ភាគ៤
សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធដោយអចេតនា
ធ្មេចបើកៗថ្ងៃប្រឡងបញ្ចប់ថ្នាក់បរិញ្ញបត្ររបស់ពួកយើងក៏មកដល់
ថ្ងៃនេះជាថ្ងៃប្រឡងមុខវិជ្ជាចុងក្រោយ
ប្រឡងចប់ខ្ញុំក៏ចេញក្រៅបន្ទប់ប្រឡងដើម្បីទៅផ្ទះ
“និរតី! “
គឺភត្រាហៅខ្ញុំ
គេមកឈរចាំមុខបន្ទប់ខ្ញុំប្រឡងតាំងពីអង្កាល់មិនដឹង
“ភត្រា! ហើយចេញពីប្រឡងយូរហើយ?!”
“ទើបតែចេញមកដែរទេ តែមានរឿងចង់ប្រាប់និរតីក៏មកចាំនៅទីនេះទៅ!”
“ភត្រាមានរឿងអី!”
“ល្ងាចនេះនិរតីទៅញ៉ាំបាយជាមួយខ្ញុំបានទេ?”
“មានអី ល្ងាចនេះខ្ញុំអត់រវល់អីផង ហើយអ្នកណាទៅខ្លះ?”
“ខ្ញុំអត់បានបបួលអ្នកណាទៅទៀតផងក្រៅពីនិរតី”
“មានតែយើងពីរនាក់ទេ?”
“បាទ! គឺខ្ញុំមានរឿងចង់ប្រាប់និរតី”
“អូខេ!”
ជាមួយភត្រា ខ្ញុំអូខេមួយរយភាគរយស្រាប់ទៅហើយ
ហើយលើកនេះក៏មិនប្លែកដែរ ដែលខ្ញុំព្រមតាមសំណើរគេនោះ
“អ៊ីចឹងល្ងាចនេះជួបគ្នានៅហាងសាច់អាំងក្រោយសាលាណា! ម៉ោងប្រាំមួយកន្លះ!”
“ចា៎!”
ពួកយើងក៏បែកគ្នាទៅផ្ទះសិនទម្រាំតែដល់ម៉ោងណាត់។
ពេលល្ងាច ខ្ញុំមកដល់កន្លែងតាមពេលនិងទីកន្លែងដែលបានណាត់
មួយសន្ទុះក្រោយមកគេក៏មកដល់ដែរ
“សុំទោសផង ដែលធ្វើឲ្យនិរតីចាំយូរ!”
“អត់អីទេ ខ្ញុំទើបតែមកដល់ដែរទេ”
“ហៅអីញ៉ាំឬនៅ?”
“នៅទេ! ចាំភត្រាឯងមកសិន”
“ហៅទៅ! និរតីចូលចិត្តអីហៅហ្នឹងទៅ! ខ្ញុំញ៉ាំអីក៏បានដែរ” ខ្ញុំបានហៅសាច់អាំងបួនប្រាំមុខមក គេជាអ្នកអាំង រួចចាប់ដាក់ចានឲ្យខ្ញុំទៀត!
ឡើងសុភាព! ថាអត់រំភើបមួយម៉ាត់ទៅ!
ពេលញ៉ាំរួច
“
ក្រែងភត្រាថាមានរឿងចង់ប្រាប់ខ្ញុំ?”
“គឺ....”
“មានរឿងអី?”
មិនមែនសារភាពស្នេហ៍ឯណាហ្អី ? កុំធ្វើអ៊ីចឹងអី
អៀនណាស់! ខ្ញុំញញឹមទាំងអន្ទះសារចាំចម្លើយពីគេ
“គឺខ្ញុំត្រូវចេញទៅអូស្ត្រាលីអាទិត្យក្រោយនេះហើយ ខ្ញុំរៀនបន្តនៅទីនោះ
និងរស់នៅជាមួយគ្រួសារខ្ញុំ”
“...”
ខ្ញុំថ្លោះទឹកមុខនិយាយមិនចេញ
បានត្រឹមឈរមើលមុខគេទាំងមិនអស់ចិត្ត គេបន្តថែមមកទាំងទឹកមុខស្រងូត
“ទៅជូនដំណើរខ្ញុំផងណា!”
“...”
អារម្មណ៍ខ្ញុំពេលនេះរកពាក្យអ្វីនិយាយមិនត្រូវ
វាដូចជាឈឺចាប់ ខូចចិត្ត អស់សង្ឃឹមយ៉ាងចម្លែក មិនខុសអីពីមនុស្សដែលបែកបាក់ស្នេហាឡើយ
ខ្ញុំបានត្រឹមងក់ក្បាលទទួលសំណើរគេ ហើយឈរមើលគេបែខ្នងដើរចេញទៅ។
មកដល់ផ្ទះវិញខ្ញុំដេកមិនលក់ ប្រែចុះប្រែឡើងនៅលើគ្រែយកទូរសព្ទមកចុច។
ខ្ញុំចូលមើលគណនីហ្វេសប៊ុករបស់គេ ទាំងដឹងហើយថាវាច្បាស់ជាមិនមានអ្វីប្លែកទេ
ព្រោះគេមិនសូវលេង តែថ្ងៃនេះខ្ញុំចូលទៅឃើញស្តេថឹសរបស់ទើបនឹងផុសមុននេះ
“អរគុណគ្រប់យ៉ាង ហើយក៏សុំទោសគ្រប់យ៉ាង” នេះជាន័យក្នុងស្តេថឹសរបស់គេ
ខ្ញុំពិតជាមិនដឹងថាគេកំពុងសំដៅទៅលើអ្នកណា ហើយក៏មិនដឹងថាគេកំពុងនិយាយពីអ្វីដែរ
ថ្ងៃឡើងយន្តហោះរបស់គេក៏មកដល់
ខ្ញុំក៏ទៅជូនដំណើរគេនៅព្រលានយន្តហោះ
ខ្ញុំឃើញតែគ្រួសារមីងរបស់គេដែលគេនៅជាមួយមកជូនដំណើរ
មិនឃើញមានមិត្តរួមថ្នាក់ណាផ្សេងមកសោះ ប្រហែលជាគេមិនប្រាប់ហើយមើលទៅ តែ.....
ដូចជាមិនឃើញអាភា ក្មេងស្រីដែលគេហៅថាអូនៗយ៉ាងផ្អែមគួរឲ្យច្រណែននោះមក!
គេក៏ណែនាំខ្ញុំឲ្យពូមីងគេស្គាល់ ហើយខ្ញុំក៏ជម្រាបសួរពួកគាត់តាមសីលធម៌សង្គមខ្មែរ។
ម៉ោងឡើងយន្តហោះជិតមកដល់ គេក៏លាពូមីងរបស់គេ ហើយក៏ដើរមករកខ្ញុំ
“សុខសប្បាយណា!”
ខ្ញុំនិយាយទៅកាន់គេទាំងខុសពីអារម្មណ៍ខ្លួនឯងដែលចង់និយាយថា” កុំទៅបានទេ?”
ជំនួសវិញ
គេចូលមកកាន់តែជិតខ្ញុំរួចលូកចាប់ប្រអប់ដៃខ្ញុំ
ភ្នែកគេសម្លឹងមុខខ្ញុំរួចនិយាយ
“និរតីដឹងទេ អាភាស្លាប់បាត់ហើយ គេស្លាប់ជាងមួយខែហើយ!” គេយំខ្សឹកខ្សួលហើយស្រវាឱបខ្ញុំដោយមិនខ្លាចក្រែងភ្នែកពូមីងរបស់គេ
និងមនុស្សជុំវិញឡើយ ចំណែកខ្ញុំវិញហាក់គាំងជាមួយនឹងដំណឹង និងកាយវិការរបស់គេ
ដែលគេផ្ដល់ឲ្យមកនេះ
“ខ្ញុំសុំទោស!”
សំឡេងគេបន្លឺមកង៉ុលៗក្បែត្រចៀកខ្ញុំ
“សុំទោសពិតមែន ដែលខ្ញុំព្យាយាមយកនិរតីមកជំនួសអាភាក្នុងបេះដូងខ្ញុំ”
ខ្ញុំរឹតតែគាំងនឹងសម្ដីគេ ក្រៅពីនិយាយអ្វីមិនចេញ
វាថែមទាំងជាន់ដួងចិត្តខ្ញុំឲ្យកប់ជ្រៅក្នុងភាពសោកសៅថែមទៀត ខ្ញុំដណ្ដឹងសួរខ្លួនឯងថាវាមិនពិតទេមែនទេដែលគេមកធ្វើល្អដាក់ខ្ញុំក៏ព្រោះចង់យកខ្ញុំមកជំនួសមនុស្សដែលស្លាប់បាត់នោះ? មិនពិតទេមែនទេដែលទង្វើគេកន្លងមកគឺមិនបានកើតឡើងពីចិត្តស្រឡាញ់? មិនពិតទេមែនទេដែលគេមិនបានស្រឡាញ់ខ្ញុំ? បើគេមិនស្រឡាញ់ខ្ញុំតើគេធ្វើបែបនេះធ្វើអី? បេះដូងខ្ញុំមិនមែនជាមន្ទីរពិសោធន៍ចិត្តរបស់អ្នកណាឡើយ!
ខ្ញុំស្រែកសួរខ្លួនឯងកាន់តែខ្លាំង។
គេលាខ្ញុំឡើងយន្តហោះទាំងបន្សល់ទុក្ខរូបរបស់គេរាប់រយរាប់ពាន់រូបរាងក្នុងកែវភ្នែកខ្ញុំ
ភត្រាដែលខ្ញុំស្រឡាញ់ ភត្រាដែលរួសរាយ ភត្រាដែលស្និទ្ធស្នាលនឹងខ្ញុំ
ភត្រាដែលធ្វើបាបបេះដូងខ្ញុំ.... រូបភាពទាំងនេះសុទ្ធតែដក់ជាក់ក្នុងការចងចាំរបស់ខ្ញុំទាំងអស់។
ខ្ញុំមកដល់បន្ទប់របស់ខ្ញុំទាំងមិនដឹងថាខ្លួនឯងមកវិញតាមណា
ដោយរបៀបណា។ ខ្ញុំដេកយំរាល់យប់ យំស្ដាយចិត្តដែលស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់យើង
យំស្ដាយខ្លួនដែលមិនអាចសូម្បីតែត្រឹមមនុស្សជំនួស។
......
តឺង! គឺសំឡេងសារតាមmessengerដែលទេពីផ្ញើចូលក្នុងChat groupមិត្តរួមថ្នាក់របស់យើង
"ទៅយកថ្ងៃណាសំណព្វ?"
ន័យក្នុងសារដែលគេសរសេរមកអមជាមួយlinkដែលគេផ្ញើមក ខ្ញុំចុចមើលlinkនោះ
គឺសេចក្ដីប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សាទៅដកសញ្ញាបត្របណ្ដោះអាសន្ន
"ថ្ងៃសុក្រនេះគ្នាទំនេរ អាចទៅយកបាន" ខ្ញុំតបទៅគេ
"អូខេ! រួចចុះអ្នកផ្សេង?" ទេពីបន្ថែម
តែមិនឃើញមានអ្នកណាតបឡើយ
មួយសន្ទុះក្រោយមកគេទូរសព្ទមកខ្ញុំសួរពីរឿងទៅយកសញ្ញាបត្របណ្ដោះអាសន្ននោះ
ពួកយើងព្រមព្រៀងគ្នាថាទៅយកនៅព្រឹកថ្ងៃសុក្រ។ ថ្ងៃសុក្របានមកដល់ ខ្ញុំនិងទេពីទៅជួបគ្នានៅសាលា
ដកសញ្ញាបត្ររួចអង្គុយជជែកគ្នាមួយសន្ទុះម៉ាក់ទេពីក៏ទូរសព្ទមកឲ្យគេទៅផ្ទះវិញជាប្រញ៉ាប់ដើម្បីជូនបងស្រីនាងយកកូនទៅពេទ្យព្រោះបងថ្លៃនាងមិននៅ
ទេពីចេញទៅមុន តែខ្ញុំចង់ដើរទៅអើតថ្នាក់រៀនដែលខ្ញុំធ្លាប់អង្គុយនោះបន្តិចសិន
ខ្ញុំដើរមកដល់ថ្នាក់ដែលខ្ញុំខានមកអង្គុយរៀនជិតបីខែហើយនោះ
វាពិតជាមិនអាចទប់ចិត្តមិនឲ្យខ្ញុំឈានចូលទៅកាន់តុដែលខ្ញុំធ្លាប់អង្គុយបានឡើយ
អ្វីៗហាក់ដូចជាមិនមានប្រែប្រួលឡើយក្រៅពីមានធូលីស្ដើងៗនៅលើតុ
ពីងពាងចាប់ផ្ដើមព័ទ្ធសំបុកជាអន្លើៗទៅតាមធម្មជាតិដែលបន្ទប់គ្មានអ្នកថែក្នុងរដូវកាលវ៉ាកង
ខ្ញុំឈានជើងដើរចូលទៅរកតុដែលខ្ញុំធ្លាប់អង្គុយទាំងចិត្តនឹកដល់រឿងជាច្រើនដែលខ្ញុំធ្លាប់ធ្វើនៅក្នុងថ្នាក់នេះ
ភត្រាដើរមកsay
HIដាក់ខ្ញុំ ខ្ញុំទន្ទឹងមើលផ្លូវភត្រានៅថ្ងៃដែលគេមិនមករៀន
រូបរាងភត្រាជាមួយនឹងសំនៀងភាសាអង់គ្លេសដ៏ពីរោះរបស់គេពេលគេលធ្វើឡើងបទបង្ហាញ ...
ខ្ញុំដើរមកដល់តុដែលខ្ញុំធ្លាប់អង្គុយដោយមិនដឹងខ្លួន រួចដាក់បង្គុយចុះ
អ្វីមួយកើតឡើងក្នុងចិត្តខ្ញុំទាំងភ្ញាក់ផ្អើលតិចៗក្នុងចិត្ត
អ្វីមួយដូចជាទើសនៅលើកៅអីខ្ញុំ ហើយអ្វីដែលខ្ញុំនឹកឃើញមុនគេនៅពេលនេះគឺភត្រា
រូបមេអំបៅដែលគេតែងគូរទុកលើកៅអីខ្ញុំអង្គុយជារៀងរាល់ថ្ងៃកាលដែលយើងនៅរៀនឆ្នាំចុងក្រោយមុនពេលគេទៅអូស្ត្រាលី
ខ្ញុំលូកដៃរាវរកវត្ថុដែលនៅក្រោមគូទខ្ញុំទាំងបេះដូងលោតឌុកឌាក់ៗហាក់ដូចជាជួបស្នេហ៍គ្រាដំបូង
ក្នុងចិត្តខ្ញុំបន់ឲ្យវត្ថុដែលខ្ញុំកំពុងរាវរកនោះគឺរូបមេអំបៅដែលភត្រាតែងគូរឲ្យខ្ញុំនោះដូចអ្នកលេងអាប៉ោងកំពុងអ៊ុតអាប៉ោងដូច្នោះដែរ។
ខ្ញុំចាប់បានវត្ថុនោះយកមកមើល ភត្រា!
ខ្ញុំស្រែករកគេយ៉ាងឮទាំងមិនដឹងខ្លួនក្រោយពេលឃើញរូបមេអំបៅដែលខ្ញុំរាវយកមកកាន់នឹងដៃនេះ
ចិត្តខ្ញុំពេលនេះដង្ហក់ស្រែកយកគេដូចមនុស្សរត់រកម៉ែក្រោយបែកប៉ុលពត
ខ្ញុំក្រឡេកមើលពេញបន្ទប់ រួចរត់ទៅមើលនៅក្រៅបន្ទប់ពេញទីធ្លាតែមិនឃើញរូបគេ
ចិត្តខ្ញុំទ្រហោយំទាំងអស់សង្ឃឹមវាហាក់ដូចជាកូនក្មេងដែលត្រូវបានគេសន្យាថាជូនទៅដើរលេងហើយបែរជាអត់វិញ
។ ខ្ញុំដាក់បង្គុយចុះទាំងចិត្តទ្រុឌទ្រោមល្ហល្ហេវ
រួចលើករូបដែលគេទុកឲ្យនោះមកមើលឲ្យច្បាស់ម្ដងទៀត
គឺរូបមេអំបៅកំពុងរេរាំនៅក្នុងសួនច្បារ
ខ្ញុំពិនិត្យបន្តិចទើបឃើញថាវាដូចជាសួនច្បារនៅមុខបណ្ណាល័យ អ្វីមួយផុសឡើងក្នុងគំនិតខ្ញុំជាមួយនឹងក្ដីត្រេកអរផឺតឡើងមក
ឬមួយគេកំពុងនៅមុខបណ្ណាល័យចាំខ្ញុំ? ខ្ញុំមិនរវល់នឹងការឆ្លើយសំណួរក្នុងចិត្តខ្លួនឯងទេ
តែជើងខ្ញុំស្ទុះតម្រង់ទៅរកបណ្ណាល័យមុនខួរក្បាលខ្ញុំបញ្ជារទៅទៀត។
ខ្ញុំរត់តម្រង់ទៅបណ្ណាល័យ ខ្ញុំរត់ដោយមិនហត់ មិនខ្វល់ពីអ្នកណាមើលមកខ្ញុំ ព្រោះអ្វីដែលកំពុងប្រាកដឡើងនៅនឹងភ្នែកខ្ញុំពីចម្ងាយនៅពេលនេះ
គឺរូបរាងមនុស្សម្នាក់ដែលខ្ញុំដើរនឹក ដេកនឹករាល់ថ្ងៃ គឺភត្រា!