារម្មណ៍ខ្លួន
ខ្ញុំមិនចង់អ៊ីចឹងទេ ឲ្យធ្វើម៉េចបើអត់មានអារម្មណ៍!ខ្ញុំចាប់ផ្តើមស្តាយក្រោយហើយណា ដែលនិយាយរឿងមនុស្សដែលខ្ញុំចូលចិត្តប្រាប់ឯង។ មើលចុះមិនព្រមជួយអីទេ គិតតែជាន់បន្ថែម។ តែថាទៅក៏ជួយអីមិនបានដែរ ខ្ញុំគ្មានបំនងនឹងទៅសារភាពប្រាប់គេ ឬក៏ធ្វើអីដើម្បីបានទាក់ទងគេដែរ គ្រាន់តែចូលចិត្តពីចម្ងាយអ៊ីចឹងទៅបានហើយ មិនចង់ខូចចិត្តខ្លាំងជាងនេះ។
រឿងដើមមកគឺថាបែបនេះ ខ្ញុំជានិស្សិតអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញហើយរៀនវេនយប់ ហើយមានមុខវិជ្ជាខ្លះយើងរៀនថ្នាក់ជាមួយគ្នា ហើយយើងក៏បានស្គាល់គ្នា។ និយាយតាមត្រង់ទៅ ពេលដែលគ្រូតម្រូវឱ្យក្រុមនីមួយៗធ្វើបទបង្ហាញពីការងារក្រុម ខ្ញុំមិនសូវដែលបានយកចិត្តទុកដាក់ស្តាប់ទេ លើកលែងតែក្រុមរបស់គេ។ គេតែងតែត្រូវបានចាត់តាំងឱ្យឡើងធ្វើបទបង្ហាញតំណាងក្រុម។ ខ្ញុំចូលចិត្តស្តាប់គេនិយាយភាសាអង់គ្លេសណាស់ (សាលាបង្រៀនជាភាសាអង់គ្លេស ហើយនិស្សិតទាំងអស់ក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសជាគោល) សំលេងរបស់គេពិរោះ និងនិយាយភាសាអង់គ្លេសច្បាស់ល្អហើយអត់មានទាក់នោះទេ។
ខ្ញុំតែងតែឃើញគេ ពាក់អាវយឺតដៃវែងហើយមូរដៃឡើងត្រឹមកែងដៃ មិនអ៊ីចឹងទេគឺអាវសាច់ក្រណាត់រឹបរាងហើយមូរដៃឡើងត្រឹមកែងដៃបង្អួតសាច់ដុំ មនុស្សអីក៏សង្ហាយ៉ាងនេះ។ បន្ថែមជាមួយនឹងវែនតាម៉្ញូបកញ្ចក់មូលស៊ុមជ័រពណ៌ខ្មៅដែលគេតែងតែពាក់មករៀនទៀត វាមិនចម្លែកទេដែលធ្វើឲ្យខ្ញុំលង់នោះ(បើជួបគេលើកក្រោយ មានឱកាសបាននិយាយគ្នាខ្ញុំនឹងសួរគេថា តើម៉្ញូបប៉ុន្មានដឺក្រេ ហើយម៉្ញូបតាំងពីពេលណា និងហេតុអ្វីបានជាម៉្ញូប?គឺថាគ្រាន់តែចង់ដឹងរឿងគេ )។
កាលដើមឡើយខ្ញុំរៀននៅវេនយប់តែពេលនេះ ខ្ញុំដូរទៅរៀននៅចុងសប្តាហ៍វិញហើយ ។ កាលពេលរៀននៅវេនយប់ ខ្ញុំជាមនុស្សឧស្សាហ៍គួរសម ខ្ញុំតែងតែកត់មេរៀន យ៉ាងស្អាតដាក់ក្នុងសៀវភៅសរសេរ ចំនែកភត្រា(ភត្រាគឺជាឈ្មោះរបស់គេ) គេតែងតែមករៀនយឺត ហើយគេក៏បានសុំខ្ចីសៀវភៅខ្ញុំមើល រួចក៏និយាយថា
អ៊ីចឹងតើបានកូនគេរៀនពូកែ!គេនិយាយតាមទម្លាប់រួសរាយរបស់គេ កាលនោះខ្ញុំចាំបានថា ខ្ញុំរៀនបាន ច្រើនឆមាសដែរហើយ ហើយក៏មិនដឹងថាស្គាល់ភត្រា ចាប់តាំងពីពេលណាដែរ ដែលពេលនោះយើងស្គាល់គ្នាក្នុងរបៀបជាមិត្តភក្តិធម្មតាទៅហើយ
អត់ទេ! ព្រោះតែទំនេរក៏ចេះតែកត់ៗលេងទៅ ឱ្យចាំដៃផងខ្ញុំឆ្លើយទៅគេវិញដោយញញឹម
ពួកយើងរៀនជាមួយគ្នាមិនច្រើនមុខនោះទេ ភត្រារួសរាយណាស់ ពេលខ្លះគេមកយឺត ហើយមានកៅអីទំនេរនៅជិតខ្ញុំ(នៅជួរមុខ) គេក៏មកអង្គុយជិត ហើយគេតែងតែ say “Hi!” ដាក់ខ្ញុំ និងពេលខ្លះទៀតគេក៏ទៅអង្គុយនៅតុក្រោយ ហើយដល់ពេលចេញលេងក៏មក say “Hi!” ដាក់ខ្ញុំ ហើយមានពេលនោះ ពេលចេញទៅផ្ទះទៅហើយ ទើបមក say “Hi!” ដាក់ខ្ញុំ ព្រោះគេភ្លេចនិយាយពាក្យនេះកាលពីពេលចេញលេង។ ម្នាក់នេះពិតជាគួរឱ្យចួលចិត្តមែន។ លុះដល់យូរទៅទម្លាប់នោះក៏បាត់ទៅ ព្រោះថាខ្ញុំមិនសូវបានរៀនជាមួយគេ ហើយក៏មិនបានជួបគេញឹកញាប់ ហើយខ្ញុំក៏បានប្តួរទៅរៀននៅវេនចុងសប្តាហ៍ តែក៏ខ្ញុំនៅតែឆ្លៀតទុកមួយមុខ ពីរមុខរៀនវេនយប់ដែរ ដើម្បីបានជួបមិត្តភក្តិផង។
រហូតមកដល់ term ចុងក្រោយ ពេលខ្ញុំចូលរៀនដំបូងក៏បានជួបភត្រា នៅក្នុងថ្នាក់ ដែលរៀននៅល្ងាចថ្ងៃសៅរ៍ដូចខ្ញុំដែរ ខ្ញុំឆ្ងល់ក៏សួរ
ភត្រាក្រែងរៀនពេលយប់តើ! ម៉េចក៏មករៀនពេលចុងសប្តាហ៍ដែរអ៊ីចឹង?”
គឺថានឹកនិរតី ហ្នឹងណា ទើបខំមករៀនវេនជាមួយគ្នាគេឆ្លើយដោយញញឹម ឯខ្ញុំឯណេះវិញអរសឹងហើបជើងពីដីទៅហើយពេលឮពាក្យនេះទោះបីជាដឹងថាគេគ្រាន់តែនិយាយលេងក៏ដោយ។ ខ្ញុំសម្រួលអារម្មណ៍រួចតបទៅគេវិញ
អូ! មែន?!”
សួរម្តងទៀតណា ហេតុអីបានមករៀននៅម៉ោងនេះដែរ?” ខ្ញុំបញ្ជាក់គេម្ដងទៀត
គឺថាត្រូវរៀនបន្ថែមមុខវិជ្ជា ត្រូវរៀនដល់ទៅ ៦មុខ ដើម្បីបាន graduate នៅក្នុង Term នេះដែរ
អូ ខ្ញុំយល់ហើយ ខ្ញុំរៀនតែ ៤ មុខទេ! តែគួរឱ្យច្រណែនដល់ហើយ រៀនយឺតជាខ្ញុំឡើងមួយថឺម តែបែរជាមកចប់ដំណាលគ្នា យ៉ាប់ណាស់សាលានេះ!ពួកយើងញញឹមដាក់គ្នាហើយក៏បញ្ចប់ការសន្ទនាទៅ
ពេលចេញពីរៀនខ្ញុំបានទៅតួបលក់សៀវភៅ ហើយក៏បានជួបភត្រា កំពុងតែរកទិញសៀវភៅដែរ ពួកយើងជជែកគ្នាបានបន្តិចក៏បែកគ្នាទៅ។
បន្ទាប់ពីនោះមកខ្ញុំអត់បានទៅរៀនមួយអាទិត្យហើយ ក៏ទៅរៀននៅអាទិត្យបន្ទាប់មួយទៀត។ ពេលចេញពីរៀន ក៏បានជិះជណ្តើរយន្តពីជាន់ទី ៤ ទៅជាន់ផ្ទាល់ដី ហើយភត្រា ក៏នៅក្នុងនោះដែរ ខ្ញុំឃើញភត្រា ខ្ញុំក៏ញញឹមដាក់ហើយសួរ
ហាយ ភត្រា ខានជួបគ្នាពីរអាទិត្យហើយ មាននឹកខ្ញុំអត់?”
បាទ! នឹក!លេងសួរគេចឹង នរណាទៅហ៊ានឆ្លើយថាអត់នឹកនោះ គេឆ្លើយទាំងញញឹម ខ្ញុំដឹងថាវាគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះ តែក៏សប្បាយចិត្ត។
ជណ្តើរយន្តមកដល់ជាន់ក្រោម ពួកយើងដើរសំដៅទៅយកម៉ូតូនៅកន្លែងផ្ញើរម៉ូតូ ហើយក៏បែកផ្លូវគ្នា
លាហើយណាភត្រា ថ្ងៃក្រោយជួបគ្នាខ្ញុំនិយាយទៅកាន់គេ
បាទ!គេឆ្លើយតបមកខ្ញុំទាំងញញឹមផង
នៅសប្តាហ៍បន្ទាប់មកទៀត ពេលចេញពីរៀនថ្ងៃសៅរ៍ ខ្ញុំដើរទៅដល់កន្លែងផ្ញើរម៉ូតូទៅហើយ ហើយខ្ញុំចង់តេទៅរកទេពី តែទូរសព្ទអត់មានលុយ ទើបរកមើលអ្នកស្គាល់ ក្រែងលោអាចខ្ចីទូរស័ព្ទគេតេទៅ ពេលនោះក៏ឃើញភត្រា ដើរមកល្មម ខ្ញុំក៏ខ្ចីទូរស័ព្ទរបស់ភត្រា
ភត្រា សុំខ្ចីទូរស័ព្ទហៅទៅមិត្តភក្តិបន្តិចបានទេ?”
បាទ! បានតើ!ភត្រាបានហុចទូរសព្ទ របស់គេ ឲ្យខ្ញុំ ហើយខ្ញុំក៏ទទួលយកមកចុចហៅទៅរកទេពី លុះរួចរាល់ហើយខ្ញុំក៏ហុចទៅឱ្យភត្រាវិញ ដោយមិនភ្លេចអរគុណគេនោះទេ។
ពេលទៅជួបទេពីនិងញ៉ាំអីជាមួយគ្នាតែពីរនាក់
ទេពីហា! ចាំឆែកមើលលេខដែលខ្ញុំតេ មកឯងមុនហ្នឹងបន្តិចមើល ខ្ញុំចង់ដឹងថាលេខប៉ុន្មាន!
ចង់ដឹងធ្វើអី
គឺលេខរបស់ភត្រាហ្នឹងណាខ្ញុំនិយាយទាំងញញឹម
អូខេ!ចាំញ៉ាំហើយសិនទៅ ខ្ជិលឆែកឥឡូវណាស់! តែ! ឯងនេះពិតជាល្បិចខ្ពស់មែន! មិនសុំគេត្រង់ៗទេ បែជានឹកឃើញល្បិចនេះដើម្បីបានលេខគេ!
នែ! គឺទូរសព្ទខ្ញុំអស់លុយ ហើយចៃដន្យគេក៏មកដល់ ទើបយើងខ្ចីទូរសព្ទហៅរកឯងទៅ យើងគ្មានល្បិចអីដូចឯងគិតនោះទេ!
អូខេៗៗ! គ្នាខុស គ្នាសុំទោស! តែឯងត្រូវចេញលុយមួយពេលនេះ បើចង់បានលេខរបស់គេ!
ស្រីចង្រៃឯងនេះ! រកក្រឡាចំណេញលើយើងរហូត!
អូខេ! មិនចង់បានក៏អត់បញ្ហា! គ្នាលប់លេខនោះចោល!
បានៗ! យើងចាញ់ឯងហើយ! យើងចេញក៏បាន!
អរគុណសំឡាញ់! ឯងពិតជាគួរឲ្យស្រឡាញ់មែន!គេនិយាយព្រមទាំងយកដៃបិចថ្ពាល់ខ្ញុំផង
ពេលញ៉ាំរួចហើយពួកយើងក៏បែកផ្លូវគ្នាត្រលប់ទៅផ្ទះរៀងៗខ្លួនទៅ (ភ្លេចឱ្យឈឹងថាខ្ញុំ អត់ទាន់បានយកលេខរបស់ភត្រា ពីទេពី អត់ទៀតហើយ ។
មកដល់ផ្ទះខ្ញុំក៏ហៅទូរសព្ទទៅទេពីឲ្យនាងផ្ញើលេខរបស់ភត្រាមកឲ្យខ្ញុំ
អាឡូទេពី! នៅឯណាហ្នឹង?!”
នៅផ្ទះ! មានកាអីណព្វ?”
គ្នាមិនទាន់បានលេខភត្រាពីឯងទេណា!
អើមែន! អ៊ីចឹងស្អែកឯងប៉ាវបាយព្រឹកគ្នាមួយពេលទៀតទៅណា ចាំគ្នាឲ្យឯង!គេនិយាយទាំងសើចបញ្ឈឺផង
នេះឯង!ខ្ញុំត្រូវគាំង ដោយមិនដឹងត្រូវចាត់ការពួកម៉ាកកំហូចនេះរបៀបណា ព្រោះអីគេច្រើនតែនិយាយលេងបន្លំមែនបែបនេះមកជាទម្លាប់ទៅហើយ ម្យ៉ាងទៀតខ្ញុំមិនទាន់បានលេខរបស់ភត្រាពីគេនៅឡើយ។
អូខេ ស្អែកគ្នាចង់ញ៉ាំបាយភ្លៅមាន់ណាពួកម៉ាក បាយៗគេបញ្ឈឺខ្ញុំបន្ថែម រួចបិទទូរសព្ទ
ស្អែកឡើងជួបគ្នានៅហាងបាយមាន់ ខ្ញុំរូតរះយកទូរសព្ទគេមកឆែករកលេខរបស់ភត្រា រួចកត់ទុកក្នុងទរសព្ទខ្ញុំ។ ញ៉ាំបាយរួចទៅធ្វើយើងកិច្ចសាលាបន្ត។ ជយោខ្ញុំបានលេខទូរស័ព្ទរបស់គេហើយ តែប្រព័ន្ធខុសគ្នាហ្នឹង!បើអត់មានការអីខ្ញុំក៏មិនអាចតេទៅនិយាយលេងជាមួយគេបានដែរ(ព្រោះថាសេវាទូរស័ព្ទឆ្លងប្រព័ន្ធថ្លៃ) យ៉ាប់មែន។
អាកាសធាតុឥឡូវក្តៅខ្លាំងណាស់ ខ្ញុំគួរតែវេចខ្ចប់ការងាររបស់ខ្ញុំដែលមានទាំងអស់ទៅធ្វើនៅសាលា អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ ហើយមាន Wifi ប្រើទៀត ម្យ៉ាងក៏ជិតដល់ពេលប្រលងពាក់កណ្តាលឆមាសទៀត ត្រូវតែឆ្លៀតមើលមេរៀនខ្លះផង និងយក កុំព្យូទ័រទៅដោនឡូតរឿងទុកមើល ពេលទំនេរហើយក៏អង្គុយធ្វើការងារស្រាវជ្រាវនិងបកប្រែឯកសារផង តែទេពីត្រូវម៉ាក់គេទូរសព្ទហៅទៅផ្ទះមុន ទុកឲ្យខ្ញុំអង្គុយធ្វើកិច្ចការសាលាម្នក់ឯង។ អង្គុយយូរៗទៅដូចជាឈឺបត់ជើងតូចដល់ហើយ មានមនុស្សជាច្រើននៅក្នុងបណ្ណាល័យតែសុទ្ធតែជាមនុស្សដែលខ្ញុំអត់ស្គាល់ បើទុកកុំព្យូរទ័រនិងឥវ៉ាន់ចោលដូចជាមិនទុកចិត្តសោះ ព្រោះថាធ្លាប់មានបទពិសោធន៍ បាត់ USB នៅទីនេះម្តងរួចមកហើយ បើស្ពាយរបស់ទាំងអស់ទៅបន្ទប់ទឺកដូចជាសំពីងសំពោងពេក ធ្វើម៉េចទៅខ្ញុំ ឈឺនោមជិតផ្ទុះហើយ។ ខ្ញុំក៏ហៅទូរសព្ទទៅទេពី
អាឡូ ទេពី ឯងមកសាលាវិញទេ
ទៅ! តែទាស់តែល្ងាច! មានការអី?”
ខ្ញុំនៅបណ្ណាល័យ ពេលណាមកដល់ក៏មករកខ្ញុំណា!
អឺ!និយាយចប់ទេពីក៏បិទទូរស័ព្ទទៅ
ខ្ញុំនៅទ្រាំអង្គុយនៅទីនោះបន្តិចទៀត ឃើញហើយៗ ពិតជារកឆ្នាំងសាកប្រទះPower Bankមែន មានអ្នកណាទៀតគឺភត្រា
ហាយ ភត្រា! មកនេះមកនេះ មកអង្គុយនេះមក ទីនេះទំនេរខ្ញុំហៅគេដោយរួសរាយ
បាទ!គេឆ្លើយតបមកខ្ញុំវិញ ហើយក៏ដើរសំដៅមកអង្គុយនៅកៅអីទំនេរក្បែរខ្ញុំ គ្រាន់តែគេអង្គុយចុះភ្លាមខ្ញុំក៏និយាយ
ផ្ញើរកុំព្យូរទ័រនិង ឥវ៉ាន់បន្តិចណា ខ្ញុំចេញទៅក្រៅមួយភ្លែត!
បាទ!សំដីគេពីរោះដល់ហើយ តែប៉ុនេះខ្ញុំបានទៅដោះទុក្ខសត្វលោកហើយ!
ពេលត្រលប់មកពីបន្ទប់ទឹកវិញ
ទៅណាអីយូរម៉្លេះ?”ភត្រាសួរខ្ញុំ
អេ បងភត្រា! មកយូរហើយ? ” ខ្ញុំមិនទាន់បានតបសំណួរភត្រាផងក៏ត្រូវសម្លេងនោះមកកាត់
អូ ភា! បងទើបមកដល់ដែរទេ ហើយអូនឯងមកជាមួយអ្នកណាគេ?” ខ្ញុំមិនស្គាល់ក្មេងស្រីម្ចាស់សំណួរនោះជានរណាទេ តែពាក្យអូនដែលភត្រាប្រើចំពោះគេនោះវាដូចជាចាក់ដើមទ្រូងខាងឆ្វេងរបស់ខ្ញុំឲ្យឈឺខ្ទោកៗ ហើយខ្ញុំក៏មិនយល់ថាមកពីអ្វីដែរ
ចា៎បង! មកម្នាក់ឯងទេ មករកឯកសារខ្លះធ្វើកិច្ចការស្រាវជ្រាវគ្រូទើបដាក់ឲ្យ។ ជួបបងអ៊ីចឹងល្អហើយស្រួលសួរ!
មើលទៅពួកគេដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ តែមើលទៅក្មេងស្រីនោះ យ៉ាងច្រើនទើបរៀនឆ្នាំទីពីរប៉ុណ្ណឹងឯង។ 

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៩ (ចប់)

វគ្គបញ្ចប់
(ពំនោលមាលតី)
          ពេលរាត្រីបានដល់ហើយ ជាពេលដែលមនុស្សម្នានាំគ្នាសម្រាកយកកម្លាំង ដើម្បីធ្វើការនៅថ្ងៃបន្ទាប់ ចំនែកខ្ញុំវិញមិនមានអារម្មណ៍ថាស្រឡះសោះ ហើយក៏មិនងងុយគេងដែរ។ ខ្ញុំនៅតែគិតថាតើមានវិធីណាអាចជួយដល់ម្ចាស់ភូមិគ្រឹះបាន ខ្ញុំព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះទីនោះ ហាក់ដូចវាជាផ្ទះរបស់ខ្លួនឯង បើមិនដោះស្រាយឱ្យបានលឿនទេ ខ្ញុំចេះតែព្រួយបារម្ភថា អ្នកប្រុសអាចមានរឿង មិនល្អកើតឡើងទៀត មិនចង់ឱ្យគាត់កើតអីនោះទេ។ នេះខ្ញុំកើតអីហ្នឹង ដូចជាបារម្ភ ពីគាត់ជ្រុលពេកហើយ ហើយបេះដូងនេះក៏លោតដុកដាក់ៗ គ្រាន់តែនឹកដល់ឈ្មោះ គាត់ ឬមួយក៏ខ្ញុំកំពុងតែលង់ស្រឡាញ់គាត់ហើយ (ខ្ញុំគ្រវីក្បាលជម្រះការគិតនេះ ចេញ តែវាមិនព្រមចេញពីខួរក្បាលសោះ)។  ពួកយើងទើបតែស្គាល់គ្នាទេ តែដូចជា មានអារម្មណ៍សិ្នតស្នាលពេកហើយ ឬមួយក៏ពួកយើងធ្លាប់ស្រឡាញ់គ្នាកាល ពីជាតិមុន។ តែដូចជាចំលែកដល់ហើយ ថ្ងៃនេះអ្នកប្រុសពាក់កងដៃឱ្យខ្ញុំ ហើយប្រាប់ថាវាជារបស់ខ្ញុំកាលពីជាតិមុន តើគាត់ជាមនុស្សដែលអាចចាំរឿងកាល ពីជាតិមុនបានមែនទេ (ខ្ញុំចាប់ផ្តើមញញឹមដោយសប្បាយចិត្ត ហើយនឹកឃើញ រឿងរីករាយដែលអាចកើតឡើងចំពោះពួកយើងទាំងពីរ ដូចជាថាគាត់មកសូមស្រឡាញ់ខ្ញុំ ហើយក៏សូមខ្ញុំរៀបការ)។ នេះខ្ញុំរវើរវាយស្អីហ្នឹង ខ្ញុំឈប់គិតពីរឿងអ្នកប្រុសនរិន្ទ ហើយក៏ទៅចាប់សៀវភៅ អប់រំចិត្តមួយក្បាល ដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស យកមកអាន ចិត្តរបស់មនុស្សគឺជាធំ គឺជាប្រធាន រឿងអ្វីទាំងអស់អាចកើតឡើងបានអាស្រ័យ ដោយការតាំងចិត្ត។ ការលះបង់ការប្រកាន់មាំ លះកាត់ចំនង ជាហេតុនាំឱ្យរួចចាកទុក្ខ។  ការសាងនូវអំពើល្អ នាំមកនូវសេចក្តីសុខ ។ បើបញ្ហាទាំងអស់អាចដោះស្រាយបានដោយសារចិត្ត ចុះអាចប្រើកម្លាំងចិត្ត ដើម្បីដោះស្រាយរឿង ខ្មោចស្រី នៅក្នុងភូមិគ្រឹះបាន ដែរឬទេ? បើសិនជា ខ្មោចស្រីនោះ ព្រមលះបង់ការយាមភូមិគ្រឹះដោយមិនចាំបាច់ មានអ្នកស្នងតំណែង តើអាចទៅរួចដែរទេ?
ខ្ញុំគិតចុះគិតឡើងក៏គេងលក់ដោយមិនដឹងខ្លួន ហើយក៏មកភ្លាក់ឡើងវិញ ដោយឈរនៅមុខបន្ទប់មួយ។ ខ្ញុំបានបើកទ្វារចូល ហើយក៏ឃើញនារីម្នាក់នោះ ក្នុងសំលៀកបំពាក់សម័យលង្វែក ខ្ញុំបានជួបនាងជាលើកទីបីហើយ ក្នុងយល់សប្តិម្តង និងនៅពេលយប់ដែលនៅជជែកលេងជាមួយអ្នកប្រុសម្តង។ លើកនេះខ្ញុំមិនមានអារម្មណ៍ថាខ្លាចនាង នោះទេ។ នាងបានក្រោកចាកទីអង្គុយ ហើយដើរសំដៅមកកាន់ខ្ញុំដោយទឹកមុខស្រងូតស្រងាត់ រួចនិយាយ៖
ឯងសប្បាយចិត្តហើយមែនទេ? ឯងពេញចិត្តហើយមែនទេ ដែលឃើញ យើងកំពុងតែរងកម្មនៅទីនេះ?
អត់ទេ! ខ្ញុំមិនបានសប្បាយចិត្តដែលឃើញអ្នកដទៃរងទុក្ខនោះទេ។ តើនាង ពិតជាបងស្រីខ្ញុំកាលពីជាតិមុនពិតមែនទេ? រឿងរ៉ាវដែលខ្ញុំបានដឹងទាំងអស់សុទ្ធ តែជាការពិត តើមែនទេ?
មែន! រឿងរ៉ាវទាំងអស់គឺជាការពិត។ យើងសោកស្តាយកំហុស ដែលយើងបានធ្វើ យើងខូចចិត្ត ដែលបងខេមរាស្រឡាញ់តែឯង តែបើអាចត្រលប់ទៅពេលនោះបានម្តង ទៀត យើងក៏ប្រហែលជានៅតែសម្រេចចិត្តធ្វើបែបហ្នឹងដដែល។ គាត់និយាយហាក់ដូចជាចង់បញ្ឈឺខ្ញុំ ហើយក៏បញ្ឈឺឱ្យខ្លួនឯងផង
តើបងចង់ចាកចេញពីទីនេះទៅចាប់ជាតិថ្មីដែរឬទេ?
លុះត្រាតែយើងអាចរកអ្នកស្នងតំណែងជំនួសយើងបាន។ យើងប្រហែលជាត្រូវរស់នៅទីនេះអស់កាលនៃកប្បហើយ ព្រោះថាយើងមិន ចង់សម្លាប់អ្នកណានោះទេ ហើយមិនចង់ឱ្យគេមករងកម្មដូចយើងនោះទេ។ មិនថាយើងធ្វើយ៉ាងណានោះទេ ក៏បងខេមរាមិនព្រមស្រឡាញ់យើងដែរ​​ មើលទៅទឹកមុខស្រពោនរបស់នាង ខ្ញុំពិតជាអាណិតនាងណាស់
អ្នករក្សាភូមិគ្រឹះមុនបានប្រគល់តំណែងយាមភូមិគ្រឹះឱ្យដល់បង ហើយបងក៏ព្រមទទួលភារកិច្ចនេះដោយមិនបានបដិសេធ បងក៏ប្រកាន់យកតួនាទី ដែលមិនចាំបាច់នេះមកដាក់ខ្លួន ហើយក៏ឧទ្ទិសចិត្តឧទ្ទិសកាយឱ្យទីនេះ ដោយមិនព្រមទៅណា។ ក្នុងករណីដែលបងរកបានអ្នកសងតំណែង បងនឹងគិតថា តួនាទីរបស់បងបានបញ្ចប់ បងក៏លះការអាល័យពីទីនេះ ហើយបងក៏អាចទៅចាប់ ជាតិបាន។ តាមពិតទៅ បញ្ហាសំខាន់គឺស្ថិតនៅត្រង់បងខ្លួនឯងទេ គឺនៅលើចិត្ត របស់បងតែប៉ុណ្ណោះ  មិនមែនមកពីមានអ្នកស្នងដំណែងឬក៏អត់នោះទេ។
ពិតមែនហើយ តែបើយើងចាកចេញពីទីនេះទៅ យើងមិនបានដឹងថា ខ្លួនឯងហ្នឹង ទៅកាន់ទីណានោះទេ។ បែបនេះវាមិនគួរឱ្យខ្លាចជាង នៅទីនេះទៅទៀតទេឬ?
ខ្ញុំគឺជាសាច់ញាតិកាលពីជាតិមុនរបស់បង ខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលដល់ បង។ ឱ្យតែបងព្រមអនុមោទនាកុសលពីខ្ញុំ បងនឹងទទួលបានចំនែកបុណ្យ ហើយបង នឹងបានទៅកាន់ទីដែលល្អប្រសើរ។ ខ្ញុំបានឃើញបងមាលតីញញឹម ហើយរូបភាពនៅនឹងមុខខ្ញុំទាំងប៉ុន្មានក៏បានរលាយបាត់។
ពេលខ្ញុំបើកភ្នែកឡើងម្តងទៀត ក៏ឃើញថាខ្លួនឯងកំពុងតែ ដេកលក់លើសៀវភៅអាន ព្រះអើយ ឈឺខ្លួនដល់ហើយដែលដេកលក់ក្នុង ឥរិយាបទបែបនេះ។ ខ្ញុំពត់ខ្លួនហើយក៏រៀបចំខ្លួន ព្រោះថាពេលនេះម៉ោង ៦ព្រឹកហើយ ខ្ញុំមានបំនងទៅផ្សារហើយ ទិញម្ហូបដើម្បីធ្វើចង្ហាន់ប្រគេនលោក រួចឧទ្ទិសកុសលដល់បងមាលា។ ខ្ញុំជឿជាក់ថាអ្វីដែលកើតឡើងក្នុងយល់សប្តិគឺជា ការពិត។ ពេលទិញបន្លែសាច់ ភេសជ្ជៈ និងគ្រឿងបរិក្ខារ សម្រាប់ព្រះ សង្ឃរួចហើយ ខ្ញុំក៏ប្រញ៉ាប់វិលមកកាន់ភូមិគ្រឹះវិញ។
ពេលមកដល់ខ្ញុំបានឃើញ អ្នកប្រុសកំពុងតែជជែកគ្នាជាមួយបុរសចំនាស់ ម្នាក់ ហើយដើរមើលភូមិគ្រឹះ។មិនចង់ឱ្យគេថាខ្ញុំ ខ្វះការគួរសមខ្ញុំ ក៏បានដើរសំដៅ ទៅជម្រាបសួរគាត់ ។
ជម្រាបសួរលោកអ៊ំ សួរស្តីអ្នកប្រុស!
លើកដៃថ្វាយព្រះក្មួយ
ដៃនាងមានកាន់អ្វីសំពីងសំពោងម៉្លេះ? ចង់ទៅវត្តមែន?
ចាស! អ្នកទាំងពីរមានការអ្វីក៏បន្តទៀតចុះខ្ញុំអត់រំខាននោះទេ! ខ្ញុំបម្រុងដើរចេញ ដើម្បីទៅរៀបចំ ចំអិនម្ហូបអាហារ តែលោកអ៊ំគាត់ក៏បាននិយាយឃាត់ខ្ញុំ
ឈប់សិនក្មួយ! តើក្មួយចង់ធ្វើបុណ្យឧទ្ទិសកុសលឱ្យដល់វិញ្ញាណ ដែលនៅ ក្នុងភូមិគ្រឹះ នេះតើមែនទេ?
ចាស ម៉េចក៏លោកអ៊ំដឹង!
គាត់គឺជាចិនសែ ដែលខ្ញុំបានអញ្ជើញមក! អ្នកប្រុសបានឆ្លើយ
តាមការមើលទៅលើរាសីនៅទីនេះ ឃើញថាភាពស្រស់ស្រាយនឹងត្រលប់ មកវិញឆាប់ៗ ហើយវិញ្ញាណនោះនឹងត្រលប់ទៅកាន់ទីដែលនាងគួរទៅ។ (អ៊ំប្រុស បានញញឹមមកកាន់ខ្ញុំ) ក្មួយស្រី និង ក្មួយប្រុស គឺជាមនុស្សដែលបានធ្វើអំពើ ល្អ ទុកមក ហើយមានចិត្តសន្តោសប្រណី  ហើយអំពើល្អនេះក៏បានសាយភាយទៅដល់ អ្នកជុំវិញផងដែរ។
ពិតមែនឬលោកអ៊ំ! បើអញ្ចឹងខ្ញុំអស់បារម្ភហើយ! អ្នកប្រុសបាននិយាយដោយសប្បាយចិត្តទៅកាន់លោកអ៊ំ
បើអស់ការអីហើយអ៊ំគិតលាទៅវិញសិនហើយណា!
បាទលោកអ៊ំ ខ្ញុំអរគុណខ្លាំងណាស់!  ពួកយើងទាំងពីរនាក់បានជូនដំណើរគាត់ទៅកាន់ឡាន។
រួចហើយអ្នកប្រុសក៏បានមកជួយធ្វើម្ហូបខ្ញុំ រួចហើយក៏ជូនខ្ញុំទៅវត្តទៀត( គាត់មិនមែនជាអ្នកបើកឡានទេ ព្រោះដៃគាត់នៅឈឺនៅឡើយ ដូចនេះហើយទើបអ៊ំថែសួនជាអ្នកបើកឡាន) ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ពួកយើងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ហើយក៏បានឧទ្ទិស កុសលផលបុណ្យទៅដល់ បងមាលា។
មកពីវត្តវិញអ្នកប្រុសក៏ដាក់ខ្ញុំចុះនៅមុខភូមិគ្រឹះ ហើយគាត់ក៏ឱ្យអ៊ំថែសួនជូនគាត់ទៅកន្លែងមួយ
"អ្នកប្រុសចង់ទៅណាហ្នឹង"
ឃ្លានេះវាស្ទើរតែរបូតចេញពីក្រអូមមាត់របស់ខ្ញុំទៅហើយ តែវាត្រូវបានកាត់ផ្ដាច់ដោយសំណួរថា" ខ្ញុំជាអ្នកណា? ត្រូវជាអ្វីនឹងគាត់? ហេតុអ្វីចង់ដឹងរឿងគាត់គ្រប់ជំហានយ៉ាងនេះ?" ផុសឡើងមកកាត់។
ខ្ញុំក៏ដើរចូលបន្ទប់ទាំងមិនបានសូម្បីពោលពាក្យអរគុណ ដែលគាត់បានជូនខ្ញុំទៅវត្ត។ ខ្ញុំដើរសំដៅរកតុធ្វើការរបស់ខ្ញុំដើម្បីធ្វើកិច្ចការស្រាវជ្រាវរបស់ខ្ញុំបន្ត ព្រោះព័ត៌មានដែលខ្ញុំប្រមូលបានប៉ុន្មានថ្ងៃមកនេះវាច្រើនល្មមសម្រាប់ឱ្យខ្ញុំ វិភាគទិន្នន័យមួយចំនួនដែរ តែខ្ញុំត្រូវតែអានវាឱ្យលំអិត ហើយព្យាយាមរកចំនុចខ្វះខាតតទៅទៀត ។ ខ្ញុំដាក់បង្គុយចុះនៅមុខកុំព្យូទ័រធ្វើរៀបចំធ្វើកិច្ចរបស់ខ្ញុំ តែក្រសែភ្នែកខ្ញុំក៏វាសប៉ះនឹងសៀវភៅចាស់មួយក្បាល ខ្ញុំសៀវភៅនោះមកមើល វាគឺជាសៀវភៅ" មាលតីមាសបង" ដែលមុននេះខ្ញុំមិនបានចាប់អារម្មណ៍ឃើញសៀវភៅនេះ ព្រោះសម្បុររបស់វាហើយនឹងតុឈើនេះគឺស៊ីគ្នាតែម្ដង ដូចជាសៀវភៅនេះបំបាំងកាយនៅលើតុនេះអ៊ីចឹង ។ ខ្ញុំបើកវាថ្នមៗព្រោះវាចាស់ខ្លាំងពេក ទំព័រដំបូងវាជាគំនូររូបមនុស្សស្រីក្នុងសម្លៀកបំពាក់បុរាណ ដែលមើលខ្ញុំសម្លឹងមើលយូរបន្តិចទើបដឹងរូបនោះដូចខ្ញុំមែនទែន ខ្ញុំក៏បន្តទៅទំព័របន្ទាប់
"មាលតីមាសបង ស្រីស្រស់ទងវង ដែលបងស្រមៃ
ដកចិត្តមិនបាន រៀមលង់ស្នេហ៍ថ្លៃ  ចង់បានស្រស់ស្រី
ជាគូវាសនា។
ពេលបានឃើញភ្លាម  ចងបេះដូងរៀម ដោយមន្តនេត្រា
ចិញ្ចើមខ្មៅក្រិប សមនឹងចង្កា រីឯកេសា
ខ្មៅរលោងស្រិល។
ថ្ពាល់ខួចទាំងសង  ទាក់ទាញចិត្តបង ឲ្យលង់មន្ទិល
ចង់ឃើញចង់ជួប  ឃ្លាតចង់តែវិល នេត្រខ្មៅដូចនិល
ដែលរៀមប្រាថ្នា។ "
រ៉ូមេនទិកម៉្លេះ! ចង់អៀនលែងហ៊ានបើកទៅទំព័របន្តទៀតទេខ្ញុំ អានយូរទៅដូចស្រមៃថា អ្នកប្រុសជាអ្នកសរសេរវាមកឡើងវិញចឹង ខ្ញុំពិតជាស្អាតអញ្ចឹងមែនអី សរសើរពេកហើយ (ខ្ញុំញញឹមអៀន និងសប្បាយចិត្តដោយមិនភ្លេចខ្លួន)។ នេះកើតស្អីខ្ញុំនឹង! ច្បាស់ណាស់ថាខ្ញុំប្រាកដជាលង់ស្រលាញ់គាត់ជាមិនខានទេ ព្រោះថាអាការៈរបស់ខ្ញុំពេលនេះមិនខុសអ្វីអំពីតួស្រីក្នុងរឿងភាគដែល លង់ស្រឡាញ់តួប្រុសនោះទេ។ ខ្ញុំបានបើកទៅទំព័របន្ទាប់
" លើលោកនេះគ្មានមនុស្សស្រីអាចមកជំនួសកន្លែងអូនបានក្នុងបេះដូងបងទេ! បេះដូងនេះវាបានឆ្លាក់ឈ្មោះម្ចាស់ស្រីវារួចហើយគឺមាលតី ជាផ្កាក្រអូបឥតបីក្នុងនគរ ល្អទាំរូបឆោមចរិយាបវរគ្មានស្រីណាប្រៀបបានឡើយ "
ដ្រាម៉ាទេដឹង?! ដូចណាស់ ដូចនៅក្នុងរឿងប្រលោមលោកដែលខ្ញុំបានអាចចឹង
" ជាតិនេះបើគ្មានអូនបងរស់ដូចខ្វះដង្ហើម ដូចនាវាកណ្ដាលសាគរគ្មានត្រីវិស័យ ដូចរាជសីហ៍គ្មានគុហា"
ឮក្នុងចម្រៀងតែញឹក ដឹងហើយ ដូចបទចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុត
"បើគ្មានអូនបងសុខចិត្តបួសថ្វាយខ្លួនបម្រើសាសនា មិនយកស្រីណាជំនួសអូនក្នុងជីវិតបងទេ" អានដល់ត្រង់នេះខ្ញុំក៏នឹកឃើញពីសម្ដីលោកយាយដែលឲ្យសៀវភៅចាស់មួយក្បាលមកខ្ញុំបានរៀបរាប់ថា គូដណ្ដឹងរបស់មាលតី ដែលជាខ្ញុំកាលពីជាតិមុននោះបានបួសពិតមែនក្រោយពីមាលតីបានស្លាប់ទៅ។ ខ្ញុំឈប់អានសៀវភៅតែត្រឹមនេះហើយយកចិត្តទុកដាក់ធ្វើការងាររបស់ខ្ញុំវិញ។
បន្ទាប់ពីនេះមក កន្លះខែ ខ្ញុំមិនបានឃើញអ្នកប្រុសនោះទេ ខ្ញុំស្រាប់តែមានអារម្មណ៍ហេងហាងណាស់ ដែរមិនបានជួបអ្នកប្រុសបែបនេះ មានអារម្មណ៍ថាទីនេះប្រែជាស្ងាត់មិនសប្បាយសោះហើយ ហើយក្នុងខ្លួនខ្ញុំហាក់ដូចជាកំពុងតែខ្វះរបស់សំខាន់អ្វីម្យ៉ាង។ ខ្ញុំចង់ តេទៅសួរគាត់ណាស់ថាពេលនេះ គាត់នៅណា តែខ្ញុំអត់មិនហ៊ានរំខានគាត់នោះទេ តែមិនសមសោះគួរតែប្រាប់ខ្ញុំថាទៅណា ឬមួយក៏គាត់ត្រលប់ទៅភ្នំពេញវិញបាត់ហើយ ឬមួយក៏គាត់លែងត្រលប់មកវិញហើយទេដឹង គ្រាន់តែនឹកដល់ថាគាត់នឹងលែងត្រលប់មកវិញ ហើយខ្ញុំលែងបានឃើញគាត់ទៀត ខ្ញុំស្រាប់តែមានអារម្មណ៍ក្តុកក្តួល ណែនដើមក ឈឺចិត្ត ហើយទឹកភ្នែកក៏រមៀលស្រក់មកទប់មិនឈ្នះ ថ្វីត្បិតតែយើងចំនាយពេលជាមួយគ្នាមិនច្រើន តែពួកយើងបានឆ្លងកាត់ទុក្ខលំបាក និងភាពភ័យខ្លាចមកជាមួយគ្នា ពួកយើងតែងញ៉ាំបាយជាមួយគ្នា ហើយព្យាយាមដោះស្រាយបញ្ហាអាថ៌កំបាំងនៅក្នុងភូមិគ្រឹះជាមួយគ្នា មិនគួរណាអ្នកប្រុសទៅចោលខ្ញុំដោយបែបនេះសោះ។ 
កំពុងតែអង្គុយយំដោយឈឺចិត្តក្កុកក្តួលតែម្នាក់ឯងនៅលើបង់មុខបន្ទាប់របស់ខ្ញុំ ស្រាប់តែមានដៃមួយមកដាក់លើស្មារបស់ខ្ញុំ និងហៅឈ្មោះខ្ញុំ
មាលតី សំលេងអ្នកប្រុស  ខ្ញុំក្រលេកមើលក្រោយពិតជាគាត់ ពិតមែន ខ្ញុំប្រញាប់យកដៃជូតទឹកភ្នែកចេញ រួចញញឹមដោយសប្បាយចិត្ត បំប្រុងចាប់គាត់ឱបទៅហើយ តែចេះនឹកឃើញ ហើយទប់អារម្មណ៍ទាន់ ក៏ទៅចាប់ដៃគាត់ជំនួសវិញ
អ្នកប្រុសមកវិញហើយ! គាត់បានញញឹមដាក់ខ្ញុំ
បាទ! មាលតីមាននឹកខ្ញុំអត់? កុំប្រាប់ណាថានឹកខ្ញុំ ដល់ថ្នាក់យំឡើងហើមភ្នែកបែបនេះ!  ខ្ញុំឆ្លើយនឹងគាត់មិនចេញទេព្រោះនេះ គឺជាការពិត គាត់បានយកដៃរបស់គាត់មកផ្តិតទឹកភ្នែកដែលនៅសល់តិចៗលើថ្កាល់របស់ខ្ញុំ គាត់បានធ្វើឱ្យបេះដូងខ្ញុំលោតញាប់ទៀតហើយ (ឌុកដាក់ៗៗ ស្ទើរធ្លាយទ្រូង) កាយវិការរបស់គាត់ទន់ភ្លន់ពេកហើយ ហាក់ដូចជាគូរសង្សារនឹកគ្នា មិនត្រឹមតែប៉ុណ្ណោះគាត់នៅឱនមុខសន្សឹមៗ មកជិតខ្ញុំហើយក៏ថើបថ្ងាសខ្ញុំថ្នមៗ ខ្ញុំភ្លាំងអស់ហើយ ខ្ញុំបានត្រឹមតែបើកភ្នែកធំៗហើយទទួលយកការថើបដ៏រំភើបញ៉ាប់ញ័រ។ នេះខ្ញុំកំពុងយល់សប្តិឬក៏ជាការពិត  អ្នកប្រុសនរិន្ទថើបខ្ញុំ គាត់បានដកច្រមុះចេញពីថ្ងាសខ្ញុំហើយ ញញឹមដាក់ខ្ញុំ រួចនិយាយ
ខ្ញុំនឹកមាលតីណាស់  ហើយគាត់ក៏បានចាប់ខ្ញុំឱប ខ្ញុំភីងភ្លាំងអស់ហើយ រភើបផង អរផង បេះដូងក៏លោតដុតដាក់មិនឈប់ ហើយមានអារម្មណ៍ថាកំដៅក្នុងខ្លូនចាប់ផ្តើមកើនឡើងហើយ នេះកាយវិការរបស់គាត់ ហើយនិងពាក្យសំដីដ៏ស្រទន់របស់គាត់ ពិតជាកំពុងតែសំលាប់ខ្ញុំហើយ។ គាត់នឹកខ្ញុំដល់ម្លឹងឬ នឹកលើសដែលខ្ញុំនឹកគាត់ទៅទៀតឬ ចុះគាត់ទៅណា ក្នុងរយៈពេលកន្លះខែនេះ។ ខ្ញុំនៅស្ងៀមទទួលការឱបរបស់គាត់ ឱ្យគាត់ឱបរហូតដល់អស់ចិត្ត (ព្រោះថាខ្ញុំពិតជាចង់បានការឱបនេះពិតមែន មានអារម្មណ៍ថាកក់ក្តៅគ្មានអ្វីប្រៀបបាន )។ បន្ទាប់ពីនោះមកខ្ញុំចង់សួរនាំគាត់ជាច្រើន ថាតើប៉ុន្មានថ្ងៃនេះគាត់ទៅធ្វើអ្វីខ្លះ ហើយគាត់សុខទុក្ខយ៉ាងណាដែរ តែគាត់មិនអនុញ្ញាតនោះទេ គាត់ប្រាប់ថាខ្ញុំនឹងបានដឹងអ្វីៗទាំងអស់នៅពេលបន្តិចទៀត។ គាត់បានហុចប្រអប់កាដូឱ្យខ្ញុំ និងផ្តាំប្រាប់ខ្ញុំថា ពេលខ្ញុំរៀបចំខ្លួនរួចរាល់ហើយ ឱ្យខ្ញុំដើរទៅខាងក្រោយភូមិគ្រឹះ។ ហើយគាត់ក៏បានដើរចេញទៅដោយនៅតែញញឹមដាក់ខ្ញុំយ៉ាងស្រស់។
ខ្ញុំបានកាន់ប្រអប់កាដូចូលក្នុងបន្ទប់ ហើយក៏បើកមើល។ នៅក្នុងនេះមានរ៉ូបពណ៌ស ដ៏ស្រស់ស្អាត មានស្បែកជើងកែង និងគ្រឿងអលង្កាមួយចំនួនផង។ ម៉េចក៏អ្នកប្រុសដឹងពីទំហំខ្លួនរបស់ខ្ញុំ ? រ៉ូបនេះពេលពាក់លើខ្លួនទៅគឺឡើង ក្លំតែម្តង ស្អាតខ្លាំងណាស់។ គាត់ដឹងថាខ្ញុំចូលចិត្តពណ៌សទៀត។ តើត្រូវទៅចូលរួមកម្មវិធីអ្វីមែនទេខ្ញុំទុកចម្ងល់សិន ព្រោះថាពេលទៅដល់ប្រាកដជាដឹងហើយ។

ខ្ញុំបានដើរទៅក្រោយភូមិគ្រឹះ ដើរហួសទៅប្រហែល១០០ម ក៏ឃើញផ្កាមាលតី យ៉ាងច្រើន (ចំការផ្កាមាលតី)។ បាត់ទៅមួយអាទិត្យនេះ គឺគាត់ដើម្បីរៀបចំសួនផ្កានេះឱ្យខ្ញុំ។ វាពិតជាដូចប្រលោមលោកនិទានពេកហើយ មិនគួរឱ្យជឿពិតមែនថាវាកំពុងតែកើតមានឡើងចំពោះនារីសាមញ្ញដូចជាខ្ញុំ មិនទុកចិត្ត ខ្ញុំបានក្តិចដៃខ្លួនឯង ព្រោះក្លាយថាកំពុងតែយល់សប្តិ តែពេលក្តិចទៅពិតជាឈឺមែន (ខ្ញុំមិនបានកំពុងតែយល់សប្តិទេ)។ ខ្ញុំបានដើរកាត់ផ្កាមាលតីដ៏ស្រស់ស្អាត និងស្រូបយកក្លិនដ៏ក្រអូបប្រហើររបស់វា ប្រកបដោយអារម្មណ៍រំភើបជាពន់ពេក។ ពេលហួសពីនោះទៅគឺជាវាលស្មៅ ដែលអ្នកប្រុសនរិន្ទកំពុងតែ អង្គុយនៅទីនោះជាមួយនឹងហ្គីតារបស់គាត់ (នេះគាត់មិនត្រឹមតែចេះគូសគំនូរទេ តែនៅចេះលេងហ្គីតាទៀត មនុស្សប្រុសអីក៏សំបូរបែបយ៉ាងនេះ ហើយបន្តិចក្រោយមកខ្ញុំក៏ដឹងថាគាត់ថែមទាំងចៀងពិរោះទៀត)។
ពេលខ្ញុំដើរទៅដល់ជិតគាត់ គាត់ក៏បានដេញហ្គីតា (ដៃរបស់គាត់លែងឈឺហើយឬ ?) ហើយច្រៀងនូវបទចម្រៀងដែលក៏ពិរោះរណ្តំមួយបទគឺ

"Until You"

Baby life was good to me
But you just made it better
I love the way you stand by me
Throught any kind of weather
I don't wanna run away
Just wanna make your day
When you feel the world is on your shoulders
Don't wanna make it worse
Just wanna make us work
Baby tell me I will do whatever
ខ្ញុំធ្លាប់ស្តាប់បទនេះច្រើនដងមកហើយ តែក៏មិនដែលរំភើបដូចពេលនេះដែរ អត្ថន័យនៃបទចំរៀង និងកែវភ្នែករបស់អ្នកប្រុសនរិន្ទដែលកំពុងសំលឹងមើលមកខ្ញុំ និងបញ្ជាក់ប្រាប់ថា គាត់ចង់មានន័យបែបនោះមកកាន់ខ្ញុំពិតមែន។
[Chorus:]
It feels like nobody ever knew me until you knew me
Feels like nobody ever loved me until you loved me
Feels like nobody ever touched me until you touched me
Baby nobody, nobody, until you

Baby it just took one hit of you now I'm addicted
You never know what's missing
Till you get everything you need, yeah
I don't wanna run away
Just wanna make your day
When you feel the world is on your shoulders
Don't wanna make it worse
Just wanna make us work
Baby tell me, I'll do whatever

[Chorus:]
It feels like nobody ever knew me until you knew me
Feels like nobody ever loved me until you loved me
Feels like nobody ever touched me until you touched me
Baby, nobody, nobody until you

See it was enough to know
If I ever let you go
I would be no one
Cause I never thought I'd feel
All the things you made me feel
Wasn't looking for someone until you

ពេលដែលគាត់ច្រៀងចប់គាត់ក៏បាន ក្រោកដើរសំដៅមកកាន់ខ្ញុំ រួចក៏លុតជង្គង់ចំពោះមុខខ្ញុំ ហើយសូមខ្ញុំរៀបការនេះគាត់ដូចជាច្បាស់និងប្រាកដប្រជាចំពោះខ្ញុំដល់ហើយ ហើយគាត់ដូចជាដឹងច្បាស់ណាស់ថាខ្ញុំ កំពុងតែគិតយ៉ាងម៉េចចំពោះគាត់។ មែនដែរឬ ដែលខ្ញុំមិនយល់ព្រម ព្រោះថាខ្ញុំក៏ស្រឡាញ់គាត់ដូចគ្នា។ <3 <3 <3  ពិតជាមិនអាចពណ៌នាអារម្មណ៍រំភើបនិងត្រេកអរពេលនេះបាននោះទេ (អារម្មណ៍ ដែលត្រូវបាន Crush សូមរៀបការ មិនមែនសូមធ្វើសង្សារទេ គឺសូមធ្វើជាប្រពន្ធ)។
ខ្ញុំឆ្ងល់ដែរ ចុះគាត់ប្រញាប់រៀបការទៅណា មើលតែខ្លាចមិនបានរៀបការអញ្ចឹង ខ្ញុំគ្រាន់តែសូមពន្យាពេលឱ្យយូរបន្តិចក៏មិនបាន។ គាត់បានចូលស្តីដណ្តឹងខ្ញុំរួចហើយ ហើយក៏បាន យកលក្ខខណ្ឌចុងក្រោយមកប្រើ គឺពួកយើងទាំងពីរនាក់ត្រូវតែរៀបការក្នុងឆ្នាំនេះ មិនត្រូវឱ្យហួសឆ្នាំនេះទេ ដែលពេលនេះគឺខែតុលាទៅហើយ នៅសល់តែ ៣ ខែទៀតប៉ុណ្ណោះ​គឺដាច់ឆ្នាំហើយ។ ពិតជាអន្ទះអន្ទែងមែន រកពេលរៀបចំខ្លួនសឹងមិនទាន់ នៅមិនទាន់តៀមខ្លួនលាចាកពីភាពនៅលីវទេ។ តែយ៉ាងណាក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងសុភមង្គលនេះខ្លាំងណាស់។ ខ្ញុំពិតជាស្រីម្នាក់ដែលមានសំណាងខ្លាំងណាស់។

ជាចុងក្រោយខ្ញុំសូមបញ្ចប់រឿងនេះត្រឹមតែប៉ុណ្ណេះ ព្រោះថារឿងរ៉ាវអាថ៌កំបាំងរបស់ភូមិគ្រឹះបានស្រាយអស់ហើយ អ្នកទាំងអស់គ្នាប្រាកដជាលែងមានអ្វីដែលឆ្ងល់និងចង់ដឹងទៀតហើយ។ សូមអរគុណដែលបានតាមដានអានរឿងនេះតាំងពីដើមដល់ចប់ បើខុសឬឆ្គងកន្លែងណា សូមមេត្តាអភ័យទោសផងចុះ។ ហើយក៏សូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ មានសំណាងល្អ និងបានសមបំនងក្នុងរឿងស្នេហា ដូចខ្ញុំ (មាលតី) ដែរ។ 

ភូមិគ្រឹះអាថ៌កំបាំង វគ្គទី៨

វគ្គទី៨
(ពំនោលរបស់នរិន្ទ)
ត្រឹមតែរយៈពេលមិនទាន់ដល់មួយអាទិត្យផងមានរឿងរ៉ាវជាច្រើនបានកើតឡើង។ ពេលនេះខ្ញុំបានចេញពីមន្ទីរពេទ្យហើយ ដៃស្តាំរបស់ខ្ញុំនៅប៉ង់ស្មង់មិនទាន់ដកចេញ នោះទេ។ ហនុរាជ បានសូមនៅកំដរខ្មុំប៉ុន្មានថ្ងៃទៀតដែរ តែខ្ញុំមិនយល់ព្រម ព្រោះថា មិនចង់ឱ្យវាបានជួបនឹងហេតុការណ៍ចំលែកៗ ដែលអាចកើតមាននៅក្នុងភូមិគ្រឹះ និងម្យ៉ាង ទៀតខ្ញុំ មានមាលតីនៅកំដរទៅហើយ ចឹងហើយមិនចង់ឱ្យហនុរាជនៅ នាំតែទើសមុខទើស មាត់ទេ (ខ្ញុំពិតជាឆ្លាតមែន)។ តែពិតជាអរគុណ ហនុរាជខ្លាំងណាស់ គេបានជួយខ្ញុំ ច្រើន ណាស់ ដូចជាកាលពេលខ្ញុំចង់រកពត៌មានរបស់ មាលតី  ហនុរាជបាន Login ចូលទៅក្នុងពត៌ មានរបស់រាជរដ្ឋាភិបាល រួចរកទិន្នន័យរបស់ឈ្មោះ មាលតី ទាំងអស់ដែលបានចុះបញ្ជី កំណើតមានអាយុចន្លោះពី ១៨ទៅ៣០ ហើយផ្ញើរឱ្យខ្ញុំ។ បន្ទាប់មកខ្ញុំជាអ្នកផ្ទៀងផ្ទាត់ ពត៌មានទាំងអស់នោះ បែបនេះហើយ ទើបហនុរាជមិនបានស្គាល់មាលតី ថាមានរូបរាង យ៉ាងម៉េចនោះទេ។ នៅមានអាស័យដ្ឋានរបស់លោកយាយទៀត គិតថាពេលត្រលប់ពីផ្ទះ របស់លោកយាយមកវិញ ហ្នឹងសួរនាំទៅហនុរាជភ្លាម តែមានឯណា គ្មានពេលសោះ ព្រោះថានៅយប់នោះ មាលតីបាននិយាយថា នាងជួបខ្មោចស្រ្តីម្នាក់ ដែលខ្មោចនោះគឺមាលា ធ្វើឱ្យខ្ញុំបារម្ភពីនាងជាខ្លាំង និងនៅព្រឹកបន្ទាប់នាងដេកយូរៗនោះយូរ ខ្ញុំខំដាស់នាងឡើង ហត់ទម្រាំតែនាងភ្ញាក់ អ្នកណាមិនភ័យបើលេងដេកអត់ព្រមក្រោកចឹងនោះ ហើយដល់ ពេលថ្ងៃត្រង់ ខ្ញុំស្រាប់តែធ្លាក់ពីលើដើមឈើ បាក់ដៃ។ ឃើញទេថាព្រឹត្តិការណ៍ កើតឡើងច្រើនពេកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ  តែវាក៏មានចំនុចល្អដែរ គឺត្រង់ថាធ្វើ ឱ្យខ្ញុំនិងមាលតី កាន់តែស្និទ្ធិស្នាលជាមួយគ្នា។
ពេលនេះខ្ញុំកំពុងតែអង្គុយនៅនឹងសាឡុងបន្ទប់ទទួលភ្ញៀវ ពេលនោះស្រាប់តែអ៊ំចុង ភៅគាត់បានយកសៀវភៅមួយក្បាលមកឱ្យខ្ញុំ
នេះជាសៀវភៅដែលអ្នកប្រុស ភ្លេចនៅនឹងតុញ៉ាំអាហារកាលពីថ្ងៃមុន!
បាទ! អរគុណណាស់ មីង! ខ្ញុំបានទទួលយកសៀវភៅនោះពីគាត់ ហើយគាត់ក៏ ត្រលប់ទៅធ្វើការងាររបស់គាត់ទៅ
ខ្ញុំបានបើកសៀវភៅមើល សៀវភៅនេះមានចំនងជើងថា មាលតីមាសបង វាគឺជា សៀវភៅដែលខ្ញុំសរសេរកាលពីជាតិមុន នឹងមានបំនងប្រគល់ឱ្យមាលតី នៅថ្ងៃរៀបការ តែមិនបានឱ្យនាងទេ ព្រោះថាពួកយើងមិនបានរៀបការ ហើយសៀវភៅនេះគឺជាសៀវភៅ ចម្លងឡើងវិញទេ ព្រោះថាសៀវភៅចាស់ប្រាកដជាមិនបន្សល់ទុកដល់ថ្ងៃនេះនោះទេ។ សៀវភៅនេះ ខ្ញុំបានសរសេររៀបរាប់ ពីសម្រស់របស់មាលតី សេចក្តីស្រឡាញ់ដែលខ្ញុំ មានចំពោះនាង និងផែនការអនាគតរបស់ពួកយើងទាំងពីរ។
ពេលនោះមាលតី បានដើរចេញមកដោយមាន បង្វិចកញ្ចាស់មកជាមួយផង ខ្ញុំចាំបាន ហើយថាព្រោះតែបង្វិចនេះហើយ ទើបខ្ញុំធ្លាក់ពីលើដើមឈើ នាងក៏បានកាន់សៀវភៅមួយក្បាលផ្សេងទៀតមកជាមួយផង។
នេះបង្វិចដែល អ្នកប្រុសខំប្តូរជីវិតយកពីលើដើមឈើមក! នាងហុចឱ្យខ្ញុំហើយ ក៏អង្គុយចុះក្បែរខ្ញុំ  ខ្ញុំទទួលយកហើយក៏បានអរគុណនាង រួចនាងក៏សួរបន្តរ
តើដៃរបស់អ្នកប្រុសយ៉ាងម៉េចទៅហើយ?
លែងសូវឈឺហើយ! ខ្ញុំបានឆ្លើយតបទៅកាន់នាង ហើយក៏បានចាប់ស្រាយបង្វិច ផងដែរ នៅក្នុងនេះមានសំលៀកបំពាក់បុរាណ ខ្លះតែពេលនេះពុកផុយអស់ហើយ ហើយខ្ញុំ ក៏បានឃើញកងដៃមាសមួយដែលនូវមានសភាពល្អស្អាត នេះគឺជាកងដៃដែលខ្ញុំបានឱ្យទៅ មាលតីកាលពីជាតិមុន ហើយចុះម៉េចក៏វាមកនៅទីនេះ ទៅវិញ មិនយល់ដែរ។ ខ្ញុំបានយកកងដៃនេះមកជូតដីចេញឱ្យស្អាត រួចក៏និយាយទៅកាន់មាលតី ដែលពេលនេះ នាងកំពុងតែអានសៀវភៅកញ្ចាស់មួយក្បាល
មាលតី!
ចាស! នាងបានសំលឹងមើលមុខខ្ញុំ បន្ទាប់ពីបានលឺខ្ញុំហៅឈ្មោះនាង
ហុចដៃ ឆ្វេងមក! នាងសំលឹងមើលខ្ញុំដោយទឹកមុខឆ្ងល់ តែក៏ព្រមហុចដៃឱ្យខ្ញុំ
ខ្ញុំបានស៊កកងដៃមាស ក្បាច់បុរាណនោះចូលទៅក្នុង កដៃនាង
អ្នកប្រុសធ្វើស្អីហ្នឹង?
នេះគឺជាកងដៃរបស់មាលតី ! ខ្ញុំគ្រាន់តែពាក់ឱ្យមាលតីតើ!
អត់ទេ ខ្ញុំអត់មានកងដៃបែបនេះនោះទេ! នាងបម្រុងដោះចេញ តែដោះមិនរួច
កុំដោះ នេះគឺជារបស់នាងកាលពីជាតិមុន
ម៉េចក៏អ្នកប្រុសដឹង?
ដឹងតែថាខ្ញុំដឹងទៅគឺបានហើយ! (ខ្ញុំញញឹមដាក់នាង នាងក៏លែងតវ៉ាតែនៅតែ បង្ហាញនៅទឹកមុខងឿងឆ្ងល់ រួចក៏បន្តអានសៀវភៅរបស់នាងទៀត) តើនេះនាងកំពុងតែ អានស្អីហ្នឹង?
នេះគឺសៀវភៅ ភូមិគ្រឹះខ្ញុំ ដែលខ្ញុំបានយកមកពីបណ្ណាល័យអ្នកប្រុសនិងនៅមាន សៀវភៅ មាលតីមាលបង មួយទៀត មិនដឹងថាច្រលំដៃយកទៅទុកនៅឯណាបាត់ទៅ ហើយទេ
នេះគឺជាសៀវភៅមួយក្បាលទៀតដែលនាងនិយាយដល់ហ្នឹង តើមែនទេ? ខ្ញុំលើកសៀវភៅនៅហ្នឹងដៃខ្ញុំបង្ហាញនាង នាងក៏បានងក់ក្បាល ហើយខ្ញុំក៏សួរនាងបន្តរ
តើនាងអានបានអ្វីខ្លះទៅហើយ?
សៀវភៅនេះផ្នែកខាងមុខ និយាយរៀបរាប់ពីហេដ្ឋារចនាសម្ព័ន្ធនៃការសាងសង់ ភូមិគ្រឹះដ៏មហិមានេះ និងផ្នែកកណ្តាល និយាយពីការរៀបចំឱ្យមានហ៊ុងស៊ុយតាមក្បួនចិន និងរួមបញ្ចូលគ្នាទាំងក្បួនលើករាសីតាមបែបខ្មែរផង សៀវភៅនេះគួរតែសរសេរ នៅសម័យអ៊ុនតាក់ (ឆ្នាំ ១៩៩៣) បើតាមការស្មានរបស់ខ្ញុំ លោកតារបស់លោកជាអ្នក ឱ្យគេរៀបចំចងក្រងសៀវភៅនេះឡើង។ បើតាមការរៀបរាប់នៅក្នុងសៀវភៅ ដើម្បីឱ្យម្ចាស់ភូមិគ្រឹះរកស៊ីមានបាននិងរស់នៅមានសេចក្តីសុខ គាត់ត្រូវតែតាក់តែងរៀប ចំទីនេះឱ្យស្ថិតនៅក្នុងសភាពដើម ដែលអាចជាសម័យលង្វែក ឬសម័យឧត្តុង្គ។ ពេលនេះខ្ញុំអស់ឆ្ងល់ហើយថាហេតុអី បានជាលោកតា របស់អ្នកប្រុសមករៀបចំភូមិគ្រឹះ នេះឱ្យមានសភាពបែបនេះ។ (នាងបានបើកអានបន្តរទៀតហើយខ្ញុំនៅតែស្តាប់នាងដោយ យកចិត្តទុកដាក់) អូនៅផ្នែកខាងក្រោយ មាននិយាយថាភូមិគ្រឹះនេះ មានព្រលឹងអ្នកជំនាន់ មុន ថែរក្សា ដែលត្រូវការអ្នកជំនាន់ក្រោយមកស្នងតំណែង អញ្ចឹងហើយទើបបានជាម្ចាស់ ភូមិគ្រឹះតែងតែបាត់បង់កូនស្រីជាទីស្រឡាញ់នៅពេលដែលស្នាក់នៅភូមិគ្រឹះ បែបនេះ ហើយទើបបានជាម្ចាស់ភូមិគ្រឹះមិនព្រមមកស្នាក់នៅទីនេះ ពត៌មានផ្នែកនេះពិតជាដូច ហ្នឹងអ្វីដែលបានកើតឡើងក្នុងយល់សប្តិរបស់ខ្ញុំណាស់។ អីយ៉ាសំណាងមែន នៅកន្លែងនេះមានបង្ហាញពីរបៀបដោះសា្រយ (នាងញញឹម ហើយក៏ធ្វើមុខស្រពោន)
តើគេសរសេរថាម៉េច?
គេសរសេរថា ត្រូវដុតភូមិគ្រឹះនេះចោល
ខ្ញុំភ្ញាក់ផ្អើលពេលលឺសំដីនាង
អ្នកណាទៅឡប់ ដុតភូមិគ្រឹះចោលនុះ!
ខ្ញុំគ្រាន់តែថាតាមសៀវភៅប៉ុណ្ណោះ បើដុតចោលហើយសាងសង់ថ្មីដដែល ដុតធ្វើ អី ! តែបើមិនដុតទេ កូនចៅស្រីរបស់ម្ចាស់ភូមិគ្រឹះត្រូវស្លាប់ជាបន្តបន្ទាប់ដដែលហ្នឹង​ រស់នៅក្នុងភូមិគ្រឹះក៏អត់មានសេចក្តីសុខ។ បើដូរភូមិគ្រឹះមួយជាមួយជីវិតមនុស្សម្នាក់ ខ្ញុំគិតថាមានតម្លៃក្នុងការដូរ ព្រោះជីវិតមនុស្សសំខាន់ជាងអ្វីៗទាំងអស់។ តែថាទៅ ខ្ញុំមិនគាំទ្រក្នុងការដុតភូមិគ្រឹះដូចគ្នា
ខ្ញុំមិនជំនាស់នឹងការយល់ឃើញរបស់នាងទេ ម្យ៉ាងទៀតភូមិគ្រឹះនេះបានបញ្ចូល ទៅក្នុង បេតិកភ័ណ្ឌជាតិ ដែលត្រូវអភិរក្ស បើដុតវាចោលនោះនឹងមានទោស ពីបទបំភ្លេចបំផ្លាញ ទ្រព្យសម្បតិ្តជាតិ។ ខ្ញុំគិតថា ប្រាកដជាមានដំណោះស្រាយ ដែលល្អជាងនេះ។

ពួកយើងទាំងពីរនាក់បានត្រលប់ទៅកាន់ បណ្ណាល័យម្តងទៀត ហើយរកមើល សៀវភៅចាស់ៗមួយចំនួន ក្រែងលោអាចជួយអ្វីបានខ្លះ តែមិនមាននោះទេ។